ភ្នំពេញ — កំពុងឈរញញឹម ដោយសម្លឹងមើលទឹកដែលស្រោចស្រពលើដំណាំស្ពៃខ្មៅដ៏ខៀវស្រងាត់ក្នុងចម្ការរបស់ខ្លួនលោក ប៉េង ឡុង កសិករដាំបន្លែក្នុងឃុំទឹកវិលស្រុកស្អាង ខេត្តកណ្តាល និយាយថា ដំណាំស្ពៃខ្មៅលើកនេះកំពុងឲ្យផល និងមានទីផ្សារសម្រាប់លក់ឡើងវិញ។
តែស្នាមញញឹមនេះមិនបានកើតឡើងលើបុរសវ័យ ៤៨ ឆ្នាំរូបនេះ ក្នុងអំឡុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ កាលពីខែមេសាកន្លងទៅនោះទេ ព្រោះលោកបានខាតបង់ផលដំណាំនិងទុនលើការដាំដុះដំណាំស្ពៃខ្មៅនេះ ដោយមិនមានទីផ្សារលក់ ព្រោះតែវិធានការបិទខ្ទប់និងការបិទផ្សារធំៗ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងប្រទេស។
លោក ប៉េង ឡុង បានប្រាប់ VOA ថា៖ «អង្កាល់បិទផ្សារហ្នឹង បន្លែខ្ញុំសាលាដព្យួរចោល ហើយស្ពៃខ្មៅក៏ព្យួរចោល។ ចុះបើអត់មានទីផ្សារលក់ យើងមិនព្យួរចោល មិនរកម្តងទៀត រកដាក់គ្រាប់ដាក់អីម្តងទៀត ដាំបន្តទៀតទៅ។ បើដូចរាល់ថ្ងៃបានគួរស្រូវ [តំបន់គួរស្រូវ] អីអ៊ីចឹងទៅ យើងបានទៅលក់ ទៅ»។
លោក ប៉េង ឡុង បានបន្ថែមថា លោកបានដាំស្ពៃខ្មៅលើកនេះត្រូវចំណាយពេលជាងមួយខែ បន្ទាប់ពីការបិទខ្ទប់ ដោយអាចលក់ចេញបានចំនួន ៩ លានរៀល ដែលជាការស្តារបន្លែដែលលោកបានព្យួរចោលពីរដងក្នុងអំឡុងការបិទខ្ទប់។
នៅកម្ពុជា ក៏ដូចជាបណ្តាប្រទេសជិតខាងនៅតំបន់អាស៊ីអាគ្នេយ៍ ដូចជាថៃ និងវៀតណាម វិបត្តិជំងឺរាតត្បាតកូវីដ១៩ កំពុងតែបង្កផលប៉ះពាល់អវិជ្ជមានដល់សកម្មភាពសេដ្ឋកិច្ចនានាក្នុងប្រទេស ដោយសារការចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលខ្លាំង ដូចជាការបិទច្រកចេញចូលធ្វើដំណើរឆ្លងខេត្តឬតំបន់ និងការបិទខ្ទប់ជាដើម។
កាលពីឆ្នាំ ២០២០ សន្ទុះកំណើនសេដ្ឋកិច្ចកម្ពុជាបានធ្លាក់ទាបបំផុតពី ៧ ភាគរយ នៅឆ្នាំ ២០១៩ ចុះដល់ខ្ទង់អវិជ្ជមានគឺ -៣,១ ភាគរយ ដោយសារតែវិបត្តិជំងឺកូវីដ ១៩ ដែលបានប៉ះពាល់ដល់ដំណើរផលិតកម្មនិងប្រព័ន្ធសេដ្ឋកិច្ចសកលលោក។ ហើយបើទោះបីជានៅពាក់កណ្តាលខែមិថុនា ឆ្នាំ ២០២១នេះ ធនាគារពិភពលោក (World Bank) បានកត់សម្គាល់ថា សេដ្ឋកិច្ចកម្ពុជាអាចងើបឡើងវិញបាន ដោយទទួលបានកំណើនខ្ពស់បំផុត ៤ ភាគរយ ឬទាបបំផុត ១ ភាគរយសម្រាប់ឆ្នាំ ២០២១ នេះក្តី ក៏កំណើននេះអាចទៅរួចឬមិនរួច គឺអាស្រ័យមួយផ្នែកលើថាតើមានការបិទខ្ទប់សកម្មភាពក្នុងសង្គមទៀតឬក៏យ៉ាងណា។
