ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហុងគ្រី​ប្រកាសស្ថានភាព​មាន​អាសន្ន​នៅ​ព្រំដែន​របស់​ខ្លួន​ជាប់​ប្រទេស​ស៊ែប៊ី


ជន​ចំណាកស្រុក​ម្នាក់​កំពុង​ប្រតិកម្ម​ទៅនឹង​ការ​ដាក់​របាំង​នៅ​ជិត​ចំណត​រថភ្លើង​ឆ្លង​កាត់​ព្រំដែន​រវាង​ប្រទេស​ស៊ែប៊ី​និង​ប្រទេស​ហុងគ្រី​ នៅ​ជិតភូមិ​ Horgos ប្រទេស​ស៊ែប៊ី កាលពីថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ២០១៥។
ជន​ចំណាកស្រុក​ម្នាក់​កំពុង​ប្រតិកម្ម​ទៅនឹង​ការ​ដាក់​របាំង​នៅ​ជិត​ចំណត​រថភ្លើង​ឆ្លង​កាត់​ព្រំដែន​រវាង​ប្រទេស​ស៊ែប៊ី​និង​ប្រទេស​ហុងគ្រី​ នៅ​ជិតភូមិ​ Horgos ប្រទេស​ស៊ែប៊ី កាលពីថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ២០១៥។

កាល​ពី​ថ្ងៃ​អង្គារ ​អាជ្ញាធរ​នៃប្រទេស​ហុងគ្រី​បាន​ប្រកាស​ស្ថានភាព​មាន​អាសន្ន​នៅ​ក្នុង​ស្រុក​ពីរ​ក្នុង​ផ្នែក​ខាង​ត្បូង​ប្រទេស​របស់​ខ្លួន​ ដែល​នេះ​ជា​ផ្នែក​មួយ​នៃការ​បង្ក្រាប​ពួក​ជន​ចំណាក​ស្រុក​ដែល​ខិតខំ​ប្រឹង​ប្រែង​ឱ្យ​បាន​ទៅ​ដល់​សហភាព​អឺរ៉ុប។​

ចំណាត់​ការ​នេះ​មាន​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ប្រទេស​ហុងគ្រី​ បាន​បិទ​ច្រក​របង​ព្រំដែន​របស់​ខ្លួន​ដែល​ជាប់​ជាមួយ​ប្រទេស​ស៊ែប៊ី ជាទី​ដែល​ពួក​ជន​ទេសន្តរប្រវេសន៍​បាន​ប្រើប្រាស់​ច្រើន​សប្តាហ៍​មក​ហើយ​ធ្វើ​ជា​កន្លែង​ចូល​ក្រៅ​ផ្លូវការ។

កាលពី​ថ្ងៃ​អង្គារ ​ពួក​ជន​ចំណាក​ស្រុក​រាប់​រយ​នាក់​បាន​បន្ត​ទៅ​មុខ​ប្រឆាំង​នឹង​របាំង​ថ្មី​នេះ​ ហើយ​ទាមទារ​ឱ្យ​អាជ្ញាធរ​អនុញ្ញាត​ឱ្យ​ពួក​គេ​ឆ្លង​កាត់​ព្រំដែន។​ ពួក​គេ​បាន​ស្រែក​បន្ទរ​ថា៖ «បើក​ព្រំដែន បើកព្រំដែន»​នៅ​ពេល​ដែល​ពួក​ប៉ូលិស​ឈរ​នៅ​ម្ខាង​ទៀត​នៃ​ព្រំដែន។​

ពួក​អ្នកស្ម័គ្រ​ចិត្ត​ក្នុង​មូលដ្ឋាន​ដែល​បាន​ចែក​ចាយ​ម្ហូប​អាហារ​និង​ទឹក​បាន​និយាយ​ថា​ មនុស្ស​២០០នាក់​បាន​ឆ្លង​កាត់​ព្រំដែន​នៅ​ទីនោះ​កាលពី​ថ្ងៃ​ចន្ទ។

កាល​ពី​ល្ងាច​ថ្ងៃចន្ទ​ ​តង់​ដែល​ពួក​អ្នកស្ម័គ្រ​ចិត្ត​បាន​ដំឡើង​នៅ​ជិត​របង​នោះ​មិន​មាន​មនុស្ស​នៅ​ទី​នោះ​ទៀតទេ​ ក៏ប៉ុន្តែ​កាល​ពី​ពីរ​បី​ថ្ងៃមុននេះ​ មាន​ពួក​ជន​ចំណាក​ស្រុក​សម្រាក​នៅ​ពេញ​ទីនោះ​ នៅ​ក្រោយ​ការ​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ​របស់​ពួក​គេ។

នៅ​ចម្ងាយ​ប្រមាណ​មួយ​គីឡូម៉ែត្រ​ពី​ទីនោះ​ នៅ​កន្លែងឆ្លង​កាត់​ព្រំដែន​ជា​ផ្លូវការ​ពី​ប្រទេស​ស៊ែប៊ី​ចូល​ទៅ​ក្នុង​ប្រទេស​ហុងគ្រី​ ពួកប៉ូលិស​បាន​ដាក់​របាំង​មួយ​ដើម្បី​រារាំង​ពួក​អ្នកកាសែត​ឬពួក​អ្នកស្ម័គ្រចិត្ត​ពី​ទី​នោះ​នៅ​ពេល​ដែលពួក​ជន​ទេសន្តប្រវេសន៍​ដែល​បាន​ទៅ​ដល់​ព្រំដែន​ ត្រូវ​បាន​ដឹក​នៅ​ក្នុង​ឡាន​ក្រុង​ទៅ​កាន់​ស្ថានីយ៍​រថភ្លើង​ Roszke៕

XS
SM
MD
LG