កងកម្លាំងចម្រុះជាងមួយម៉ឺននាក់ត្រូវបានដាក់ពង្រាយក្នុងភូមិសាស្រ្តសំខាន់ៗនៃរាជធានីភ្នំពេញ ដើម្បីសម្រួលចរាចរណ៍ និងរក្សាសុវត្ថិភាពដល់ថ្នាក់ដឹកនាំ ក្នុងពេលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន។ នេះបើតាមអ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
កងកម្លាំងទាំងនោះត្រូវបានដាក់ពង្រាយនៅតាមដងវិថីសំខាន់ៗមួយចំនួន ដូចជានៅមហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីនរោត្តម មហាវិថីព្រះមុន្នីវង្ស វិថីទន្លេសាប ដែលទៅកាន់សណ្ឋាគារសុខា ដែលជាកន្លែងរៀបចំកិច្ចប្រជុំ។
នៅជិតសណ្ឋាគារសុខា គេឃើញមានដាក់គោលដៅនៃកងកម្លាំងសមត្ថកិច្ចប្រចាំការ ដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាពផងដែរ។ ចំណែកនៅខាងក្រោមស្ពានជ្រោយចង្វា ក៏មានកម្លាំងសមត្ថកិច្ចយាមកាមយ៉ាងតឹងរ៉ឹងផងដែរ។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រាប់វីអូអេនៅថ្ងៃអង្គារថាកងកម្លាំងរាជអាវុធហត្ថ ប្រមាណជាង ២.០០០ ពាន់នាក់ ត្រូវបានដាក់តាមគោលដៅនីមួយៗរួចហើយ ក្នុងការការពារសន្តិសុខ និងសុវត្ថិភាពរបស់គណៈប្រតិភូដែលនឹងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងដើម្បីបញ្ចៀសមិនឱ្យមានគ្រោះឧបទ្ទវហេតុណាមួយកើតឡើង។
លោក អេង ហ៊ី ថ្លែងថា៖ «កម្លាំងកងរាជអាវុធហត្ថ គឺប្រើប្រាស់សម្រាប់ទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំអាស៊ាននេះ គឺរង្វង់២.៤០០នាក់ ជាមួយមធ្យោបាយ រថពាសដែក រថយន្តបាញ់ទឹក រថយន្តអគ្គិភ័យ រថយន្តដឹកជញ្ជូន រថយន្តសារ៉ែន និងទោចក្រយាន្តចល័ត ព្រមទាំងឧបករណ៍ សម្ភារៈយុទ្ធោបករណ៍មួយចំនួនទៀត»។
លោក អេង ហ៊ី សំណូមពរទៅកាន់ក្រសួងស្ថាប័ន អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ដែលពាក់ព័ន្ធទាំងអស់ឱ្យមានកិច្ចសហការល្អជាមួយគ្នា និងទទួលខុសខ្ពស់តាមតួនាទីរៀងៗខ្លួន និងស្នើទៅកាន់ប្រជាពលរដ្ឋឱ្យមានការយោគយល់អត់ធ្មត់ និងកុំរំខានការងាររបស់សមត្ថកិច្ច និងត្រូវចូលរួមគ្នា ដើម្បីឱ្យកិច្ចការប្រជុំកំពូលអាស៊ាននេះទទួលបានជោគជ័យ។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា អាជ្ញាធរកម្ពុជាបានរៀបចំកងកម្លាំងចម្រុះជាងមួយម៉ឺននាក់ ដែលមកពីអង្គភាព និងស្ថាប័នចំនួន ១៤ ដែលរួមមានកងកម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថ កម្លាំងនាយកប្រឆាំងភារវកម្ម កងកម្លាំងពិសេស កងកម្លាំងកងទ័ពឆ័ត្រយោង កងកម្លាំងប្រឆាំងគីមីសាស្ត្រនិងវិទ្យុសកម្ម គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងកងកម្លាំងពាក់ព័ន្ធផ្សេងទៀត ដើម្បីធានាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនដល់ប្រតិភូនៃបណ្តាប្រទេសអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក ដែលចូលរួមកិច្ចប្រជុំកំពូលអាស៊ាននេះ ។
លោកថ្លែងថា៖ «សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំពាក់ព័ន្ធ អនុគណៈកម្មការការពារសន្តិសុខ សុវត្ថិភាពក្នុងសង្គមបានរៀបចំកម្លាំងប្រមាណជាងមួយម៉ឺននាក់ ចន្លោះពី ១២.០០០ ទៅ ១៣.០០០ នាក់។ កម្លាំងមកពីអង្គភាព ស្ថាប័នពាក់ព័ន្ធចំនួន ១៤»។
លោកបន្ថែមថា ពាក់ព័ន្ធសន្តិសុខនេះ អាជ្ញាធរកម្ពុជា ក៏បានធ្វើកិច្ចសហការជាមួយដៃគូសហប្រតិបត្តិការទាំងក្នុងតំបន់ ទាំងដៃគូអន្តរជាតិ ដូចជាអង្គភាពនគរបាលអន្តរជាតិអាំងទែប៉ូល ស្ថាប័នFBI ស្ថាប័នអនុវត្តរបស់ប្រទេសកូរ៉េ ជប៉ុន អូស្ត្រាលី បារាំង អង់គ្លេស រួមទាំងប្រទេសក្នុងតំបន់អាស៊ានទាំងមូល ដោយផ្លាស់ប្តូរព័ត៌មានគ្នាជាប្រចាំ និងបង្ការកុំឱ្យមានហានិភ័យណាមួយកើតឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ។
