ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​សង្គ្រោះ​ជាតិ​ជ្រើសរើស​លោក​សម រង្ស៊ី​ជា​ប្រធាន​និង​សំឡឹង​ទៅ​ការ​ដឹកនាំ​ប្រទេស

  • គង់ សុឋានរិទ្ធ

លោក​សម រង្ស៊ី ​បាន​អះអាង​ថា​លោក​នឹង​ចាប់ដៃ​ជាមួយ​លោក​កឹម សុខា ​ឱ្យ​បាន​​កាន់​តែ​ខ្លាំង​ក្លា​ថែម​ទៀត។
ភ្នំពេញ៖ ថ្លែង​ទៅកាន់​អ្នកចូលរួម​មកពី​គ្រប់​ទិសទី​ប្រមាណ​ជា​មួយ​ម៉ឺន​នាក់​ដែល​អង្គុយ​នៅ​កណ្តាល​ដី​វាល​មួយ​ដ៏​ធំ​ក្រោម​សំពត់​តង់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សន្យា​កាលពី​ថ្ងៃអាទិត្យ​កន្លង​មក​នេះ​ថា​នឹងកែប្រែ​ការដឹកនាំ​ប្រទេស​នៅពេលដែល​ខ្លួន​ជាប់ឆ្នោត​ក្នុងការ​បោះឆ្នោត​ខាង​មុខ​នេះ។
លោក​សម រង្ស៊ី ​ដែល​កំពុង​ស្ថិត​ក្នុង​ការ​និរទេស​ខ្លួន​ដោយសារ​ការផ្តន្ទាទោស​ដោ​យ​តុលាការ​ខ្មែរ​ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ។

លោក​បាន​ថ្លែង​តាមរយៈ​ប្រព័ន្ធ​ស្កា​យ​ប៍(Skype)​ក្នុងឱកាស​សមាជ​លើកដំបូង​នៃ​គណបក្ស​ជំទាស់​របស់​លោក​ថា​លោក​នឹង​«បម្រើ​និង​ការពារ​ប្រទេស​ជាតិ ​ចាប់ពី ​ឆ្នាំ២០១៣​នេះ​តទៅ»ដែល​លោក​រំពឹងថា​គណបក្ស​លោក​នឹង​ឈ្នះឆ្នោត​នោះ។

លោក​សម រង្ស៊ី ​បាន​អះអាង​ថា​លោក​នឹង​ចាប់ដៃ​ជាមួយ​លោក​កឹម សុខា ​ឱ្យ​បានកាន់​តែ​ខ្លាំង​ក្លា​ថែម​ទៀត។

«ខ្ញុំ​នឹង​សហការ​ជាមួយ​ឯកឧត្តម​កឹម សុខា ​ដូច​បងប្អូន​បង្កើត​ដើម្បី​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ឆ្ពោះ​ទៅ​រក​ជោគជ័យ​ទៅ​ដឹកនាំ​រដ្ឋាភិបាល​នៅ​ឆ្នាំ២០១៣​នេះ។ សូម​ឲ្យ​បងប្អូន​ដែល​ធ្លាប់​បោះ​ឲ្យ​សញ្ញា​ភ្លើងទៀន ​បែរ​ទៅ​រក​ពន្លឺ​ព្រះអាទិត្យ​ ដែល​ធ្លាប់​រក​សញ្ញា​ព្រះ​ច័ន្ទ​ពេញ​បូរមី​ ក៏​សូម​បែរ​ទៅរក​ពន្លឺ​ព្រះអាទិត្យ​ទាំងអស់​គ្នា»។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ច្របាច់​បញ្ចូល​គ្នា​ដោយ​គណបក្ស​សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិមនុស្ស។
ក្នុង​សមាជ​ដែល​ស្ថិត​នៅជាប់​ក្បែរផ្លូវ​ជាតិ​លេខ៤ ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ជាយក្រុង​ភ្នំពេញ​ក្រុម​ប្រជាពលរដ្ឋ​ដែល​មកពី​បណ្តា​ខេត្ត ​ក្រុង​ក្នុង​ប្រទេស​កម្ពុជា​បាន​អង្គុយ​សម្លឹង​កញ្ចក់​ទូរទស្សន៍​ដែក​ភ្ជាប់​រូបភាព​លោក​សម រង្ស៊ី ​ពី​ក្រៅ​ប្រទេស។ ខ្លះ​ឈរ​នៅ​ខាងក្រៅ​ដំបូល​តង់​ដោយសារតែ​គ្មាន​កន្លែង​អង្គុយ។

