ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី៖ ​កម្ពុជា​មិន​មាន​ផែន​ការ​​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​លើ​តួមេ​ទន្លេ​មេគង្គ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ខាង​មុខ


ស្ពានឆ្លងទៅវាលខ្សាច់មួយត្រូវបានសាងសង់ នៅស្រុកសំបូរ ខេត្តក្រចេះ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA Khmer)
ស្ពានឆ្លងទៅវាលខ្សាច់មួយត្រូវបានសាងសង់ នៅស្រុកសំបូរ ខេត្តក្រចេះ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA Khmer)

មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​រ៉ែ ​និង​ថាមពល​ឲ្យ​ដឹង​ថា​ ​កម្ពុជា​មិន​មាន​ផែន​ការ​ក្នុង​ការ​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​លើ​តួ​ទន្លេ​មេគង្គ​នោះ​ទេ ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ខាង​មុខ​គឺ​រហូត​ដល់​ឆ្នាំ​២០៣០។​

លោក ​វិចទ័រ ហ្សូនា​ អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​ថាមពល​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ​ និង​ថាម​ពល ​បាន​ថ្លែង​ប្រាប់​ VOA​ នៅ​ថ្ងៃ​អង្គារ​នេះ​ថា ផែនការ​ថាម​ពល​របស់​កម្ពុជារយៈ​ពេល​១០​ឆ្នាំ​ខាង​មុខ​ នឹង​មិន​មាន​ការ​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​លើ​តួមេ​ទន្លេ​មេគង្គ​នោះ​ទេ ​ក្នុង​នោះ​មាន​ទំនប់​សំបូរ ​ក្នុង​ខេត្ត​ក្រចេះ ​ដែល​មាន​ទំហំ​ថាម​ពល​ទៅ​ដល់​២៦០០​មេហ្គាវ៉ាត់ ​និង​រង​ការ​រិះគន់​ថា​ នឹង​បំផ្លាញ​ប្រភព​ត្រី​សំខាន់ៗ។​

លោក​មាន​ប្រសាសន៍​ថា៖ «ឆ្នាំ​២០២០​ទៅ​២០៣០ ​យើង​អត់​មាន​ផែន​ការ​អភិវឌ្ឍ​វារី​អគ្គិសនី​លើ​ដង​ទន្លេ​មេ​ទេ។ តាម​ពិត​ការ​សិក្សា​លើ​ដង​ទន្លេ​មេ ទាមទារ​ឲ្យ​មាន​ការ​សិក្សា​លម្អិត ​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន ​គឺ​ជា​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ​ប្រើ​ពេល​យូរ។ ​ដូច្នេះ​យើង​ឃើញ​ហើយ​ថា​ ​ក្នុង​រយៈពេល​១០​ឆ្នាំ​នេះ​ មិន​មាន​ការ​អភិវឌ្ឍ​លើ​ដង​ទន្លេ​មេ​ទេ»។​

នៅ​ពេល​សួរ​ថា តើ​ទំនប់​នៅ​លើ​ទន្លេមេគង្គ​នឹង​ត្រូវ​សង់​នៅ​ពេល​ខាងមុខ​ឬ​យ៉ាង​ណា​ក្រោយ​ឆ្នាំ​២០៣០​ អ្នកនាំពាក្យ​រូប​នេះ​មិន​បាន​បញ្ជាក់​ទេ ​ដោយ​គ្រាន់​តែ​លើក​ឡើង​ថា​«អាស្រ័យ​ទៅ​លើ​ការ​សិក្សា»។​

លោក​បន្ត​ថា​ ចាប់​ពី​ឆ្នាំ​២០២៧ កម្ពុជា​នឹង​ពឹង​ផ្អែក​សំខាន់លើ​ឧស្ម័ន​ធម្មជាតិ​រាវ​ (LNG)​ ដែល​លោក​ថា​ ​នឹង​មាន​ការ​ស្ថាបនា​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ឧស្ម័ន​ធម្មជាតិ។​