ក្នុងចន្លោះពាក់កណ្តាលខែមេសា ដល់ពាក់កណ្តាលខែមិថុនា ឆ្នាំ ២០២១ រដ្ឋាភិបាលកម្ពុជាបានចេញបញ្ជាឲ្យបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ ក្នុងការបិទខ្ទប់នោះ ផ្សារធំៗជាច្រើនដូចជាផ្សារអូឬស្សី ផ្សារនាគមាស ផ្សារដើមគរជាដើម ដែលជាប្រភពនៃអ្នកទិញផលិតផលកសិកម្មនានា ដូចជាបន្លែស្ពៃខ្មៅរបស់លោក ប៉េង ឡុង ត្រូវបានបិទមិនឲ្យដំណើរការ។ រីឯការដឹកជញ្ជូនបន្លែផ្លែឈើផ្សេងៗវិញ ក៏មានជួបនឹងបញ្ហាប្រឈមផ្សេងៗទៀតផងដែរ។
ជាលទ្ធផលនៃការបិទផ្សារនិងការបិទខ្ទប់សកម្មភាពក្នុងសង្គម កសិករដាំដំណាំបន្លែដូចជាលោក ប៉េង ឡុង បានរងការខាតបង់ទុនជាទម្ងន់។ លោក ប៉េង ឡុង ដែលមានភរិយានិងកូនពីរនាក់ក្នុងបន្ទុក បានរៀបរាប់អំពីស្ថានភាពនៃការដាំបន្លែស្ពៃខ្មៅក្នុងអំឡុងពេលបិទខ្ទប់ថា៖
«ព្យួរចោលទី១ ខ្ញុំដាំវាអត់មានថ្លៃ អត់មានថ្លៃខ្ញុំព្យួរស្ពៃខ្មៅហ្នឹងចោល ខ្ញុំដាក់សាលាដ។ ដាក់សាលាដទាល់តែថ្ងៃដែលថាខ្ញុំត្រូវឡើងស្អែក យប់ហ្នឹងគេបិទ អាថ្ងៃ ១៥-១៦ [ខែមេសា] ចូលឆ្នាំហ្នឹង គេបិទគ្រឹបទៅ យើងមានទៅណារួច យើងមានតែព្យួរចោលទៀត»។
ក្នុងអំឡុងការបិទខ្ទប់ កសិកររូបនេះនិយាយថាតម្លៃស្ពៃខ្មៅនៅក្រោម ១,០០០រៀល ចំណែកក្រោយពេលបិទខ្ទប់លោកលក់បានជាង ១,០០០រៀល ក្នុងមួយគីឡូក្រាម។ លោក ប៉េង ឡុង ដែលមានដីទំហំជាង ២០អា បានរៀបរាប់បន្ថែមថា ក្នុងការដាំបន្លែម្តងៗ លោកត្រូវចំណាយលើការទិញចម្បើង ទិញពូជ ជី ការជួលកម្លាំងដើម្បីព្យួរ និងធ្វើស្មៅផ្សេងៗ។ លោកថា ការព្យួរបន្លែចោលទាំងពីរដងនោះក្នុងម្តងៗ លោកខាតអស់ជាង ៣លានរៀល។
មិនមែនតែលោក ប៉េង ឡុង ទេដែលត្រូវខូចខាតដំណាំបន្លែក្នុងអំឡុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ប៉ុន្តែក៏មានកសិករផ្សេងទៀតជួបបញ្ហាដូចគ្នាផងដែរ។
លោក សុង ហ៊ី កសិករម្នាក់ទៀតដែលដាំស្ពៃក្រញ៉ាញ់ ក្នុងស្រុកស្អាងដែរនោះ និយាយថា ក្នុងអំឡុងពេលបិទខ្ទប់ បន្លែមានតម្លៃថោក ហើយមិនអាចនាំចេញទៅលក់ក្នុងរាជធានីភ្នំពេញបានទេ។ បុរសវ័យ ៤០ ឆ្នាំរូបនេះ បន្ថែមថា ប្រសិនបើការបិទខ្ទប់កើតឡើងម្តងទៀត នោះកសិករដាំបន្លែនឹងត្រូវប្រឈមនឹងបញ្ហាម្តងទៀត។
