លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលកាន់អំណាចបានជាងមួយឆ្នាំ នៅថ្ងៃពុធ បានជួបមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing នៅក្នុងប្រទេសចិន។
នេះជាលើកដំបូងដែលនាយករដ្ឋមន្រ្តីកម្ពុជាបានជួបមេដឹកនាំយោធារបស់មីយ៉ាន់ម៉ា នៅគ្រាដែលមេដឹកនាំនៃប្រទេសទាំងពីរបាននិងកំពុងមានវត្តមានក្នុងប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ។
សម្រាប់លោក Min Aung Hlaing នេះ ជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់របស់លោកទៅកាន់ប្រទេសចិន តាំងពីពេលដែលលោកបានឡើងកាន់អំណាចបន្ទាប់ពីបានធ្វើរដ្ឋប្រហារនៅឆ្នាំ ២០២១ មក។ ដំណើរទស្សនកិច្ចរបស់មេដឹកនាំយោធានេះធ្វើឡើងនៅចំពេលដែលយោធាមីយ៉ាន់ម៉ាប្រឹងប្រែងយ៉ាងត្រដាបត្រដួសដើម្បីបង្ក្រាបការតស៊ូប្រដាប់អាវុធរបស់ក្រុមជាតិសាសន៍ភាគតិចផ្សេងៗនិង «កងកម្លាំងប្រជាការពារ» ដែលបានលេចឡើងប្រឆាំងនឹងការក្ដោបក្ដាប់អំណាចរបស់ មេដឹកនាំយោធា។
លោក ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកថា លោកបានជួបជាមួយ «ឯកឧត្ដមនាយឧត្ដមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ» នៅក្នុងខេត្តយូណានប្រទេសចិន កាលពីព្រឹកថ្ងៃពុធ ទី ៦ វិច្ឆិកា ២០២៤។ ប៉ុន្តែលោកមិនបានបញ្ជាក់ខ្លឹមសារលម្អិតនៃកិច្ចពិភាក្សានេះឡើយ។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីលោក មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្រ្តី និងលោក ហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលមានវត្តមានក្នុងជំនួបនោះបាននៅឡើយទេ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ប្រាប់វីអូអេថា លោកនឹងជម្រាបជូនអ្នកសារព័ត៌មាន នៅពេលលោកទទួលបានខ្លឹមនៃជំនួបនោះ។
កាលពីខែឧសភា នៅក្នុងជំនួបតាមអនឡាញមួយជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា អតីតនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើទៅលោក Min Aung Hlaing សុំជជែកជាមួយអ្នកស្រី អោងសាន ស៊ូជីតាមវីដេអូអនឡាញ។ ប៉ុន្តែលោក ហ៊ុន សែន មិនបានបញ្ជាក់ថា តើមានការឆ្លើយតបយ៉ាងដូចម្តេចពីមេដឹកនាំយោធាមីយ៉ាន់ម៉ាឡើយ។
លោក ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទ៥ចំណុច ហើយរំពឹងថា ការរីកចម្រើននៃកិច្ចព្រមព្រៀងនេះ«នឹងចូលរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាពដែលមីយ៉ាន់ម៉ាខ្លួនឯងជាអ្នកដឹកនាំ និងជាម្ចាស់»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាដែលជាស្ថាប័នរបស់រដ្ឋាភិបាល ថ្លែងថា ជំនួបរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងមេដឹកនាំយោធារបស់មីយ៉ាន់ម៉ា គឺជាការបន្តទំនាក់ទំនងរវាងកម្ពុជានិងមីយ៉ាន់ម៉ាបន្ថែមទៀត បើទោះបីជាមីយ៉ាន់ម៉ាកំពុងមានវិបត្តិនយោបាយក៏ដោយ។ លោកបន្ថែមថា ជំនួបនេះក៏បង្ហាញឱ្យឃើញថា រដ្ឋាភិបាលកម្ពុជាចង់ឃើញប្រទេសមីយ៉ាន់ម៉ាត្រឡប់រកភាពប្រក្រតីឡើងវិញនៃស្ថានការណ៍នយោបាយ ហើយក៏ជាឱកាសដែលកម្ពុជាអាចចែករំលែកបទពិសោធនៃការដោះស្រាយវិបត្តិនយោបាយ សង្គ្រាមស៊ីវិលដល់មីយ៉ាន់ម៉ា ដោយសារកម្ពុជាធ្លាប់ឆ្លងកាត់បទពិសោធន៍នេះ។
