ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ឲ្យ​អ្នក​រិះគន់​បង្ហាញ​ភស្តុតាង​កិច្ច​ព្រមព្រៀង​សម្ងាត់​ជាមួយ​ចិន​រឿង​«វត្តមាន​កង​ទ័ព»


លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេ​បាសាក់ តភ្ជាប់​រាជធានី​ភ្នំពេញ ពីទីក្រុង​កោះពេជ្រ ទៅកាន់​ទីក្រុង​រណប​កោះនរា នៅ​ថ្ងៃ​ចន្ទ​ទី២៦ ខែតុលា ឆ្នាំ២០២០។
លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេ​បាសាក់ តភ្ជាប់​រាជធានី​ភ្នំពេញ ពីទីក្រុង​កោះពេជ្រ ទៅកាន់​ទីក្រុង​រណប​កោះនរា នៅ​ថ្ងៃ​ចន្ទ​ទី២៦ ខែតុលា ឆ្នាំ២០២០។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ប្រតិកម្ម​ទៅ​អ្នក​រិះគន់​ដែល​និយាយ​ថា ​កម្ពុជា​បាន​អនុញ្ញាត ឬ​ក៏​នឹង​អនុញ្ញាត​ឲ្យ​មាន​កង​ទ័ព​ចិន​ក្នុង​ប្រទេស​កម្ពុជា ដោយ​ឲ្យ​ពួកគេបង្ហាញភស្តុតាង​មក​បញ្ជាក់​នៃការ​ចោទ​ប្រកាន់​ថា​ មាន​ការ​ចុះ​កិច្ច​ព្រម​ព្រៀងសម្ងាត់​ជាមួយ​ប្រទេស​ចិន។

កាល​ពី​ខែ​កក្កដា ​ឆ្នាំ​ ២០១៩​ សារព័ត៌មាន​ The Wall Street Journal​ ក្នុង​ទីក្រុង​ញូវយ៉ក​ សហ​រដ្ឋ​អាមេរិក បាន​ចេញ​ផ្សាយ​សេចក្តី​រាយការណ៍​ព័ត៌មាន​ដ៏​ចម្រូងចម្រាស​មួយ​ថា ​ប្រទេស​ចិន ​បាន​ចុះ​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​កម្ពុជា​ ដោយ​ក្នុង​នោះ​ ភាគី​កម្ពុជា​ផ្តល់​ឲ្យ​ភាគី​ចិន​នូវ​សិទ្ធិ​ប្រើ​ប្រាស់​ផ្តាច់​មុខ​ក្នុង​ផ្នែក​មួយ​នៃ​មូលដ្ឋាន​យោធា​សមុទ្រ​រាម ក្នុង​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​ បាន​បដិសេធ​របាយការណ៍​ព័ត៌មាន​នេះ​ជា​បន្ត​បន្ទាប់។ ចំណែក​រដ្ឋាភិបាល​សហរដ្ឋ អាមេរិក ក៏​បាន​លើក​ឡើង​ថា​ខ្លួន​មាន«​របាយការណ៍​គួរ​ឲ្យ​ទុក​ចិត្ត»​អំពី​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​នេះ។

ក្នុងពិធី​បើក​ការ​ដ្ឋាន​សាង​សង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​បាសាក់ តភ្ជាប់​រាជធានី​ភ្នំពេញ ពី​ទីក្រុង​កោះពេជ្រ ទៅ​កាន់​ទីក្រុង​រណប​កោះ​នរា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​លើក​ឡើង​ថា​ លោក​«ធុញ​ទ្រាន់»​នឹង​ការ​និយាយ​ដដែល​អំពី​ការ​ចោទ​ប្រកាន់​ថា​កម្ពុជា​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​សម្ងាត់​ជាមួយ​ប្រទេស​ចិន ក្នុង​ការ​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​ទ័ព​ចិន​ក្នុង​ប្រទេស​កម្ពុជា។ លោក​បញ្ជាក់​ម្តង​ទៀត​ថា​កម្ពុជា​មិន​បាន​ចុះ​កិច្ច​ព្រមព្រៀង​នេះ​ នោះទេ។

