ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

វៀតណាម ច្រានចោល​ការចោទ​ប្រកាន់​របស់​អាមេរិក​ពីបទ​ទម្លាក់​តម្លៃ​ប្រាក់ដុង


រូបឯកសារ៖ ប្រាក់ដុងរបស់វៀតណាម នៅធនាគារ​មួយ​កន្លែង​ ក្នុង​ទីក្រុង​ហាណូយ។

ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​របស់​សហរដ្ឋ​អាមេរិក​អំពី​ការកេង​ប្រវ័ញ្ច​ដោយ​ទម្លាក់​តម្លៃ​ប្រាក់​ដុង។ វៀតណាម​ថា ខ្លួន​កំពុង​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​របស់​ខ្លួន​មិនមែនប្រើ​ល្បិច​ប្រកួត​ប្រជែង​អយុត្តិធម៌​នោះ​ទេ។​

ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃពុធ​បាន​ចោទ​ប្រកាន់ថា ​រដ្ឋ​កុម្មុយនិស្ត​នេះ​ បាន​ធ្វើ​អន្តរាគមន៍​ទីផ្សារ​រូបិយបណ្ណ​ដោយ​ទម្លាក់​តម្លៃ​ប្រាក់​ដុង​ដែល​មូល​និធិ​រូបិយវត្ថុ​អន្តរជាតិ ​(IMF)​ បាន​និយាយ​ថា ​ធ្លាក់​តម្លៃ​ជាង​៨,៤​ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០១៨។​ ធនាគារ​រដ្ឋ​វៀតណាម​បាននិយាយ​ថា​ គោល​នយោបាយ​គ្រប់គ្រង​រូបិយបណ្ណ​របស់​ខ្លួន​មាន​គោល​បំណង​ដើម្បី​គ្រប់គ្រង​អតិផរណា​និង​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​មិនមែន​បង្កើត​ផលចំណេញ​អយុត្តិធម៌​ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ​ទេ។

ទីភ្នាក់ងារ​សារព័ត៌មាន​ AFP ​បាន​ដកស្រង់សេចក្តី​ថ្លែងការណ៍​របស់​ធនាគារ​កណ្តាល​វៀតណាម​ដែល​បាន​បញ្ជាក់​ថា៖​ «អន្តរាគមន៍​ថ្មីៗ​របស់​ធនាគារ​រដ្ឋ​វៀតណាម​ក្នុង​ការទិញ​រូបិយបណ្ណ​បរទេស​គឺ​មាន​គោល​បំណង​ធានា​ឱ្យមាន​ដំណើរការ​រលូន​នៃ​ទីផ្សារ​រូបិយបណ្ណ​បរទេស»។​

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម​លោកស្រី​ Le Thi Thu Hang​ បាន​និយាយ​ថា​ ប្រទេស​វៀតណាម​បាន​យកចិត្ត​ទុកដាក់​«សារៈ​សំខាន់​ពិសេស»​ ចំពោះ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាមេរិក​និង​កំពុង​ពិគ្រោះ​យោបល់​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​ដោះស្រាយ​បញ្ហា​«លេចធ្លោ»។

មន្ត្រី​អាមេរិក​បាន​ពិនិត្យ​មើល​ដៃគូ​ពាណិជ្ជកម្ម​ធំៗ​ចំនួន​២០​ដែល​មានពាណិជ្ជកម្ម​ទំនិញ​ទ្វេភាគី​ជាមួយ​សហរដ្ឋ​អាមេរិក​គិតជា​ទឹកប្រាក់​យ៉ាងតិច​៤០​ពាន់​លាន​ដុល្លារ​ជារៀងរាល់​ឆ្នាំ។​ ពួកគេ​បាន​ចោទ​ប្រកាន់​ថា​ ប្រទេស​វៀតណាម​និង​ប្រទេស​ស្វីស​បាន​ជ្រៀតជ្រែក​ក្នុង​ទីផ្សារ​ប្តូរប្រាក់​បរទេស​ដើម្បី​បន្ថោករូបិយបណ្ណ​របស់​ពួកគេ។

របាយការណ៍​ក្រសួង​ហិរញ្ញវត្ថុ​ស.រ.អា.​បាន​អំពាវនាវ​ឱ្យ​ប្រទេស​វៀតណាម ​«កាត់​បន្ថយ​អន្តរាគមន៍​លើ​រូបិយបណ្ណ​របស់​ខ្លួន​និង​អនុញ្ញាត​ឱ្យ​មាន​ចលនា​អត្រា​ប្តូរ​ប្រាក់»។ ការរក​ឃើញ​នៅ​ក្នុង​របាយការណ៍​នេះ​ គឺជា​ការផ្តល់​សញ្ញា​មួយ​ប៉ុណ្ណោះ​តែ​មិន​តម្រូវ​ឱ្យ​ដាក់​ទណ្ឌកម្ម​ទេ​ គឺ​គ្រាន់តែ​ជំរុញ​ឱ្យ​មាន​ការពិគ្រោះ​យោបល់​បន្ថែម​ដើម្បី​ព្យាយាម​ដោះស្រាយ​វិវាទ​នេះ៕

XS
SM
MD
LG