ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក​គាំទ្រ​គោល​នយោបាយ​ច្បាប់​និង​សណ្ដាប់ធ្នាប់​របស់​លោក Trump


លោក William Barr ស្ថិត​ក្នុង​សវនាការ​របស់​គណៈកម្មាធិការ​យុត្តិធម៌​របស់​សភា​ កាលពី​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។

ការ​គាំទ្រ​ដ៏​ក្លៀវក្លា​របស់​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​លោក William Barr ចំពោះ​គោលនយោបាយ​ច្បាប់​និង​សណ្តាប់ធ្នាប់​សង្គម​របស់​លោក​ប្រធានាធិបតី Donald Trump ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី កំពុង​បណ្តាល​ឱ្យ​មាន​ការ​ជជែក​ដេញដោល​អំពី​ភាពត្រឹមត្រូវ​នៃ​តួនាទី​របស់​ក្រសួង​យុត្តិធម៌​ក្នុង​នយោបាយ​បោះឆ្នោត។

នៅពេល​ដែល​លោក Trump អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ទីក្រុង Kenosha រដ្ឋ Wisconsin កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន ដើម្បី​ពិនិត្យ​មើល​អាជីវកម្ម​នានា​ដែល​រង​ការ​ខូចខាត និង​ដើម្បី​ប្រកាស​ផ្តល់​ថវិកា​គ្រា​អាសន្ន​ចំនួន​ជាង ៤០ លាន​ដុល្លារ​សម្រាប់​សុវត្ថិភាព​សាធារណៈ​សម្រាប់​ទីក្រុង Kenosha និង​រដ្ឋ Wisconsin លោក​បាន​នាំ​លោក Barr ទៅ​ជាមួយ។

ដោយ​បន្ទោរ​តាម​វោហាសាស្រ្ត​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Trump អំពី​ក្រុម​មនុស្ស​មួយ​ចំនួន​ដែល​ត្រួតត្រា​លើ​ការ​តវ៉ា​ទាក់ទិន​នឹង​ភាព​អយុត្តិធម៌​ជាតិ សាសន៍ និង​ភាព​ព្រៃផ្សៃ​របស់​ប៉ូលិស លោក Barr បាន​ថ្លែង​ប្រាប់​ក្រុម​មេដឹកនាំ​មូលដ្ឋាន​ថា ដោយសារតែ​បញ្ជា​របស់​លោក Trump តែ​ប៉ុណ្ណោះ ដែល​លោក​អាច​មាន​ពេល​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ដាក់​ពង្រាយ​ភ្នាក់ងារ​សហព័ន្ធ​នៅ​ទីក្រុង Kenosha។

ទីក្រុង Kenosha បាន​ជួបប្រទះ​នូវ​បាតុកម្ម​ហិង្សា និង​កុបកម្ម​រយៈពេល​ជាច្រើន​ថ្ងៃ បន្ទាប់ពី​ប៉ូលិស​ម្នាក់​បាន​បាញ់​លោក Jacob Blake ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​ជា​ច្រើន​គ្រាប់​កាលពី​ថ្ងៃ​ទី ២៣ ខែ​សីហា ដែល​បណ្ដាល​ឱ្យ​លោក​ពិការ។

លោក Barr បាន​និយាយ​ថា៖ «រដ្ឋាភិបាល​សហព័ន្ធ​នឹង​ប្រើ​ច្បាប់​ទាំងអស់​ដើម្បី​នាំ​មនុស្ស​ទាំង​នោះ​ឱ្យ​មក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់»៕

XS
SM
MD
LG