តុល្យភាពអំណាចនៅរដ្ឋធានីវ៉ាស៊ីនតោន បានផ្លាស់ប្តូរកាលពីថ្ងៃអង្គារ ខណៈដែលគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងបានឈ្នះមកកាន់កាប់វិញនូវអំណាចសំឡេងភាគច្រើននៅក្នុងរដ្ឋសភាសហរដ្ឋអាមេរិក។ លទ្ធផលនេះជាបរាជ័យនយោបាយមួយសម្រាប់លោកប្រធានាធិបតី Trump និងគណបក្សសាធារណរដ្ឋរបស់លោក។ ប៉ុន្តែគណបក្សសាធារណរដ្ឋ បានពង្រឹងបន្ថែមទៀតនូវអំណាចសំឡេងភាគច្រើនរបស់ខ្លួននៅក្នុងព្រឹទ្ធសភា ដែលការណ៍នេះនឹងជួយពង្រឹងអំណាចលោកប្រធានាធិបតី Trump និងបង្កើតនូវឆាកនយោបាយដែលកាន់តែប្រឈមមុខដាក់គ្នាមួយនៅក្នុងឆ្នាំខាងមុខ។
នៅទីស្នាក់ការកណ្តាលគណបក្សប្រជាធិបតេយ្យក្នុងរដ្ឋធានីវ៉ាស៊ីនតោន មេដឹកនាំគណបក្សប្រជាធិបតេយ្យលោកស្រី Nancy Pelosi បានប្រកាសពីដំណាក់កាលថ្មីមួយនៅរដ្ឋធានីសហរដ្ឋអាមេរិកថា៖
«យើងនឹងមានការទទួលខុសត្រូវដើម្បីស្វែងរកចំណុចរួម គ្រប់ពេលដែលយើងអាចរកបាន ហើយយើងក៏ត្រូវមានជំហររឹងមាំគ្រប់ពេលដែលយើងអាចធ្វើបានដែរ។ ប៉ុន្តែ យើងត្រូវព្យាយាមធ្វើរឿងទាំងពីរនេះ។ រដ្ឋសភាអាមេរិកមួយដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យនឹងធ្វើការដើម្បីស្វែងរកដំណោះស្រាយដើម្បីនាំឲ្យយើងរួបរួមគ្នា ពីព្រោះយើងទាំងអស់គ្នាឆ្អែតឆ្អន់ហើយនឹងការបែកបាក់នយោបាយដែលមានក្នុងពេលកន្លងមក»។
លទ្ធផលការបោះឆ្នោតពាក់កណ្តាលអាណត្តិរដ្ឋសភាអាមេរិកឆ្នាំ២០១៨៖
លោកស្រី Pelosi ពេលនេះរំពឹងថានឹងក្លាយជាប្រធានរដ្ឋសភាសហរដ្ឋអាមេរិកបន្ទាប់ ដែលនេះអាស្រ័យដោយជ័យជម្នះរបស់បេក្ខជនគណបក្សប្រជាធិបតេយ្យដូចជាលោកស្រី Jennifer Wexton ដែលដណ្តើមបានអាសនៈពីគណបក្សសាធារណរដ្ឋនៅក្នុងរដ្ឋ Virginia។
លោកស្រី Wexton ថ្លែងថា៖
«ខ្ញុំបាននិយាយតាំងពីដំបូងនៃយុទ្ធនាការម៉្លេះថា ការផ្លាស់ប្តូរមួយកំពុងមាននៅអាមេរិក ហើយការផ្លាស់ប្តូរនេះបានមកដល់សង្កាត់បោះឆ្នោតលេខ១០នៃរដ្ឋ Virginia។ ហើយការផ្លាស់ប្តូរនេះពិតជាបានកើតឡើងនៅយប់នេះមែន»។
ក៏ប៉ុន្តែនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនេះ គណបក្សសាធារណរដ្ឋរបស់លោក Trump ក៏បានពង្រីកបន្ថែមនូវអំណាចសំឡេងភាគច្រើនរបស់ខ្លួននៅក្នុងព្រឹទ្ធសភាអាមេរិក ដោយសារបរាជ័យរបស់បេក្ខជនព្រឹទ្ធសភារបស់គណបក្សប្រជាធិបតេយ្យមួយចំនួន ដូចជារដ្ឋ North Dakota Missouri និង Indiana ដែលនៅទីនោះ លោក Mike Braun នៃគណបក្សសាធារណរដ្ឋបានទទួលជ័យជម្នះ។
លោក Mike Braun ខាងគណបក្សសាធារណរដ្ឋថ្លែងថា៖