កំពុងអង្គុយបោចស្មៅចេញពីចម្ការបណ្តើរ និយាយបណ្តើរ លោក សុង ហ៊ី បញ្ជាក់ថា៖
«ចេះតែឮល្ហាក់ល្ហ៊ាងថារកបិទៗអីអ៊ីចឹងទៀត ហើយបន្លែជិតបានលក់ដែរ បើបិទខ្ទប់ទៀតមក គាំងទៀត។ អាហ្នឹងមានតែដល់ពេលវេលាត្រូវបាញ់ថ្នាំចោល ឈូសចោលអីអ៊ីចឹង។ យើងត្រូវដាក់អីទៀតទៅ»។
សេដ្ឋកិច្ចកសិកម្មដ៏ផុយស្រួយ ក្នុងអំឡុងវិបត្តិកូវីដ១៩
កន្លងមក មានកសិករមួយចំនួនបានថតរូបភាពបង្ហាញការព្យួរសាលាដចោល ហើយបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ក្នុងអំឡុងការបិទខ្ទប់ ដោយសារតែសាលាដដែលពួកគេដាំមិនមានទីផ្សារ ឬទុកឲ្យរលួយចោល។ ចំណែកកសិករមួយចំនួនទៀតក្នុងស្រុកស្អាង ខេត្តកណ្តាលដែល VOA បានសាកសួរ ក៏បានបាញ់ថ្នាំដាក់សាលាដឲ្យវារលួយ ដោយសារមិនមានទីផ្សារផងដែរ។
លោក ញឿន ចាន់រ៉េត ម្ចាស់ផ្សារកសិផលធម្មជាតិ Agro Nature ដែលជាអ្នកទិញបន្លែពីកសិករខ្មែរពីតាមបណ្តាខេត្តមកលក់ នៅរាជធានីភ្នំពេញប្រាប់ VOA ថា ក្នុងអំឡុងពេលបិទខ្ទប់ លោកអាចនាំចូលបន្លែពីបណ្តាខេត្តត្រឹមតែ៣០ភាគរយប៉ុណ្ណោះ ចំណែកតម្លៃនៃការដឹកជញ្ជូនឡើងថ្លៃប្រមាណជាពាក់កណ្តាល។
«អង្កាល់បិទខ្ទប់ហ្នឹង យើងនាំចូលបានមួយថ្ងៃត្រឹមតែ ១០០គីឡូ ១៥០គីឡូទេ។ ខណៈដែលទូទៅយើងនាំចូលបាន ៣០០គីឡូ ទៅ ៤០០គីឡូ»។
លោក ញឿន ចាន់រ៉េត បន្ថែមថា ក្នុងអំឡុងការបិទខ្ទប់ ការផ្គត់ផ្គង់បន្លែមានការខ្វះខាតខ្លាំង ស្របពេលដែលតម្រូវការរបស់ប្រជាពលរដ្ឋមានការកើនឡើង ប៉ុន្តែកសិករដែលដាំបន្លែមួយចំនួនបែរត្រូវឈូសចោល ដោយសារមិនអាចនាំចេញបានទៅវិញ។
ការបង្ខំចិត្តដាក់ថ្នាំឲ្យដំណាំរលួយចោល ឬព្យួរដំណាំចោលដោយមិនប្រមូលផល ដោយសារតែការខ្វះទីផ្សារដូចជាក្នុងករណីលោក ប៉េង ឡុង និងលោក សុង ហ៊ី ឆ្លុះបញ្ចាំងឲ្យឃើញពីផលលំបាករបស់កសិករ ដែលស្ថិតនៅក្រៅប្រព័ន្ធ។ ពួកគេងាយនឹងរងផលប៉ះពាល់ខាតបង់ប្រយោជន៍ខ្លាំង ជាពិសេសនៅពេលមានភាពរអាក់រអួលលើប្រព័ន្ធទីផ្សារផ្គត់ផ្គង់និងតម្រូវការរបស់ទីផ្សារ ជាក់ស្តែងដូចជាក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ ជាដើម។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ប្រាប់ VOA តាមរយៈតេឡេក្រាម ជាអក្សរថា៖ «ចំពោះកសិករដែលបានផលិតជាលក្ខណៈទោល និងនៅរាយប៉ាយ មិនបានចូលជាបណ្តុំកសិករ និងសហគមន៍កសិកម្ម ប្រាកដណាស់អាចជួបប្រទះប្រឈមទៅនឹងទីផ្សារ »។
