ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូន និង​កូន​ប្រសារ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នឹង​ឈរ​ឈ្មោះ​បោះឆ្នោត​ខែ​កក្កដា​


គ្រួសារ⁣​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង⁣លោកថាក់ស៊ីន ស៊ីណាវ៉ាត់។ Reuters
គ្រួសារ⁣​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង⁣លោកថាក់ស៊ីន ស៊ីណាវ៉ាត់។ Reuters

កម្ពុជា​គ្រោង​រៀប​ចំការបោះឆ្នោត​ជាសកល​ដើម្បី​ជ្រើស​រើស​សមាជិក​សភា​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ។​

ភ្នំពេញ៖​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​សម្រេច​តែង​តាំង​កូន​ប្រុស​បង្កើត​មួយ​រូប និងកូន​ប្រសារ​មួយ​រូប​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ឲ្យ​ឈរ​ឈ្មោះ​ជា​អ្នក​តំណាង​រាស្ត្រ​សម្រាប់​ការ​ចូល​រួម​ប្រកួត​ប្រជែង​បោះឆ្នោតដែល​គ្រោង​ធ្វើ​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ។ នេះ​បើតាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា។​
លោក​ហ៊ុន ម៉ានី​ កូនប្រុស​បង្កើត​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​ជាញឹក​ញាប់​ត្រូវបាន​អ្នក​តាមដាន​មើល​ឃើញ​ថា លោក​ធ្វើ​ការងារ​ជាមួយ​ក្រុម​យុវជន​ត្រូវ​បាន​តែង​តាំង​ជាបេក្ខភាព​តំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់​ស្ពឺ។ ចំណែក​លោក​ឌី វិជ្ជា​ កូន​ប្រសារ​លោក​ហ៊ុន សែន​ត្រូវ​បាន​គណបក្ស​តែង​តាំង​ជា​បេក្ខភាព​លេខ​រៀង​ទី១​នៅ​មណ្ឌល​ខេត្ត​ស្វាយរៀង។​
លោក​ជាម យៀប​ សមាជិក​សភាតំណាង​រាស្ត្រ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍ថា មាន​អភិបាល​ខេត្ត​ក្រុង​ចំនួន​ប្រាំមួយ​រូប​ផ្សេង​ទៀត​ត្រូវ​ឈរ​ឈ្មោះ​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥​នេះ​គឺ​រួមមាន អភិបាល​ក្រុង​ភ្នំពេញ​ ខេត្ត​កំពង់​ស្ពឺ​ ខេត្ត​បន្ទាយ​មានជ័យ លោក​ហ៊ុន ណេង អភិបាល​ខេត្តកំពង់​ចាម​ដែល​ជា​បងប្រុស​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​អភិបាល​ខេត្ត​កណ្តាល។​
«វាស៊ីសង​ទៅ​លើការជ្រើស​តាំង​របស់​ប្រជាពលរដ្ឋ​ទៀត។ យើង​គ្រាន់​តែជាការ​រៀប​ចំរបស់​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទេ»។
កម្ពុជា​គ្រោង​រៀប​ចំការបោះឆ្នោត​ជាសកល​ដើម្បី​ជ្រើស​រើស​សមាជិក​សភា​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ។​
លោក ជាម យៀប បាន​និយាយ​ថា ក្នុង​ចំណោម​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​៩០​រូប​មួយ​ចំនួន​បាន​លា​ឈប់​ពី​សមាជិក​សភា។ លោក​បាន​និយាយ​ថា ការ​ជ្រើស​តាំង​កូន​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី​ឲ្យឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ​មិន​មែន​លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន ជាអ្នក​កំណត់​ទេ​គឺ​នៅ​តាម​មូលដ្ឋាន​បាន​សម្រេច​បោះឆ្នោត​តែងតាំង។​
លោក​បណ្ឌិត ឡៅ​ ម៉ុងហៃ​ អ្នក​វិភាគ​ឯករាជ្យ​មួយ​រូប​បាន​និយាយ​ថា ការ​ដោះដូរ​នេះ​ជាធម្មតា​តែ​ប៉ុណ្ណោះ​សម្រាប់​គណបក្ស​នយោបាយ។ លោក​បាន​និយាយ​ថា ការ​ដាក់​បេក្ខភាព​កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ជា​តំណាង​រាស្ត្រ​មិន​មាន​អ្វី​ប្លែកទេ​ដោយ​សារ​តែទំនោរ​នេះ​មាន​ជាយូរ​មក​ហើយ​ដែល​លោក​ហ៊ុន សែន​ចង់​ឲ្យ​សមាជិក​ក្រុម​គ្រួសារ​របស់​លោកធ្វើ​ជា​ថ្នាក់​ដឹកនាំ​ប្រទេស។​
«មិន​មាន​អ្វីប្លែក​ទេ​អ្នក​នយោបាយ​ខ្មែរ​អ្នក​ឯទៀតៗ​គឺអញ្ចឹង​ដែរ។ ថ្នាក់​ដឹកនាំក្រសួង​មួយៗ​គឺឃើញ​ថា ផ្ចុង​ផ្តើម​កូន ឬសាច់​ញាតិ​របស់​ខ្លួន​ឯង​ជាហូរ​ហែរ​មកដែរ​ក្នុង​ក្រសួង​មួយៗ​មាន​បង​ប្អូន​និង​កូន​ចៅ។ ល្អអាក្រក់​នោះ​ជារឿង​មួយ​ទៀត»។​
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​និយាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​តែ​ភ័យ​ខ្លួន​ទោះបីជា​ការ​ដោះដូរ​តំណាង​រាស្ត្រ​ថ្មី​ក៏​ដោយ​ក៏​មិន​អាច​កែ​ប្រែស្ថានភាព​កម្ពុជា​បាន​ទេ។
លោកបាន​មាន​ប្រសាសន៍​ថា លុះត្រា​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​ការ​ដោះដូរ​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​តែម្តង​នោះ​ជា​ការ​ប្រសើរ។
«ក្រែង​លោក​មាន​នាយករដ្ឋ​មន្ត្រីណា​គេល្អប្រសើរ​ជាង​ហ្នឹង​នោះ​អាច​កែកុន​បាន។ បើគ្រាន់​តែ​ដូរ​តំណាង​រាស្ត្រ​ ដូរ​តែ​ចៅហ្វាយ​ខេត្ត​គឺ​នៅតែ​ចាញ់​គណបក្ស​សង្គ្រោះជាតិ​ឆ្នាំ២០១៣»។​
លោក កឹម សុខា​ បាន​និយាយ​ថា​ ការ​ដោះដូរ​នេះ​ដោយសារ​តែគណបក្ស​ប្រជាជន​មាន​កំហុស​ជាច្រើន​ដែល​មិន​អាច​ដោះ​ស្រាយ​បញ្ហាជាតិ​ធំៗបាន​ទើប​ខំប្រឹង​ធ្វើ​ការ​កែទម្រង់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG