ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ IMF ថា សេដ្ឋកិច្ច​សាកលលោក​ងើប​ពី​វិបត្តិ​ជំងឺ​កូវីដ១៩ លឿន​ជាង​ការរំពឹងទុក


រូបឯកសារ៖ ស្រ្តី​ម្នាក់ ដើរ​នៅក្បែរ​អាគារ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។

សេដ្ឋកិច្ច​សាកលលោក ​កំពុង​ងើប​ពី​វិបត្តិ​ជំងឺ​កូវីដ១៩ លឿន​ជាង​ការ​រំពឹង​ទុក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

អង្គការ IMF បាន​បញ្ជាក់​ថា សេដ្ឋកិច្ច​ពិភពលោក​ឥឡូវ​នេះ​ត្រូវ​គេ​រំពឹង​ថា​ នឹង​កើនឡើង​ចំនួន ៦% នៅ​ក្នុង​ឆ្នាំ​នេះ ហើយ​នឹង​កើនឡើង​ចំនួន ៤,៤% ទៀត​នៅ​ឆ្នាំ ២០២២ ដែល​ជា​ការ​កើនឡើង​ខ្លាំង​ពី​ការ​ធ្លាក់ចុះ​ចំនួន ៣,៣% កាលពី​ឆ្នាំ​មុន ក្នុង​អំឡុងពេល​នៃ​ការ​ឆ្លង​រាតត្បាត​ខ្លាំង​នៃ​ជំងឺ​កូវីដ១៩។

អ្នកស្រី Gita Gopinath ប្រធាន​សេដ្ឋវិទូ​របស់​អង្គការ IMF បាន​និយាយ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ថា ទិដ្ឋភាព​ប្រសើរ​ឡើង​នៃ​សេដ្ឋកិច្ច​នេះ «ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​អំពី​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​បន្ថែម​ទៀត​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក កិច្ច​ប្រឹងប្រែង​ចាក់​វ៉ាក់សាំង​ដែល​នឹង​ឈាន​ទៅ​ដល់​ការ​ពង្រឹង​ការ​ងើប​ឡើង​នៃ​សេដ្ឋកិច្ច​នៅ​ឆមាស​ទី ២ នៃ​ឆ្នាំ​នេះ និង​ភាព​ធន់​ជា​បន្ត​នៃ​សកម្មភាព​សេដ្ឋកិច្ច​ចំពោះ​វិបត្តិ​ជំងឺ​កូវីដ១៩ នេះ នៅ​តាម​តំបន់​ជា​ច្រើន​នៅ​លើ​ពិភពលោក»។

ប៉ុន្តែ អ្នកស្រី Gopinath បាន​សង្កត់ធ្ងន់​ថា នៅ​មាន​ភាព​ស្រពិចស្រពិល​ជា​ច្រើន​ទៀត​នៅ​ក្នុង​ការ​ព្យាករណ៍​របស់​អង្គការ IMF ដោយសារតែ​ជំងឺ​កូវីដ១៩ នៅ​មិន​ទាន់​កម្ចាត់​បាន​នៅ​ឡើយ ហើយ​ករណី​ឆ្លង​ជំងឺ​នេះ​កំពុង​កើនឡើង​នៅ​តាម​ប្រទេស​ជា​ច្រើន៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG