ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​តម្កល់​ទុក​ទោស​២៥​ឆ្នាំ​សម្រាប់​មេបញ្ជាការ​ LRA របស់​អ៊ូហ្កង់ដា


រូបឯកសារ៖ លោក Dominic Ongwen ជាអតីត​ទាហាន​កុមារ​អ៊ូហ្កង់ដា​ដែល​បាន​ឡើង​តំណែង​រហូត​ដល់​ក្លាយ​ជា​មេបញ្ជាការ​នៃ​កងទ័ព​ Lord's Resistance Army បង្ហាញ ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) នៅ​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២។
រូបឯកសារ៖ លោក Dominic Ongwen ជាអតីត​ទាហាន​កុមារ​អ៊ូហ្កង់ដា​ដែល​បាន​ឡើង​តំណែង​រហូត​ដល់​ក្លាយ​ជា​មេបញ្ជាការ​នៃ​កងទ័ព​ Lord's Resistance Army បង្ហាញ ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) នៅ​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២។

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ បាន​តម្កល់​ទោសចំពោះ​លោក Dominic Ongwen អតីត​ទាហាន​កុមារ​អ៊ូហ្កង់ដា​ម្នាក់ ដែល​បាន​ឡើង​តំណែង​រហូត​ដល់​ក្លាយ​ជា​មេបញ្ជាការ​នៃ​កងទ័ព​ Lord's Resistance Army ដ៏​អសោច ដោយ​តុលាការ​នេះ​បាន​តម្កល់​ទុក​ការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​២៥​ឆ្នាំ​ពី​បទ​រំលោភ​សេព​សន្ថវៈ ការ​សម្លាប់ និង​ការ​ចាប់​ពង្រត់​កុមារ។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន Reuters។

ប្រធាន​អង្គ​ចៅក្រម​គឺ​លោកស្រី Luz del Carmen Ibanez Carranza បាន​ថ្លែង​ថា៖ «សាលាឧទ្ធរណ៍បដិសេធ​រាល់​មូលដ្ឋាន​អំណេះអំណាង​ការពារ​ខ្លួន​របស់​ភាគី​ប្តឹង​ឧទ្ធរណ៍ ហើយ​សម្រេច​ជា​ឯកច្ឆន្ទរក្សាទុកការដាក់​ទោស។»

ក្រោយ​មក អង្គ​ចៅក្រម​ក៏​បាន​បដិសេធ​រាល់​អំណះអំណាង​ប្តឹង​ឧទ្ធរណ៍​ទាក់ទឹង​នឹង​ការ​កាត់​ទោស។

ក្រុម LRA ដែល​ដឹកនាំ​ដោយ​មេបញ្ជាការ​ Joseph Kony បាន​ធ្វើឱ្យ​ប្រជាជន​អ៊ូហ្កង់ដា​មាន​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​អស់​រយៈ​ពេល​ជិត​២០​ឆ្នាំ​ ខណៈ​ដែល​ក្រុម​នេះ​បាន​ប្រយុទ្ធ​នឹង​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Yoweri Museveni ពី​មូលដ្ឋាន​នានា​នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ូហ្កង់ដា និង​ប្រទេស​ជិត​ខាង។​

ក្រុម​ជីវពល​នេះ​ភាគ​ច្រើន​ត្រូវ​បាន​កម្ទេច​អស់។​

លោក Ongwen ដែល​បច្ចុប្បន្ន​មាន​ជាង​៤០​ឆ្នាំ ត្រូវ​បាន​គេ​ចាប់​ពង្រត់​កាល​លោក​នៅ​ជា​កុមារ​អាយុ​៩​ឆ្នាំ ហើយ​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​រស់​នៅ​ក្នុង​ជីវិត​ដែល​ពោរពេញ​ដោយ​អំពើ​ហិង្សា ក្រោយ​ក្រុម​នេះ​បាន​សម្លាប់​ឪពុក​ម្តាយ​របស់​លោក។

មេធាវី​ការពារ​ចុងចោទ​បាន​ផ្តល់​អំណះអំណាង​ថា បទពិសោធ​ដ៏​អាក្រក់​ដែល​លោក​ធ្លាប់​ជួប​ពី​កុមារ​ជាមួយ​ក្រុម LRA ធ្វើឱ្យ​លោក​មិន​អាច​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព​របស់​លោក​ពេល​ពេញ​វ័យ​នោះ​ទេ។

ក៏​ប៉ុន្តែ​ចៅក្រម​សាលា​ឧទ្ធរណ៍​បាន​បដិសេធ​អំណះអំណាង​នេះ និង​បាន​តម្កល់​សេចក្តី​សម្រេច​របស់​តុលាការ​ជាន់​ទាប ដែល​បាន​រក​ឃើញ​ថា លោក Ongwen មិន​បាន​រង​នូវ​ការ​បង្ខិតបង្ខំ​អ្វី​ទេ និង​បាន​ធ្វើ​សកម្មភាព​ដោយ​ឯករាជ្យ​នៅ​ពេល​លោក​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​នានា​ដែល​ត្រូវ​តុលាការ​កាត់​ឱ្យ​ជាប់​ទោស​នោះ។

លោក Ongwen ជា​ជន​សង្ស័យ​ពី​ក្រុម LRA តែ​មួយ​គត់​ដែល​ត្រូវ​បាន​យក​មក​កាត់​ទោស​នៅ​ចំពោះ​មុខ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC មក​ទល់​នឹង​ពេល​នេះ។ លោក Kony នៅ​តែ​មិន​ទាន់​ត្រូវ​បាន​គេ​ចាប់​ខ្លួន ថ្វី​បើ​តុលាការ​នេះ​បាន​ចេញ​ដីកា​តាម​ចាប់​ខ្លួន​លោក​ចាប់​តាំង​ពី​ឆ្នាំ​២០០៥​មក​ម្ល៉េះ។

ក្នុង​អំឡុង​សវនាការ​នៅ​ដើម​ឆ្នាំ​នេះ លោក Ongwen បាន​ថ្លែង​ប្រាប់​អង្គ​ចៅក្រម​ថា លោក​មាន​អារម្មណ៍​ថា​ដូច​ជា​គេ​បានបន្ទោស​លោក​ចំណោះ​រាល់​បទ​ឧក្រិដ្ឋ​ដែល​ប្រព្រឹត្ត​ដោយ​លោក Kony។

រដ្ឋអាជ្ញា​តុលាការ​ ICC ថា​លោក​នឹង​ព្យាយាម​ជំរុញ​ការ​ចាប់ផ្តើម​ដំណើរការ​កាត់​ទោស​លោក Kony និង​ពង្រឹង​កិច្ចប្រឹងប្រែង​ដើម្បី​នាំ​រូប​លោក​មក​ជំនុំជម្រះ។

ក្រុម​រដ្ឋអាជ្ញា​និង​មេធាវី​ដែល​តំណាង​ឱ្យ​ជន​រងគ្រោះ​ជាង​៤.០០០​នាក់​ដែល​ចូល​រួម​នៅ​ក្នុង​សំណុំ​រឿង​នេះ បាន​ស្នើ​ដល់​អង្គ​ចៅក្រមឱ្យ​តម្កល់​ទុក​ការ​ដាក់​ទោស​និងកាត់​ទោស។​

តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០២ ដើម្បី​កាត់​ទោស​បុគ្គល​នានាចំពោះឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទ្រង់ទ្រាយ​ធំ​ផ្សេង​ទៀត៕

ប្រែ​សម្រួល​ដោយលោក​ សឹង សុផាត

XS
SM
MD
LG