វិស័យកសិកម្មនៅតែជាវិស័យស្នូលមួយរបស់កម្ពុជា ស្របពេលដែលវិស័យឧស្សាហកម្មនានា ដូចជាឧស្សាហកម្មអគ្គិសនី អេឡិចត្រូនិក និងគ្រឿងបន្លាស់កំពុងរីកលូតលាស់គួរឲ្យកត់សម្គាល់។ វិស័យនេះ ជាពិសេសដំណាំដាំដុះដូចជាស្រូវ ដំឡូង ពោត និងបន្លែបន្ទាប់បន្សំជាដើម បានចូលរួម ៥៤ភាគរយ ដល់កំណើនផលិតផលសរុបក្នុងស្រុក (GDP) របស់កម្ពុជា។ នេះបើយោងតាមអង្គការស្បៀងអាហារពិភពលោក (FAO)។
យ៉ាងណាមិញ វិស័យនេះដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចមួយរបស់កម្ពុជា នៅតែប្រឈមបញ្ហាកង្វះហេដ្ឋារចនាសម្ព័ន្ធដែលងាយស្រួលដល់កសិករក្នុងការដឹកជញ្ជូនផលិតផលទៅកាន់ទីផ្សារ កម្លាំងផលិតផលទាប កង្វះឧបករណ៍បច្ចេកទេស តម្លៃជួលដីនិងឧបករណ៍នានាមានតម្លៃថ្លៃ និងការលំបាកក្នុងការស្វែងរកជំនួយហិរញ្ញវត្ថុជាដើម។ នេះបើយោងតាមការសិក្សាស្រាវជ្រាវថ្មីមួយរបស់វេទិកាអនាគត (Future Forum) ដោយលោក និត កុសល ចុះផ្សាយកាលពីខែឧសភា ឆ្នាំ ២០២១។
បន្ថែមលើនេះ វិស័យកសិកម្មនៅកម្ពុជាបច្ចុប្បន្ន កំពុងប្រឈមនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ការរីកចម្រើនវិស័យឧស្សាហកម្មដោយយុវជនភាគច្រើនងាកទៅរកឧស្សាហកម្ម ដែលបណ្តាលឲ្យខ្វះកម្លាំងពលកម្មក្នុងវិស័យកសិកម្មការហូរចូលផលិតផលកសិកម្មពីក្រៅប្រទេស និងកង្វះការគាំទ្រពីរដ្ឋាភិបាល។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញកសិកម្មកម្ពុជាមួយរូបគឺលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា។
បញ្ហាប្រឈមទាំងអស់នេះកាន់តែធ្វើឲ្យសន្ទុះនៃការកែប្រែវិស័យនេះឲ្យបានជឿនលឿន ដើម្បីពង្រីកផលិតកម្មនិងផលិតផល ងាយផុយស្រួយក្នុងការដើរថយក្រោយ នៅពេលមានភាពរអាក់រអួល ឬរង្គោះរង្គើរជាសកលណាមួយ ជាក់ស្តែងដូចជាវិបត្តិជំងឺកូវីដ១៩ ជាដើម។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានកត់សម្គាល់ថា ក្នុងអំឡុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៅពាក់កណ្តាលខែមេសា កសិករមិនអាចលក់ផលិតផលកសិកម្មដូចជាបន្លែ ផ្លែឈើ និងត្រីសាច់ជាដើម ឲ្យបានទូលំទូលាយ ដែលការណ៍នេះបានធ្វើឲ្យប៉ះពាល់ដល់ចំណូលរបស់ពួកគេ។រីឯកសិករមួយចំនួនក៏ត្រូវប្រឈមនឹងបំណុលដែលពួកគេបានខ្ចីធនាគារដើម្បីដាំដុះបន្លែផងដែរ។
