ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​នឹង​ចុះ​កិច្ច​ព្រមព្រៀង​សន្តិភាព​ដ៏​សំខាន់​មួយ​ជាមួយ​អាស៊ាន


ស្លាកសញ្ញា​អាស៊ាន​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​កិច្ចប្រជុំកំពូល​អាស៊ានលើកទី៤០ និង៤១​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​រៀបចំ​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)
ស្លាកសញ្ញា​អាស៊ាន​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​កិច្ចប្រជុំកំពូល​អាស៊ានលើកទី៤០ និង៤១​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​រៀបចំ​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

ប្រទេស​អ៊ុយក្រែន​កំពុង​បង្កើន​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​ប្រជាជាតិ​នានា​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ តាម​រយៈ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្ដីពី​ទំនាក់​ទំនង​អន្តរជាតិ​ដ៏​សំខាន់​មួយ​ជាមួយ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ឬ​អាស៊ាន​នៅ​ចុង​សប្ដាហ៍​នេះ​នៅ​ទីក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា។

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba ត្រូវ​គេ​រំពឹង​ថា​នឹង​ចុះ​ហត្ថលេខា​ដោយ​ផ្ទាល់​ដៃ​នៅ​លើ​លិខិតុបករណ៍​ស្ដីពី​ការចូល​ជា​សមាជិក​នៃ​សន្ធិសញ្ញា​មិត្តភាព​ និង​កិច្ច​សហ​ប្រតិ​បត្តិការ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ហៅកាត់​ថា TAC ព្រមទាំង​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​មួយ​ចំនួន​ទៀត។

សន្ធិសញ្ញា TAC គឺ​ជា​សន្ធិសញ្ញា​សន្តិភាព​បង្កើត​ឡើង​នៅ​ឆ្នាំ១៩៧៦ដោយ​សមាជិក​ស្ថាបនិក​សមាគមន៍​អាស៊ាន​ដោយ​បាន​បញ្ចូល​គោលការណ៍​សំខាន់ៗ​មួយចំនួន​ដូច ជា​ការគោរព​គ្នា​ទៅវិញ​ទៅមក​លើ​អធិបតេយ្យភាព បូរណភាព​ទឹកដី​និង​អត្តសញ្ញាណ​របស់​ប្រជាជាតិ​ដែល​ជា​សមាជិក​នៃ​សន្ធិសញ្ញា​នេះ។

វា​ជា​ការវិវត្ត​ផ្នែក​ការទូត​មួយ​ដែល​សមាជិក​ទាំង១០របស់​សមាគម​អាស៊ាន​បាន​យល់​ព្រម​បញ្ចូល​អ៊ុយក្រែន​ដែល​មិន​មែន​ជា​សមាជិក​របស់​ខ្លួន​ទៅ​ក្នុង​សន្ធិ​សញ្ញា​សន្តិភាព​ និង​សហប្រតិបត្តិការ TAC នេះ។ អាស៊ាន​មិន​ត្រូវ​បាន​តម្រូវ​ឲ្យ​ចូលរួម​ផ្ដល់​ជំនួយ​ជា​សម្ភារៈ​ឬ​ផ្នែក​ហិរញ្ញវត្ថុ​ទៅ​កាន់​អ៊ុយក្រែន​ដែល​កំពុង​ស្ថិត​ក្នុង​សមរភូមិ​នោះ​ទេ។

មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​មួយរូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «ការចូល​ជា​សមាជិក​សន្ធិសញ្ញា TAC មិន​តម្រូវ​ឱ្យ​អាស៊ាន​ផ្ដល់​ជំនួយ​ទៅ​អ៊ុយក្រែន​នោះ​ទេ។ សន្ធិសញ្ញា​នេះ​ជា​ក្រមប្រតិបត្តិ​ក្នុង​ការអនុវត្ត​ទំនាក់​ទំនង​អន្តរជាតិ វា​មិន​មែនជា​កិច្ច​ព្រមព្រៀង​ដើម្បី​ផ្ដល់​ជំនួយ​ទៅ​ប្រទេស​ណា​មួយ​នោះ​ទេ»។