សមាជ​បាន​ជ្រើសតាំង​លោក​កឹម សុខា ​អតីត​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​ឲ្យ​ធ្វើជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​និង​បាន​បោះឆ្នោត​ជ្រើសតាំង​គណៈ​គ្រប់គ្រង​ថ្មី​ទាំងមូល។
លោក​កឹម សុខា ​ក៏​អះអាង​ដែរ​ថា​គណបក្ស​របស់​លោក​នឹង​ផ្តល់នូវ​ភាព​ស្មើភាព​គ្នា​ក្នុង​សង្គម។

«ខ្ញុំ​សូម​សន្យា​ជាមួយ​បងប្អូន​ជនរួមជាតិ​ថា​យើង​នឹង​ដឹកនាំ​ប្រជាពលរដ្ឋ​ខ្មែរ​ឆ្ពោះ​ទៅ​រក​ប្រជា​ធិបតេយ្យ​មួយ​ពិតប្រាកដ​ដែល​ផ្តល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ទទួលបាន​សិទ្ធិ​ស្មើគ្នា​ខាង​នយោបាយ ​ស្មើគ្នា​ខាង​សេដ្ឋកិច្ច​និង​សង្គមកិច្ច»។

ប្រទេស​កម្ពុជា​នឹងធ្វើ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នៅ​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ២០១៣​នេះ។
គណបក្ស​ថ្មី​នេះ​នឹង​ក្លាយជា​គណបក្សប្រឆាំង​ដែល​មាន​សក្កា​នុព​ល​ក្នុង​ការប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ដែល​កាន់អំណាច​អស់​រយៈពេល​ជាង៣០ឆ្នាំ​មកហើយ។

គេ​ឃើញ​មាន​សែ​រាជវង្ស​ពីរ​អង្គ​បាន​ចូលរួម​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​នេះ។ ក្នុងនោះ​មានព្រះអង្គ​ម្ចាស់​ស៊ីសុវត្ថិ ​ធម្មិកោ ​ដែល​ជា​អតីត​លេខា​ផ្ទាល់​របស់​អតីត​ព្រះមហាក្សត្រ​សម្តេច​ឪ​នរោត្តម សីហនុ​ផង​ដែរ។

ព្រះអង្គម្ចាស់​ធម្មិកោ​មានបន្ទូលថា​ការយាង​ចូល​នយោបាយ​នៅពេល​នេះ​ដោយ​ព្រះអង្គ​ចង់​ជួយ​រក​យុត្តិធម៌​ជូន​សង្គម​ខ្មែរ។

«ពីព្រោះ​មាន​ភាពអយុត្តិធម៌​ច្រើនពេក​ក្នុងសង្គម​ខ្មែរ​សព្វថ្ងៃ​ហ្នឹង ​ហើយ​បើសិនជា​រាជវង្ស​មិន​ប្រឈម​មុខ​ដើម្បី​រក​សេចក្តីសុខ​និង​សេចក្តី​យុត្តិធម៌​ជូន​ប្រជារាស្ដ្រ​គឺ​យើង​អត់​ត្រូវការ​សេ្ត​ច​ទេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នោះ»។
ក៏ប៉ុន្តែ​លោក​ញ៉ឹក ប៊ុនឆៃ ​ប្រធាន​ប្រតិបត្តិ​នៃ​គណបក្ស​ហ្វ៊ុន​ស៊ីន​ប៉ិច​ដែល​ត្រូវ​អះអាង​ថា​គណបក្ស​រាជានិយម​បាន​រិះគន់​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ​ថា​បាន​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយសារតែ​ព្រះអង្គ​ខក​ព្រះទ័យ​មិនបាន​ធ្វើជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច។

ក៏ប៉ុន្តែ​ព្រះអង្គម្ចាស់​ធម្មិកោ​មានបន្ទូលថា​ការណ៍​នេះ​ដោយសារតែ​ស្ថានភាព​ប្រទេសជាតិ​ត្រូវការ​រាជវង្ស​សម្រាប់​ជួយ​ស្តារ​សង្គម​ឡើងវិញ៕
XS
SM
MD
LG