លោក ថេង សាវឿន បានប្រាប់ VOA ថា៖ «កសិករមិនអាចលក់បន្លែគ្មានទីផ្សារក្នុងការលក់ ខណៈអ្នកនៅក្នុងទីក្រុងភ្នំពេញកង្វះបន្លែផ្លែឈើក្នុងការបរិភោគ ដោយសារតែកត្តាបិទខ្ទប់មិនអាចផ្គត់ផ្គង់បាន។ អាហ្នឹងជារឿងមួយដែលយើងឃើញថាមានផលប៉ះពាល់ទៅលើផ្នែកហ្នឹងដែរ»។
បើតាមលោក ថេង សាវឿន រដ្ឋាភិបាលគួរតែផ្តល់ការគាំទ្រ ជាបច្ចេកទេស និងទុនសម្រាប់ការធ្វើកសិកម្មរបស់កសិករដែលត្រូវការ ការរៀបចំទីផ្សារក្នុងសហគមន៍ឲ្យមានសុវត្ថិភាព ការរៀបចំប្រព័ន្ធធារាសាស្រ្តនិងពូជ ព្រមទាំងការស្វែងរកទីផ្សារកសិកម្មឲ្យបានកាន់តែទូលំទូលាយ។
នៅកម្ពុជាកសិករសរុបនៅទូទាំងប្រទេសមានចំនួនជាង ៤លាននាក់ ឬស្មើនឹងប្រមាណ ៣៣ភាគរយនៃប្រជាជនសរុប។ នេះបើតាមការបញ្ជាក់របស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បើតាមការផ្សាយលើគេហទំព័រក្រសួងព័ត៌មាន AKP កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១ ដោយយោងលើរបាយការណ៍របស់ក្រសួងកសិកម្មថា កម្ពុជាប្រើប្រាស់បន្លែចំនួនជាង ១លានតោន (១,០៤៥,៧២៥តោន) ក្នុងឆ្នាំ ២០២០ ដែលក្នុងនោះជាង ៧សែនតោន (៧១៦,១១៣តោន) ត្រូវបានផលិតក្នុងស្រុក និងនៅសល់ពីនោះត្រូវបាននាំចូលពីបរទេស ភាគច្រើនពីប្រទេសវៀតណាម និងថៃ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ប្រាប់ VOA ថា ក្នុងអំឡុងពេលបិទខ្ទប់ កសិករពិតជាប្រឈមនឹងបញ្ហាមែន ប៉ុន្តែលោកថា ក្នុងពេលបច្ចុប្បន្នស្ថានភាពរបស់ពួកគេដំណើរការមកជាប្រក្រតីវិញហើយ។
អនាគតទីផ្សារមិននឹងនរ ខណៈវិបត្តិកូវីដ១៩ នៅតែបន្ត
ចាប់តាំងពីខែមេសា នៅពេលមានការបិទខ្ទប់រហូតមកដល់ពេលបច្ចុប្បន្ននេះ ស្ថានភាពឆ្លងជំងឺកូវីដ១៩ នៅកម្ពុជានៅតែធ្ងន់ធ្ងរ ដោយអត្រាអ្នកឆ្លងប្រចាំថ្ងៃជាមធ្យមមានចំនួនប្រមាណពី ៥០០ ទៅ ៦០០នាក់។ គិតត្រឹមថ្ងៃទី ២៩ ខែមិថុនា អ្នកឆ្លងជំងឺនេះសរុបមានចំនួន ៤៩,២៥៥នាក់ រីឯអ្នកស្លាប់សរុបមានចំនួន ៥៧៥នាក់។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានសង្កត់ធ្ងន់ថា ស្ថានភាពសេដ្ឋកិច្ចសម្រាប់កសិកម្មក្នុងស្រុករបស់កម្ពុជា មិនអាចមានភាពប្រាកដប្រជានោះទេ ដរាបណាវិបត្តិរាតត្បាតនៃជំងឺកូវីដ១៩ នៅតែបន្ត។
