ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖​ មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ ​(IMF)​ ឲ្យ​ដឹង​ថា ​ឆ្នាំ​២០១៥​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​អត្រា​៧,០%


រូបឯកសារ៖ សាច់ប្រាក់​ប្រមាណ​១០០លានដុល្លារ​ទើប​តែ​បោះ​ពុម្ព​ថ្មីៗ​នៅ​ទី​ស្នាក់​ការ​បោះ​ពុម្ព​ប្រាក់​នៅ​ទីក្រុង Forth Worth នៃ​រដ្ឋ Texas សហរដ្ឋ​អាមេរិក។
រូបឯកសារ៖ សាច់ប្រាក់​ប្រមាណ​១០០លានដុល្លារ​ទើប​តែ​បោះ​ពុម្ព​ថ្មីៗ​នៅ​ទី​ស្នាក់​ការ​បោះ​ពុម្ព​ប្រាក់​នៅ​ទីក្រុង Forth Worth នៃ​រដ្ឋ Texas សហរដ្ឋ​អាមេរិក។

មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ​ (IMF)​ បាន​ឲ្យ​ដឹង​ថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​​ប្រចាំ​ឆ្នាំ​២០១៥​នេះ​ស្ថិត​ក្នុង​អត្រា​៧,០%​ ហើយ​នឹង​នៅ​តែ​បន្ត​កើន​ឡើង​ក្នុង​អត្រា​ប្រចាំ​ឆ្នាំ​៧,២%​រហូត​ដល់​ឆ្នាំ​២០២០។

កំណត់និពន្ធ៖​ កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ ​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ​ (IMF)​ បាន​ឲ្យ​ដឹង​ថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជាប្រចាំ​ឆ្នាំ​២០១៥​នេះ​ស្ថិត​ក្នុង​អត្រា​៧,០%​ ហើយ​នឹង​នៅ​តែ​បន្ត​កើន​ឡើង​ក្នុង​អត្រា​ប្រចាំ​ឆ្នាំ​៧,២%​រហូត​ដល់​ឆ្នាំ​២០២០។​ លោកស្រី ​Yong Sarah Zhou ​តំណាង ​IMF​ ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ផ្ដល់​កិច្ច​សម្ភាស​ជាមួយ​លោក ​អូន ឆេងប៉រ ​និង​កញ្ញា​ អ៊ុំ សូនីតា​ នៃ VOA ដោយ​ពិភាក្សា​អំពី​ស្ថិរភាព ​និង​និន្នាការ​កំណើន​នេះ​ដូច​តទៅ។

VOA Khmer៖ រាជ​រដ្ឋាភិបាល​កម្ពុជា​តែង​លើក​ឡើង​ថា​ ​កំណើន​សេដ្ឋកិច្ច​ដ៏​ឆាប់​រហ័ស​នេះ​បណ្ដាល​មក​ពី​ជោគជ័យ​នៃ​ការ​គ្រប់គ្រង​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋ​កិច្ច​របស់​ខ្លួន។ ​តើជោគ​ជ័យ​នេះ​បាន​មក​ដោយ​របៀប​ណា?

Young Sarah Zhou៖ ទម្រង់​សេដ្ឋកិច្ច​ដ៏​ខ្លាំង​ក្លា​របស់​កម្ពុជា​នេះ​គឺជា​លទ្ធផល​គួប​ផ្សំ​ដោយ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ដ៏​រឹង​មាំ​របស់​ប្រទេស​នេះ​ ដែល​បូក​បញ្ចូល​រួម​ទាំង​ភាព​ជាក់​ស្ដែង​ដែល​សេដ្ឋ​កិច្ច​កម្ពុជា​មាន​អត្រា​អតិផរណា​ទាប ​តុល្យភាព​នៃ​រូបិយ​ប័ណ្ណ​ប្រកប​ដោយ​ភាព​នឹង​ធឹង ​និង​ឱនភាព​សារពើ​ពន្ធ​ ដែល​មាន​ទំហំ​តូច​ល្មម។​ និយាយ​ឱ្យស៊ី​ជម្រៅ​ជាង​នេះ ​កំណើន​ដ៏​ខ្លាំង​ក្លា​នៃ​សេដ្ឋកិច្ច​កម្ពុជា​ក៏​អាច​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រសិទ្ធ​ភាព​នៃ​កំណើន​គាំពារ​ដោយ​របប​សេដ្ឋកិច្ច​បើក​ទូលាយ​ ក៏​ដូច​ជា​ដោយ​សារ​ទី​តាំង​របស់​កម្ពុជា​ក្នុង​តំបន់​នេះ​ដែល​មាន​កំណើន​ឆាប់​រហ័ស​ជាង​គេ​ក្នុង​ពិភព​លោក។​ ម្យ៉ាង​វិញ​ទៀត​ មាន​បញ្ហា​ប្រឈម​ថ្មី​មួយ​ចំនួន​ ដែល​កម្ពុជា​នឹងប្រទះ​នា​ថ្ងៃ​អនាគត​ទម្រាំ​តែ​ដល់​ដំណាក់​កាល​មួយ​ដែល​ការ​ប្រែប្រួល​ឆាប់​រហ័ស​ធ្វើឲ្យ​កម្ពុជា​ប្រែ​ក្លាយ​ទៅ​ជា​ទីផ្សារ​ប្រកប​ដោយ​ថាមភាព។​

VOA Khmer៖ តើ​លោក​ស្រី​អាច​ពន្យល់​បាន​ទេ​អំពី​ការ​វិភាគ​របស់ ​IMF​ ដែល​ថា ​កំណើន​របស់​កម្ពុជា​ត្រូវ​បាន​ទ្រទ្រង់​មួយ​ផ្នែក​ធំ ​ដោយ​សារ​ការ​នាំ​ចេញ​ផលិត​ផល​វាយ​នភ័ណ្ឌ ​ វិស័យ​សំណង់ ​និង​វិស័យ​អចលន​ទ្រព្យ?​

Young Sarah Zhou៖ ការ​នាំ​ចេញ​ផលិតផល​វាយនភ័ណ្ឌ​មាន​កំណើន​ល្អ​គឺ​ដោយ​សារ​តែ​កម្រិត​ប្រាក់​ឈ្នួល​ទាប​នៅ​កម្ពុជា​ និង​ការអនុគ្រោះ​ពន្ធ​នាំ​ចូល​ទៅ​កាន់​សហគមន៍​អឺរ៉ុប​ក្នុង​ក្របខណ្ឌ ​EBA (គឺ​ទំនិញ​គ្រប់​យ៉ាង​ទាំង​អស់លើក​លែង​តែ​អាវុធ​យុទ្ធភ័ណ្ឌ)។ ​ហេតុ​នេះ​ហើយ ​ផលិត​ផល​កាត់ដេរ​កម្ពុជា​អាច​ចេញ​ចូល​ទៅ​ផ្គត់​ផ្គង់​ទីផ្សារ​អឺរ៉ុប ​ដោយ​មិន​បារម្ភ​រឿង​ចំណាយ​លើ​ការ​បង់​ពន្ធ​អ្វី​នោះ​ទេ។​ ក្នុង​សេណារីយោ​មួយ​ទៀត ​វិស័យ​សំណង់​ និង​វិស័យ​អចលន​ទ្រព្យ​កម្ពុជា​កើន​ឡើងដោយ​សារ​តែ​ទំនុក​ចិត្ត​របស់​វិនិយោគិន ជាពិសេស​ក្នុង​ចក្ខុ​វិស័យ​សម្លឹង​ទៅកាន់​សមាហរណ​កម្ម​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ​ដែល​មាន​ការ​រំពឹង​ទុក​ថា​ នឹង​នាំ​ឱ្យ​មាន​តម្រូវ​ការ​ខ្លាំង​ផ្នែក​អគារ​ខុនដូ ​និង​អគារ​ការិយាល័យ​សម្រាប់​ជួល។ ​លើស​ពី​នេះ​ទៅ​ទៀត​ វិស័យ​សំណង់ ​និង​អចលន​ទ្រព្យ​អាច​មាន​កំណើន​ទៅ​បាន​ក៏​អាស្រ័យ​ដោយ​មាន​តម្រូវ​ការ​ក្នុង​ស្រុក​ខ្លាំង ​ព្រោះ​ប្រជាជន​កម្ពុជា​វ័យ​ក្មេង​ដែល​ត្រូវការ​ផ្ទះ​សម្បែង​ចេះ​តែ​មាន​ចំនួន​កើន​ឡើង។ ​ខ្ញុំ​ចង់​បន្ថែម​ថា ​កំណើនប្រាក់​កម្ចី​ឥណទាន​តាម​ធនាគារ​ពាណិជ្ជ​ក៏​ជា​កត្តា​មួយ​ផង​ដែរ​ ដែល​ជួយ​ពន្លឿន​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នា​ឆ្នាំ​កន្លង​ទៅ។​