លោក​មាន​ប្រសាសន៍​ថា៖ «កម្ពុជា​ឲ្យ​សិទ្ធិ​ចិន​បោះ​ទ័ព​នៅ​កម្ពុជា​ពី​អង្កាល់​ណា? ខ្ញុំ​បញ្ជាក់​ឡើង​វិញ ខ្ញុំ​ធុញ​ទ្រាន់ជាមួយ​ជន​បរទេស​មួយ​ចំនួន បូក​ជាមួយខ្មែរ​យើង​រុញ​អា​សភាព​ការណ៍​ហ្នឹង។ យើង​ធុញទ្រាន់​ណាស់​ហើយ អស់​លោក​អ្នក។ នាយករដ្ឋមន្រ្តី​និយាយ​មិន​ស្តាប់! លោក​ឯង​មាន​ភស្តុតាង​ឯណា បញ្ចេញ​មក​ថា​ កម្ពុជា​មាន​កិច្ច​ព្រម​ព្រៀង​សម្ងាត់​ជាមួយ​នឹង​ចិន ប្រើ​ប្រាស់​ផ្តាច់​មុខ​នូវ​កំពង់​ផែ​រាម​រយៈ​ពេល​៣០​ឆ្នាំ បញ្ចេញភស្តុតាង​ហ្នឹង​មក។ បើ​អ្នក​ឯង​មិន​បញ្ចេញ​ភស្តុតាង​ហ្នឹង មាន​ន័យ​ថា​អ្នក​ឯង​ភូត​កុហក»។

ការ​ថ្លែង​របស់​លោក ហ៊ុន សែន កើត​ឡើង​បន្ទាប់​ពី​មាន​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ខាង​មុខ​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍មុន ចំ​ទិវា​កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣​ តុលា។ នៅ​ក្នុង​ការ​តវ៉ា​ដែល​ត្រូវ​បាន​បំបែក​ដោយ​អាជ្ញាធរ ​អ្នក​តវ៉ា​បាន​លើក​ឡើង​ថា ​«បដិសេធ​វត្តមាន​កង​ទ័ព​ចិន​ក្នុង​ប្រទេស​កម្ពុជា»។

ស្ត្រីម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន ក្រោយពី​កម្លាំង​សន្តិសុខ​បំបែក​ក្រុមអ្នកតវ៉ា​តូច​មួយ​នៅជិត​ស្ថានទូតចិន ដែល​តវ៉ា​ប្រឆាំងនឹង​ផែនការ​ដែល​ត្រូវបាន​ចោទ​ថា ជំរុញ​ឲ្យ​មាន​វត្តមាន​យោធា​របស់​ក្រុងប៉េកាំង​នៅក្នុង​ប្រទេស​នេះ ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា នៅ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។
ស្ត្រីម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន ក្រោយពី​កម្លាំង​សន្តិសុខ​បំបែក​ក្រុមអ្នកតវ៉ា​តូច​មួយ​នៅជិត​ស្ថានទូតចិន ដែល​តវ៉ា​ប្រឆាំងនឹង​ផែនការ​ដែល​ត្រូវបាន​ចោទ​ថា ជំរុញ​ឲ្យ​មាន​វត្តមាន​យោធា​របស់​ក្រុងប៉េកាំង​នៅក្នុង​ប្រទេស​នេះ ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា នៅ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

ក្រៅ​ពី​ការ​ជំរុញ​ឲ្យ​បង្ហាញ​ភស្តុតាង​ទាក់​ទង​នឹង​កិច្ច​ព្រមព្រៀង​សម្ងាត់​នេះ លោក ហ៊ុន សែន ក៏​បាន​ប្រតិកម្ម​ទៅ​នឹង​អតីត​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​ម្នាក់ គឺ​លោក ហូរ វ៉ាន់ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ដោយ​លោក​ចោទ​ថា​ អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ​ បាន​រៀបចំ​ឲ្យ​មាន​បាតុកម្ម​នៅ​មុខ​ស្ថានទូត​ចិន​ក្នុង​ទីក្រុង​ភ្នំពេញ។ លោក​ក៏​បាន​ព្រមាន​ក្រុម​គ្រួសារ​របស់​លោក ហូរ វ៉ាន់ ដែល​រស់​នៅ​ភ្នំពេញ​ផង​ដែរ។

លោក ហ៊ុន សែន ថ្លែង​ថា៖ «អាវ៉ាន់(ហូរ វ៉ាន់)​អើយ ល្មម​បាន​ហើយ ឈប់​បាន​ ក៏​ឈប់​ទៅ។ កូន​ប្រពន្ធ​អ្ហែង​នៅ​(ភ្នំ)​ពេញ​នេះ​ទេ អ្ហែងកុំ​ជ្រុល​ពេក។ សម្តី​អ្ហែង​បញ្ជានៅ​ក្នុង​ទូរ​ស័ព្ទ​ទាំង​អស់។ រឿង​អី​អ្ហែង​មក​បញ្ជាធ្វើ​បាតុកម្ម​ប្រឆាំង​ទូត​ចិន។ ប្រឆាំង​វត្ត​មាន​យោធា​ចិន។ ពួក​អ្ហែង​ឆ្កួត។ ប្រយ័ត្ន​ប្រពន្ធ​អ្ហែង កូន​អ្ហែង​ ដេក​អត់​សុខ​ទេ។ ឥឡូវ​កំពុង​តែ​ភ័យ»។