ជាមួយគ្នានេះ អាជីវកម្មមួយចំនួនដែលស្ថិតតាមបណ្តោយដងវិថីសំខាន់ៗ ដែលប្រតិភូធ្វើដំណើរឆ្លងកាត់ ជាពិសេសមហាវិថីសហព័ន្ធរុស្ស៊ី រាល់ស្ថានីយប្រេងឥន្ធនៈ ទីតាំងលក់រថយន្ត ការដ្ឋានសំណង់ផ្សេងៗ ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន ទីតាំង KTV ក្លឹបកម្សាន្ត ទីតាំងផ្ញើម៉ូតូ ឡាន ឬចតតាមចិញ្ចើមថ្នល់ ត្រូវបានហាមមិនឱ្យមានឡើយ។
ចំណែកសណ្តាប់ធ្នាប់តាមដងទន្លេ មានដាយត្រី បែត្រី កប៉ាល់ កាណូត ទូកទេសចរណ៍ ឬទូកនេសាទ ក៏ត្រូវបានហាមឃាត់មិនឱ្យមានការបើកបរឆ្លងកាត់ ឬបង្កឱ្យបាត់សណ្តាប់ធ្នាប់ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាននេះដែរ។
ចំពោះភ្ញៀវដែលមកស្នាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ ម្ចាស់ទីតាំងត្រូវផ្តល់កិច្ចសហការឱ្យបានច្បាស់លាស់ជាមួយសមត្ថកិច្ច និងអាជ្ញាធរដែនដី តាមរយៈការកំណត់អត្តសញ្ញាណភ្ញៀវដែលចូលស្នាក់នៅក្នុងសណ្ឋាគារ ឬផ្ទះសំណាក់របស់ខ្លួនរួមទាំងផ្តល់បញ្ជីឈ្មោះជាប្រចាំថ្ងៃដល់អាជ្ញាធរ។ នេះបើតាមសារព័ត៌មាន Fresh News ដែលស្និទ្ធនឹងរដ្ឋាភិបាល ចុះផ្សាយថ្ងៃទី ៧ ខែវិច្ឆិកា។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា មើលឃើញថា ការរៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខ ដើម្បីកិច្ចប្រជុំកំពូលអាស៊ាន ធ្វើបានល្អ ក៏ប៉ុន្តែរដ្ឋគួរតែគាំពារដល់ពលរដ្ឋ ដែលផ្អាកអាជីវកម្មរកស៊ីនៅតាមផ្លូវ ដើម្បីកុំឱ្យពួកគេប្រឈមបញ្ហាសេដ្ឋកិច្ច។
លោកប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា៖ «គាត់រកស៊ីតាមចិញ្ចើមថ្នល់ ប៉ុន្មានថ្ងៃនៃកិច្ចប្រជុំហ្នឹង គាត់បាត់ចំណូល គាត់បាត់កត្តាចំណូលផ្គត់ផ្គងជីវភាពប្រចាំថ្ងៃរបស់គាត់នេះជាចំណុចមួយគួរឱ្យសោកស្តាយ។ ការរៀបចំល្អ មានសណ្តាប់ធ្នាប់ មានការយកចិត្តទុកដាក់ល្អ ប៉ុន្តែវាធ្វើឱ្យប៉ះពាល់ទៅដល់ការប្រកបអាជីវកម្មរបស់ពលរដ្ឋយើងទៅវិញ»។
រដ្ឋបាលរាជធានីភ្នំពេញក៏នឹងបញ្ចៀសចរាចរណ៍ចំពោះយាន្តយន្តគ្រប់ប្រភេទនៅតាមបណ្តាវិថីសំខាន់ៗមួយចំនួន ក្នុងអំឡុងពេលគណៈប្រតិភូជាន់ខ្ពស់ជាតិ និងអន្តរជាតិ ធ្វើដំណើរឆ្លងកាត់ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលរៀបចំនៅសណ្ឋាគារសុខាភ្នំពេញ ដើម្បីរៀបចំរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបានការកកស្ទះចរាចរណ៍ជាដើម។
កាលពីឆ្នាំ ២០១២ នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅវិមានសន្តិភាព ដែលកាលនោះអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Barack Obama បានមកចូលរួមផងដែរ។
កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនាឆ្នាំនេះ មានការរំពឹងថានឹងពិភាក្សាលើបញ្ហាប្រឈមធំៗ ដែលរួមមានវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា កិច្ចសហប្រតិបត្តិការក្នុងតំបន់ សេដ្ឋកិច្ចក្នុងវិបត្តិកូវីដ ភាពតានតឹងនៅសមុទ្រចិនខាងត្បូង និងបញ្ហាសកលលោកផ្សេងៗទៀត។
កម្ពុជាដែលជាប្រធានអាស៊ានប្តូរវេន ទទួលរៀបចំកិច្ចការនេះ ក្នុងរយៈពេល ១០ ឆ្នាំម្តង មានតួនាទីក្នុងការសម្របសម្រួលឱ្យមានការពិភាក្សាលើបញ្ហាទាំងនេះ។ នៅក្នុងពិធីបិទជាផ្លូវការនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងប្រគល់ញញួរប្រធានអាស៊ានជូនទៅលោក Joko Widodo ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលជាប្រធានអាស៊ានប្តូរវេននៅឆ្នាំក្រោយ៕