ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Freedom House៖ ចិន​និង​មីយ៉ាន់ម៉ា​មាន​សេរីភាព​អ៊ីនធឺណិត​អាក្រក់​បំផុត​ដូច​គ្នា


រូបឯកសារ៖ មន្ត្រីប៉ូលិសចិនធ្វើប្រតិបត្តិការនៅស្ពានមួយនៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។
រូបឯកសារ៖ មន្ត្រីប៉ូលិសចិនធ្វើប្រតិបត្តិការនៅស្ពានមួយនៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។

ប្រទេស​ចិន​និង​មីយ៉ាន់ម៉ា​មាន​កំណត់ត្រា​បរិយាកាស​សេរីភាព​អ៊ីនធឺណិត​អាក្រក់​បំផុត​ដូចគ្នា​នៅ​លើ​ពិភពលោក ខណៈ​ដែល​សេរីភាព​ឌីជីថល​បាន​ធ្លាក់ចុះ​នៅ​ទូទាំង​សាកលលោក​ក្នុង​រយៈពេល ១៤ ឆ្នាំ​ជាប់ៗ​គ្នា។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ Freedom House ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី ១៦ ខែ​តុលា​កន្លង​ទៅ​នេះ។

លោក Kian Vesteinsson សហ​អ្នកនិពន្ធ​នៃ​របាយការណ៍​នេះ បាន​លើកឡើង​ថា ការ​ធ្លាក់ចុះ​ជា​សាកល​នេះ​គឺជា​ការ​គួរឱ្យ​ព្រួយ​បារម្ភ​ជាពិសេស​បើ​ពិនិត្យ​មើល​ទៅ​លើ​ចំនួន​នៃ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​នេះ។ ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក​បាន​បោះឆ្នោត​ឬ​កំពុង​ត្រៀម​ធ្វើ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ ២០២៤ នេះ។

លោក​ថ្លែង​ប្រាប់ VOA ថា៖ «បណ្ដាញ​អ៊ីនធឺណិត​ដែល​សេរី​និង​បើក​ចំហ​មាន​សារៈសំខាន់​ណាស់​សម្រាប់​លទ្ធិប្រជាធិបតេយ្យ​ដែល​ដំណើរការ​ល្អ​នៅ​ក្នុង​សតវត្សរ៍​ទី ២១ នេះ។ ប៉ុន្តែ​នៅ​ពេល​មនុស្ស​ជាច្រើន​នៅ​លើ​ពិភពលោក​ត្រូវ​ទៅ​បោះឆ្នោត ពួកគេ​មាន​ការ​ពិបាក​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ដែល​អាច​ទុកចិត្ត​បាន​តាម​អនឡាញ»។

របាយការណ៍​ប្រចាំ​ឆ្នាំ​ស្ដីពី​សេរីភាព​អ៊ីនធឺណិត​របស់​អង្គការ Freedom House នេះ​ត្រូវបាន​ចងក្រង​ឡើង​ផ្អែក​លើ​ការ​ស្ទង់មតិ​នៅ​ក្នុង​ប្រទេស​ចំនួន ៧២ ដែល​មាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​រហូត​ដល់​ទៅ ៨៧% នៃ​អ្នក​ប្រើប្រាស់​សរុប​នៅ​លើ​ពិភពលោក។ ក្នុង​ចំណោម​ប្រទេស​ទាំង​នោះ មាន​ប្រទេស​ចំនួន ៤១ បាន​បោះឆ្នោត​ឬ​គ្រោង​នឹង​រៀបចំ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​នេះ។

នៅ​ក្នុង​ផ្នែក​ដែល​និយាយ​អំពី​ប្រទេស​ដែល​រៀបចំ​ការ​បោះឆ្នោត អង្គការ Freedom House បាន​រក​ឃើញ​ថា រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​ចំនួន ២៥ បាន​រាំងខ្ទប់​វេបសាយ​មួយ​ចំនួន រឹតត្បិត​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​អនឡាញ ឬ​បាន​កាត់ផ្ដាច់​បណ្ដាញ​អ៊ីនធឺណិត​ទាំងស្រុង​តែម្ដង។ នៅក្នុង​ករណី​ស្ទើរតែ​ទាំងអស់ អ្នក​ធ្វើ​អត្ថាធិប្បាយ​ដែល​គាំទ្រ​រដ្ឋាភិបាល​បាន​កេង​ចំណេញ​ពីការ​បញ្ចេញ​ព័ត៌មាន​តាម​អនឡាញ និង​ជា​រឿយៗ​បាន​ជំរុញ​ការ​កុហក​នានា​អំពី​ដំណើរការ​ប្រជាធិបតេយ្យ។

របាយការណ៍​ដដែល​នេះ​បាន​រក​ឃើញ​ថា ការ​វាយប្រហារ​ហិង្សា​និង​ការ​ចាប់ខ្លួន​បែប​សងសឹក​ត្រូវបាន​ប្រើ​ជា​វិធី​បំបិទ​ការ​បញ្ចេញ​មតិ​នានា​នៅ​តាម​អនឡាញ។

លោក Vesteinsson អះអាង​ថា វិធានការ​ដាក់​សម្ពាធ​ដែល​អង្គការ Freedom House បាន​រក​ឃើញ «បាន​កើនឡើង​កាន់តែ​ច្រើន» នៅ​ចំ​ពេល​ដែល​មនុស្ស​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​ត្រៀម​ចេញ​ទៅ​បោះឆ្នោត។ លោក​ថា៖ «ករណី​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ភាព​ងាយស្រួល​ក្នុង​ការ​បញ្ចេញ​មតិ​អំពី​រឿង​នយោបាយ​តាម​អនឡាញ»។

ទោះជា​យ៉ាងណា​ក៏ដោយ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​មួយ​នេះ​បាន​កត់ត្រា​អំពី​ការ​រីក​ចម្រើន​សេរីភាព​តាម​អនឡាញ​នៅ​ក្នុង​ប្រទេស​ចំនួន ១៨។ ប្រទេស​អ៊ីស្លង់​នៅតែ​រក្សា​បាន​ចំណាត់ថ្នាក់​ជា​ប្រទេស​ដែល​មាន​បរិយាកាស​សេរីភាព​អ៊ីនធឺណិត​ល្អ​ជាងគេ​បំផុត​នៅលើ​ពិភពលោក។ ប៉ុន្តែ​បើ​មើល​ទៅលើ​មួយ​ជ្រុង​ទៀត ការ​ការពារ​សិទ្ធិ​មនុស្ស​តាម​អនឡាញ​បាន​ធ្លាក់ចុះ​នៅ​ក្នុង​ប្រទេស​ចំនួន ២៧។ នេះ​បើ​យោង​តាម​របាយការណ៍​ដដែល​នេះ។

របាយការណ៍​នេះ​បាន​រក​ឃើញ​ថា បច្ចុប្បន្ន​នេះ​ចិន​និង​មីយ៉ាន់ម៉ា​មាន​បរិយាកាស​សេរីភាព​អ៊ីនធឺណិត​អាក្រក់​ជាងគេ​បំផុត​ដូចគ្នា​នៅលើ​ពិភពលោក។ របាយការណ៍​នេះ​អះអាង​ថា នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​ប្រទេស​ផ្សេង​មាន​កម្រិត​សេរីភាព​អ៊ីនធឺណិត​ទាប​បំផុត​ស្មើ​នឹង​ប្រទេស​ចិន​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ។

សេរីភាព​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​មាន​សភាព​កាន់តែ​ដុនដាប​ជាង​មុន​តាំងពី​ពេល​ដែល​ក្រុម​យោធា​បាន​ឡើង​កាន់​អំណាច​តាមរយៈ​ការ​ធ្វើ​រដ្ឋប្រហារ​នៅ​ឆ្នាំ ២០២១ មក។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក Vesteinsson។ យុទ្ធវិធី​របស់​របប​យោធា​មីយ៉ាន់ម៉ា​មាន​ដូចជា​ការ​រារាំង​វេបសាយ​ព័ត៌មាន​ឯករាជ្យ​និង​ការ​បង្ខំ​ឱ្យ​មាន​ការ​បិទ​ប្រព័ន្ធ​អ៊ីនធឺណិត​ជាច្រើន​ជាដើម។

