ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រជាជន​កម្ពុជា​ប្តេជ្ញា​កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត


គណបក្ស​​ប្រជាជន​កម្ពុជា ក៏​គ្រោង​នឹង​អនុម័ត​ច្បាប់​ថ្មីៗ​​មួយ​ចំនួន​​បន្ថែម​ទៀត ​ដើម្បី​ពង្រឹង​​សុក្រិតភាព​និង​តម្លាភាព​នៃ​ដំណើរការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​ផងដែរ។
គណបក្ស​​ប្រជាជន​កម្ពុជា ក៏​គ្រោង​នឹង​អនុម័ត​ច្បាប់​ថ្មីៗ​​មួយ​ចំនួន​​បន្ថែម​ទៀត ​ដើម្បី​ពង្រឹង​​សុក្រិតភាព​និង​តម្លាភាព​នៃ​ដំណើរការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​ផងដែរ។
ភ្នំពេញ៖ គណបក្ស​ប្រជាជន​កម្ពុជា​បានសន្យា​ធ្វើ​កំណែ​ទម្រង់​សំខាន់ៗ​ក្នុង​ការ​បោះឆ្នោត ​បន្ទាប់​ពី​ជំនួប​កំពូល​ទ្វេ​ភាគី​រវាង​គណបក្ស​នេះ​ជាមួយ​នឹង​គណបក្ស​សង្គ្រោះជាតិ​កាល​ពី​ខែ​មុន។

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៤​តុលា​និង​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​អង្គារ​នេះ ​គណបក្ស​ប្រជាជន​កម្ពុជា ​គ្រោង​នឹង​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​និង​នីតិ​វិធី​ទាំង​ឡាយ​ដែល​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត ​ដូចជា​ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ បទ​បញ្ជា​ និង​នីតិវិធី​នៃ​ការ​បោះឆ្នោត​ជា​ដើម។

ក្រៅ​ពី​នេះ​គណបក្ស​នេះ​ក៏​គ្រោង​នឹង​អនុម័ត​ច្បាប់​ថ្មីៗ​មួយ​ចំនួនបន្ថែម​ទៀត​ដើម្បី​ពង្រឹងសុក្រិតភាព​និង​តម្លាភាព​នៃ​ដំណើរការ​បោះឆ្នោត​នា​ពេល​ខាង​មុខ។ សេចក្តី​ថ្លែងការណ៍​ដដែល​នេះ​គូស​បញ្ជាក់​បន្ថែម​ថា​ខ្លួន​នឹង​ស្នើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ថវិកា​គណបក្ស​នយោបាយ ​ច្បាប់​និង​លិខិត​បទដ្ឋាន​មួយ​ចំនួន​ផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត។

គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ទទួល​យក​មក​សិក្សា​នូវ​អនុសាសន៍​នានា​ពី​ភាគីជាតិ​និង​អន្តរជាតិ។ ជាមួយ​គ្នា​នេះ ​យន្តការ​សមស្រប​មួយ​នឹង​ត្រូវ​បង្កើត​ឡើង ​ដើម្បី​សិក្សា​ស្រាវជ្រាវ​បង្កើត​ក្របខណ្ឌ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ដែល​អាច​ទទួល​យក​បាន​មួយ​តាម​រយៈ​អង្គការ​នីតិ​ប្រតិបត្តិ​និង​នីតិ​ប្បញ្ញត្តិ។

លោក ជាម យៀប ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ថា​សេចក្តី​សម្រេចចិត្ត​នេះ​ជា​ផ្លែផ្កា​នៃ​ជំនួប​រវាង​ថ្នាក់​ដឹកនាំ​គណបក្ស​ទាំង​ពីរ​នា​ពេល​កន្លង​មក។

«ក្នុង​ការ​ចរចា​នៃ​គណៈប្រតិភូកំពូល​នៃ​គណបក្ស​ទាំង​ពីរ ​យើង​បាន​ឯកភាព​គ្នា​ឱ្យ​មាន​ការ​កែទម្រង់​ការ​បោះឆ្នោត។ ការ​កែទម្រង់​នេះ​មាន​រចនា​សម្ព័ន្ធ​ទូទៅនៃ​ការ​ដឹកនាំ ​វា​មាន​តាំង​ពី​ច្បាប់​នៃ​ការ​ប្រព្រឹត្តិ​ទៅ​នៃ​ការ​បោះឆ្នោត ​រហូត​ដល់​បទបញ្ជា​ដែល​គ.ជ.ប​ត្រូវ​រៀប​ចំ»។

លោក ជាម យៀប ​ស្នើឱ្យ​គណបក្ស​សង្គ្រោះជាតិ​ចូលរួម​ប្រជុំ​សភា​ដើម្បី​ពិភាក្សា​ស៊ី​ជម្រៅ​បន្ថែម​ទៀត​អំពី​កំណែ​ទម្រង់​នេះ។