រូប​ឯកសារ៖ កម្មករ​រោងចក្រ​កម្ពុជា​កំពុង​ដែរ​ខោអាវ​នៅ​ក្នុង​រោងចក្រ​មួយ​នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃទី៤ ខែ​សីហា ឆ្នាំ​២០០៧។ (AP/ហេង ស៊ីនិត)
រូប​ឯកសារ៖ កម្មករ​រោងចក្រ​កម្ពុជា​កំពុង​ដែរ​ខោអាវ​នៅ​ក្នុង​រោងចក្រ​មួយ​នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃទី៤ ខែ​សីហា ឆ្នាំ​២០០៧។ (AP/ហេង ស៊ីនិត)

VOA Khmer៖ ក៏​ប៉ុន្តែ​វិស័យ​ទាំង​បី​ដែល​លោក​ស្រី​បាន​មាន​ប្រសាសន៍​នេះ​ត្រូវ​បាន​គេ​ឱ្យ​ដឹង​ថា​ ហាក់​មាន​ភាព​ផុយ​ស្រួយ ​និង​ងាយ​នឹង​មានវិបត្តិ​ណាស់។ ​តើ​កត្តា​នេះ​នាំ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ទៅ​ឆ្នាំ​ខាង​មុខ​មាន​កំណើន​ដែល​ប្រកប​ដោយភាព​ផុយ​ស្រួយ​ដែរ​ទេ?​

Young Sarah Zhou៖ ជា​ដំបូង​ខ្ញុំ​ចង់​និយាយ​ថា​ ​ស្ថិរភាព​ដ៏​រឹង​មាំ​របស់​ប្រាក់​ដុល្លារ​ក្នុង​ពេល​មួយ​រយៈ​នេះ​ ​បូក​រួម​នឹង​កំណើន​ទាប​ជាង​ការ​ព្យាករណ៍នៅ​ឯ​សហគមន៍​អឺរ៉ុប​ ​អាច​នឹង​ប៉ះ​ពា​ល់​ដល់​បរិមាណ​នៃ​ការ​នាំ​ចេញ​ផលិតផល​វាយនភ័ណ្ឌ​ ដែល​មាន​ចំណែក​ប្រមាណ​៧០%​នៃ​ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា។​ ​មួយ​វិញ​ទៀត​ ភាព​ប្រកួត​ប្រជែង​អាច​នឹង​ត្រូវ​បាត់បង់​ ដោយ​សារ​តែ​កំណើន​នៃ​ប្រាក់​ឈ្នួល​អប្បបរិមា​កើន​ឡើង​លឿន​ជាង​ការ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ឡើង​នៃ​ផលិត​ភាព​ការងារ​របស់​កម្មករ​ក្នុង​វិស័យ​រោងចក្រ​កាត់ដេរ។​ បន្ថែម​ពី​នេះ ភាព​មិន​នឹងន​នៃ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​បណ្ដាល​មក​ពី​ការ​ចរចា​បង្កើន​ប្រាក់​ឈ្នួល ​និង​ជម្លោះ​ការងារ​ដែល​កើត​មាន​ជាញឹកញាប់ ​អាច​បង្កជា​ការ​រំខាន​ដល់​ផលិតកម្ម​ និង​ប៉ះពាល់​ដល់​អារម្មណ៍​របស់​អ្នក​វិនិយោគ។​ ហើយ​កំណើន​ខ្លាំង​ក្លា​ពេក​នៃ​កម្ចី​ឥណទាន​ក៏​អាច​បង្ក​ជា​ឧបសគ្គ​ដល់​បណ្ដា​ក្រុមហ៊ុន​សហគ្រាស​ ដែល​ពឹង​ផ្អែក​ទៅ​លើ​កំណើន​នៃ​វិស័យ​សំណង់​ និង​អចលន​ទ្រព្យ​ផង​ដែរ ដែល​អាច​បង្កើន​ភាព​ងាយ​រង​គ្រោះ​ដល់​វិស័យ​ហិរញ្ញវត្ថុ​ផង​ដែរ។​

