ការផ្ទុះចំនួន២នៅក្បែរអគារសភា និងស្ថានីយប៉ូលិសនៅប្រទេសអ៊ូហ្កង់ដា បណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច៣នាក់។ ការផ្ទុះនៅព្រឹកថ្ងៃអង្គារ នៅក្នុងរដ្ឋធានីកំប៉ាឡានៃប្រទេសអ៊ូហ្កង់ដានេះ បានធ្វើឲ្យបែកកញ្ចក់បង្អួច និងឆេះរថយន្តជាច្រើនគ្រឿងនៅតាមផ្លូវនានាក្នុងរដ្ឋធានី។
គេឃើញមានសាកសពមនុស្ស២នាក់នៅក្បែរអគារសភាអ៊ូហ្កង់ដា និងមួយទៀតនៅខាងក្រៅស្ថានីយប៉ូលិស ខណៈពេលដែលកម្លាំងសន្តិសុខ កំពុងហំព័ទ្ធបិទតំបន់នោះ។
អនុប្រធានមន្ទីរពេទ្យបង្អែកជាតិ Mulago ក្នុងប្រទេសអ៊ូហ្កង់ដា អ្នកស្រី Rosemary Byanyima និយាយថា មន្ទីរពេទ្យទទួលបានអ្នករងរបួសចំនួន២៧នាក់ ដែលក្នុងនោះ ៧នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
នេះ ជាការផ្ទុះលើកទី៣ហើយ នៅក្នុងរដ្ឋធានីកំប៉ាឡា ចាប់តាំងពីខែតុលាមក ដែលនៅពេលនោះគ្រាប់បែកមួយគ្រាប់ បានផ្ទុះនៅក្នុងភោជនីយដ្ឋានមួយកន្លែង ហើយបានសម្លាប់មនុស្សម្នាក់ និង ៥ នាក់ផ្សេងទៀតរងរបួស។
អាជ្ញាធរក្នុងប្រទេសអ៊ូហ្កង់ដា នៅមិនទាន់ដាក់កំហុសទៅលើនរណាម្នាក់នៅឡើយទេ នៅក្នុងការផ្ទុះកាលពីព្រឹកថ្ងៃអង្គារនេះ ប៉ុន្តែការវាយប្រហារក្នុងពេលកន្លងទៅ ក្រុមជីវពលនៃរដ្ឋអ៊ីស្លាម អះអាងថា ពួកគេជាអ្នកធ្វើ៕