កាល​ពី​ខែ​មករា​ឆ្នាំ​២០២០ ក្រុមហ៊ុន​ពីរ គឺ​ក្រុមហ៊ុន​ចិន ​ឈ្មោះ ​CNOOC Gas Power Group​ និង​ក្រុមហ៊ុន​ខ្មែរ​ឈ្មោះ ​Cambodian Natural Gas​ បាន​នាំ​ចូល​ឧស្ម័ន​រាវ​មក​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង​ ដើម្បី​ផលិត​ថាមពល​បំពេញ​តម្រូវ​ការ​ក្នុង​ប្រទេស។ ​នាពេល​នោះ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ក៏​បាន​អបអរ​សាទរ ​និង​លើក​ឡើង​ថា​ ​វា​ជា​ការ​បើក​«ទំព័រ​ប្រវត្តិ​សាស្រ្ត​ថ្មី»​នៃ​ការ​ប្រើប្រាស់​ថាមពល​នៅ​កម្ពុជា។​

ទាក់ទង​នឹង​គម្រោងស្ថាបនា​ទំនប់​វារី​អគ្គិសនី​នៅ​កម្ពុជា​កន្លង​ទៅ​ ប្រជា​ពលរដ្ឋ​នៅ​ក្នុងភូមិ​ដំរែ ​ឃុំ​បឹងចារ ​ស្រុក​សំបូរ ​ខេត្ត​ក្រចេះ ​បាន​លើក​ឡើង​ពី​ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ និង​មិន​ចង់​ឲ្យ​មាន​ការ​សាងសង់​ទំនប់សំបូរ​ ដែល​អាច​ផលិត​ថាម​ពល​ប្រមាណ​២៦០០​មេហ្គាវ៉ាត់​ធំជាង​ទំនប់​សេសាន​ក្រោម​២​ចំនួន៥​ដង ​និង​ធំជាង​ទំនប់​នៅ​ប្រទេស​ឡាវផង​ដែរ។ ​ពួក​គេ​បារម្ភ​ថា​ ​ពួកគេ​នឹង​បាត់បង់​ផ្ទះ​សម្បែង​ ដី​ចម្ការ ​និង​ការ​រស់​នៅ​ក្បែរ​ទឹក​ទន្លេ ​ដែល​ពួកគេ​បាន​រស់​នៅ​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។​

អ្នកស្រី ផ្លោក សារ៉េត អាយុ៤៩ឆ្នាំ ធ្វើដំណើរតាមទូកម៉ាស៊ីនលើដងទន្លេមេគង្គទៅផ្ទះរបស់អ្នកស្រីក្នុងឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA Khmer)
អ្នកស្រី ផ្លោក សារ៉េត អាយុ៤៩ឆ្នាំ ធ្វើដំណើរតាមទូកម៉ាស៊ីនលើដងទន្លេមេគង្គទៅផ្ទះរបស់អ្នកស្រីក្នុងឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA Khmer)

អ្នកស្រី ​ផ្លោក សារ៉េត ​ជា​កសិករ​ម្នាក់​នៅ​លើ​កោះ​ត្នោត​ជាប់​នឹង​ទន្លេមេគង្គ​ និង​ជា​កន្លែង​ដែល​អ្នកស្រី​ថា​ ​មាន​ការ​សិក្សា​សាងសង់​ទំនប់​វារី​អគ្គិសនី​ដ៏​ធំ​មួយ​នេះ​តាំង​ពី​ឆ្នាំ​២០០៧មក។ ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ អ្នកស្រី​បាន​ឮ​ដំណឹង​ក្រៅ​ផ្លូវ​ការ​ថា​ នឹង​មិន​មាន​ការ​ស្ថាបនា​ទំនប់​នៅ​ទីនេះ​ទេ ​ ប៉ុន្តែ​អ្នកស្រី​នៅ​តែបារម្ភ​ក្នុង​ចិត្ត។​

អ្នកស្រី​បាន​ថ្លែង​ប្រាប់ VOA​ នៅ​ផ្ទះ​របស់​អ្នកស្រី​នៅ​លើ​កោះ​ត្នោត​ថា៖«ប្រជា​ពលរដ្ឋ​អត់​មាន​គំនិត​ថា​ គេ​សាងសង់​ ឬ​គេ​មិន​សាងសង់​ទេ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ ខ្លាច​តែ​គេ​សាងសង់។ ​គ្រប់​គ្នា ​សូម្បី​តែ​ខ្ញុំ​ផ្ទាល់ ​ខ្ញុំ​នៅ​តែ​មាន​ទំនុក​ចិត្ត​មួយ ​ខ្លាច​តែ​គេ​សាងសង់​ គឺយើង​អត់​ទាន់​ថា​ បាត់​ឈឹង​ ​ទាល់​ថា​ រាជ​រដ្ឋាភិបាល​មក​ប្រកាស​ប្រាប់​យើង​ផ្ទាល់​ជាក់​ស្តែង​ថា​ គេ​អត់​សាងសង់ ​ពេល​នោះ​យើង​លែង​ព្រួយ​បារម្ភ​ហើយ»។​