VOA Khmer៖ មាន​ការ​លើក​ឡើង​ថា​ បើ​ទោះ​ជា​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​ឆាប់​រហ័ស​ក្តី​ តែ​គម្លាត​រវាង​អ្នក​មាន​ និង​អ្នកក្រ​ចេះ​តែ​រីក​ធំឡើង។ ​ហើយ​អ្នក​ដែល​ឆ្លង​ផុត​បន្ទាត់​នៃ​ភាព​ក្រីក្រ​ក៏​នៅ​មាន​ភាព​ផុយ​ស្រួយ ​ងាយ​ត្រឡប់​ទៅ​រក​ភាព​ក្រីក្រ​វិញ។ ​តើ ​IMF ​ធ្លាប់​បាន​ផ្ដល់​ជា​អនុសាសន៍​អ្វី​ខ្លះ​ដែរ​ដល់​កម្ពុជា​លើ​បញ្ហា​នេះ?​

Young Sarah Zhou៖ សម្រាប់​កម្ពុជា ​អនុសាសន៍​របស់​យើង​ផ្ដោត​ទៅ​លើ​គន្លង​កំណើន​ដែល​មាន​ការ​រាប់​បញ្ចូល​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ រួម​មាន​ការ​ប្រមូល​ផ្ដុំ​ធនធាន​ ឬ​ប្រមូល​ចំណូល​ឱ្យ​បាន​ល្អិត​ល្អន់​ និង​ការ​វិនិយោគ​ផ្នែក​ហិរញ្ញវត្ថុ​ទៅ​លើ​ផ្នែក​អប់រំ ​លំនៅដ្ឋាន ​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវ័ន្ត។ ​អនុសាសន៍​របស់​យើង​ក៏​បាន​ផ្ដោត​ផង​ដែរ​ទៅ​លើ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​លើ​ប្រសិទ្ធ​ភាព​នៃ​ចំណាយ​សាធារណៈ។​ មួយ​វិញ​ទៀត​ គេ​គួរ​តែ​ធានា​ស្ថិរភាព​វិស័យ​ហិរញ្ញ​វត្ថុ ដោយ​បង្កើន​ប្រសិទ្ធ​ភាព​នៃ​គោល​នយោបាយ​រូបិយបណ្ណ ​ដោយ​អនុវត្ត​កំណែ​ទម្រង់​ជា​ប្រព័ន្ធ ​ដើម្បី​លើក​កម្ពស់​ការ​ផ្លាស់ប្តូរ និង​កាត់​បន្ថយ​ភាព​ក្រីក្រ។​

រូបឯកសារ៖ ភ្ញៀវ​ទេសចរ​កំពុង​ដើរ​ចេញ​នៅ​ច្រក​ផ្លូវ​ទៅ​កាន់​ប្រាសាទ​អង្គរវត្ត នៅ​ខេត្ត​សៀមរា កាល​ពី​ថ្ងៃ​អង្គារ ទី១០ ខែ​មករា ឆ្នាំ​២០១២។ (AP/ហេង ស៊ីនិត)
រូបឯកសារ៖ ភ្ញៀវ​ទេសចរ​កំពុង​ដើរ​ចេញ​នៅ​ច្រក​ផ្លូវ​ទៅ​កាន់​ប្រាសាទ​អង្គរវត្ត នៅ​ខេត្ត​សៀមរា កាល​ពី​ថ្ងៃ​អង្គារ ទី១០ ខែ​មករា ឆ្នាំ​២០១២។ (AP/ហេង ស៊ីនិត)