«យើងជាអ្នកអភិរក្សនិយមដឹកនាំដោយលោកប្រធានាធិបតី ត្រាំ។ យើងត្រូវបង្ហាញឲ្យឃើញថា ការគិតរបស់យើងនិងអ្វីដែលមានដំណើរល្អសម្រាប់រដ្ឋ Indiana នឹងមានដំណើរការល្អសម្រាប់ពលរដ្ឋអាមេរិកទាំងអស់ ហើយខ្ញុំជឿថា ខ្ញុំអាចវែកញែកក្នុងការជជែកគ្នានោះបាន»។
អ្នកនាំពាក្យសេតវិមាន អ្នកស្រី Sarah Sanders ថ្លែងថា លោកប្រធានាធិបតី ត្រាំ រីករាយដែលគណបក្សសាធារណរដ្ឋនៅកាន់កាប់នៅព្រឹទ្ធសភា។
អ្នកស្រី Sarah Sanders ថ្លែងថា៖
«បេក្ខជនភាគច្រើនដែលលោកប្រធានាធិបតីគាំទ្រនិងធ្វើយុទ្ធនាការឲ្យនោះទទួលបានលទ្ធផលល្អនៅយប់នេះ។ ទោះជាយ៉ាងណា លោកប្រធានាធិបតីនឹងធ្វើការជាមួយអ្នកទាំងឡាយណាដែលឡើងកាន់តំណែង»។
លទ្ធផលការបោះឆ្នោតពាក់កណ្តាលអាណត្តិព្រឹទ្ធសភាសភាអាមេរិកឆ្នាំ២០១៨៖
វោហាសាស្ត្រដ៏តឹងរ៉ឹងរបស់លោកប្រធានាធិបតីនៅក្នុងយុទ្ធនាការរកសំឡេងឆ្នោតជំរុញទឹកចិត្តក្រុមអ្នកបោះឆ្នោតក្នុងបក្សទាំងពីរ នេះបើតាមការថ្លែងរបស់អ្នកស្រី Rebecca Gill ដែលជាអ្នកវិភាគមួយរូប។
អ្នកស្រី Gill បានថ្លែងថា៖
«វាហាក់ដូចជា ធ្វើឲ្យបែកខ្ញែកគ្នា ហើយធ្វើឲ្យមនុស្សកាន់តែច្រើនជាងមុនចូលរួមក្នុងភាគីទាំងសងខាង»។
នៅក្នុងបទសម្ភាសន៍ជាមួយនឹងអ្នកបោះឆ្នោតគាំទ្រលោក ត្រាំ ម្នាក់ក្នុងរដ្ឋ កាលីហ្វ័រញ៉ា យើងសង្កេតឃើញថា រឿងនេះពិតជាកើតឡើងមែន។
លោក Thomas Wesley អ្នកគាំទ្រលោក ត្រាំ មួយរូបថ្លែងថា៖
«ខ្ញុំយល់ស្របជាមួយនឹងអ្វីជាច្រើនដែលលោកបានធ្វើ ប៉ុន្តែមិនមែនគ្រប់យ៉ាងនោះទេ។ ប៉ុន្តែលោកពិតជាបានធ្វើរឿងជាច្រើន។ ខ្ញុំគិតថា លោកគិតពីប្រយោជន៍ជាតិសំខាន់បំផុត ទាំងនៅក្នុងប្រទេសនិងអន្តរជាតិ»។
ប៉ុន្តែ អ្នករិះគន់លោក ត្រាំ ម្នាក់នៅក្នុងទីក្រុង ញូវយ៉ក ថ្លែងថា៖
«យើងសង្ឃឹមថា លោកគ្រាន់តែជាសុបិនអាក្រក់មួយដែលយើងទើបចាប់ផ្តើមភ្ញាក់ពីដំណេកអញ្ជឹង។ ដំបូងយើងចូលកាន់កាប់រដ្ឋសភា ហើយពីរឆ្នាំទៀតយើងចូលកាន់កាប់ក្នុងព្រឹទ្ធសភា និងសេតវិមាន។ លាហើយលោក ត្រាំ»។
ចុងបញ្ចប់ លោក ត្រាំ គឺជាបញ្ហាសំខាន់សម្រាប់បក្សទាំងពីរ នេះបើតាមការថ្លែងរបស់អ្នកស្រី Capri Cafaro ដែលជាអ្នកវិភាគមួយរូប។
អ្នកស្រី Capri Cafaro ថ្លែងថា៖
«យើងឃើញភាគីទាំងសងខាងមានភាពសោមនស្សរីករាយ។ ខ្ញុំគិតថា យើងកំពុងមើលឃើញ ការប្រណាំងប្រជែងដ៏ប្រកៀកប្រកិតគ្នានៅក្នុងតំបន់ទាំងនេះ ដែលត្រូវបានកំណត់ថា ជារដ្ឋដែលមិនទាន់សន្មតថាគណបក្សណានឹងឈ្នះ»។
លោក Trump និងគណបក្សប្រជាធិបតេយ្យដែលជាគណបក្សប្រឆាំងឥឡូវនេះនឹងប្រឈមនឹងសំណួរថ្មីមួយ តើភាគីទាំងពីរអាចធ្វើការជាមួយគ្នាបានដែរឬទេ ខណៈដែលភាគីទាំងពីរចាប់ផ្តើមរៀបចំខ្លួនសម្រាប់យុទ្ធនាការប្រធានាធិបតីនៅពីរឆ្នាំទៀត៕
ប្រែសម្រួលដោយ លោក សឹង សុផាត និងកញ្ញា ស្រេង លក្ខិណា