អ្នកស្រី​ សារ៉េត ​ដែល​មាន​អាយុ​៤៩​ឆ្នាំ ​និង​មាន​កូន​៥នាក់ ​មាន​ប្រសាសន៍​ថា​ ​ការ​រស់​នៅ​ទីនេះ​មាន​ភាព​ងាយ​ស្រួល ​ក្នុង​នោះ​មាន​ការ​ធ្វើ​ស្រែ​ចម្ការ​ ដាំ​ដំណាំ ​និង​នេសាទ​ជា​ដើម។​

បើ​តាម​អ្នកស្រី​ផ្លោក សារ៉េត ​ ទឹក​ទន្លេ​មេគង្គ​នៅ​ឆ្នាំ​នេះ​បាន​ស្រក​ខុស​ពី​ធម្មតា​ ដែល​ធ្វើ​ឲ្យ​ប្រជា​កសិករ​ពិបាក​ក្នុង​ការ​ធ្វើ​ស្រែ​ចម្ការ ​ដាំបន្លែ ​នេសាទ ​និង​បើក​ទូក​ម៉ាស៊ីន​ជា​ដើម ​ដោយសារ​ខ្លាច​មាន​គ្រោះ​ថ្នាក់ ​ប៉ះ​ថ្ម។

បើ​តាម​អង្គការ​អន្តរជាតិ​ឈ្មោះ International Rivers ប្រសិន​បើ​មានការ​សាង​សង់​ទំនប់​សំបូរ​ វានឹង​រាំង​ខ្ទប់​បម្លាស់​ទី​របស់​ត្រី​ជា​ច្រើន​រវាង​ភាគ​ខាង​ត្បូង​ឡាវ​ និង​ទន្លេ​សាប​របស់​កម្ពុជា​ វានឹង​បំផ្លាញ​ជម្រក​សត្វត្រី​នៅ​តំបន់​ជ្រៅៗ​ ​សំខាន់ៗ ​ប៉ះពាល់​លំហូរ​ដី​ល្បាប់ ​និង​ប្រព័ន្ធ​អេកូឡូស៊ី​របស់​ទឹក។​ អង្គការ​នេះ​បាន​លើក​ឡើង​ថា ​ការ​ស្ថាបនា​ទំនប់​សំបូរ​នេះ​«នឹង​ជា​កំហុស​ដែល​ពោរពេញ​ដោយ​សោកនាដកម្ម​និង​តម្លៃ​បង់​យ៉ាង​ខ្ពស់​សម្រាប់​កម្ពុជា»។​

យោង​តាម​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ជា​យុទ្ធសាស្រ្ត​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ ​(MRC)​ដែល​មាន​សមាជិក​៤​ប្រទេស​ រួមមាន​ឡាវ ​ថៃ​ កម្ពុជា ​និង​វៀតណាម ​មាន​ការ​ប៉ាន់​ប្រមាណ​ថា​ ​ប្រជាជន​កម្ពុជា​ប្រមាណ​២​ម៉ឺន​គ្រួសារ​ នឹង​ប្រឈម​ការ​ផ្លាស់​ទីលំនៅដ្ឋានពី​ដី​របស់​ពួកគេ ប្រសិន​បើ​មាន​ការ​សាងសង់​ទំនប់​សំបូរ។​

បើ​តាម​ឯកសារ​ផ្លូវ​ការ​របស់​ក្រសួង​រ៉ែ ​និង​ថាមពល ​ដែល​ VOA​ ទទួល​បាន ក្រៅ​ពី​ទំនប់​សំបូរ​ក្នុង​ខេត្ត​ក្រចេះ កម្ពុជា​ក៏​មាន​គម្រោង​ស្ថាបនា​ទំនប់​លើ​តួ​មេ​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង ​ដែល​មាន​ទំហំ​ថាម​ពល​ទៅ​ដល់​ ៩០០​មេហ្គាវ៉ាត់​ផង​ដែរ។ ​ក្រៅ​ពី​ទំនប់​ធំៗ​ពីរ​នេះ ក៏​មានទំនប់​ទ្រង់ទ្រាយ​តូច​ផ្សេងៗ​ទៀត ​ប្រមាណ​១៤ ​ដែល​ស្ថិត​ក្នុង​គម្រោង​សម្រាប់​ការ​សាងសង់។​

រហូត​មក​ដល់​ពេល​នេះ​ កម្ពុជាបាន​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២ ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង ​ដែល​មាន​ទំហំ​៤០០​មេហ្គាវ៉ាត់​ ដែល​ធ្វើ​ឲ្យ​លិច​ផ្ទះ​រាប់​រយ​ខ្នង ​និង​សហគមន៍​របស់​ជនជាតិ​ដើម​ភាគ​តិច។

សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​ផ្នែក​បរិស្ថាន​នៅ​កម្ពុជា​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​លើ​គម្រោង​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​ជា​បន្ត​បន្ទាប់នៅ​លើ​ដង​ទន្លេ​មេគង្គ ​ជាពិសេស​ទំនប់​របស់​ប្រទេស​ឡាវ​ ដែល​ពួកគេ​អះអាង​ថា​ នឹង​ធ្វើ​ឲ្យ​កម្រិត​ទឹក​ទន្លេ​មេគង្គ​ធ្លាក់​ចុះ​ ហើយ​ប៉ះពាល់​ផល​ត្រី​ និង​ដី​ល្បាប់​នៅ​ផ្នែក​ខាង​ក្រោម។​

ទំនប់​វារី​អគ្គិសនី​ដ៏​ចម្រូង​ចម្រាស​របស់​ឡាវ​នៅ​ផ្នែក​ខាង​លើ​ទន្លេ​មេគង្គ​ ដែល​នៅ​ជិត​កម្ពុជា​ មាន​ដូច​ជា​ទំនប់​វារី​អគ្គិសនី​សាយ៉ាប៊ូរី (Xayaburi) ​និង​ដន​សាហុង​ (Don Sahong)។

ប៉ុន្តែ​ លោក ​វិចទ័រ ហ្សូនា ​នៃ​ក្រសួង​រ៉ែ ​និង​ថាមពល​ មាន​ប្រសាសន៍​ថា​ ទំនប់​សេសាន​ក្រោម​២​របស់​កម្ពុជា​ និង​ទំនប់​នៅ​លើ​តួទន្លេ​មេគង្គ​ដែល​ប្រទេស​ឡាវ​បាន ​និង​កំពុង​ស្ថាបនា ​មិន​មែន​ជាទំនប់​ធំ ​ស្តុក​ទឹក​ច្រើន​ ហើយ​វា​ស្ថិត​នៅ​ចម្ងាយ​ឆ្ងាយ​ពី​ប្រទេស​កម្ពុជា។ ​ដូច្នេះ​លោក​ថា​ ​មិន​មាន​ផល​ប៉ះពាល់​ណា​មួយ​គួរឲ្យបារម្ភ​នោះ​ទេ។​

បើ​តាម​មន្រ្តី​រូប​នោះ ​បច្ចុប្បន្ន​នេះ​ កម្ពុជាមាន​ប្រភព​ថាមពល​ចេញ​ពី​ការ​ដុត​ធ្យូង​ថ្ម ​វារី​អគ្គិសនី​ទ្រង់ទ្រាយ​តូច​តាម​ដៃ​ទន្លេ​មេគង្គ ​ទឹក​ធ្លាក់ ​ដង​ស្ទឹង​ និង​ប្រភព​ពី​ថាមពល​ព្រះ​អាទិត្យ។ ​លោក​បន្ត​ថា​ ​កម្ពុជា​នៅ​តែ​នាំ​ចូល​អគ្គិសនី​ប្រមាណ​ ២០​ទៅ​២៤​ភាគរយ ​ពី​ប្រទេស​ជិត​ខាង​នៃ​ទំហំ​ថាមពល​តម្រូវ​ការ​សរុប​ក្នុង​ប្រទេសក្នុង​មួយ​ឆ្នាំៗ​ ដែល​មាន​ទៅ​ដល់​ជាង​២​ពាន់​មេហ្គាវ៉ាត់៕​

XS
SM
MD
LG