ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​នេសាទ​ខ្មែរ​ថា ទិន្នផល​ត្រី​ធ្លាក់​ចុះ ស្រប​ពេល​ដែល​ឡាវ​បន្ត​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​មួយ​ទៀត


នេះ​ជា​ផែនទីនៃ​វារីអគ្គិសនី Don Sahong។

នៅ​ឯ​ផ្សារ​លក់​ត្រី​មួយ​កន្លែង​តាម​បណ្ដោយ​ច្រាំង​ទន្លេសាប ការ​លក់​ដូរ​នៅ​ពេល​ព្រឹក​ព្រលឹមៗ​គឺ​មាន​ភាព​មមាញឹក ដោយ​សារ​តែ​អ្នក​ទិញ​បាន​សម្រុក​ទិញ​ត្រី​ក្នុង​តម្លៃ​មួយ​ថោក​សមរម្យ​បំផុត។ ប៉ុន្តែ នៅ​ពេល​រសៀល​វិញ គឺ​ខុស​ពី​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Man Mat ដែល​ជា​អ្នក​លក់​ត្រី​អាយុ ២៩ ឆ្នាំ។

ទិន្នផល​ត្រី​របស់​អ្នក​ចាប់​ត្រី​ពី​ក្នុង​ទន្លេ​សាប និង​ទន្លេ​មេគង្គ សម្រាប់​លក់​មាន​ការ​ធ្លាក់​ចុះ។ លោក Man Mat បាន​រិះគន់​លើ​បញ្ហា​ជា​ច្រើន ដែល​បណ្ដាល​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​នូវ​ទិន្នផល​ត្រី ដែល​ក្នុង​នោះ​មាន​ដូចជា​ការ​នេសាទ​ខុស​ច្បាប់​ដោយ​ប្រើ​សំណាញ់​ឆក់​ត្រី ការ​នេសាទ​ហួស​កំណត់ ការ​ប្រែប្រួល​អាកាសធាតុ និង​គ្រោះ​រាំង​ស្ងួត​ជា​ដើម។

ប៉ុន្តែ លោក Man Mat បាន​បន្ថែម​ទៀត​ថា បញ្ហា​ធំ​បំផុត​ដែល​ប៉ះពាល់​ដល់​ការ​នេសាទ​ត្រី​ដើម្បី​លក់​របស់​លោក គឺ​ដោយសារ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ប្រទេស​ឡាវ។

លោក Man Mat ដែល​ជា​ជនជាតិ​ខ្មែរ​ឥស្លាម និង​ជា​កូន​ប្រុស​របស់​អ្នក​នេសាទ​ត្រី បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ទិន្នផល​ត្រី​មាន​ការ​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់។ ឪពុក​របស់​ខ្ញុំ ឥឡូវ​នេះ ចាប់​ត្រី​បាន​តែ​ពី ៥ ទៅ ១៥ គីឡូក្រាម​តែ​ប៉ុណ្ណោះ ក្នុង​មួយ​ថ្ងៃ។ កាល​ពី​លើក​មុន គាត់​ចាប់​បាន​ពី ១០០ ទៅ ២០០ គីឡូក្រាម ក្នុង​មួយ​ថ្ងៃ។ ក្នុង​រយៈពេល ១០ ឆ្នាំ ទៅ​មុខ​ទៀត នឹង​គ្មាន​ត្រី​នៅ​សេសសល់​ឡើយ»។

បញ្ហា​នេះ កើត​ឡើង នៅ​ពេល​ដែល​រដ្ឋាភិបាល​ឡាវ​សម្រេច​ចិត្ត​សាងសង់​ទំនប់​វារីអគ្គិសនី Xayaburi ដែល​មាន​ទឹក​ប្រាក់ ៣,៨ ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ក្នុង​ឆ្នាំ ២០១២ ទោះបីជា​មាន​ការ​តវ៉ា​ខ្លាំង​ក្លា​ជា​សាធារណៈ​ពី​អ្នក​វិទ្យាសាស្ត្រ និង​អ្នក​បរិស្ថាន​ក៏ដោយ។

អាជ្ញាធរ​ឡាវ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា ខ្លួន​នឹង​បន្ត​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី Don Sahong មួយ​ទៀត ក្នុង​ទឹក​ប្រាក់ ៣០០ លាន​ដុល្លារ​អាមេរិក នៅ​តំបន់ Siphandone ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ឡាវ ដែល​នៅ​ទីនោះ​ជា​ទីជម្រក​របស់​ត្រី Dolphin មក​ពី​ទន្លេ Irrawaddy ដែល​កំពុង​រង​ការ​គំរាមកំហែង។

កាល​ពី​ខែ​មុន រដ្ឋាភិបាល​ឡាវ​ក៏​បាន​សម្រេច​បន្ត​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ទី ៣ របស់​ខ្លួន នៅ​តាម​បណ្ដោយ​ចរន្ត​ទឹក​នៃ​ភូមិ Pak Beng ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ឡាវ ក្នុង​ទឹក​ប្រាក់​ចំនួន ១,៨៨ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ដើម្បី​លក់​អគ្គិសនី​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង​ខ្លួន ជា​ពិសេស​ប្រទេស​ចិន៕

XS
SM
MD
LG