ស្របពេលដែលតម្លៃប្រេងនៅទីផ្សារសកលលោកកំពុងធ្លាក់ចុះយ៉ាងគំហុកនោះ អ្នកជំនាញក្នុងឧស្សាហកម្មយករ៉ែ ថ្លែងថា ការផលិតប្រេងនៅកម្ពុជានឹងមិនអាចកើតឡើងនៅមុនឆ្នាំ២០១៨នោះទេ។ អ្នកជំនាញនិយាយថា ក្រុមហ៊ុនក៏ត្រូវការពេលវេលាបន្ថែមទៀតផងដែរ ក្នុងការពិចារណាលក្ខខណ្ឌសារពើពន្ធ មុននឹងក្រុមហ៊ុនសម្រាប់បណ្តាក់ទុនបូមប្រេង។ មន្ត្រីទទួលបន្ទុករ៉ែ និងថាមពលនៃរដ្ឋាភិបាលកម្ពុជាយល់ស្របជាមួយនឹងការលើកឡើងនេះ។
អ្នកជំនាញក្នុងឧស្សហកម្មយករ៉ែបានព្យាករណ៍ទុកជាមុនថា ការទាញយកប្រេងពីប្លុក A ក្នុងដែនសមុទ្រកម្ពុជានឹងមិនអាចធ្វើទៅបានទេ នៅមុនឆ្នាំ២០១៨ ខណៈដែលតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិកំពុងដាំក្បាលចុះ ហើយលក្ខខណ្ឌសារពើពន្ធក៏នៅមិនទាន់មានការកំណត់ជាក់លាក់រវាងភាគីរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន។
ការព្យាករណ៍នេះកើតមានក្រោយពេលក្រុមហ៊ុន Chevron Overseas Petroleum (Cambodia) Ltd ជាសាខារបស់ក្រុមហ៊ុន Chevron ដែលជាក្រុមហ៊ុនរុករកប្រេងអាមេរិកាំងដ៏ធំបានលក់ភាគហ៊ុនរបស់ខ្លួនឲ្យទៅ ក្រុមហ៊ុន KrisEnergy កាលពីខែសីហា ឆ្នាំ២០១៤។ ចាប់តាំងពីការទិញភាគហ៊ុននោះមក ក្រុមហ៊ុន KrisEnergy ពុំទាន់ធ្វើការសម្រេចចិត្តថា នឹងដាក់លុយវិនិយោគទាញយកប្រេងនោះទេ ដោយពួកគេត្រូវការពេលវេលាបន្ថែមក្នុងការពិនិត្យរាល់ទិន្នន័យឡើងវិញទាក់ទិននឹងចំនួនប្រេង និងលក្ខខណ្ខច្បាប់នានា។
លោក Don Hubert ប្រធានក្រុមហ៊ុន Resources for Development Consulting ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯភោជនីយដ្ឋានមួយក្នុងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃសុក្រនេះថា ក្រុមហ៊ុន KrisEnergy ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីធ្វើការសម្រេចចិត្តចុងក្រោយលើការបណ្តាក់ទុនបូមប្រេង និងការចរចាជាមួយរដ្ឋាភិបាលអំពីលក្ខខណ្ឌសារពើពន្ធ ដែលអាចនឹងមានការប្រែប្រួល។ លោកថ្លែងថា តម្លៃប្រេងដែលកំពុងធ្លាក់ចុះក្នុងពេលបច្ចុប្បន្ននេះមិនអំណោយផលដល់ការផលិតប្រេងមុនឆ្នាំ២០១៨ទេ។
«ការផលិតប្រេងមិនអាចចាប់ផ្តើមនៅមុនឆ្នាំ២០១៨ទេ។ វាច្បាស់ណាស់ថា កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន KrisEnergy ប្រហែលជានឹងត្រូវធ្វើការសម្រេចនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ឬច្រើនខែទៅមុខទៀត។ ប៉ុន្តែ ផ្តើមពីពេលនេះ ក្រុមហ៊ុន KrisEnergy និងដៃគូអាជីវកម្មរបស់ខ្លួន ត្រូវធ្វើការសម្រេចចិត្តលើសេចក្តីសម្រេចចុងក្រោយនៃការចាប់ផ្តើមវិនិយោគទុន។ ពួកគេអង្គុយចុះ ហើយនិងមើលគ្រប់ទិន្នន័យ រួចហើយពួកគេនិយាយថា បាទ! យើងនឹងធ្វើការវិនិយោគនៅក្នុងប្លុក A បន្ទាប់មកទើបចាប់ផ្តើមការងារ»។
យ៉ាងណាក៏ដោយ សេចក្តីវិភាគនៃក្រុមស្រាវជ្រាវរបស់លោកបានឲ្យដឹងថា រដ្ឋាភិបាល និងក្រុមហ៊ុនអាចឈានដល់ចំណុចព្រមព្រៀងលើការវិនិយោគផលិតប្រេង ប្រសិនបើតម្លៃប្រេងងើបឡើងមកវិញ ដល់តម្លៃចន្លោះពី៧០ដុល្លារ និង៩០ដុល្លារអាមេរិកក្នុងមួយធុង។
