ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​កាសែត​អាហ្វហ្គានីស្ថាន​ម្នាក់​ដែល​ចង់​រក​កន្លែង​សុវត្ថិភាព​ថា​ខ្លួន​​«​អស់សង្ឃឹម»​


អ្នក​កាសែត​អាហ្វហ្គានីស្ថាន​ម្នាក់​ថត​វីដេអូ​​នៅ​កន្លែង​កើត​ហេតុ​នៃ​ការ​បាញ់​សម្លាប់​មន្ត្រី​រដ្ឋាភិ​បាល​អាហ្វហ្គានីស្ថាន​ម្នាក់​កាល​ពី​​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០២១។
អ្នក​កាសែត​អាហ្វហ្គានីស្ថាន​ម្នាក់​ថត​វីដេអូ​​នៅ​កន្លែង​កើត​ហេតុ​នៃ​ការ​បាញ់​សម្លាប់​មន្ត្រី​រដ្ឋាភិ​បាល​អាហ្វហ្គានីស្ថាន​ម្នាក់​កាល​ពី​​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០២១។

ព័ត៌មាន​ចុងក្រោយ​ពី​ស្ថានភាព​នៅ​អាហ្វហ្គានីស្ថានមាន​នៅ Live Blog វីអូអ​ខ្មែរ

អ្នក​កាសែត​អាហ្វហ្គានីស្ថាន​និយាយ​ថា​ពួកគេ​កំពុង​រស់នៅ​ដោយ​ភ័យខ្លាច​និង​តប់​ប្រមល់​ដោយសារ​ភាពយឺតយ៉ាវ​និង​ភាព​ស្មុគ្រស្មាញ​នៃ​ដំណើរការ​រក​កន្លែង​សុវត្ថិភាព​នៅ​ក្នុង​ប្រទេស​ថ្មី។​

អ្នក​កាសែត​ម្នាក់​ដែល​ធ្វើការ​ឲ្យ​បណ្តាញ​ព័ត៌មាន​អន្តរជាតិ​បាន​ប្រាប់ ​VOA ​ថា៖ «ខ្ញុំ​ខក​ចិត្ត​ណាស់។ ​ខ្ញុំ​មិន​ដឹង​ថា​នឹង​មាន​អ្វី​កើត​មាន​ឡើង​ចំពោះ​ខ្ញុំទេ។​ ខ្ញុំ​ពិតជា​ភ័យ​ខ្លាច​អំពី​ជីវិត​របស់​ខ្ញុំ»។​

អ្នក​កាសែត​ម្នាក់​ដែល​សុំ​មិនប្រាប់​អត្តសញ្ញាណ​ដោយ​ហេតុផល​សន្តិសុខ​និយាយ​ថា​ អ្នក​ស្រី​និង​ក្រុម​គ្រួសារ​បាន​ចាក​ចេញពី​ទីក្រុង ​Herat ​មួយ​ថ្ងៃ​មុន​ទីក្រុង​នេះ​ធ្លាក់​ចូល​ក្នុង​កណ្តាប់​ដៃ​ពួក​តាលីបង់។​មុន​នោះ ក្រុមនេះ​បាន​គំរាម​កំហែង​អ្នក​ស្រី​តាម​ទូរសព្ទ​និង​ដោយ​ផ្ទាល់។​

អ្នក​កាសែត​រូប​នោះ​បាន​ផ្លាស់​ទីលំនៅ​ទៅ​រដ្ឋធានី​កាប៊ុល។​ ក៏ប៉ុន្តែ​ទីក្រុង​នោះ​ក៏​ធ្លាក់​ក្នុង​ដៃ​ពួក​តាលីបង់​ដែរ។​

អ្នក​កាសែត​នេះ​និយាយ​ថា​សូម្បី​នៅ​ក្នុង​រដ្ឋធានី​កាប៊ុលអ្នក​ស្រី​រង​ការ​គំរាម​កំហែង ហើយ​ថា ​ប្រយុទ្ធជនតាលីបង់​បាន​ទៅ​តំបន់ដែលអ្នកស្រី​និង​ក្រុម​គ្រួសារ​កំពុង​ស្នាក់​នៅ។​អ្នកស្រី​និយាយ​ថា៖ «ខ្ញុំ​ខ្លាច​ស្លាប់​នៅ​ពេលគេប្រាប់​ថា​ពួក​តាលីបង់​នៅ​ក្នុង​សង្កាត់​នេះ»។​

អ្នក​កាសែត​រូប​នោះ​ដែល​បាន​រាយ​ការណ៍​ឲ្យ​បណ្តាញ​ព័ត៌មាននិង​ទីភ្នាក់ងារ​ព័ត៌​អន្តរជាតិ​បាន​និយាយ​ថា៖​«យើង​ស្ថិត​នៅ​ក្នុង​បន្ទប់​មួយ​ដូច​អ្នកទោស។​ យើង​មិន​អាច​ចេញ​ទៅ​ក្រៅ​បាន។​ខ្ញុំ​ពិតជា​ចង់​ឲ្យ​គេ​ជម្លៀស​ទៅកន្លែងដែល​ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព»។

ម្យ៉ាង​វិញ​ទៀតមេ​ប៉ូលិស​អាហ្វហ្គានីស្ថាន​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ទីក្រុង​កាប៊ុល។

យោធា​អាមេរិក​និង​សម្ព័ន្ធ​មិត្តបាន​ជួយ​សង្គ្រោះ​មន្រ្តី​ប៉ូលិស​ជាតិ​អាហ្វហ្កានីស្ថាន​ជាន់ខ្ពស់​ម្នាក់​ដែល​ក្រុម​តាលីបង់​កំពុង​តាម​រកដោយសារ​គាត់​ធ្វើការ​ជាមួយ​យោធា​អាមេរិក​ច្រើន​ឆ្នាំ។​

លោក​ Mohammad Khalid Wardak ​និង​ក្រុម​គ្រួសារ​ត្រូវ​បាន​ដឹក​តាម​យន្តហោះ​កាលពី​ថ្ងៃពុធ​ទៅ​ទីសុវត្ថិភាព​ដោយ​មិន​ប្រាប់​ឱ្យ​ដឹង។​មន្រ្តី​រូប​នេះ​បាន​សម្ងំ​លាក់ខ្លួន​ជាមួយ​ប្រពន្ធ​និង​កូន​បួន​នាក់នៅ​ទីក្រុង​កាប៊ុលពី​កន្លែង​មួយ​ទៅ​កន្លែង​មួយហើយ​មិន​អាច​ចូល​ទៅ​ក្នុង​អាកាស​យានដ្ឋាន​ដែល​ពួក​តាលីបង់​គ្រប់គ្រង​ច្រកចូល​នោះទេ។​

គាត់​ល្បី​ឈ្មោះ​ព្រោះគាត់​ជា​ស្នងការ​ប៉ូលិស​នៅ​ក្នុង​ខេត្ត​ Helmand និង​ធ្លាប់​បាន​បង្ហាញ​ខ្លួន​តាម​ទូរទស្សន៍​រួមទាំង​កម្មវិធី​មួយ​គាត់​បាន​បង្ហាញ​ជំហរ​ប្រយុទ្ធ​នឹង​ពួក​តាលីបង់៕​

(សេចក្តី​រាយ​ការណ៍​នេះ​ផ្តើមដោយ​វីអូអេ​អាហ្វហ្គានីស្ថាន​ហើយ​ព័ត៌មាន​ចុង​ក្រោយ​ខ្លះ​ដកស្រង់​ពីទីភ្នាក់ងារ​ព័ត៌មាន​AP)

XS
SM
MD
LG