ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ដាក់ទណ្ឌកម្ម​ថ្មី​ទៅលើ​កូរ៉េ​ខាង​ជើង​ឲ្យ​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ


លោករដ្ឋមន្ត្រី​ក្រសួង​ហរិញ្ញវត្ថុ​សហរដ្ឋអាមេរិក​ Steven Mnuchin​ ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក នៅ​ក្នុង​ក្រុង Davos ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨។

រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump កាល​ពី​ថ្ងៃពុធ​ បាន​ដាក់​ទណ្ឌកម្មថ្មី​ ក្នុង​គោលបំណង​ឲ្យ​កូរ៉េខាងជើង​បញ្ឈប់​កម្មវិធីនុយក្លេអ៊ែរ​របស់​ខ្លួន។

ក្រសួង​ហរិញ្ញវត្ថុ​សហរដ្ឋអាមេរិក​ បាន​ដាក់​ទណ្ឌកម្ម​លើ​ស្ថាប័ន​ចំនួន៩ ដែល​ក្នុងនោះ​ មាន​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ពីរ​ដែលមាន​ទីស្នាក់ការ​ក្នុង​ប្រទេសចិន។ ក្រុមហ៊ុន​ទាំងពីរ​នេះ​ធ្វើការ​នាំចេញ​នូវលោហៈធាតុ​ និង​សម្ភារៈផ្សេងទៀត​ ដែល​មាន​តម្លៃ​រាប់លានដុល្លារ​ សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​ការពារជាតិ​ របស់​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង។​

បុគ្គល១៦នាក់​ផ្សេងទៀត​ក៏​មាន​ឈ្មោះ​នៅក្នុង​បញ្ជី​ដាក់​ទណ្ឌកម្ម​នេះ​ផងដែរ។ ពួកគេ​ទាំងនោះ​រួមមាន​ សមាជិក​របស់​គណបក្ស​ពលករកូរ៉េ​ ដែល​បាន​ធ្វើ​អាជីវកម្ម​នៅ​ក្នុងប្រទេសចិន​ រុស្ស៊ី​ និង​នៅក្នុង​តំបន់​អាប់ខាសៀ​ ដែល​ជា​រដ្ឋ​មួយ​ស្ថិត​នៅភាគ​ខាង​ត្បូង​ប្រទេសរុស្ស៊ី​ និង​ភាគពាយ័ព្យ​ប្រទេសហ៊្សកហ្ស៊ី។ ក្រសួង​ហរិញ្ញវត្ថុ​សហរដ្ឋអាមេរិក​ ស្នើឲ្យ​ប្រទេស​ទាំងនោះ​កុំ​ធ្វើ​អាជីវកម្ម​ជាមួយ​បុគ្គល​ទាំងនេះ​ ដែល​ត្រូវ​បានហាមឃាត់​មិន​ឲ្យ​ធ្វើ​ជំនួញ​ជាមួយ​នឹង​ជនជាតិ​អាមេរិកាំង។

អ្នកតំណាង​ឲ្យ​ក្រុមហ៊ុន Korean Ryonbong General Corporation ១០នាក់​ដែល​មាន​ទីតាំង​នៅក្នុង​ប្រទេសចិន​ និង​រុស្ស៊ី​ ក៏​ស្ថិត​ក្នុង​ចំណោម​នោះ​ដែរ។ ក្រុមហ៊ុន​ដែល​លក់​សម្ភារៈឲ្យ​ក្រសួង​ការពារជាតិ​របស់​កូរ៉េខាងជើង​ទទួល​រងទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក និង​អង្គការ​សហប្រជាជាតិផងដែរ។

ក្រុមហ៊ុន​ដឹកជញ្ជូន​កូរ៉េ​ខាងជើង​ចំនួន៥ ​និងនាវាចំនួន៦​ ក៏​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​ដែរ។

លោករដ្ឋមន្ត្រី​ក្រសួង​ហរិញ្ញវត្ថុ​សហរដ្ឋអាមេរិក​ Steven Mnuchin​ បាន​ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​នេះ​ថា «ក្រសួងហរិញ្ញវត្ថុ​នឹង​បន្ត​ដាក់​ទណ្ឌកម្ម​ទៅលើបុគ្គល​ និង​ស្ថាប័ន ដែល​ផ្គត់ផ្គង់​ហរិញ្ញវត្ថុ​ដល់របបKim Jong unនិង​ដល់កម្មវិធី​ផលិតអាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ផងដែរ»៕

XS
SM
MD
LG