ក្រុមអ្នកសង្កេតការណ៍នៅក្នុងតំបន់និយាយថា ប្រទេសឡាវកំពុងតែទទួលបាននូវការផ្តល់ជំនួយនិងការវិនិយោគនានានៅឆ្នាំនេះ ខណៈរដ្ឋាភិបាលបរទេសសង្ឃឹមថា នឹងអាចបន្សាបឥទ្ធិពលរបស់ចិនមកលើប្រទេសក្រីក្រ និងដែលមិនមានព្រំប្រទល់ជាប់សមុទ្រមួយនេះ។
នៅឆ្នាំនេះ ជប៉ុន ថៃ និងវៀតណាម បានសម្រេចផ្តល់ជំនួយថ្មី ឬសន្យាផ្តល់ជំនួយដែលផ្គត់ផ្គង់ពីគ្រាមុនមកដល់ឡាវ សារជាថ្មី។ ជំនួយទាំងនេះនឹងមកដល់ ខណៈគម្រោងផ្លូវដែករបស់ចិនប្រវែង ៤០០គីឡូម៉ែត្រ ក្នុងទំហំទឹកប្រាក់ ៥,៩ពាន់លានដុល្លារ ត្រៀមនឹងបញ្ចប់ការសាងសង់នៅឆ្នាំនេះ ដែលគម្រោងនេះតំណាងឲ្យការវិនិយោគដ៏ធំជាងគេបង្អស់របស់ចិននៅឡាវ។
នៅខែមេសា នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បានថ្លែងក្នុងជំនួបជាមួយនឹងនាយករដ្ឋមន្រ្តីឡាវលោកPhankam Viphavanh ដើម្បីបញ្ជាក់ពីផែនការពង្រឹងភាពជាដៃគូយុទ្ធសាស្រ្ត។ នេះបើយោងទៅតាមបណ្តាញផ្សព្វផ្សាយរបស់ជប៉ុន។ សេចក្តីរាយការណ៍នោះនិយាយថា រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាប្រមាណ ១,៨ លានដុល្លារ ដើម្បីបង្កើតមណ្ឌលស្តុកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងប្តេជ្ញាផ្តល់ជំនួយកែលម្អព្រលានយន្តហោះអន្តរជាតិនានានៅឡាវ។
នៅប្រទេសថៃ នាយករដ្ឋមន្រ្តីលោក Prayuth Chan-Ocha បាននិយាយទូរសព្ទជាមួយមេដឹកនាំឡាវថ្មី ដែលបានចូលកាន់តំណែងកាលពីខែមីនា។ នេះបើយោងទៅតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មានផ្លូវការឡាវនៅខែមេសានេះ។ នៅក្នុងកិច្ចសន្ទនាតាមទូរសព្ទនេះ លោក Phankham បានថ្លែងអំណរគុណរដ្ឋាភិបាលថៃចំពោះការផ្តល់អាហារូបករណ៍ក្នុងវិស័យអប់រំ ក៏ដូចជាជំនួយក្នុងវិស័យកសិកម្ម និងសុខាភិបាល។ ទីភ្នាក់ងារព័ត៌មាននេះបានរាយការណ៍ថា ថៃក៏បានជួយឡាវក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ។
មន្រ្តីវៀតណាមបានដាក់ចេញនូវយុទ្ធសាស្រ្តសហប្រតិបត្តិការឆ្នាំ ២០២១-២០៣០ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរយៈពេលប្រាំឆ្នាំ។ នេះបើយោងទៅតាមគេហទំព័រព័ត៌មាន Nhan Dan របស់គណបក្សកុម្មុយនីស្តវៀតណាម។ មេដឹកនាំពីភាគីទាំងពីរគ្រោងនឹងសម្រេចនាពេលបន្ទាប់ថា កិច្ចព្រមព្រៀងទាំងពីរខាងលើនឹងមានទៅលើវិស័យណាខ្លះ។ វៀតណាមបានផ្តល់ជំនួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងអាហារូបករណ៍ចំនួន ១.០០០កន្លែងដល់ឡាវ កាលពីឆ្នាំមុនផងដែរ។
លំហូរថវិកាផ្លូវការពីចិនចូលទៅក្នុងប្រទេសឡាវ បានកើនដល់ ១១ពាន់លានដុល្លារក្នុងមួយឆ្នាំ។ នេះបើយោងទៅតាមគេហទំព័រ Adidata.org ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សាកលវិទ្យាល័យស្រាវជ្រាវសាធារណៈ Willam & Mary មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ តួលេខនេះនឹងរឹតតែខ្ពស់ជាងនេះទៅទៀត បើគេរាប់បញ្ចូលទាំងហិរញ្ញវត្ថុកម្ចីនិងការវិនិយោគទៀត។
បណ្តាប្រទេសផ្តល់ជំនួយធំៗដល់ឡាវផ្សេងទៀតរួមមាន ជប៉ុន និងថៃ ខណៈវៀតណាមកំពុងតែលេចមុខឡើងផងដែរ។ ជប៉ុនបានផ្តល់ថវិកាប្រមាណ ៦៣,៨ ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៦ រួមមាន ជំនួយឥតសំណង កម្ចី និងជំនួយបច្ចេកទេស។ នេះបើយោងទៅតាមក្រសួងការបរទេសជប៉ុន។
ទីភ្នាក់ងារព័ត៌មានក្នុងស្រុកឡាវបាននិយាយថា នៅពេលខ្លះ ជំនួយអភិវឌ្ឍន៍ពីបណ្តាប្រទេសទាំងអស់សរុបបានកើនដល់ទៅ ១៥ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ឡាវ។ សេដ្ឋកិច្ចប្រទេសនេះបានកើនក្នុងអត្រា ៥,៨ភាគរយប្រចាំឆ្នាំ នៅក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ដោយសារ «ជំនួយពីដៃគូអភិវឌ្ឍន៍ និងបណ្តាប្រទេសជាមិត្តដទៃទៀត»។ នេះបើយោងទីភ្នាក់ងារព័ត៌មានជាតិឡាវ។ ជំនួយទាំងនេះមានសារៈសំខាន់ពីព្រោះមួយភាគបួននៃប្រជាជនឡាវសរុប ៧លាននាក់រស់នៅក្នុងភាពក្រីក្រ។
ក្រុមអ្នកវិភាគនិយាយថា បណ្តាប្រទេសភាគច្រើននៅអាស៊ីព្យាយាមបន្ថយឥទ្ធិពលរបស់ចិន ដើម្បីកុំឲ្យប្រទេសមហាអំណាចមួយនេះបញ្ចេញឥទ្ធិពលខ្លាំងជ្រុលពីលើទន្លេមេគង្ក ដែលហូរពីចិនឆ្លងកាត់មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម ឬពីលើបណ្តាញផ្លូវដឹកជញ្ជូនតាមដីគោកក្នុងតំបន់។ ទំនប់វារីអគ្គិសនីរបស់ចិនគ្រប់គ្រងលើលំហូរទឹកពីទន្លេមេគង្គលើ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបង្កើនជំនួយរបស់ខ្លួនដល់ឡាវ និងប្រទេសជិតខាងរបស់ឡាវកាលពីឆ្នាំមុន។
លោក Thitinan Pongsudhirak សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយនៅសាកលវិទ្យាល័យ Chulalongkorn នៅក្រុងបាងកក ប្រទេសថៃ បាននិយាយថា៖ «ឡាវកំពុងរងឥទ្ធិពលពីគ្រប់ទិសទី ប៉ុន្តែរងឥទ្ធិពលពីចិនខ្លាំងជាងគេ។ អ្វីដែលយើងកំពុងឃើញគឺ ការប្រជែងគ្នារវាងប្រទេសមហាអំណាចកំពុងក្តោបក្តាប់លើតំបន់នេះ។ ឡាវគឺគ្រាន់តែជាកូនអុកមួយប៉ុណ្ណោះនៅក្នុងនោះ»។
លោក Jeffrey Kingston សាស្រ្តាចារ្យផ្នែកប្រវត្តិសាស្រ្តនៅសាកលវិទ្យាល័យ Temple University ក្នុងប្រទេសជប៉ុនបាននិយាយថា ជប៉ុនចង់មានទំនាក់ទំនងសកម្មជាងមុននៅតំបន់អាស៊ីអាគ្នេយ៍។ លោកបានបន្តថា ការគ្រប់គ្រងរបស់ចិនលើលំហូរទឹកក្នុងតំបន់ទន្លេមេគង្គកាន់តែធ្វើឲ្យមន្រ្តីជប៉ុនមានការព្រួយបារម្ភ។
លោកបានថ្លែងថា៖ «ខ្ញុំគិតថា ជប៉ុនកំពុងតែបង្ហាញថា នៅប្រទេសណាដែលខ្លួនមើលឃើញថា[ប្រទេសនោះ]ហាក់ដូចជាចាញ់ប្រៀបឥទ្ធិពលចិន ជប៉ុននឹងប្រជែង[នឹងចិន]នៅទីនោះ។ ជប៉ុននឹងប្រកាន់យកគោលជំហរមុតមាំទៅកាន់បណ្តាប្រទេសទាំងនោះ»។
ជប៉ុនពឹងផ្អែកលើថៃសម្រាប់ផលិតកម្មយានយន្ត ខណៈក្រុមហ៊ុនផលិតពីជប៉ុនកាន់តែមានភាពសកម្មនៅវៀតណាម ដែលនេះជាលទ្ធផលនៃការវិនិយោគដែលត្រូវបានធ្វើឡើងនៅវៀតណាមចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០មក។ ការដឹកជញ្ជូនតាមផ្លូវគោកអាចបន្ទាបតម្លៃដឹកជញ្ជូនទំនិញទៅកាន់កំពង់ផែដែលស្ថិតនៅឆ្ងាយច្រើនជាងមុន។
លោក Thitinan Pongsudhirak សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ បានលើកឡើងថា ជប៉ុន ជាមួយនឹងសហរដ្ឋអាមេរិក កំពុងតែរុញច្រានប្រឆាំងនឹងចិន។ គម្រោងជំនួយភាពជាដៃគូតំបន់មេគង្គនិងសហរដ្ឋអាមេរិក(Mekong-U.S. Partnership) របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលជាគម្រោងជំនួយមួយផ្តួចផ្តើមឡើងកាលពីខែកញ្ញា ឆ្នាំមុន ត្រូវបានចាត់ទុកជាការតទល់នឹងឥទ្ធិពលចិននៅតំបន់អាស៊ីអាគ្នេយ៍ រួមទាំងនៅប្រទេសឡាវផងដែរ។
ដាច់ដោយឡែកពីនេះ ជប៉ុននៅមានជម្លោះជាមួយចិនពាក់ព័ន្ធនឹងបញ្ហាបូរណភាពដែនទឹកជិតតំបន់ដែនកោះក្បែរខ្លួន និងបញ្ហាសេសសល់ពីសង្រ្គាមលោកលើកទីពីរមួយចំនួនទៀត។
លោក Thitinan បានបន្តថា ជាទូទៅ រដ្ឋាភិបាលថៃផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងវារីអគ្គិសនីរបស់ឡាវ និងរក្សាទំនាក់ទំនងវប្បធម៌ជាមួយនឹងប្រទេសជិតខាងខ្លួនមួយនេះ។ វៀតណាមខឹងសម្បារនឹងរដ្ឋាភិបាលក្រុងប៉េកាំងជុំវិញការពង្រីកឥទ្ធិពលនៅតំបន់សមុទ្រចិនខាងត្បូងដែលមានជម្លោះ ក៏ដូចជាជម្លោះព្រំដែនដីគោកពីអតីតកាល រួមមានសង្រ្គាមនៅទសវត្សរ៍ឆ្នាំ ១៩៧០ផងដែរ។
លោក Jack Nguyen ជាដៃគូម្នាក់នៅក្រុមហ៊ុនប្រឹក្សាយោបល់ធុរកិច្ច Mazars ក្នុងក្រុងហូជីមិញ បាននិយាយថា៖ «តែងតែមានការដណ្តើមគ្នាផ្នែកឥទ្ធិពលរវាងវៀតណាមនិងចិន ហើយវៀតណាមបានថមថយឥទ្ធិពលដោយសារចិន»។
ចិនមិនបានបង្ហាញទិន្នន័យសរុបពីជំនួយ និងការវិនិយោគរបស់ខ្លួននៅឡាវនោះទេ ប៉ុន្តែក្រុមអ្នកវិភាគនិយាយថា ឡាវអាស្រ័យលើចិនជាងប្រទេសណាៗទាំងអស់។ ឥឡូវនេះ ឡាវដែលមានផលិតផលក្នុងស្រុកសរុបតិចជាង ១៩ពាន់លានដុល្លារ និងសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ កំពុងតែប្រឈមនឹងការលំបាកនៅក្នុងការបង់ថ្លៃលើគម្រោងផ្លូវដែក។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និយាយថា ឡាវជាប់បំណុល ២៥០លានដុល្លារសម្រាប់គម្រោងផ្លូវដែកកាលពីឆ្នាំមុន៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា