ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ការពារ​សត្វព្រៃ​រក​ឃើញ​ថា​ ការ​ជួញ​ដូរ​ត្រី​ជិត​ផុត​ពូជ​នៅ​បន្ត​កើត​មាន​នៅ​កម្ពុជា


ត្រី​សំខាន់ៗ​ដូចជា​ ត្រី​គល់រាំង​ និង​ត្រី​ត្រសក់​ក្រហមនៅកម្ពុជា​ ដែល​ជា​អម្បូរ​ត្រី​ជិត​ផុត​ពូជ​ ត្រូវ​បាន​គេ​បន្ត​ដាក់​លក់​នៅ​ទីផ្សារ​ និង​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស។ (រូបថតដោយ WWF-Cambodia)
ត្រី​សំខាន់ៗ​ដូចជា​ ត្រី​គល់រាំង​ និង​ត្រី​ត្រសក់​ក្រហមនៅកម្ពុជា​ ដែល​ជា​អម្បូរ​ត្រី​ជិត​ផុត​ពូជ​ ត្រូវ​បាន​គេ​បន្ត​ដាក់​លក់​នៅ​ទីផ្សារ​ និង​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស។ (រូបថតដោយ WWF-Cambodia)

ត្រី​សំខាន់ៗ​ដូចជា​ត្រី​គល់រាំង​និង​ត្រី​ត្រសក់​ក្រហម​ដែល​ជា​អម្បូរ​ត្រី​ជិត​ផុត​ពូជ​ត្រូវ​បាន​គេ​បន្ត​ដាក់​លក់​នៅ​ទីផ្សារ​ និង​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ គ្រា​ដែល​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​ការ​នេសាទ​ខុស​ច្បាប់​មាន​លក្ខណៈ​ធូរ​រលុង។​ នេះ​ជា​ការ​រក​ឃើញ​របស់​អង្គការ​ WWF-កម្ពុជា ​ដែល​ធ្វើការ​ទៅ​លើការ​អភិរក្ស​សត្វព្រៃ។​

អង្គការ​អន្តរជាតិ​ការពារ​សត្វព្រៃ ​WWF ​នេះ ​បាន​សិក្សា​អំពី​ការ​បន្ត​ការ​លក់​ និង​នាំចេញ​ប្រភេទ​ត្រី​ជិតផុត​ពូជ​នេះ ​តាម​ការ​សង្កេត​នៅ​លើ​ទីផ្សារ ​និង​ការ​ចុះ​ទៅ​តាម​តំបន់​គោល​ដៅ​ក្នុង​មូលដ្ឋាន។​ ក្រុម​អ្នក​ស្រាវជ្រាវ​របស់​អង្គការ ​WWF ​បាន​ធ្វើ​ការ​ស្រាវជ្រាវ ​ចាប់ពី​ថ្ងៃទី​៧​ ដល់​ថ្ងៃទី​២៤ ​ខែ​មករា ​ឆ្នាំ​២០២០​ ដោយ​បាន​កត់​ត្រា​ទិន្នន័យ​ត្រី​ដែល​ត្រូវ​បាន​គេ​ដាក់​លក់ នៅ​លើ​ទីផ្សារ​ក្នុង​ទីរួម​ខេត្ត​ក្រចេះ។​

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ អង្គការ ​WWF​ និយាយ​ថា ​ការ​សិក្សា​វាយ​តម្លៃ​បឋម​បាន​បង្ហាញ​ថា ​«ត្រី​គល់រាំង​ ត្រីត្រសក់​ក្រហម​ ត្រី​ខ្លា ​ត្រី​ក្របី​ ត្រី​ត្រចៀក​ដំរី​ និង​បបែល​យក្ស​ទឹក​សាប​ សុទ្ធសឹង​ជាត្រី​ដែល​ស្ថិត​ក្នុង​ចំណោម​ត្រី​ចំនួន ​៣៥​ប្រភេទ ​កំពុង​ត្រូវ​បាន​គេ​ដាក់​លក់​នៅ​តាម​ទីផ្សារ​ត្រី​ក្នុង​ប្រទេស​កម្ពុជា ​និងត្រូវ​បាន​គេ​នាំ​ចេញ​ទៅលក់​នៅ​ប្រទេស​ជិត​ខាង​មួយ​ចំនួន​ទៀត​ផង»។​

ត្រី​គល់រាំង ​និង​ត្រី​ត្រសក់​ក្រហម​ ត្រូវ​បាន​ចាត់​ថ្នាក់​ជា​ប្រភេទ​ត្រី​ជិត​ផុត​ពូជ​ជា​សកល ​និង​ក្នុង​ប្រទេស​កម្ពុជា។ ​ចំណែក​ឯ​ត្រី​ខ្លា​ត្រី​ក្របី​ ត្រី​ត្រចៀក​ដំរី​ សុទ្ធ​សឹង​ជា​ប្រភេទ​កំពុង​រងគ្រោះ​ថ្នាក់​នៅ​ប្រទេស​កម្ពុជា។​ នេះ​ជា​ការ​លើក​ឡើង​របស់​អង្គការ​ WWF​ ក្នុង​ឱកាស​ទិវា​មច្ឆាជាតិ​លើក​ទី២០​ ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​១​ ខែ​កក្កដា ​ឆ្នាំ​២០២០។​

