ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សភា​គណបក្ស​ប្រជាជន​កម្ពុជា​​នឹង​ពិភាក្សា​គម្រោង​ថវិកា​ឆ្នាំ​២០១៤

  • ហេង រស្មី

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន អង្គុយ​នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​កាល​ពី​ថ្ងៃ​ទី​២៤ កញ្ញា ២០១៣។
គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​សម្រេចដាក់​បញ្ចូល​របៀប​វារៈ​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៤​ចូល​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​នៃ​រដ្ឋសភា​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២​សប្តាហ៍ក្រោយ​នេះ​ បើ​ទោះ​បីជា​គ្មាន​ការ​ចូល​រួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ក៏ដោយ។​

លោក​ឈាង វ៉ុន​ សមាជិក​សភា​តំណាងរាស្ត្រ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​បញ្ជាក់​ថា​ សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ថវិកា​ជាតិ​ឆ្នាំ​២០១៤​ត្រូវ​បានគណៈកម្មាធិការ​ជំនាញ​នៃ​រដ្ឋសភា​សម្រេចដាក់​បញ្ចូល​ក្នុង​របៀប​វារៈជាមួយ​ច្បាប់​អង្គការ​ ការ​បង្កើត​ក្រសួង​មុខងារ​សារធារណៈ និង​ការ​ពុះ​បំបែក​ក្រសួង​ឧស្សាហកម្ម​ជា​ពីរ​ឲ្យទៅ​ជា​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ និង​ក្រសួង​ឧស្សាហកម្ម​រ៉ែ​ និង​ថាមពល។​

សេចក្តី​ព្រៀង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៤​នេះ​មាន​ចំនួន​សរុប​ជាង​៣.៤០០​លាន​ដុល្លារសហរដ្ឋ​អាមេរិក​គឺ​បាន​កើន​ឡើង​ប្រមាណ​១៣,១​ភាគ​រយ​ ស្មើ​នឹង​ប្រមាណ​ជាង​៤០០​លាន​ដុល្លារ បើ​ប្រៀប​ធៀប​នឹង​ថវិកា​ជាតិ​ឆ្នាំ​២០១៣​ដែល​មាន​ចំនួន​តែ​៣.១០០លាន​ដុល្លារតែប៉ុណ្ណោះ។​

គណបក្ស​សង្គ្រោះជាតិរិះគន់​ថា​ រដ្ឋសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​រំលោភ​ច្បាប់​ក្នុង​ការ​សម្រេច​អំពី​គម្រោង​ថវិកា​ជាតិ​ឆ្នាំ​២០១៤​នេះ។​

លោក​ឈាង​ វ៉ុន​បាន​បញ្ជាក់​ថា៖ ​«សភា​របស់​យើងមិនដែល​ធ្វើ​ខុស​ច្បាប់​ទេ។ គេ​ចោទ​ប្រកាន់​ថា​ សភា​មិន​គ្រប់​ទឹក។ សភា​មាន​សុពលភាព​១២៣​រូប​ ហើយ​អ្នក​ដែល​អត់​គ្រប់​ទឹក​ហ្នឹង​មាន​តែ​អ្នក​មិន​ចូល​ទេ​ដែល​អត់​គ្រប់​ទឹក»។​

គណបក្ស​សង្គ្រោះ​ជាតិ​មាន​សមាជិក​សភា​ជាប់​ឆ្នោត​ចំនួន​៥៥​រូប​តាម​លទ្ធផល​របស់​គ.ជ.ប.​ តែ​គណបក្ស​នេះ​អះអាង​ថា​ ខ្លួន​ឈ្នះបាន​អាសនៈ​ចំនួន​៦៣​ ហើយ​បាន​បន្ត​ពហិការមិន​ធ្វើ​សច្ចា​ប្រណិធាន​ស្បថ​ចូល​កាន់​មុខ​តំណែង​ទេ​ ដរាប​ណា​ការ​ទាមទារ​រក​យុត្តិធម៌​សម្រាប់​ម្ចាស់​ឆ្នោត​មិន​ទាន់​បាន​ដោះ​ស្រាយ។​

លោក​យ៉ែម ប៉ុញ្ញាឫទ្ធិ ​អ្នកនាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ​ បាន​បញ្ជាក់​ថា​សមាជិក​សភា​ជាប់​ឆ្នោត​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ប្រកាន់​ជំហរ​មិន​ចូល​រួម​ប្រជុំ​សភា​ជាមួយ​គណបក្ស​ប្រជាជន​ដដែល​ ដោយ​សារ​តែ​ទាំង​ការ​បង្កើត​ស្ថាប័ន​រដ្ឋសភា​ និង​រដ្ឋាភិបាល​បាន​ធ្វើ​រដ្ឋប្រហារ​រដ្ឋ​ធម្មនុញ្ញ។​

លោក​បាន​ឲ្យដឹង​ថា ​ការ​ដែល​រដ្ឋសភាដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​របៀប​នេះ​គឺកាន់​តែ​ជំរុញ​ឲ្យ​មាន​ភាព​ជាប់​គាំង​នយោបាយ​កាន់​តែ​វែង​ឆ្ងាយ​ទៅ​មុខ​ទៀត ​ពីព្រោះ​វា​ហាក់​បី​ដូច​ជា​គ្មាន​សុឆន្ទៈស្វែង​រក​ដំណោះស្រាយ​ទេ។​

លោក​និយាយ​ថា៖​ «យើង​យល់​ថា ​ការ​អនុម័ត​នេះ​វា​មិន​ពេញ​លក្ខណៈ​ច្បាប់​ជា​ធម្មនុញ្ញ​របស់​យើង​ ទាំង​ការ​ប្រជុំ​សភា​ជា​លើក​ដំបូង​ ទាំង​ការ​រៀប​ចំ​គណៈរដ្ឋមន្ត្រី ​ទាំង​ការ​អនុម័ត​ផ្សេងៗ។​ ដូច្នេះ​យើង​មាន​ការ​ព្រួយ​បារម្មណ៍ទៅ​ថ្ងៃ​អនាគត។ ដូច​យើង​ប្រកាស​ជំហរ​ហើយ​ អ្នក​ដែល​ផ្តល់​ប្រាក់​កម្ចី​ ឬ​ក៏​ចង់​វិនិយោគ​ហ្នឹង​ យើង​មិន​បាន​ចូល​រួម​ពិភាក្សា ​យើង​នឹង​ស៊ើរើ​ឡើង​វិញ»។​

ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៤​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​បែង​ចែក​ការ​ចំណាយ​ជា​អាទិភាព​ចំនួន​បួន​សំខាន់ៗ​ ដែល​រួម​មាន៖​ ការ​ចំណាយ​លើ​វិស័យ​សង្គម​កិច្ច​ សេដ្ឋកិច្ច​ ការ​ចំណាយ​លើ​វិស័យ​រដ្ឋបាល​ និង​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​ និង​សន្តិសុខ៕
XS
SM
MD
LG