សហគមន៍អឺរ៉ុបបានជូនដំណឹងទៅរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃសុក្រថា ប្រទេសកម្ពុជានឹងបាត់បង់ឋានៈអនុគ្រោះពន្ធសម្រាប់នាំទំនិញចូលទីផ្សាររបស់សហគមន៍អឺរ៉ុបដែលជាទីផ្សារដ៏ធំជាងគេបំផុតនៅលើពិភពលោកដោយសារតែការរំលោភសិទ្ធិមនុស្ស។
លោកស្រី Cecilia Malmstrom រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបបានបញ្ជាក់នៅក្នុងសារមួយចុះផ្សាយតាមគេហទំព័រប្លក់របស់សហភាពអឺរ៉ុបថា៖
«នៅថ្ងៃនេះតំណាងជាន់ខ្ពស់សហគមន៍អឺរ៉ុប Federica Moghenrini និងខ្ញុំបានជូនដំណឹងទៅប្រទេសកម្ពុជាថាយើងកំពុងតែចាប់ផ្តើមដំណើរការដកហូតឋានៈពន្ធអនុគ្រោះ«រាល់មុខទំនិញលើកលែងតែអាវុធ»។ ប្រសិនបើគ្មានការប្រសើរឡើងច្បាស់លាស់និងជាក់លាក់នៅកម្ពុជាទេដំណើរការនេះនឹងឈានដល់ព្យួរឋានៈអនុគ្រោះពន្ធទាំងអស់ដែលកម្ពុជាទទួលបាន»។
ការប្រកាសពីការសម្រេចនេះធ្វើឡើងក្រោយពីកិច្ចប្រជុំក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីរបស់សហភាពអឺរ៉ុបនៅថ្ងៃសុក្រដែរ។
សហភាពអឺរ៉ុបបានព្រមានប្រទេសកម្ពុជាកាលពីខែកក្កដាពីការដកហូតឋានៈពន្ធអនុគ្រោះនេះក្រោយពីការបោះឆ្នោតជាតិខែកក្កដាដោយគ្មានគណបក្សសង្គ្រោះជាតិចូលរួមហើយលទ្ធផលគឺគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានឈ្នះឆ្នោតយកអាសនៈសភាជាតិទាំងអស់១២៥ដូចការរំពឹងទុក។
ក្រុមសិទ្ធិមនុស្សនិងសភារបស់សហភាពអឺរ៉ុបបានស្នើឱ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រទេសកម្ពុជាដោយសារតែការរំលោភសិទ្ធិមនុស្សផ្សេងទៀតផងដែរ។
លោកស្រី Malmstrom បានបន្ថែមថាស្ថានភាពកម្ពុជា«គួរឱ្យរំខានយ៉ាងខ្លាំង»ដោយឃើញយ៉ាងច្បាស់ពីស្ថានភាពកាន់តែអាក្រក់ខាងផ្នែកសិទ្ធិមនុស្សនិងសិទ្ធិការងារហើយគ្មានអ្វីដែលអាចធ្វើឱ្យសហភាពអឺរ៉ុបជឿជាក់បានថានឹងមានការប្រសើរឡើងឡើយ។
លោកស្រីបានបន្ថែមថា៖
«បេសកកម្មថ្មីៗនេះរបស់សហភាពអឺរ៉ុបទៅប្រទេសកម្ពុជាបង្ហាញថាមានការរំលោភជាប្រព័ន្ធលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ សិទ្ធិពលកម្ម និងសេរីភាពនៃការជួបជុំ។ បញ្ហានេះបន្ថែមទៅនឹងបញ្ហាធំៗជាច្រើនដូចជាការរំលោភសិទ្ធិកម្មករនិងការរឹបអូសដីធ្លី»។
ដំណើរការនៃការពិនិត្យមើលឋានៈអនុគ្រោះពន្ធនេះមានរយៈពេល៦ខែហើយបើសិនជាគ្មានការប្រែប្រួលទេគឺក្នុងរយៈពេល១២ខែក្រោយគឺរាល់ទំនិញដែលកម្ពុជានាំចូលសហភាពអឺរ៉ុបដែលមានដូចជាស្កសរ សម្លៀកបំពាក់កាត់ដេរ និងផលិតផលដទៃទៀតនឹងត្រូវបង់ពន្ធធម្មតា។ នេះបើតាមច្បាប់របស់សហភាពអឺរ៉ុប។
មន្ត្រីរដ្ឋាភិបាលកម្ពុជានៅមិនទាន់បញ្ចេញប្រតិកម្មយ៉ាងណានៅឡើយទេ។
កម្ពុជានាំទំនិញដែលមានទឹកប្រាក់ជិត៦ពាន់លានដុល្លារចូលទីផ្សារសហគមន៍អឺរ៉ុបកាលពីឆ្នាំមុនដែលត្រូវជា៤០ភាគរយនៃការនាំចេញទាំងអស់។ ភាគច្រើននៃទំនិញនេះគឺផលិតផលសម្លៀកបំពាក់ដែលផ្តល់ការងារដល់កម្មករចំនួន៧០០.០០០នាក់៕