ប៉ុន្តែ គេឃើញនៅមានការព្រួយបារម្ភដែលថា ការធ្វើឲ្យទំនាក់ទំនងរវាងកូរ៉េទាំងពីរកាន់តែប្រសើរឡើងអាចប៉ះពាល់ដល់យុទ្ធសាស្ត្រដាក់សម្ពាធជាអតិបរមារបស់សហរដ្ឋអាមេរិកលើកូរ៉េខាងជើង។
ក្រោយពីកិច្ចប្រជុំរួមគ្នាមួយរបស់គណបក្សនយោបាយនានានៅក្នុងប្រទេសកូរ៉េខាងជើងបានបញ្ចប់ទៅកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលរបស់លោក Kim Jong Un បានចេញសេចក្ដីប្រកាសមួយដែលជំរុញឲ្យជនជាតិកូរ៉េទាំងអស់ «ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស» ឲ្យ «បង្កើនទំនាក់ទំនងរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងឲ្យបានប្រសើរឡើងឲ្យបានឆាប់» និងធ្វើការដើម្បី «សម្រេចឲ្យបាននូវការបង្រួបបង្រួមគ្នាឡើងវិញដោយឯករាជ្យ» ជាមួយនឹងកូរ៉េខាងត្បូង។
សារនេះក៏គាំទ្រឲ្យមានការបន្ធូរបន្ថយភាពតានតឹងផ្នែកយោធានៅលើឧបទ្វីបកូរ៉េ និងជំរុញឲ្យមានការបង្កើនកិច្ចសហប្រតិបត្តិការ និងកម្មវិធីផ្លាស់ប្ដូរផ្សេងៗផងដែរ។
ការស្នើឡើងដោយសន្តិវិធីរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងនេះ គឺជាការវិវឌ្ឍបែបវិជ្ជមានថ្មីចុងក្រោយបំផុតដែលកើតចេញពីកិច្ចប្រឹងប្រែងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In ក្នុងការបញ្ចុះបញ្ចូលកូរ៉េខាងជើងឲ្យចូលរួមនៅក្នុងកីឡាអូឡាំពិក ដែលជាវិធីមួយដើម្បីចាប់ផ្ដើមឡើងវិញនូវកិច្ចចរចារវាងកូរ៉េទាំងពីរ និងដើម្បីកាត់បន្ថយភាពតានតឹង។
ការយល់ព្រមរបស់រដ្ឋាភិបាលលោក Kim Jong Un ក្នុងការបញ្ជូនក្រុមគណៈប្រតិភូដ៏ធំមួយទៅចូលរួមប្រកួតកីឡាអូឡាំពិករដូវរងាក្នុងទីក្រុង PyeongChang ប្រទេសកូរ៉េខាងត្បូង នៅខែកុម្ភៈ ឆ្នាំ ២០១៨ នេះ បានជំរុញឲ្យមានការផ្អាកជាបណ្ដោះអាសន្ននូវកិច្ចប្រឹងប្រែងជាបន្តរបស់កូរ៉េខាងជើងក្នុងការអភិវឌ្ឍគ្រាប់ផ្លោងមីស៊ីលនុយក្លេអ៊ែរដែលហោះបានចម្ងាយឆ្ងាយមួយ ដែលមានសមត្ថភាពអាចហោះដល់ដែនដីគោករបស់សហរដ្ឋអាមេរិកបាន។
លោក Moon Jae In ក៏បានធ្វើឲ្យសហរដ្ឋអាមេរិកពន្យារពេលការធ្វើសមយុទ្ធយោធាប្រចាំ ឆ្នាំរួមគ្នាជាមួយនឹងកូរ៉េខាងត្បូងផងដែរ។ សមយុទ្ធរួមគ្នានេះ ត្រូវបានកូរ៉េខាងជើងយល់ឃើញថាជាការហាត់សមបែបបង្កហេតុដើម្បីឈ្លានពានខ្លួន។
ការប៉ះពាល់ដល់សន្តិភាព
ឥរិយាបថបែបសម្រុះសម្រួលភ្លាមៗរបស់ប្រទេសកូរ៉េខាងជើងនេះ បានធ្វើឲ្យអ្នកវិភាគជាច្រើនមានការសង្ស័យ។
អ្នកវិភាគផ្នែកសន្តិសុខលោក Daniel Pinkston ដែលជាសាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ Troy នៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បាននិយាយថា៖ «ខ្ញុំចង់ឲ្យបទពិសោធន៍នៃកីឡាអូឡាំពិកនេះជួយផ្លាស់ប្ដូរឥរិយាបថរបស់កូរ៉េខាងជើងតាមមធ្យោបាយខ្លះ និងចង់ឲ្យកូរ៉េខាងជើងក្លាយជារដ្ឋដែលមានការសហការជាងមុនមួយ។ ប៉ុន្តែ ខ្ញុំគិតថា វានឹងមិនអាចទៅរួចនោះទេ»។
គោលបំណងរបស់រដ្ឋាភិបាលលោក Moon Jae In គឺបញ្ចុះបញ្ចូលរដ្ឋាភិបាលក្រុងព្យុងយ៉ាងឲ្យត្រឡប់មកកាន់ការចរចាជាអន្តរជាតិឡើងវិញ ដើម្បីបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងជាថ្នូរនឹងការដកទណ្ឌកម្មចេញ និងការធានាបាននូវសន្តិសុខល្អ។
ប៉ុន្តែ ប្រទេសកូរ៉េខាងជើងបានប្រកាន់ជំហរដែលមិនអាចសម្របសម្រួលបានមួយនៅក្នុងការប្រកាសថាខ្លួនជារដ្ឋនុយក្លេអ៊ែរ ដោយផ្ដល់ហេតុផលថា ខ្លួនត្រូវការអាវុធនុយក្លេអ៊ែរដើម្បីការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់សហរដ្ឋអាមេរិក និងកន្លងមកបានបដិសេធមិនពិភាក្សាអំពីក្ដីរំពឹងក្នុងការធ្វើឲ្យគ្មានអាវុធនុយក្លេអ៊ែរ។
សហរដ្ឋអាមេរិកមិនជឿលើការអះអាងរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងដែលថា អាវុធនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់តែការការពារខ្លួនតែមួយមុខនោះទេ។ ប្រធានទីភ្នាក់ងារ CIA លោក Mike Pompeo កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា កូរ៉េខាងជើងត្រៀមខ្លួនប្រើសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនសម្រាប់គោលបំណង «បង្ខិតបង្ខំ» ដើម្បីបង្រួបបង្រួមឧបទ្វីបកូរ៉េឡើងវិញក្រោមការគ្រប់គ្រងរបស់លោក Kim Jong Un នៅទីបំផុត។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក៏បានចាត់ទុកការអភិវឌ្ឍមីស៊ីលនុយក្លេអ៊ែរដែលហោះបានចម្ងាយឆ្ងាយរបស់កូរ៉េខាងជើងថាជាការគំរាមកំហែងជាបន្តមួយផងដែរ និងបានទាមទារឲ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាងយល់ព្រមលះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួន មុនពេលការពិភាក្សាផ្លូវការណាមួយអាចចាប់ផ្ដើមបាន។
ឱកាសនៃការចរចា
ការព្រមព្រៀងគ្នារវាងកូរ៉េទាំងពីរពាក់ព័ន្ធនឹងកីឡាអូឡាំពិកនេះ អាចផ្ដល់ឱកាសដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីមួយសម្រាប់បញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង។ គេឃើញមានការប៉ាន់ប្រមាណមើលថា ប្រសិនបើកិច្ចសហប្រតិបត្តិការរវាងកូរ៉េទាំងពីរនៅតែបន្ត លោក Moon Jae In នឹងព្យាយាមលុបចោលការធ្វើសមយុទ្ធរួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនៅក្នុងរដូវផ្ការីកក្នុងឆ្នាំនេះ ដើម្បីទុកឲ្យមានលំហការទូតបន្ថែមទៀតជាមួយកូរ៉េខាងជើង។
គេនៅមិនទាន់ច្បាស់ទេថាតើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងយល់ព្រមពន្យារពេលបន្ថែមទៀតចំពោះការធ្វើសមយុទ្ធរួមគ្នានេះឬក៏យ៉ាងណានោះទេ ដោយហេតុថា រដ្ឋាភិបាលអាមេរិកបានបញ្ជាក់ថា សមយុទ្ធនេះគឺត្រូវការជាចាំបាច់សម្រាប់ការត្រៀមខ្លួនរួចរាល់បែបយោធាដើម្បីទប់ទល់នឹងការគំរាមកំហែងណាមួយ។
ជាងនេះទៅទៀត គេឃើញមានក្ដីបារម្ភមួយចំនួននៅក្នុងសហរដ្ឋអាមេរិកដែលថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In អាចនៅមិនទាន់ច្បាស់ចំពោះការគាំទ្ររបស់លោកចំពោះគោលនយោបាយ «ដាក់សម្ពាធជាអតិបរមា» របស់សហរដ្ឋអាមេរិកក្នុងការដាក់សម្ពាធធ្ងន់ធ្ងរលើកូរ៉េខាងជើង ហើយជំនួសមកវិញ អាចយល់ព្រមចំពោះការបន្ធូរបន្ថយការដាក់សម្ពាធសេដ្ឋកិច្ចលើកូរ៉េខាងជើងដើម្បីកិច្ចសហប្រតិបត្តិការរវាងកូរ៉េទាំងពីរ។
អតីតអ្នកវិភាគរបស់ទីភ្នាក់ងារ CIA អ្នកស្រី Sue Mi Terry បាននិយាយនៅឯវេទិកាស្ដីពីសន្តិសុខដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ CSIS នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកកាលពីថ្ងៃទី ២៤ ខែមករា កន្លងទៅនេះថា៖ «ប្រសិនបើកូរ៉េខាងត្បូងសម្រេចប្រើវិធីផ្សេង និងធ្វើតាមការទាមទារមួយចំនួនរបស់កូរ៉េខាងជើង ខ្ញុំគិតថា វានឹងបង្កើតឲ្យមានការខ្វែងគំនិតគ្នារវាងសហរដ្ឋអាមេរិក និងរដ្ឋាភិបាលលោក Moon Jae In»។
ក្រុមគណបក្សប្រឆាំងកូរ៉េខាងត្បូងក៏បានរិះគន់ផងដែរលើលោក Moon Jae In ចំពោះការបំពេញចិត្តតាមការចូលរួមរបស់កូរ៉េខាងជើងនៅក្នុងកីឡាអូឡាំពិក។ ពួកគេបានបញ្ជាក់ថា ការចូលរួមរបស់កូរ៉េខាងជើងនៅក្នុងកីឡាអូឡាំពិកនេះ គឺជាផ្នែកមួយនៃយុទ្ធនាការសុឆន្ទៈបែបឃោសនាមួយដើម្បីធ្វើយ៉ាងណាឲ្យមានការដកទណ្ឌកម្មចេញ។
ប៉ុន្តែ អ្នកស្រី Sue Mi Terry ដែលជាសមាជិកជាន់ខ្ពស់នៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ CSIS បាននិយាយថា អ្នកស្រីមិនជឿថា រដ្ឋាភិបាលលោក Moon Jae In នឹងបំផ្លាញសម្ព័ន្ធភាពរបស់ខ្លួនជាមួយនឹងសហរដ្ឋអាមេរិក ដោយការបង្កើតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឡើងវិញជាមួយនឹងរដ្ឋាភិបាលក្រុងព្យុងយ៉ាងនៅពេលនេះនោះទេ។
អ្នកស្រីបាននិយាយយ៉ាងដូច្នេះថា៖ «កូរ៉េខាងត្បូងបានប្រាប់សហរដ្ឋអាមេរិកថា ពាក់ព័ន្ធនឹងការដោះស្រាយជាមួយនឹងកូរ៉េខាងជើង ពួកគេបានរៀនសូត្រពីប្រវត្តិសាស្ត្រថា ពួកគេនឹងមិនធ្វើសម្បទានឯកតោភាគីចំពោះកូរ៉េខាងជើងនោះទេ»។
ដោយយល់ឃើញថា កិច្ចសហប្រតិបត្តិការរបស់កូរ៉េខាងជើងក្នុងកីឡាអូឡាំពិកនេះជា «រឿងល្អ» មួយនោះ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung Wha បាននិយាយថា រដ្ឋាភិបាលកូរ៉េខាងត្បូងក៏ត្រៀមខ្លួនសម្រាប់ការបង្កហេតុណាមួយបន្ថែមទៀតពីកូរ៉េខាងជើងផងដែរ។ លោកស្រីបានថ្លែងដូច្នេះកាលពីថ្ងៃទី ២៥ ខែមករាកន្លងទៅនេះ នៅក្នុងអំឡុងពេលលោកស្រីផ្ដល់បទសម្ភាសន៍ដល់ទីភ្នាក់ងារព័ត៌មាន Reuters អំពីជំនួបបន្ទាប់បន្សំក្រៅពីកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការវេទិកាសេដ្ឋកិច្ចពិភពលោកដែលបានធ្វើឡើងនៅក្នុងទីក្រុង Davos ប្រទេសស្វីស។
ស្របពេលដែលស្នើឲ្យមានការបង្កើនទំនាក់ទំនងជាមួយនឹងកូរ៉េខាងត្បូង រដ្ឋាភិបាលកូរ៉េខាងជើងក៏កំពុងរៀបចំធ្វើក្បួនព្យុហយាត្រាយោធាដ៏ធំមួយផងដែរ ដែលទំនងជានឹងធ្វើឡើងនៅថ្ងៃទី ៨ ខែកុម្ភៈ ខាងមុខនេះ គឺក្នុងរយៈពេលមួយថ្ងៃមុនពេលការប្រកួតកីឡាអូឡាំពិកចាប់ផ្ដើមឡើង។ រដ្ឋាភិបាលកូរ៉េខាងជើងបានប្រកាសកាលពីពេលថ្មីៗនេះយកថ្ងៃទី ៨ ខែកុម្ភៈ ដែលជាថ្ងៃព្យុហយាត្រាយោធានេះ ជាថ្ងៃឈប់សម្រាក ដើម្បីជាការប្រារព្ធដល់ការបង្កើតកងកម្លាំងយោធារបស់ប្រទេស៕
ប្រែសម្រួលដោយ ភី សុភាដា