ការនេសាទខុសច្បាប់ ជាពិសេសប្រភេទត្រីកម្រនិងការជួញដូរសត្វព្រៃនៅក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ដែលជាប់ទន្លេមេគង្គ នៅតែបន្តកើតមាន ដោយគេឃើញមានការដាក់លក់លើទីផ្សារ និងតាមភោជនីយដ្ឋាននានាក្នុងខេត្ត។
នេះបើតាមការរកឃើញនៃការសិក្សាស្រាវជ្រាវមួយស្តីអំពីការចូលរួមរបស់សហគមន៍និងយុវជនដើម្បីការពារ និងអភិរក្សទន្លេមេគង្គផ្នែកខាងលើក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះដោយសមាគមបណ្តាញយុវជនកម្ពុជា ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ។
របាយការណ៍នៃការសិក្សានោះបានបង្ហាញថា ធនធានធម្មជាតិ និងជីវៈចម្រុះនៅតំបន់នៃដងទន្លេ មេគង្គផ្នែកខាងលើនេះមានសក្ដានុពលខ្ពស់ ប៉ុន្តែបែរជាប្រឈមនឹងការបំផ្លិចបំផ្លាញដោយសកម្មភាពខុសច្បាប់។ ពួកគេរកឃើញថា នៅលើទីផ្សារក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះនៅតែមានលក់សត្វត្រីបបែលទម្ងង់ជាង១០គីឡូក្រាម មានលក់សាច់ឈ្លូស សាច់ជ្រូកព្រៃ និងសាច់ប្រើស ត្រីក្របី ឬហៅថាត្រីក្រពើដែលមានទម្ងន់ជាង៣គីឡូក្រាម ត្រីឆ្កោកចំនួន២ក្បាលដែលមួយក្បាលៗមានទម្ងន់ជាង៥គីឡូក្រាម ត្រីចិនមានទម្ងន់ប្រមាណជាង៤គីឡូក្រាម ត្រីក្អែកទម្ងង់ជិត៣គីឡូក្រាមជាដើម។
អ្នកសិក្សាស្រាវជ្រាវនៃរបាយការណ៍នេះគឺលោក ហេង គឹមហុង ដែលជាប្រធានកម្មវិធីផ្នែកស្រាវជ្រាវនិងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) បានធ្វើបទបង្ហាញរបាយការណ៍នេះនៅក្នុងផ្ទះសាមគ្គី ក្នុងរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះថា លទ្ធផលនៃការស្រាវជ្រាវនេះគឺបានបង្ហាញឱ្យឃើញថា បញ្ហានេសាទខុសច្បាប់ និងការបរបាញ់សត្វព្រៃយកមកលក់លើទីផ្សារ និងនៅតាមភោជនីយដ្ឋានមួយចំនួននេះគឺជាក្តីព្រួយបារម្ភបន្ថែមទៀតទាក់ទងទៅនឹងការបាត់បង់ធនធានធម្មជាតិចម្រុះ មច្ឆាជាតិ ត្រីកម្រ និងសត្វព្រៃនៅកម្ពុជា។
លោកថ្លែងថា៖ «បើទោះបីជាមានជីវៈចម្រុះច្រើនប្រភេទ ប៉ុន្តែស្ថិតក្នុងស្ថានភាពព្រួយបារម្ភ តាមរយៈបទល្មើសនេសាទ និងការនេសាទដោយខុសច្បាប់នៅរដូវបិទនេសាទជាដើម។ យើងឃើញថា នេះជារឿងមួយព្រួយបារម្ភ ខណៈពេលដែល ដូចជាក់ស្តែងកន្លងមកនេះ ផ្សោតដាច់ពូជនៅអន្លង់ឈើទាល ការថយចុះចំនួនសត្វផ្សោត ការរកឃើញសត្វបបែល និងសត្វហាមឃាត់មួយចំនួនត្រូវបានបន្តនេសាទ ដោយក្រុមអ្នកនេសាទ»។