នីតិវិធី​និង​ការ​រៀបចំ​ការបោះឆ្នោតនា​ពេល​កន្លង​មក​បាន​ទទួល​រង​ការ​រិះ​គន់​ពី​គណបក្ស​ប្រឆាំង​និង​អង្គការ​សង្គមស៊ីវិល​ថា​មាន​ការ​លម្អៀង​ទៅ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច ​តាម​រយៈ​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដែលសុទ្ធ​តែ​មាន​សមាសភាព​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។

តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ​NDI​របស់​អាមេរិក​និង​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ក្នុង​ស្រុក​និកហ្វិក​និង​ខុមហ្វ្រែល ​បង្ហាញ​ថា​មាន​អ្នក​បោះ​ឆ្នោត​ចំនួនជាង​១០​ភាគរយ​ឬ​១,២៥​លាន​នាក់​បាន​បាត់​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះឆ្នោត។ ក្នុង​នោះ​ក៏​មាន​ការ​រកឃើញ​ឈ្មោះ​ខ្មោច ​និង​ឈ្មោះ​ស្ទួន​ជា​ច្រើន​ម៉ឺន​នាក់​ផង​ដែរ។ គណបក្ស​សង្គ្រោះ​មក​ទល់​ពេល​នេះ​នៅ​តែ​ធ្វើ​ពហិកា​មិន​ព្រម​ចូល​ប្រជុំ​សភា​ដោយ​ចោទ​ថា​ការ​បោះឆ្នោត​នា​ពេល​កន្លង​មក​មាន​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ ​ដែល​ធ្វើ​ឱ្យ​ខ្លួន​ចាញ់​ឆ្នោត​ទៅ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា។

លោក កឹម សុខា ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ថ្លែង​ថា​លោក​មិន​ទាន់​ឃើញ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​មាន​សុឆន្ទៈ​លើកំណែ​ទម្រង់​នេះ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ។ លោក​កឹម សុខា ​បន្ថែម​ថា​តុល្យភាព​អំណាច​ក្នុង​រដ្ឋសភា​ជា​គន្លឹះ​ដើម្បី​ឱ្យ​កំណែ​ទម្រង់​នេះ​មាន​ប្រសិទ្ធភាព​និង​អាច​ទទួល​យក​បាន។

«ដើម្បី​ឱ្យ​មតិ​ជាតិ​និង​អន្តរជាតិ​មាន​ជំនឿ​ទាល់​តែ​មាន​តុល្យភាព​អំណាច​ដើម្បី​ធានា​ការ​កែ​ទម្រង់​នេះ។ បើ​គណបក្ស​ប្រជាជន​កាន់​កាប់​សភា​ដដែល ​គឺ​អត់​មាន​ការ​ពិត​ទេ ​គឺ​គ្រាន់​តែ​និយាយ​ចោល​និង​ទ្រឹស្តី​ទេ ​បួន​អណត្តិ​ហើយ​ គេ​អត់​ជឿ​ទេ»។

លោក គល់ បញ្ញា ​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌​នៅ​កម្ពុជា​ (ខុមហ្រ្វែល) ​ថ្លែង​ស្រដៀង​គ្នានេះ​ដែរ។

«ចំណុច​សំខាន់​ពីរនៃ​ការ​ចរចា​រវាង​គណបក្ស​ប្រជាជន​និង​គណបក្ស​សង្គ្រោះជាតិ។ ទីមួយ​គឺ​កំណែ​ទម្រង់​ការ​បោះឆ្នោត ​ទី​ពីរ​គឺ​ការ​ត្រួត​ពិនិត្យ​អំណាច​គ្នា​នៅ​ក្នុង​សភា។ ឥឡូវ​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​ហាក់​ដូចជា​បន្ថែម​ឆន្ទៈ​បន្ថែម​ទៀត​ថា​កំណែ​ទម្រង់​ការបោះឆ្នោត​នឹង​ធ្វើ​ឱ្យ​មាន​ ដូច្នេះ​ជា​ការ​បោះ​ជំហាន​មួយ​ថ្មី​ទៀត​សម្រាប់​ការ​ចរចា​នា​ពេល​ខាង​មុខ​នេះ»។

លោក គល់ បញ្ញា ​យល់​ឃើញ​ថា​ជំហរបស់​គណបក្ស​ប្រជាជន​កម្ពុជា​នេះជា​ការបន្ទន់​ឥរិយាបទ​និង​បោះ​ជំហាន​ថ្មី​មួយ​ទៅ​រក​ការ​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះជាតិ។

ប៉ុន្តែ ​បើ​តាម​លោក កឹម សុខា ​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​គម្រោង​ចរចា​ជា​ថ្មី​ណា​មួយ​រវាង​គណបក្ស​ទាំង​ពីរ​នៅ​ឡើយ​ទេ៕
XS
SM
MD
LG