«ចំពោះនាពេលអនាគតវិញ គឺយើងមិនអាចព្យាករណ៍បាននោះទេ ថានឹងមានបញ្ហាអ្វីកើតឡើង ទាក់ទងទៅនឹងការរីករាលដាលជាសកលនៃជំងឺកូវីដ១៩នោះ»។
នៅដើមខែមិថុនា រដ្ឋាភិបាលកម្ពុជាបានដកវិធានការបិទខ្ទប់នៅតាមតំបន់ភាគច្រើនដែលរងការបិទខ្ទប់ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដែលជួយសម្រួលឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចរបស់ប្រជាកសិករ អាជីវករ និងអ្នកជំនួញទូទៅ។ ក៏ប៉ុន្តែ វិធានការទប់ស្កាត់មួយចំនួននៅតែត្រូវបន្តអនុវត្ត ដូចជាការបិទផ្សារបឹងកេងកង និងផ្សារមួយចំនួនផ្សេងទៀត ដែលមានករណីឆ្លងផ្ទុះឡើងខ្លាំង។
ខណៈអនាគតទីផ្សារផលិតផលកសិកម្មនៅតែមិននឹងនរ ស្របពេលវិធានការបិទដំណើរការរបស់ទីផ្សារនៅតែបន្តធ្វើឡើងនិងការបិទខ្ទប់អាចកើតឡើងជាថ្មីនោះប្រជាកសិករដូចជាលោក ប៉េង ឡុង និងឈ្មួញកណ្តាលដូចជាលោក ញឿន ចាន់រ៉េត កំពុងទទូចដល់រដ្ឋាភិបាលធ្វើយ៉ាងណាឲ្យវិធានការរឹតបន្តឹងនីមួយៗធ្វើឡើងដោយធានាថាកសិករនិងអាជីវកររងការខាតបង់តិចតួច។
លោក ញឿន ចាន់រ៉េត ម្ចាស់ផ្សារកសិផលធម្មជាតិ Agro Nature បានស្នើថា រដ្ឋាភិបាលគួរមានយន្តការជាក់លាក់មួយក្នុងការសម្រួលការដឹកជញ្ជូនបន្លែ ផ្លែឈើពីតាមបណ្តាខេត្តមកកាន់រាជធានី។
«ក្នុងករណីហ្នឹងទាល់តែរដ្ឋាភិបាលធានាថាមិនបិទចំពោះរថយន្តធ្វើដំណើរ បានន័យថា រថយន្តដឹកជញ្ជូន។ ព្រោះថាបើសិនជាយើងបិទពួកគាត់ធ្វើឲ្យមធ្យោបាយដឹកជញ្ជូនបន្លែពីតាមបណ្តាខេត្តភ្នំពេញត្រូវបានបិទខ្ទប់។ ដូចអង្កាល់មួយវឹកមុននៅខេត្តកណ្តាល។ ខ្ញុំឃើញថាកសិករនៅស្រុកស្អាងខេត្តកណ្តាលហ្នឹងត្រូវបានបិទខ្ទប់មិនឲ្យមានការដឹកជញ្ជូនឆ្លងកាត់ ដល់ពេលអ៊ីចឹងទៅធ្វើឲ្យបន្លែរបស់ពួកគាត់គ្មានទីផ្សារ អ៊ីចឹងហើយគាត់ត្រូវកាត់ចោលតែម្តង»។
លោក ប៉េង ឡុងដែលជាកសិករដាំស្ពៃខ្មៅនៅខេត្តកណ្តាល ក៏បានស្នើឲ្យរដ្ឋាភិបាលជួយរកទីផ្សារសម្រាប់កសិករដូចជារូបលោក ទាំងក្នុងអំឡុងពេលបិទខ្ទប់ និងក្រោយការបិទខ្ទប់។
«សុំឲ្យរដ្ឋាភិបាលគាត់ជួយឲ្យរកទីផ្សារឲ្យមានអីគ្រប់គ្រាន់។ កុំឲ្យដើរលក់ឯណេះ ដើរលក់ឯណោះ វាពិបាកលក់។ឲ្យមានទីផ្សារដូចពីមុន ផ្សារដើមគរ ផ្សារនាគមាស ឲ្យមានម៉ូយធំៗមកទិញអីអ៊ីចឹងទៅ»៕