ការសិក្សាស្រាវជ្រាវនេះត្រូវបានធ្វើឡើងក្នុងរយៈពេល៧ខែ ចាប់ពីខែសីហា ឆ្នាំ២០២២ដល់ខែមីនា ឆ្នាំ២០២៣ ដោយបានសម្ភាសប្រជាពលរដ្ឋចំនួន១០០នាក់ តាមរយៈការសិក្សាបែបវិទ្យាសាស្ត្រសង្គម ដោយផ្តោតលើទំនាក់ទំនងរវាងមនុស្សរស់នៅជុំវិញទន្លេមេគង្គ និងទន្លេមេគង្គនេះ។
នៅឆ្នាំ២០១៨ សត្វផ្សោតទឹកសាប ដែលរកឃើញដោយអង្គការ WWF មានចំនួន៩២ក្បាល ប៉ុន្តែថយមកនៅត្រឹមតែ៨៩ក្បាលនៅឆ្នាំ២០២២ ហើយពូជផ្សោតនៅអន្លង់ឈើទាលគឺបានដាច់ពូជ ដែលនេះបង្ហាញពីគ្រោះថ្នាក់នៃការអភិរក្សសត្វផ្សោត។ ហើយទន្លេមេគង្គក៏ប្រឈមនឹងការកសាងទំនប់វារីអគ្គិសនីនៅក្នុងប្រទេសឡាវផងដែរ។ នេះបើតាមរបាយការណ៍ដដែលនោះ។
លោកហេង គឹមហុងបញ្ជាក់ថា កត្តាដែលបន្តឱ្យមានការនេសាទដោយខុសច្បាប់ ជាពិសេសប្រភេទត្រីកម្រ និងការជួញដូរសត្វព្រៃ គឺដោយសារប្រជាពលរដ្ឋមួយចំនួនមិនទាន់មានការយល់ដឹងនៅឡើយ។ បន្ថែមលើនេះ លោកថា ពលរដ្ឋក្នុងតំបន់បានបោះបង់ការសិក្សាច្រើន ចំណែកប្រជាសហគមន៍នេសាទមិនទាន់ទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ និងសម្ភារៈគ្រប់គ្រាន់តាមរយៈឃុំ សង្កាត់ ឬរដ្ឋាភិបាលដើម្បីឆ្លើយតបការការពារនិងបង្ក្រាបបទល្មើស ព្រោះបច្ចុប្បន្ន ប្រជាសហគមន៍តែងតែប្រើប្រាស់ធនធានផ្ទាល់ខ្លួន ដូចជាទូកនេសាទតូចៗរបស់ពួកគេដើម្បីការបង្ក្រាបដែលមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់ការបង្ក្រាបបទល្មើសនៅឡើយ និងអាចងាយរងគ្រោះថ្នាក់ និងហានិភ័យផ្សេងៗថែមទៀតផង។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងកសិកម្មគឺកញ្ញាអ៊ឹម រចនា បានទេ គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍នេះ។
បើតាមក្រសួងកសិកម្ម និងក្រសួងបរិស្ថាន គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ(USAID) កាលពីខែមករា ឆ្នាំ២០២៣ បានលែងពូជត្រីរាជ ត្រីគល់រាំង និងត្រីប្រាទន្លេចូលក្នុងទន្លេចតុមុខដើម្បីអភិរក្សត្រីកម្រទាំងនោះ។ ការនេសាទហួសប្រមាណ ការប្រែប្រួលអាកាសធាតុ និងការសាងសង់ទំនប់វារីអគ្គិសនីនៅផ្នែកខាងលើនៃទន្លេមេគង្គបានធ្វើឱ្យចំនួនពូជត្រីមានការថយចុះ។
ដោយឡែក ទាក់ទងសត្វផ្សោត កាលពីខែកុម្ភៈ ឆ្នាំ២០២៣ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានចេញអនុក្រឹត្យមួយស្តីពីការកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ដែលជាវិធានការថ្មីមួយដើម្បីការពារសត្វផ្សោតដែលនៅសេសសល់តិចតួច និងកំពុងប្រឈមនឹងហានិភ័យ ដែលមានវិសាលភាពអនុវត្តលើតំបន់គ្រប់គ្រងផ្សោតទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងកសិកម្ម។
ចំណែករដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានលោកនេត្រ ភក្ត្រាថ្លែងថា ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់ព្រៃឈើមួយចំនួនបានផ្លាស់ប្តូរឥរិយាបទជាវិជ្ជមាន ដោយពួកគេងាកមកស្រឡាញ់ ការពារ និងអភិរក្សសត្វព្រៃនេះ។ ប៉ុន្តែលោកបញ្ជាក់ថា ប្រជាពលរដ្ឋមួយចំនួននៅតែមិនទាន់មានការផ្លាស់ប្តូរឥរិយាបទនៅឡើយ ហេតុដូច្នេះ ក្រសួងបរិស្ថាននឹងអនុវត្តយុទ្ធនាការអន្ទាក់សូន្យលើកទី២ ដើម្បីអប់រំផ្សព្វផ្សាយឱ្យពលរដ្ឋទាំងនោះយល់ដឹងពីផលប៉ះពាល់ និងបន្តចូលរួមកុំបរបាញ់សត្វ កុំដាក់អន្ទាក់ និងជំរុញកុំឱ្យបរិភោគសាច់សត្វព្រៃជាដើម។
លោកនេត្រ ភក្ត្រាថ្លែងបន្ថែមថា ក្រសួងបរិស្ថានបានអនុវត្តវិធានការពីរគឺទី១ ការអនុវត្តច្បាប់និងការអប់រំផ្សព្វផ្សាយ និងទី២ ការបង្កើតសេដ្ឋកិច្ចនៅមូលដ្ឋាន ដោយផ្តល់នូវជម្រើសថ្មីដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់ការពារធនធានធម្មជាតិ ក្រៅពីការពឹងអាស្រ័យលើធនធានធម្មជាតិនេះ។
លោកថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់ថា អ្វីដែលយើងបានសិក្សាពីដើមតរៀងមក ហើយរហូតមកដល់ពេលនេះជាការសង្កេតរួមផងដែរគឺបទល្មើសការជួញដូរសត្វព្រៃ ការដាក់អន្ទាក់អីហ្នឹងជាបទល្មើសប្រពៃណីរបស់ប្រជាពលរដ្ឋពីមុនមក ដែលពួកគាត់ពឹងទៅលើធនធានធម្មជាតិដើម្បីរស់ គឺមានន័យថា បន្លែ បង្ការ សាច់ដែលគាត់ស្លរគឺពឹងទៅលើធនធានធម្មជាតិ។ អ៊ីចឹងហើយបានអ្វីដែលយើងខិតខំប្រឹងប្រែងគឺការផ្លាស់ប្តូរ មុខរបរ ការផ្តល់ជម្រើសថ្មី ការផ្តល់មុខងារ ហើយការបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនដែលរស់[នៅតំបន់នោះ] ដើម្បីកាត់បន្ថយការពឹងអាស្រ័យលើធនធានធម្មជាតិ»។
លោកបន្ថែមថា កាលពីឆ្នាំ២០២២ ក្រសួងបរិស្ថានបានបង្ក្រាបរួមលើបទល្មើសធនធានធម្មជាតិ ដែលមានបទល្មើសព្រៃឈើ បទល្មើសសត្វព្រៃ និងបទល្មើសរុករានកាន់កាប់ដីព្រៃខុសច្បាប់ប្រមាណ៦ពាន់ករណី និងបានដកហូតអន្ទាក់ប្រមាណ៤ម៉ឺនអន្ទាក់នៅទូទាំងប្រទេស ចំណែករយៈពេលពីរឆ្នាំគឺឆ្នាំ២០២១ និង២០២២ មានការដកហូតអន្ទាក់ចំនួនជិត១០ម៉ឺនអន្ទាក់ពីក្នុងតំបន់ការពារធម្មជាតិ និងកាំភ្លើងកែច្នៃចំនួនជាង១.៤០០ដើម។
របាយការណ៍សិក្សាស្រាវជ្រាវមួយនេះក៏បានផ្តល់អនុសាសន៍មួយចំនួនផងដែរ ដោយលើកឡើងថា រដ្ឋាភិបាលគួរធ្វើអធិការកិច្ចការពារ ហើយជំរុញឱ្យក្រសួងកសិកម្ម និងក្រសួងបរិស្ថានបំពេញតួនាទីនិងភារៈកិច្ចក្នុងកិច្ចការពារអភិរក្សមច្ឆាជាតិ ជីវៈចម្រុះនិងព្រៃលិចទឹកនៅតាមតួនៃទន្លេមេគង្គឱ្យមានប្រសិទ្ធភាពជាងមុន៕