បើតាមលោក គិន ភា បញ្ហានៅមីយ៉ាន់ម៉ាអាចនឹងត្រូវការពេលវេលាយូរក្នុងការស្វែងរកច្រកចេញ ប្រសិនបើគ្រប់ភាគីទាំងអស់នៅតែមានគំនិតខ្វែងគ្នា គិតតែពីប្រយោជន៍មុខមាត់ផ្ទាល់ខ្លួន និងមិនចូលរួមគិតពីប្រយោជន៍ជាតិជាធំ។
លោកប្រាប់វីអូអេនៅថ្ងៃពុធថា៖ «ខ្ញុំគិតថា បញ្ហាមីយ៉ាន់ម៉ានេះប្រហែលជាត្រូវការពេលវេលាយូរតទៅទៀត ដោយសារតែមានការខ្វែងគំនិតច្រើន ហើយបើយើងពិនិត្យមើលលើស្ថានភាពនៅមីយ៉ាន់ម៉ា ទាំងកត្តាប្រវត្តិសាស្រ្ត កត្តាជាតិពន្ធុ កត្តាវប្បធម៌ នយោបាយ ក៏ដូចជាតួនាទីយោធាក្នុងសង្គមមីយ៉ាន់ម៉ានេះ ខ្ញុំគិតថា ទាមទារឱ្យភាគីពាក់ព័ន្ធទាំងអស់មានការសម្របសម្រួល មានការធ្វើសម្បទានដល់គ្នាទៅវិញទៅមក ទើបអាចរកបាននូវដំណោះស្រាយមួយប្រកបដោយបរិយាបន្ន»។
លោកសង្កេតឃើញថា ជំហររបស់កម្ពុជាទៅលើមីយ៉ាន់ម៉ា គឺចង់ឱ្យមីយ៉ាន់ម៉ាវិលទៅរកភាពប្រក្រតីវិញ។
លោកថ្លែងថា៖ «កម្ពុជាតែងតែចង់ឃើញមីយ៉ាន់ម៉ាវិលត្រឡប់រកប្រក្រតីភាពមុនរដ្ឋប្រហារ។ ទី ២ ចង់ឃើញមីយ៉ាន់ម៉ាប្រកាន់យកដំណោះស្រាយឈ្នះៗ ឈរលើគោលការណ៍បរិយាបន្ន មានន័យថា មិនផាត់ចោលភាគីណាមួយនៅក្នុងវិបត្តិ។ ទី ៣ ចង់ឃើញសហគមន៍អន្តរជាតិប្រើប្រាស់វិធីសាស្រ្តនៃការចូលរួមក្នុងការដោះស្រាយជម្លោះ ហើយជំរុញយន្តការការទូតឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីឱ្យមេដឹកនាំយោធាមីយ៉ាន់ម៉ាទទួលយកវិធីសាស្រ្តក្នុងការដោះស្រាយ ជាពិសេសការចូលរួម គឺសំខាន់មែនទែន ពីគ្រប់ភាគីពាក់ព័ន្ធ»។
គួរបញ្ជាក់ថា ភាពចលាចល និងអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើតឡើងក្រោយមានរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់អ្នកស្រី អោងសាន ស៊ូជី កាលពីខែកុម្ភៈ ឆ្នាំ ២០២១។
កាលពីខែមេសា ឆ្នាំ ២០២១ មេដឹកនាំអាស៊ានដែលមានទាំងមេដឹកនាំយោធាមីយ៉ាន់ម៉ាផងដែរ បានមូលមតិគ្នាជាឯកច្ឆន្ទលើ៥ចំណុច ដើម្បីដោះស្រាយបញ្ហាតានតឹងនយោបាយ ក្រោយប្រទេសនេះធ្លាក់ក្នុងរដ្ឋប្រហារយោធា កាលពីដើមខែកុម្ភៈ ឆ្នាំ ២០២១។ ទី ១ បញ្ឈប់រាល់អំពើហិង្សាជាបន្ទាន់ ហើយគ្រប់ភាគីត្រូវរក្សាភាពអត់ធ្មត់ខ្ពស់បំផុត។ ទី ២ កិច្ចសន្ទនាប្រកបដោយការស្ថាបនារវាងភាគីពាក់ព័ន្ធ ដើម្បីផលប្រយោជន៍របស់ប្រជាជន។ ទី ៣ ចាត់តាំងប្រេសិតពិសេសរបស់អាស៊ានដើម្បីសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទី ៤ ផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ាន។ ទី ៥ ទស្សនកិច្ចរបស់ប្រេសិតពិសេសនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕
វេទិកាបញ្ចេញមតិ