គិត​ត្រឹម​ខែ​សីហា ឆ្នាំ២០២២ សន្ធិសញ្ញា​សន្តិភាព​នេះ​មាន​ប្រទេស​ហត្ថលេខី​ចំនួន៤៩ ដោយ​រួម​មាន​ទាំង​ប្រទេស​រុស្ស៊ី ចិន សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​ផងដែរ។

រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ឯ​ជំនួប​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​សហភាព​អឺរ៉ុប​ និង​ប្រទេស​ឆែក ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២។
រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ឯ​ជំនួប​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​សហភាព​អឺរ៉ុប​ និង​ប្រទេស​ឆែក ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២។

លោក កែវ ឈា ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​កាលពី​ថ្ងៃទី ២៦ ខែ​តុលា​នៅ​ក្នុង​សិក្ខាសាលា​មួយ​ដែលរៀបចំ​ដោយ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ​ថា៖ «ខ្ញុំ​មាន​ការរីករាយ​និង​សូមជម្រាបថា យើង​បាន​អញ្ជើញ​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​ដើម្បី​មក​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញាTAC នៅ​ក្រុង​ភ្នំពេញ​នៅ​ក្នុង​ពេល២សប្ដាហ៍​ខាង​មុខ​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​របស់​អាស៊ាន»។

កម្ពុជា​ធ្វើ​ជា​ប្រធាន​នៃ​កិច្ច​ប្រជុំកំពូល​អាស៊ាន​និង​ជំនួប​កំពូល​អាស៊ីបូព៌ា​នៅ​ឆ្នាំ​នេះ។ រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergey Lavrov នឹង​មាន​វត្តមាន​នៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​ចូលរួម​ក្នុង​ជំនួប​កំពូល​អាស៊ីបូព៌ា​ក្នុង​នាម​ប្រធានាធិបតី​រុស្ស៊ី​លោកVladimir Putin។

កាលពី​ខែ​មីនា កម្ពុជា​បាន​ថ្កោល​ទោស​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ហើយ​បាន​បន្ទោ​តាម​ការអំពាវនាវ​ដែល​គាំទ្រ​ដោយ​អាស៊ានស្នើ​ឲ្យ​មានបទឈប់​បាញ់​គ្នា​ជា​បន្ទាន់។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​ចុះ​ផ្សាយ​កាល​សប្ដាហ៍​មុន​ថា ក្រសួង​ការបរទេស​កម្ពុជា​បាន​យល់​ព្រម​រៀបចំ​ឲ្យ​មាន​ជំនួប​ពិភាក្សា​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​នៅ​ក្នុង​ជំនួប​កំពូល​ខាង​មុខ ប៉ុន្តែ ភាគី​ទាំង​ពីរ​មិន​បាន​បង្ហាញ​ឆន្ទៈចូលរួម​ក្នុង​កិច្ច​សន្ទនា​នេះ​ទេ។

លោក​ Daniel Kritenbrink មន្ត្រីជាន់​ខ្ពស់​នៃក្រសួង​ការបរទេស​អាមេរិក​បាន​និយាយ​ពី​តំបន់​អាស៊ី​ក្នុង​អំឡុង​ព្រឹត្តិការណ៍​ដដែល​នោះ​ថា៖ «វត្តមាន​របស់​អ៊ុយក្រែន​នៅ​កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា នឹង​បង្ហាញ​ពី​ភាពជា​អ្នក​ដឹក​នាំ​ក្នុង​ការ​ថែរក្សា​សន្តិភាព​និងការ​ដោះ​ស្រាយ​ជម្លោះ​របស់​អាស៊ាន និង​ការ​គាំទ្រ​ជាយូរ​មក​ហើយ​សម្រាប់​ការ​គោរព​អធិបតេយ្យភាព​និង​បូរណភាព​ទឹក​ដី»។

ប្រទេស​កម្ពុជា​និង​អ៊ុយក្រែន​បាន​ព្រមព្រៀង​បង្កើត​ទំនាក់ទំនង​ការ​ទូត​មួយ​ បន្ទាប់​ពី​ការ​ពិភាក្សា​គ្នា​តាម​ទូរសព្ទ​មួយ​រវាង​នាយករដ្ឋ​មន្ត្រី​កម្ពុជា​លោក​ ហ៊ុន សែន និង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy កាល​ពី​ថ្ងៃ​ទី ១ ខែវិច្ឆិកា។

ប្រទេស​ទាំង​ពីរ​នេះ​នឹង​ចាត់​តាំង​ឯកអគ្គរដ្ឋទូត​ដើម្បី​ពង្រឹង​ចំណង​ការ​ទូត។

ផ្ទាំង​បដា​ទទួល​ស្វាគមន៍​គណៈប្រតិភូ​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំកំពូល​អាស៊ានលើកទី៤០ និង៤១​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​នៅ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/​វីអូអេ)
ផ្ទាំង​បដា​ទទួល​ស្វាគមន៍​គណៈប្រតិភូ​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំកំពូល​អាស៊ានលើកទី៤០ និង៤១​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​នៅ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/​វីអូអេ)

នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ​លោក ហ៊ុន សែន ក៏​បាន​យល់​ព្រម​បញ្ជូន​ក្រុមដោះ​មីន​ ដោយ​សហការ​ជាមួយ​នឹង​រដ្ឋាភិបាល​ជប៉ុន​ ដើម្បី​ជួយ​អ៊ុយក្រែន​ដោះ​មីន​ក្រោម​ដី​ដែលកងកម្លាំង​រុស្ស៊ី​បាន​កប់ ក្នុង​អំឡុង​ការ​ឈ្លានពាន។​

ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​ដែល​មាន​មីន​ច្រើន​បំផុត​មួយ​ក្នុង​ពិភពលោក​អំឡុង​សង្រ្គាម​ស៊ីវិល​រយៈពេល​ជិត ៣០ ​ឆ្នាំ​ ដែល​បាន​បញ្ចប់ទៅក្នុង​ឆ្នាំ​ ១៩៩៨។ ​ជាការ​តបស្នង ប្រទេស​អ៊ុយក្រែន​គ្រោង​នឹង​បង្កើន​ការ​នាំចេញ​គ្រាប់​ធុញ្ញជាតិ​មក​កម្ពុជា​ អំឡុង​វិបត្តិ​ស្បៀង​អាហារ​សកល។

អាស៊ាន​មិន​មាន​មតិរួប​រួម​មួយ​លើ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ក្នុង​អ៊ុយក្រែន​នៅ​ឡើយ​ទេ។​

លើកលែង​តែ​ប្រទេស​សិង្ហបុរី ​ប្រទេស​នានា​ក្នុង​អាស៊ាន​មិន​បាន​បង្ហាញ​ជំហរ​ប្រឆាំងអ្វីឡើយ​ គ្រា​រុស្ស៊ី​បាន​ចាប់​ផ្តើម​ឈ្លាន​ពាន​អ៊ុយក្រែន​កាលពី​ចុងខែ​កុម្ភៈ​នោះ។

នៅ​ពេលបង្ហាញ​ពី​ក្តី​បារម្ភ​ចំពោះ​សង្គ្រាម​រុស្ស៊ី​លើ​អ៊ុយក្រែន ​ប្រទេស​ជា​សមាជិក​អាស៊ាន​ដែល​ពឹង​លើ​អាវុធ​ពី​រុស្ស៊ី​មិន​បាន​ថ្កោល​ទោស​លើ​លោក Putin ទេ។​

សមាជិក​អាស៊ាន​បី​រួមមានវៀតណាម​ ថៃ​ និង​ឡាវ បានបោះឆ្នោត​អនុប្បវាទ​លើ​ការ​ថ្កោល​ទោស​ដល់​ការ​ប៉ុនប៉ង​របស់​រុស្ស៊ី ​ដើម្បី​កាន់កាប់​តំបន់​បន្ថែម​ក្នុង​ប្រទេស​អ៊ុយក្រែន នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជា​ជាតិ​ កាលពី​ខែ​តុលា៕

ប្រែ​សម្រួល​ដោយ​លោក ជ្រា វណ្ណរិទ្ធ និងកញ្ញា ទុំ ម្លិះ

XS
SM
MD
LG