លោក ហ៊ុន សែន ប្រតិកម្ម​ទៅ​នឹង​លោក ហូរ វ៉ាន់ បែប​នេះ ក្រោយ​លោក​ទទួលបាន​សំឡេង​របស់​លោក ហូរ វ៉ាន់ ដែល​និយាយ​ទាក់ទង​នឹង​ការ​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​ចិន ដែល​លោក ហ៊ុន សែន បានចាក់​សំឡេង​នោះ​នៅ​ក្នុង​ពិធី​បើកការដ្ឋាន​សាងសង់ស្ពាន​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។

លោក​ ហ៊ុន សែន បញ្ជាក់​ថា ​លោកមិន​មែន​យក​ក្រុម​គ្រួសារ​របស់​លោក ហូរ វ៉ាន់ «ធ្វើ​ចំណាប់​ខ្មាំង»នោះ​ទេ ប៉ុន្តែ​លោក​ថា ​កុំ​រុញ​ឲ្យ​អ្នក​រស់​នៅ​ក្នុង​ស្រុក​ជាប់​ពន្ធនាគារ។

លោក​បន្ថែម​ថា៖ «អ្ហែង​ជា​មេ​ខ្លោង​នៃ​អំពី​ក្បត់ អញ្ចឹង​រឿង​អី​ដែល​មិន​ចាត់​ការ​ពួក​អាក្បត់​នៅ​ខាង​ក្នុង។ បើ​អា​ពួក​គាត់​នៅ​ខាង​ក្នុង ទទួល​បទ​បញ្ជា​ពី​អា​មេ​ក្បត់។ ដូច្នេះ​អាជ្ញាធរ ​ឬ​តុលាការ អា​ហ្នឹង​រឿង​ត្រឹម​ត្រូវ​តាម​ច្បាប់។

ឆ្លើយ​តប​នឹងការ​ថ្លែង​នេះ លោក ហូរ វ៉ាន់ អតីត​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ ដែល​កំពុង​គេច​ខ្លួន​នៅ​សហរដ្ឋអាមេរិក បាន​ថ្លែង​ប្រាប់​ VOA ​ថា​នាយករដ្ឋមន្រ្តីមិន​គួរ​យក​ក្រុម​គ្រួសារ​របស់​លោក​មក​ពាក់ព័ន្ធនោះ​ទេ ហើយ​លោក​ចាត់​ទុក​ថា​ នេះ​ជា​ការ​គំរាម​កំហែង​សម្រាប់​រូប​លោក និង​ក្រុម​គ្រួសារ។

លោក​មាន​ប្រសាសន៍​ថា៖ «បើ​គាត់​រក​រឿង​ក្រុម​គ្រួសារ​ខ្ញុំ អាហ្នឹង​វា​ជា​ការ​គាប​សង្កត់​មួយ ខុសពី​ផ្លូវ​ច្បាប់​ទៅ​ទៀត ពីព្រោះ​ឧបមា​ថា ​ខ្ញុំ​និយាយ​មាន​ទោស តើ​ទោស​ដែល​ត្រូវ​ទទួល​ហ្នឹង (វា​ធ្លាក់​ទៅ) ​អ្នក​ដែល​អត់​មាន​ធ្វើ​អី​ខុស មាន​ទោស​ឬ​យ៉ាង​ណា? ខ្ញុំ​អត់​ចង់​ឲ្យ​រឿង​របស់​ខ្ញុំ​ហ្នឹង ​ទៅ​ជា​រឿង​គ្រួសារ​ដែល​គ្នា​អត់​ដឹង​អី​នោះ​ទេ»។

មន្រ្តី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ​រូប​នេះ បន្ត​ថា​ ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ពួក​គេ ហើយ​ការ​ដែល​លើក​ឡើង​អំពី​វត្តមាន​កង​ទ័ព​ចិន គឺ​មិន​មែន​មាន​ន័យ​ថា​ មាន​កង​ទ័ព​ចិន​នៅ​កម្ពុជា ​ពេល​នេះ​នោះ​ទេ តែ​វា​អាច​ជា​ការ​ត្រៀម​ទុក​ទៅថ្ងៃ​អនាគត ដែល​លោក​ថា​ វា​ជា«​គ្រោះ​ថ្នាក់»​មួយ​សម្រាប់​កម្ពុជា ដោយ​សារ​វា​ជា​ការ​គំរាម​ដល់​សន្តិសុខ​ក្នុង​តំបន់។ លោក​ចាត់​ទុក​ថា ​នេះ​ជា​ការ​បង្ការ​ទុក​មុន ស្រប​ពេល​មាន​ការ​រៀបចំហេដ្ឋារចនា​សម្ព័ន្ធ​នៅខេត្ត​កោះកុង ដោយ​ក្រុមហ៊ុន​ចិន UDG និង​ការ​រៀបចំ​នៅ​សមុទ្ររាម ដែល​កំពុង​មាន​ភាព​ចម្រូង​ចម្រាស។

