លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញអនុក្រឹត្យមួយ ស្តីពីការកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ដែលជាវិធានការថ្មីមួយ ដើម្បីការពារសត្វផ្សោតដែលនៅសេសសល់តិចតួច និងកំពុងប្រឈមនឹងហានិភ័យ។ នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលវីអូអេទទួលបាន។
អនុក្រឹត្យនេះមានវិសាលភាពអនុវត្តលើតំបន់គ្រប់គ្រងផ្សោតទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងកសិកម្ម។
យោងតាមអនុក្រឹត្យ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គមានប្រវែង១២០គីឡូម៉ែត្រ ក្នុងនោះខេត្តស្ទឹងត្រែងមានប្រវែង៣៥គីឡូម៉ែត្រ និងខេត្តក្រចេះមានប្រវែង៨៥គីឡូម៉ែត្រ ដែលសន្ធឹងចាប់ពីប៉ែកខាងជើង ក្រោមស្ពានមិត្តភាពកម្ពុជា ចិន ស្ទឹងត្រែង ក្នុងខេត្តស្ទឹងត្រែង រហូតដល់ក្បាលកោះទ្រង់ក្នុងខេត្តក្រចេះ។
កន្លែងអភិរក្សសត្វផ្សោតមានដូចជាកោះសន្ទក់ កោះកូនសត្វ ត្បូងខ្លា ដែលលាតសន្ធឹងចាប់ពីចំណុចក្បាលកោះស្រឡាយ ក្នុងស្រុកសៀមបូក និងក្រុងស្ទឹងត្រែង រហូតដល់ក្បាលកោះឥន្ទជ័យ និងក្បាលកោះរងាវ ក្នុងស្រុកសំបូរ ខេត្តក្រចេះ។ កន្លែងអភិរក្សផ្សេងទៀត ដូចជាខ្សាច់ម្កាក់ កោះផ្តៅ និងកាំពីជាដើម។
បើតាមមាត្រា៧នៃអនុក្រឹត្យរបស់រដ្ឋាភិបាល សកម្មភាពដែលត្រូវហាមឃាត់ក្នុងកន្លែងអភិរក្ស មានដូចជាការនេសាទគ្រប់ប្រភេទ ការធ្វើវារីវប្បកម្ម ឬចិញ្ចឹមត្រី ការធ្វើនាវាចរឆ្លងកាត់ដែលមានឧបករណ៍ត្រៀមធ្វើនេសាទ ការធ្វើនាវាចរដែលមានល្បឿនលើសពី៣០គីឡូម៉ែត្រក្នុងមួយម៉ោង ការតាំងទីលំនៅ និងសកម្មភាពផ្សេងទៀត ដែលប៉ះពាល់ដល់ប្រភេទធនធានធម្មជាតិជលផលដែលកំពុងរងគ្រោះថ្នាក់ជាពិសេសសត្វផ្សោត។
សកម្មភាពដែលអនុញ្ញាតក្នុងតំបន់គ្រប់គ្រងសត្វផ្សោត ដូចជាការធ្វើនេសាទដោយឧបករណ៍ខ្នាតតូចក្នុងកន្លែងការពារ លើកលែងមង ឬសន្ទូចរនង ការទស្សនាសត្វផ្សោត ការអភិវឌ្ឍអេកូទេសចរណ៍ និងការសិក្សាស្រាវជ្រាវសេដ្ឋកិច្ចវិទ្យាសាស្រ្ត។ នេះបើតាមអនុក្រឹត្យ។
មាត្រា១០នៃអនុក្រឹត្យចែងថាបុគ្គលណាដែលបំពាននឹងបទបញ្ញត្តិនៃអនុក្រឹត្យនេះត្រូវទទួលទណ្ឌកម្មរដ្ឋបាល និងឬក៏ទណ្ឌកម្មផ្សេងទៀតស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ចំណាត់ការថ្មីរបស់រដ្ឋាភិបាលក្នុងការការពារសត្វផ្សោតទន្លេមេគង្គ ត្រូវបានដាក់ចេញក្រោយមានប្រតិកម្មពីលោកនាយក រដ្ឋមន្រ្តី ហ៊ុន សែន។
កាលពីដើមខែមករា លោក ហ៊ុន សែន បានស្នើឱ្យមានការបង្កើតទីតាំងអភិរក្សជាក់លាក់មួយក្នុងតំបន់ទន្លេមេគង្គទីដែលមានបម្លាស់ទីរបស់សត្វផ្សោត ដែលជាប្រភេទសត្វជិតផុតពូជដែលនៅមានសល់តិចតួចក្នុងតំបន់អាស៊ីភាគអាគ្នេយ៍។
ការស្នើរបស់នាយករដ្ឋមន្រ្តីកើតឡើងក្រោយអង្គការមូលនិធិសកលសម្រាប់អភិរក្សសត្វព្រៃនិងធម្មជាតិកម្ពុជា ហៅកាត់ថា WWF កម្ពុជា បានរាយការណ៍ពីករណីនៃការស្លាប់សត្វផ្សោតយ៉ាងហោចណាស់បីក្បាលកាលពីខែធ្នូ ឆ្នាំ២០២២។
លោក ហ៊ុន សែន ថ្លែងកាលនោះថា៖ «ខ្ញុំសុំដាស់តឿនឱ្យយកចិត្តទុកដាក់។ តំបន់នេះត្រូវតែជាតំបន់អភិរក្សពេញទី ដោយគ្មានការលើកលែងទេ។ យើងអាចលើកលែងខ្លះ នៅតំបន់ទន្លេសាប ដោយសារប្រជាជនគាត់រស់នៅទីនោះយូរហើយ។ យើងឃ្វាលដី កាត់ដីជូនពួកគាត់។ ក៏ប៉ុន្តែសម្រាប់ទន្លេមេគង្គដែលសម្បូរទៅដោយសត្វផ្សោត និងសត្វត្រីមួយចំនួនដែលវាជិតផុតពូជ ជាពិសេសផ្សោតនេះឯង ត្រូវតែមានការរៀបរយឱ្យបានល្អ»។
លោកសង្កត់ធ្ងន់ថាមន្ត្រីនៅមូលដ្ឋានគឺជាអ្នកត្រូវទទួលបន្ទុកការពារសត្វផ្សោតឱ្យបានហ្មត់ចត់ ពោលគឺត្រូវធានាថាគ្មានសត្វផ្សោតត្រូវជាប់មងតទៅទៀតឡើយ។
អង្គការ WWF កម្ពុជាបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីចុងខែធ្នូ ឆ្នាំ២០២២ថា សត្វផ្សោតសរុបចំនួន១១ក្បាលហើយបានស្លាប់នៅក្នុងឆ្នាំ២០២២ គិតត្រឹមថ្ងៃទី២៤ ខែធ្នូ។ រីឯសត្វផ្សោតដែលបានស្លាប់ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះមានចំនួនសរុប២៩ក្បាល។
នាយកអង្គការ WWF កម្ពុជា លោក សេង ទៀក ត្រូវបានស្រង់សម្តីក្នុងសេចក្តីថ្លែងការណ៍នោះថា៖ «ការកើនឡើងនៃសកម្មភាពនេសាទខុសច្បាប់នៅក្នុងតំបន់អភិរក្សសត្វផ្សោតនាពេលថ្មីៗនេះនឹងបណ្តាលឱ្យសត្វផ្សោតទន្លេមេគង្គឈានទៅផុតពូជ ប្រសិនបើគ្មានវិធានការបន្ទាន់ដើម្បីបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះទេ»។
លោក សេង ទៀក ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាលោកសាទរចំពោះចំណាត់ការថ្មីក្នុងការបង្កើនប្រសិទ្ធភាពការពារសត្វផ្សោតទន្លេមេគង្គដែលនៅសល់តិចតួច ជាពិសេសគឺមានការកំណត់តំបន់សុវត្ថិភាពបានជាក់លាក់សម្រាប់សត្វផ្សោត។ លោកជំរុញឱ្យមានការផ្សព្វផ្សាយអំពីចំណាត់ការថ្មីដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់នោះ។
លោកបញ្ជាក់ថា៖ «មួយទៀតដែលខ្ញុំចង់បន្ថែមគឺ ចាំបាច់ត្រូវតែ បោះបង្គោលព្រំប្រទល់ឱ្យបានច្បាស់ទៅលើ តំបន់ដែលផ្សោតរស់នៅ ទាំងពោងបណ្តែតទឹកឬ ក៏បង្គោលដែលកំណត់បង្ហាញអំពីតំបន់អភិរក្សផ្សោត ដោយផ្អែកលើអនុក្រឹត្យទើបតែចេញថ្មីហ្នឹង ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ដឹងពីកន្លែងការពារផ្សោតឱ្យបានតឹងរ៉ឹង»។
បើតាមអង្គការ WWF រដូវប្រាំងចាប់ពីខែធ្នូដល់ខែឧសភា គឺជាអំឡុងពេលមួយដ៏ចាំបាច់ ត្រូវផ្តោតយកចិត្តទុកដាក់ការពារ។ នៅពេលទឹកស្រក សត្វផ្សោតនិងត្រីមកប្រមូលផ្តុំគ្នារស់នៅ និងចេញរកស៊ីនៅក្នុងតំបន់អន្លង់ទឹកជ្រៅនៃតំបន់អភិរក្សសត្វផ្សោត។ ហេតុដូចនេះ ហើយទើបធ្វើឱ្យពួកវាងាយរងគ្រោះយ៉ាងខ្លាំងដោយសារការនេសាទខុសច្បាប់។ ក្នុងអំឡុងពេលនេះហើយជាពេលដែលត្រូវបង្កើនការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង៕