សេចក្តីវិភាគនោះពន្យល់ថា តម្លៃ៧០ដុល្លារក្នុងមួយធុងជាតម្លៃប៉ាន់ស្មាន ហើយមិនសូវចំណេញដល់រដ្ឋាភិបាលទេ រីឯតម្លៃ៩០ដុល្លារក្នុងមួយធុងជាតម្លៃដែលអាចចំណេញច្រើន។
តម្លៃប្រេងឆៅបានធ្លាក់មកនៅក្រោម៥០ដុល្លារក្នុងមួយធុង ចាប់ពីខែកក្កដាមក ដោយសារតែសេដ្ឋកិច្ចមិនសូវលូតលាស់នៅក្នុងទ្វីបអាស៊ី និងទ្វីបអឺរ៉ុប។ មកទល់នឹងពេលនេះ តម្លៃប្រេងបានធ្លាក់ដល់៣៤,៥ដុល្លារក្នុងមួយធុង។
ក្រុមហ៊ុន Chevron Overseas Petroleum (Cambodia) Ltd ដែលបានធ្វើការរុករកប្រេងនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល១២ឆ្នាំមកហើយ បានសម្រេចដកការបណ្តាក់ទុននៅកម្ពុជាកាលពីឆ្នាំ២០១៤ ហើយបានលក់ភាគហ៊ុនរបស់ខ្លួនទាំងមូល សរុបចំនួន៣០ភាគរយទៅឲ្យក្រុមហ៊ុនដៃគូ គឺ KrisEnergy Ltd របស់ប្រទេសសិង្ហបុរី។
ក្រុមហ៊ុន Chevron និងក្រុមហ៊ុន KrisEnergy រួមជាមួយក្រុមហ៊ុនចំនួនពីរទៀតគឺ Moeco Cambodia Co.Ltd និងក្រុមហ៊ុន GS Energy Corporationបានទទួលសិទ្ធិរុករក និងធ្វើអាជីវកម្មប្រេងក្នុងប្លុក A ក្នុងដែនសមុទ្រកម្ពុជាដែលមានទំហំ៤,៧០៩គីឡូម៉ែត្រការ៉េ ហើយក្រុមហ៊ុនអាមេរិក Chevron បានសម្រេចលក់ភាគហ៊ុនរបស់ខ្លួន ដែលមានទឹកប្រាក់ចំនួន៦៥លានដុល្លារអាមេរិក និងបញ្ចប់ប្រតិបត្តិការជាមួយក្រុមហ៊ុនបីផ្សេងទៀត។
លោក ម៉េង សាក់ធារ៉ា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល យល់ស្របនឹងការលើកឡើងដែរថា កម្ពុជាត្រូវការពេលវេលាច្រើនទៀតសម្រាប់ការចាប់ផ្តើមផលិតប្រេង។ លោកបញ្ជាក់ថា៖
«វាមាន ទីមួយ យើងចរចាជាមួយក្រុមហ៊ុន KrisEnergy ហ្នឹងពុំទាន់បានត្រូវរូវគ្នានៅឡើយ។ ហើយក្រោយពីការចរចាត្រូវរូវគ្នាហើយ ក្រុមហ៊ុនត្រូវការពេលវេលាដើម្បីរៀបចំសិក្សាគម្រូប្លង់វិស្វកម្ម ដើម្បីសាងសង់ការដ្ឋានសម្រាប់បូមប្រេងឲ្យបានច្បាស់លាស់ ព្រមទាំងការរៀបចំសិក្សាអំពីសមិទ្ធិលទ្ធភាពសេដ្ឋកិច្ចនៃគំរោងហ្នឹង ដើម្បីដាក់ស្នើសុំឲ្យក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនហ្នឹងធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ ដែលគេហៅ Final Investment Decision ហ្នឹងណា៎ ហើយអាហ្នឹងត្រូវការពេលវេលាយូរដែរ អាច១៨ខែ ទៅ២០ខែ។ បន្ទាប់មកក្រុមហ៊ុនត្រូវចាប់ផ្តើមធ្វើលទ្ធកម្ម ដើម្បីជ្រើសរើសក្រុមហ៊ុនជំនាញ ចាប់ផ្តើមធ្វើការសាងសង់ ហើយការសាងសង់អាចប្រើពេលមួយឆ្នាំទៀត។ អញ្ចឹងទៅ វាត្រូវការពេលប្រហែល២ឆ្នាំកន្លះទៅបីឆ្នាំ ក្រោយពីយើងចុះកិច្ចព្រមព្រៀងហើយ។ អញ្ចឹងឥឡូវឆ្នាំ២០១៥នេះ យើងអត់ចុះកិច្ចព្រមព្រៀងផង។ អញ្ចឹងឧបមាថា យើងអាចចុះកិច្ចព្រមព្រៀងនៅឆ្នាំ២០១៦ អញ្ចឹងបើយើងប្រឹងប្រែងរុញឲ្យលឿនបំផុតក៏ឆ្នាំ២០១៨ ពាក់កណ្តាល២០១៨ ឆ្នាំ២០១៩ បានយើងអាចនឹងសាងសង់អាអស់ហ្នឹងហើយ ហើយនឹងអាចចាប់ផ្តើមផលិតប្រេងបាន»។
លោកបានបញ្ជាក់បន្ថែមថា ប្រសិនបើតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិបន្តធ្លាក់ចុះជាបន្តទៅទៀតនោះ ការផលិតប្រេងអាចនឹងពន្យារពេលកាន់តែយូរទៀត ដោយសកម្មភាពផលិតប្រេងនៅកម្ពុជាមិនអាចកើតមាននៅក្នុងឆ្នាំ២០១៨នោះទេ៕