លោក Vesteinsson បាន​និយាយ​ថា៖ «នេះ​គឺជា​របៀប​ដែល​ពួក​យោធា​បាន​ចាត់​វិធានការ​ពី​មួយ​ទៅ​មួយ​ក្នុង​គោល​បំណង​កាត់ផ្ដាច់​បណ្ដាញ​អ៊ីនធឺណិត​ដែល​សេរី​និង​បើក​ចំហ​ចេញ​ពី​ប្រជាជន​មីយ៉ាន់ម៉ា»។

ទាំង​ក្រសួង​ការបរទេស​ចិន​និង​យោធា​មីយ៉ាន់ម៉ា​មិន​បាន​ឆ្លើយតប​ចំពោះ​ការ​ស្នើ​សុំ​មតិ​យោបល់​ពី VOA នោះទេ។

លោក Vesteinsson បាន​បញ្ជាក់​ថា ទោះបីជា​ចិន​និង​មីយ៉ាន់ម៉ា​មាន​ចំណាត់ថ្នាក់​អាក្រក់​បំផុត​ដូចគ្នា​ក៏ដោយ ក៏​ទិដ្ឋភាព​នៃ​សេរីភាព​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​ទាំងពីរ​មាន​ស្ថានភាព​ខុសគ្នា​ស្រឡះ។ ភាព​ខុស​គ្នា​នោះ​គឺ​ថា​ប្រជាជន​ចិន​បាន​ប្រឈម​នឹង​ការ​រឹតត្បិត​ជា​ប្រព័ន្ធ​នេះ​អស់​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ ចំណែក​ឯ​ប្រជាជន​មីយ៉ាន់ម៉ា​វិញ​គឺ​ទើបតែ​ប្រឈម​នឹង​ការ​រឹតត្បិត​នេះ​តែ​ប៉ុណ្ណោះ​ដោយ​កំពុង​រៀន​រស់នៅ​នៅ​ក្រោម​របប​រឹតត្បិត​ថ្មី​នេះ។

របាយការណ៍​នេះ​បាន​រកឃើញ​ទៀត​ថា ប្រទេស​កៀហ្ស៊ីស៊ីស្ថាន​គឺជា​ប្រទេស​ដែល​មាន​សេរីភាព​អ៊ីនធឺណិត​ធ្លាក់ចុះ​ខ្លាំង​ជាង​គេ​ទាំងអស់​បើ​ប្រៀបធៀប​ទៅ​នឹង​ចំណាត់ថ្នាក់​របស់​ខ្លួន​កាលពី​ឆ្នាំ​មុន។

របាយការណ៍​នេះ​បាន​បង្ហាញ​បន្ថែម​ថា ប្រទេស​ផ្សេង​ទៀត​ដែល​មាន​ពិន្ទុ​ធ្លាក់ចុះ​ខ្លាំង​បំផុត​ដែរ​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​មុន​មាន​ដូចជា​ប្រទេស​អាស៊ែបៃហ្សង់ បេឡារុស អ៊ីរ៉ាក់ និង​ស៊ីមបាវ៉េ។

ខណៈ​ដែល​ទិដ្ឋភាព​ទូទៅ​នៃ​សេរីភាព​អ៊ីនធឺណិត​មាន​ភាព​អាប់អួរ​ខ្លាំង គេ​ឃើញ​មាន​ចំណុច​ល្អ​លេច​ឡើង​នៅ​ក្នុង​ប្រទេស​សំប៊ី ដោយ​សេរីភាព​នៅក្នុង​ប្រទេស​នេះ​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​ប្រទេស​ទាំងអស់​ដែល​ត្រូវបាន​ធ្វើការ​ស្ទង់មតិ។

ចាប់តាំង​ពី​ការ​បោះឆ្នោត​ឆ្នាំ ២០២១ នៅ​ក្នុង​ប្រទេស​សំប៊ី​មក ការ​រឹតត្បិត​របស់​រដ្ឋាភិបាល​បាន​ថយចុះ ហើយ​លំហ​សម្រាប់​សកម្មជន​តាម​អនឡាញ​ត្រូវ​បាន​បើក​ចំហ។ នេះ​បើ​យោង​តាម​របាយការណ៍​ដដែល​នេះ៕

XS
SM
MD
LG