លោក​ ទេព អស្នារិទ្ធ​ ប្រធាន​កិច្ចការ​សាធារណៈ​និង​គ្រប់​គ្រង​ព័ត៌មាន​នៃ​អង្គការ​ WWF-កម្ពុជា​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ការ​សិក្សា​ស្រាវជ្រាវ​បឋម​ដែល​មាន​ការ​ចូល​រួម​ពី​អាជ្ញាធរ​ពាក់​ព័ន្ធ​នោះ​មិន​ទាន់​អាច​រក​ឃើញ​ហេតុផល​ ដែល​ជំរុញ​ឲ្យមាន​ការ​ទិញ​ដូរ​ និង​នាំ​ត្រី​ប្រភេទ​ផុត​ពូជ​នោះ​ចេញ​ទៅ​ក្រៅ​ប្រទេស​ទេ។​

ប៉ុន្តែ​យន្តការ​ផ្សព្វផ្សាយ​អំពី​ប្រភេទ​ត្រី​ដែល​ជិត​ផុត​ពូជ​នេះ​ប្រាប់​អាជីវករ​ ឬ​អ្នក​នេសាទ​ជា​ការ​ចាំបាច់​នៅ​ពេល​នេះ ​ហើយ​ថា​ការ​រឹតបន្តឹង​ច្បាប់​ក៏​ជា​ផ្នែក​សំខាន់​មួយ​ទៀត​ ដើម្បី​រក្សា​ប្រភេទ​ត្រី​ដែល​ជិត​ផុត​ពូជ​ទាំងអស់​នោះ​ដែរ។​

«អ៊ីចឹង​វិធានការ​មួយ​ភ្លាម​បន្ទាន់ ​គឺ​ការ​បង្កើន​នូវ​ការ​អប់រំ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ ឲ្យ​បាន​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ប្រជា​នេសាទ​ទាំង​អស់ ​និង​ប្រជាជន​រស់​នៅ​ក្នុង​មូលដ្ឋាន​នៅ​តាម​ដង​ទន្លេ​មេគង្គ​ទាំង​អស់​ហ្នឹង​ ឲ្យ​បាន​យល់​ដឹង​បន្ថែម​ទៀត​អំពី​ច្បាប់​ជល​ផល ​និង​បទ​បញ្ញតិ្ត​ទាក់​ទង​នឹង​ជលផល​ដែល​មាន​ជា​ធរមាន»។

លោក​បន្ថែម​ថា​ ក្រុម​ការងារ​របស់​អង្គការ​ WWF​ នឹង​ព្យាយាម​លើក​ទឹក​ចិត្ត​អ្នក​ដែល​ពាក់​ព័ន្ធ​ក្នុង​ការ​ទិញ​ដូរ​ត្រី​ជិត​ផុត​ពូជ​នោះ​ ឲ្យ​ផ្លាស់​ប្តូរ​មុខរបរ​ក្នុង​គោល​ដៅ​ធ្វើ​យ៉ាង​ណា ​ការពារ​ប្រភេទ​ត្រី​ជិត​ផុត​ពូជ​នេះ​ឲ្យ​ស្ថិត​នៅ​ទីកន្លែង​ធម្មជាតិ​ ដែល​វា​ធ្លាប់​រស់​នៅ។​

«អ្វី​ដែល​អង្គការ​ WWF ​ក៏ដូច​ជា​ដៃ​គូ​ពាក់​ព័ន្ធ​ទាំង​អស់​ហ្នឹង​ បាន​និង​កំពុង​តែ​ខិត​ខំ​ប្រឹងប្រែង​នេះ​ គឺ​ថា​ សំដៅ​ធ្វើ​ម៉េច​ការពារ​ប្រភេទ​ត្រី​រងគ្រោះ​ទាំង​អស់​ហ្នឹង​ ឲ្យ​បាន​នៅ​គង់​វង្ស​នៅ​ក្នុង​ដែន​ជម្រក​ធម្មជាតិ​របស់​វា។​ បាទ​អ៊ីចឹង​គឺ​យើង​ខិត​ខំ​ធ្វើ​យ៉ាង​ណា​ ដើម្បី​ឲ្យ​ពពួក​ត្រី​មេពូជ​ និង​រួម​និង​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ផង​ហ្នឹង​បន្តរ​ស់​នៅ​ក្នុង​ដែន​ជម្រក​ធម្មជាតិ​របស់​ពួកវា»។

ការ​អង្កេត​របស់​អង្គការ​ WWF​ ដែល​ប្រើ​ពេល​សរុប​ចំនួន​ ១៨​ថ្ងៃ​ បាន​កត់​ត្រា​ត្រី​ដែល​មាន​បរិមាណ​សរុប​ ៥៥៩៦​គីឡូ​ក្រាម​ មាន​ដាក់​លក់​នៅ​ទីផ្សារ។​ ខ្សែ​សង្វាក់​ជួញដូរ​ត្រី​នេះ ​គឺ​ចាប់​ផ្តើម​ពី​អ្នក​នេសាទ​ទៅ​កាន់​ឈ្មួញ​កណ្តាល​បន្ទាប់​មក​ពី​ឈ្មួញ​កណ្តាល​ទៅ​កាន់​អ្នក​លក់​រាយ​ និង​ពីអ្នក​លក់​រាយ​ទៅ​កាន់​អតិថិជន។​

អង្គការ​ WWF ​បាន​កត់ត្រា​ទៀត​ថា​ ការ​ជួញដូរ​ត្រីនេះ​ប្រមូល​ផ្តុំ​នៅ​ទីតាំង​ធំៗ​ចំនួន​បី​ រួមមាន​នៅ​កោះ​ខ្ញែរ​ អូរម្រះ ​និង​ត្បូងខ្លា។​ ត្រីដែល​ប្រមូល​ទិញ​ពី​ទីតាំង​ទាំងនេះ​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​ទីផ្សារ​នៅខេត្ត​ស្ទឹងត្រែង​ បន្ទាប់​មក​បញ្ជូន​ទៅ​ខេត្ត​រតនគិរី​ និង​បន្ត​ទៅ​ប្រទេស​វៀតណាម​ ហើយ​ដឹក​ជញ្ជូន​ទៅកាន់​ប្រទេស​ឡាវ​ ដោយ​កាត់​តាម​អន្លង់​ទឹក​ឈើ​ទាល។​

ចំណែក​ការ​ដឹក​ជញ្ជូន​ទៅ​កាន់​ទីផ្សារ​នៅ​រាជធានី​ភ្នំពេញ ​និង​សៀមរាប ​គឺ​តាម​រយៈ​រថយន្ត​ឈ្នួល​ដោយ​ទីតាំង​នៃ​ការ​ប្រមូល​ផ្តុំ​ការ​ជួញ​ដូរ​ត្រី ​ស្ថិត​នៅ​ក្នុង​ស្រុក​សំបូរ​និង​ឃុំ​សណ្តាន់​ ដែល​ជា​ចំណុច​ឆ្លង​កាត់​សម្រាប់​ការ​ដឹក​ជញ្ជូន​ត្រី​បន្ត​ ទៅ​រួម​ខេត្ត​ក្រចេះ​ និង​បន្ទាប់​មក​មក​រាជធានី​ភ្នំពេញ។​

វីអូអេ​បាន​ព្យាយាម​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ អេង ជាសាន​ ប្រតិភូ​រាជ​រដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល ប៉ុន្តែ​មិន​ទាន់​អាច​ទាក់​ទង​បាន​នៅ​ឡើយ​ទេ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

ប៉ុន្តែ​នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​អង្គការ ​WWF ​លោក ​អេង ជាសាន ​មាន​ប្រសាសន៍​ថា ​អ្នក​នេសាទ​ត្រី​ អ្នក​ទិញត្រី​ និង​ឈ្មួញ​កណ្តាល ​មិន​សូវ​យល់​ដឹង​អំពី​ច្បាប់​ស្តីពី​ជលផល ​និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​ ពាក់ព័ន្ធ​នឹង​កិច្ចការ​ការ​ពារ និង​គ្រប់គ្រង​ធនធាន​ជលផល​ទេ​ ជាពិសេស​ប្រភេទ​ជលផល​កំពុង​ទទួល​រង​ការ​គំរាម​កំហែង។ ​លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​អស់​បង្កើន​ការ​អប់រំ​ និង​ផ្សព្វផ្សាយ​បន្ថែម​ទៀត​ ជូន​ដល់​ប្រជា​នេសាទ ​និង​សហគមន៍​មូលដ្ឋាន​ដែល​រស់​នៅតាម​បណ្តោយ​ដង​ទន្លេ​មេគង្គ។​

បើ​តាម​របាយ​ការណ៍​របស់ ​WWF​ ចំនួន​មង​នេសាទ ​ដែល​ក្រុម​ការងារ​ដក​ហូត​បាន​ពី​ការ​បង្រ្កាប​បទ​ល្មើស​ជលផល ​ចន្លោះ​ខែ​ធ្នូ ​ឆ្នាំ​២០១៩​ ដល់​ខែ​ឧសភា​ ឆ្នាំ​២០២០​ បាន​កើន​ឡើង​ចំនួន​ ៣៨​ភាគរយ​ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ នៅ​ក្នុង​ឆ្នាំ​២០១៨​ និង​២០១៩។​ ចំណែក​ការ​ប្រើប្រាស់​សន្ទូច​រនង​កើន​ឡើង​ចំនួន ​៤៦​ភាគរយ ​ផង​ដែរ៕

XS
SM
MD
LG