ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សភា​នឹង​​បោះឆ្នោត​តែងតាំង​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​ក្នុង​សភា​នៅ​ថ្ងៃ​អង្គារ

  • ហេង រស្មី

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ចុះ​ឈ្មោះ​នៅ​មុន​​សម័យ​ប្រជុំ​រដ្ឋសភា​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃទី​​៨ ខែ​សីហា ឆ្នាំ​២០១៤។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​បាន​ចូល​រួម​ប្រជុំ​រដ្ឋសភា​ជា​លើក​ដំបូង​ក្រោយ​ពី​បាន​ធ្វើ​ពហិការ​រយៈ​ពេល​១០​ខែ។

យោង​តាម​កិច្ច​ព្រម​ព្រៀង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ ​ ​លោក​កឹម សុខា​នឹង​ត្រូវ​ឈរ​ឈ្មោះ​ជា​បេក្ខជន​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​តែ​ត្រូវ​មាន​សំឡេងគាំទ្រ​ពី​សមាជិក​សភាជាប់​ឆ្នោត​ទាំង​ពីរ។​

រដ្ឋសភា​គ្រោង​នឹង​បើក​កិច្ច​ប្រជុំ ​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​ ហើយ​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​មាន​ចំនួន​បី​ធំៗ​ គឺ​ទីមួយ​បោះ​ឆ្នោត​ជ្រើស​រើស​អនុប្រធាន​ទី​ពីរ​នៃ​រដ្ឋ​សភា​ដែល​មាន​លោក​ងួល ញ៉ិល​ជា​បេក្ខជន​ ទីពីរ​បោះ​ឆ្នោត​ជ្រើស​រើស​អនុ​ប្រធាន​ទី១ ​នៃ​រដ្ឋសភាដែល​មាន​លោក​កឹម សុខា ​ជា​បេក្ខជន​ និង​ទីបី​គឺ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​និង​អនុប្រធានគណៈកម្មការ​ទាំង​១០​នៃ​រដ្ឋសភា។​

លោក​យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍ថា ​សម្រាប់​ការ​បោះ​ឆ្នោត​តែ​តាំង​អនុប្រធាន​ទី​មួយ​ និង​ទី​ពីរ​នៃ​រដ្ឋសភា​ត្រូវ​ធ្វើ​បន្ទាប់​ពី​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​និង​អនុប្រធាន​គណៈកម្មការ​ជំនាញ​ទាំង​១០​របស់​រដ្ឋសភា​ជាមុន​សិន​ ហើយ​រាល់​ការ​បោះ​ឆ្នោត​ត្រូវ​ធ្វើ​ឡើង​ដោយ​សម្ងាត់​ដោយ​សំឡេងភាគ​ច្រើន​ដាច់​ខាត​៥០%+១។​

លោក​បាន​និយាយ​ថា៖​ «បាទ ​រើស​សមាជិក​គណៈកម្មការទាំង​១០​នោះ​ហើយ​បាន​សមាជិក​គណៈ​កម្មការទាំង​១០​ទៅ​រៀបចំ​បោះឆ្នោត​ជ្រើស​រើស​ប្រធាន​ អនុ​ប្រធាន​ និង​លេខា​របស់​គណៈកម្មការ​នីមួយៗ»។​

យោង​តាម​កិច្ច​ព្រម​ព្រៀង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ចុង​ខែ​កក្កដា គណបក្ស​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​រុះរើ​ក្បាល​ម៉ាស៊ីន​រដ្ឋ​សភា​ឡើង​វិញ​ ដែល​បច្ចុប្បន្ន​បាន​កាន់​កាប់​ទាំង​ស្រុង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ចាប់​តាំង​តំណែង​ប្រធាន​រដ្ឋ​សភា​ អនុ​ប្រធាន​ទាំង​២​ និង​ប្រធាន​អនុ​ប្រធាន​គណៈកម្មការជំនាញ​ទាំង​អស់​របស់​រដ្ឋសភា។​

លោកយ៉ែម បុញ្ញឫទ្ធិមាន​ប្រសាសន៍​ថា​ បេក្ខជន​តែ​ត្រូវ​ឈរ​ឈ្មោះ​ជា​ប្រធាន​និង​អនុប្រធានគណៈកម្មការជំនាញ​ទាំង​១០​របស់​គណបក្ស​សង្គ្រោះជាតិ​រួម​មាន៖​ លោក​អេង ឆៃអ៊ាង​នឹង​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធាន​គណៈ​កម្មការសិទ្ធិ​មនុស្ស​ទទួល​ពាក្យ​បណ្តឹង​ អង្កេត​ និង​ទំនាក់ទំនង​រដ្ឋសភា​ ព្រឹទ្ធសភា​ លោក​សុន ឆ័យ ជា​បេក្ខជន​ប្រធាន​គណៈ​កម្មការសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ លោក​ប៉ុល ហំម​ ជា​បេក្ខជន​ប្រធាន​គណៈកម្មការវិនិយោគ​ កសិកម្ម​អភិវឌ្ឈន៍​ជន​បទ ​បរិស្ថាន​ និង​ធនធាន​ទឹក​ លោក​ឡុង រី​ជា​បេក្ខជន​អនុប្រធាន​គណៈ​កម្មការមហា​ផ្ទៃ​ការពារ​ជាតិ​ និង​មុខ​ងារ​សាធារណៈ​ លោក​ស្រី ជូឡុង ​សូមូរ៉ាជា​បេក្ខនារីអនុប្រធាន​គណៈ​កម្មការកិច្ចការ​បរទេស​ សហ​ប្រតិបត្តិការ​អន្តរជាតិ​ឃោស​នាការ​ និង​ព័តមាន​ លោក ​អ៊ូ ច័ន្ទឫទ្ធិ​ ជា​បេក្ខជន​អនុប្រធាន​គណៈ​កម្មការនិតិកម្ម​និង​យុត្តិធម៌។ ​លោក​ យ៉ែម បុញ្ញឫទ្ធិ ជាបេក្ខជន​ប្រធាន​គណៈកម្មការអប់រំ​យុវជន ​និង​កីឡា​ ធម្មការ​ និង​កិច្ចការ​សាសនា​ វប្បធម៌​ និង​ទេសចរណ៍។​ លោក​ស្រី​ មូរ សុខហួរ​ជាបេក្ខនារី​ប្រធាន​គណៈកម្មការ​សុខាភិបាល ​សង្គម​កិច្ច​ និង​កិច្ច​ការ​នារី។ លោកម៉ៅ មុនីវណ្ណ​ ជា​បេក្ខជន​អនុប្រធាន​គណៈកម្មការសាធារណការ ​និង​ដឹក​ជញ្ជូន​ និង​ចុង​ក្រោយ​គេ​គឺ​លោក​យឹម សុវណ្ណ​ជាបេក្ខជន​ប្រធាន​គណៈ​កម្មការអង្កេត​ បោស​សម្អាត ​និង​ប្រឆាំង​អំពើ​ពុករលួយ។

ចំណែក​លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​មិន​បាន​ឈរឈ្មោះ​ក្នុង​បញ្ជី​ជា​បេក្ខជន​ក្នុង​រចនា​សម្ព័ន្ធ​ថ្មី​របស់​រដ្ឋ​សភា​ទេ។ ​មន្ត្រី​គណបក្ស​បាន​បញ្ជាក់​ថា​ លោក​សម រង្ស៊ី​គ្រាន់​តែ​ជា​សមាជិក​សភា​តំណាង​រាស្ត្រធម្មតា​តែ​ប៉ុណ្ណោះ។​

លោក​ ឈាង វ៉ុន​ សមាជិក​សភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ទេ​ ដោយ​លោក​បាន​និយាយ​ថា ​កំពុង​ជាប់​ប្រជុំ។​

លោក​បណ្ឌិត ឡៅ ម៉ុងហៃ​ អ្នក​វិភាគ​ឯក​រាជ្យ​ មាន​ប្រសាសន៍ថា​ ការ​ចូល​កាន់​កាប់​តួនាទី​ថ្មី​ក្នុង​ក្បាល​ម៉ាស៊ីន​រដ្ឋសភា​របស់​គណបក្ស​សង្គ្រោះជាតិ​អាច​ជួយ​ជំរុញ​ក្នុង​ការ​ជួយ​ដោះ​ស្រាយ​បញ្ហា​នានា​ ព្រម​ទាំង​រក​ផល​ប្រយោជន៍ជូន​ប្រជា​ពលរដ្ឋ៕

XS
SM
MD
LG