VOA Khmer៖ ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ ​មាន​ក្ដី​បារម្ភ​ថា ​កំណើន​ឥណទាន​ក្នុង​ចំណោម​ប្រជាជន​ដែល​មិន​សូវ​ជា​មាន​ចំណេះដឹង​លើ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​នោះ ​អាច​បង្ក​ជា​ផល​វិបាក​ទៅ​ថ្ងៃ​ក្រោយ។ ​តើ​លោក​ស្រី​យល់​យ៉ាង​ណា​ដែរ?​

Young Sarah Zhou៖ បច្ចុប្បន្ន​នេះ​ យើង​មិន​មាន​តួលេខ​ជាក់​ច្បាស់​ដើម្បី​ចង្អុល​បង្ហាញ​ថា​ មាន​កម្ចី​ឥណទាន​ប៉ុន្មាន​ត្រូវ​បាន​ផ្ដល់​ជូន​ប្រជាជនដែល​មាន​ចំណេះ​ដឹង​ទាប​លើ​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​នោះ​ទេ។ ​កំណើន​ឥណទាន​ដ៏​ឆាប់​រហ័ស​របស់​កម្ពុជា​ពឹង​ផ្អែក​លើ​ប្រតិបត្តិ​ការ​របស់​ធនាគារ​ពាណិជ្ជ ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នានា ​ដែល​អតិថិជន​របស់​ពួក​គាត់​ភាគ​ច្រើន​ជាអ្នក​ជនបទ ​ដែល​យើង​អាច​ប៉ាន់​ប្រមាណ​ថា​ មិន​មាន​ចំណេះ​ដឹង​ជ្រៅជ្រះ​ទេ​លើ​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ។ ​មែន​ទែន​ទៅ ​IMF​ បាន​នឹង​កំពុង​ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​លើក​កម្ពស់​ការ​រាប់​បញ្ចូល​វិស័យ​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស។ ​ការ​រាប់​បញ្ចូល​បែប​នេះ​អាច​ចូល​រួម​ចំណែក​លើក​កម្ព​ស់​ជីវភាព​ប្រជាជន ​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​ជួយ​ឱ្យ​មាន​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋ​កិច្ច​ផង​ដែរ។​

VOA Khmer៖ ប្រទេស​ចិន​ជា​ម្ចាស់​ជំនួយ ​និង​វិនិយោគិន​ធំ​បំផុត​នៅ​កម្ពុជា។​ តើ​វា​អាច​ទៅ​រួច​ដែរ​ឬ​ទេ ​ដែលថា​កំណើន​យឺត​ជាង​មុន​របស់​មហា​អំណាច​មួយ​នេះ​នឹង​បង្ក​ជា​ការ​គំរាម​កំហែង​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា?​

Young Sarah Zhou៖ ក្នុង​រយៈពេល​យូរ​អង្វែង​ជាង​នេះ ​អន្តរ​កាល​របស់​ប្រទេស​ចិន​ដែល​ឆ្លង​ចូល​ទៅ​គន្លង​កំណើន​សន្សឹមៗ ​តែ​មាន​សុវត្ថិភាព​ ​និង​ចីរភាព​នោះ​ អាច​ផ្ដល់​ជា​ផល​ប្រយោជន៍​ដល់​កំណើន ​និង​ស្ថិរភាព​ជា​សាកល។ ​យ៉ាង​ណា​ក្ដី ​ក្នុង​រយៈ​ពេល​ដំបូងៗ​នេះ​អាច​នឹង​មាន​ផល​ប៉ះ​ពាល់ខ្លះ ​ដូច​ដែល​យើង​បាន​ឃើញ​ស្រាប់ ដូច​ជាបណ្ដា​ប្រទេស​ដែល​បាន​នាំ​យក​វត្ថុ​ធាតុ​ដើម​ និង​ផលិត​ផល​សម្រេច​ទៅ​កាន់​ប្រទេស​ចិន​នោះ​ ​បាន​ទទួល​រង​ផល​អវិជ្ជមាន​ជា​ខ្លាំង​ពី​អន្តរ​កាល​ផ្នែក​សេដ្ឋ​កិច្ច​របស់​មហា​អំណាច​មួយ​នេះ។ ​ក៏​ប៉ុន្តែ ​ស្រប​ពេល​ដែល​ប្រទេស​ចិន​កំពុង​បង្កើន​ខ្សែ​សង្វាក់​ផលិតកម្ម​របស់​ខ្លួន​នោះ​ បណ្ដា​ប្រទេស​ដែល​មាន​ប្រាក់​ឈ្នួល​អប្បបរិមា​ទាប​ ដូច​ជា​ប្រទេស​កម្ពុជា​មែន​ទែ​ន​ទៅ អាច​នឹង​ទាញ​យក​ផល​ប្រយោជន៍​ពី​អន្តរកាល​នេះ​គឺ​អន្តរ​កាល​ ដែល​ប្រទេស​ចិន​វិវត្តខ្លួន​ទៅ​ជា​ប្រទេស​ឧស្សាហកម្ម​ដែល​ពឹង​ពាក់​ច្រើន​លើ​គ្រឿង​ម៉ាស៊ីន។ ​យ៉ាង​ណា​ក្ដី​ អន្តរ​កាល​នេះ​អាច​ប៉ះ​ពាល់​ដល់​លំហូរ​ទុន​វិនិយោគ​ពី​បរទេស ​វិស័យទេសចរណ៍​ ​និង​មួយ​ផ្នែក​ទៀត​អាច​ប៉ះ​ពាល់​ដល់​វិស័យ​ធនាគារ​សម្រាប់​កម្ពុជា ​ព្រោះ​ប្រទេស​ចិន​ជា​ម្ចាស់​បំណុល​ និង​ជា​ប្រទេស​វិនិយោគ​ធំ​បំផុត​នៅ​កម្ពុជា។​

VOA Khmer៖ នៅ​ចំ​ពេល​ដែល​សហគមន៍​សេដ្ឋកិច្ច​អាស៊ានទើប​នឹង​ដំណើរការ​នោះ​ ​តើ​លោក​ស្រី​យល់​ថា ​កម្ពុជា​កំពុង​តែ​ជួប​នឹង​ហានិភ័យ​អ្វី​ខ្លះ​នៅ​ដើម​ដំបូង​នៃ​សមាហរណកម្ម​សេដ្ឋកិច្ច​ថ្នាក់​តំបន់​នេះ?​

Young Sarah Zhou៖ មែន​ទែន​ទៅ​ ហានិភ័យ​ដែល​អាច​កើត​មាន​ឡើង​ចំពោះ​កម្ពុជា​ វា​បណ្ដាល​មក​ពី​កត្តា​ប្រឈម​នៅ​ក្រៅ​បន្ទាត់​ព្រំដែន​របស់​ប្រទេស​នេះ​ទៅ​វិញ​ទេ។​ ហេតុ​នេះ​ហើយ​បាន​ជា​កម្ពុជា​ត្រូវ​ធ្វើការ​ឱ្យ​បាន​ខ្លាំង​ក្លា ​ដើម្បី​បង្កើន​ភាព​ប្រកួត​ប្រជែង​ និង​បរិយាកាស​ធុរកិច្ច​ផ្ទៃ​ក្នុង​ប្រទេស​គឺ​លៃ​យ៉ាង​ណា ព្យាយាម​បន្ថយ​ការ​ចំណាយ​ក្នុង​ការ​បើក​អាជីវកម្ម ​បង្កើន​គុណ​ភាព​ហេដ្ឋា​រចនា​សម្ព័ន្ធ ​កាត់​បន្ថយ​តម្លៃ​ចំណាយ​លើ​ការ​ដឹក​ជញ្ជូន ​និង​ថាមពល ​ក៏​ដូច​ជា​ដោះ​ស្រាយ​បញ្ហា​គម្លាត​រវាង​អ្នក​ជំនាញ​នៅ​ក្នុង​ទីផ្សារ​ការងារ ​និង​លើក​កម្ពស់​ក្រប​ខណ្ឌ​ផ្លូវ​ច្បាប់​ និង​បទប្បញ្ញត្តិ​ក្នុង​ការ​ផ្ដល់​សេវា​សាធារណៈ៕

XS
SM
MD
LG