លោកមាន​ប្រសាសន៍​ថា៖ «នេះ​ខ្ញុំ​យល់​ថា ​ជា​ការ​ប្រមូល​ផ្តុំ​របស់​ប្រជាពលរដ្ឋ​ ដើម្បី​បញ្ចេញ​មតិ ហើយ​បើ​គាត់មិន​ចង់​បញ្ចេញ​មតិ​ទេ គាត់​មិន​មាន​ឆន្ទៈ​ក្នុង​ការ​តវ៉ា​ទេ។ ខ្ញុំ​ថា ​យើង​មិន​អាច​ទៅ​បញ្ជា​គេ​ ឲ្យ​គេ​ធ្វើ​តាម​យើង​បាន​ទេ។ ប៉ុន្តែ​អានេះ វា​ជា​សុឆន្ទៈ​របស់​ពួកគាត់»។

លោក អេង ឆៃអ៊ាង អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ មាន​ប្រសាសន៍​ថា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន តែង​តែ​ព្រួយ​បារម្ភ​ជ្រុល​ហួស​ហេតុអំពី​ការ​សម្តែង​មតិ​របស់​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស។

លោក​បញ្ជាក់​ថា៖ «បើ​សិន​ជា​គាត់​គោរព​សិទ្ធិ​មនុស្ស គោរព​ប្រជាធិបតេយ្យ គឺ​គាត់​មិន​ត្រូវ​ភ័យ​ព្រួយការ​សម្តែង​មតិ​របស់​ប្រជាពលរដ្ឋ​ទេ»។

លោក​បន្ត​ថា ​គណបក្ស​សង្រ្គោះ​ជាតិ គឺ​ជាជន​រងគ្រោះ នៅ​ក្នុង​គម្រោង​ដែល​មាន​ការ​ចោទ​ប្រកាន់​ថា​«ក្បត់​ជាតិ» រហូត​ដល់​មាន​ការ​ចាប់​ចង​ដាក់ពន្ធនាគារ​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់។

លោក​បន្ថែម​ថា៖ «សំខាន់​យើង​ឃើញ​ថា លោក ហ៊ុន សែន គឺ​គាត់​អត់​បាន​គិត​អ្វីទេ គាត់​គិត​តែ​អំណាច​របស់​គាត់ ការពារ​អំណាច​របស់​គាត់ អញ្ចឹង​គាត់​ដើរ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ប្រជាពលរដ្ឋ​ស្លូត​ត្រង់ គំរាម​កំហែង​ ចាប់​គេ​ចង ចាប់​គេ​ដាក់​គុក​យ៉ាង​អយុត្តិធម៌»។

កាល​ពី​ខែ​សីហា ឆ្នាំ​២០១៩ មេ​បញ្ជាការ​ជាន់ខ្ពស់​នៃ​កងទ័ព​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ឧត្តម​សេនីយ៍ត្រី​ ​Joel B. Vowell​ ​បាន​បញ្ជាក់​ប្រាប់​ VOA ​ថា ​កម្ពុជា​ពិត​ជា​មាន​«កិច្ច​ព្រមព្រៀង​សម្ងាត់»​ជាមួយ​ចិន ដើម្បី​បើក​ឲ្យ​មាន​ការ​សាង​សង់មូល​ដ្ឋាន​កងទ័ព​នៃ​ប្រជាជន​ចិន​ក្នុង​មូលដ្ឋាន​កង​ទ័ព​កម្ពុជា​ក្នុង​ឆក​សមុទ្រ​រាម។ កម្ពុជា បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់នេះ​ជា​បន្ត​បន្ទាប់។

លោក​ Chad Roedemeier អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ប្រាប់​ VOA ​តាម​សារ​អ៊ីម៉ែល​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​និយាយ​ហើយ​ថា ​កម្ពុជា​ នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​របស់​ទ័ព​ចិន​ជា​អចិន្រ្តៃយ៍​ ឬ​ក៏​ផ្តាច់​មុខ​នៅ​តំបន់​រាម​នោះ​ទេ ហើយ​សហ​រដ្ឋ​អាមេរិក​សង្ឃឹម​ថា «រដ្ឋាភិបាល​[កម្ពុជា] នឹង​បន្ត​គោរព​តាម​គោល​ជំហរ​នេះ»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG