ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកនាយក​រដ្ឋមន្ត្រី​​ ហ៊ុន​ សែន ផ្តាំ​រដ្ឋ​មន្ត្រី​ក្រសួងសុខាភិបាលឲ្យ​«តម្រង់ទិស»​ធនធាន​មនុស្ស


រូបឯកសារ៖ នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ​ហ៊ុន សែន​ ​​​ចូលរួមមហា​សន្និបាត​បក្ស​​ដែល​មាន​រយៈពេល​បីថ្ងៃ​ ​នៅរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨។⁣ (រូបដកស្រង់ពីហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)
រូបឯកសារ៖ នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ​ហ៊ុន សែន​ ​​​ចូលរួមមហា​សន្និបាត​បក្ស​​ដែល​មាន​រយៈពេល​បីថ្ងៃ​ ​នៅរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨។⁣ (រូបដកស្រង់ពីហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)

ជា​​​ញឹកញយ​​​វិស័យ​​​សុខាភិបាល​​​នៅ​​​កម្ពុជា​​​ត្រូវបាន​​​ប្រជាជន​​​មួយចំនួន​​​រិះគន់​​​បន្ទាប់​​​ពី​​​មាន​​​មន្ត្រី​​​មួយ​​​ចំនួន​​​​ចំណាយ​​​ពេល​​​ព្យាបាល​​​ជំងឺ​​​នៅ​​​បរទេស​​​ខណៈ​​​ប្រជាជន​​​ក្រីក្រ​​​មិនមាន​​​លទ្ធភាព​​​ទៅ​​​មន្ទីរពេទ្យ។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ផ្តាំ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ ឲ្យតម្រង់​ទិសធនធាន​មនុស្សវិស័យ​សុខាភិបាល​ ដើម្បី​កុំឲ្យ​មាន​ហានិភ័យ​ខ្ពស់កើត​មាន​ចំពោះ​ជីវិត​ប្រជា​ពលរដ្ឋ​ នៅ​ពេលដែល​ពួកគេ​ស្វែងរក​សេវាកម្ម​សុខាភិបាល។

លោក​ នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រាប់​ដោយ​ផ្ទាល់​ទៅ​ លោក​ ម៉ម​ ប៊ុនហេង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ ឲ្យ​ប្រើប្រាស់​ធនធាន​មនុស្សចេញ​ពី​ស្ថាប័ន​អប់រំ​ផ្នែក​សុខាភិបាល​ ដើម្បី​កែ​ប្រែ​វិស័យ​សុខាភិបាលឲ្យ​បានប្រសើរ។ ជា​ញឹកញយ វិស័យ​នេះ​ត្រូវ​រង​ការរិះគន់​ពី​ប្រជាជន​មួយ​ចំនួនរ។

លោក​មាន​ប្រសាសន៍​បែប​នេះ​បន្ទាប់​ពី​ក្រសួង​សុខាភិបាល​ប្រកាស​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ដើរ​ចាក់​ថ្នាំ​តាម​ផ្ទះ​អត់​លិខិត​អនុញ្ញាត​ និង​គ្មាន​សញ្ញាប័ត្រ​ជំនាញ​សុខាភិបាល»។

ជា​ញឹកញយ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ត្រូវបាន​ប្រជាជន​មួយចំនួន​រិះគន់​បន្ទាប់​ពី​មាន​មន្ត្រី​មួយ​ចំនួនចំណាយ​ពេល​ព្យាបាល​ជំងឺ​នៅ​បរទេស​ខណៈ​ប្រជាជន​ក្រីក្រ​មិនមាន​លទ្ធភាព​ទៅ​មន្ទីរពេទ្យ។

ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ផ្នែក​សុខាភិបាល​ ប្រមាណ​ ១០០០​ នាក់​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍នេះ ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ប្រាប់ លោក​ ម៉ម​ ប៊ុនហេង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ ឲ្យ​ប្រើប្រាស់​ធនធាន​មនុស្ស​ដែល​មាន​គុណភាព​ដើម្បី​ធ្វើ​ឲ្យ​វិស័យ​សុខាភិបាល​ប្រសើរ​ឡើង។

លោក​ហ៊ុនសែន​ដែល​ធ្លាប់​ទទួល​ការ​ព្យាបាល​នៅ​បរទេស​ដូច​ជា​នៅ​ប្រទេស​សឹង្ហបុរី​នោះ​បានថ្លែង​ថា៖

«ត្រូវ​យក​ចិត្ត​ទុកដាក់​ទៅ​លើ​បញ្ហា​មុខ​វិជ្ជា​នេះ ​ព្រោះ​វា​ទាក់ទង​ជាមួយ​នឹង​ជីវិត​មនុស្ស។ ប្រសិន​បើ​មិន​ច្បាស់លាស់​ទេ​ ត្រូវ​ខិតខំ​ធ្វើ​យ៉ាងណា​ ក្រសួង​សុខាភិបាល​ត្រូវ​ធ្វើ​ការ​តម្រង់​ទិស។ ព្រោះ​មិនអាច​មាន​ការ​បណ្តុះ​បណ្តាល​ហើយ​ មាន​ពេទ្យ​ក្រៅ​បញ្ជីរ​ក្របខណ្ឌ​ដែល​ទទួល​ស្គាល់​ដោយ​ច្បាប់​នោះ​ទេ។»

លោក​បន្ថែម​ថា៖

«ទោះ​បី​ជា​យើង​មាន​ការ​ខិតខំ​បាន​យ៉ាងច្រើន​ក្តី​ ប៉ុន្តែ​នៅពេល​ថ្មី​ៗ​នេះ​បណ្តាញ​សារព័ត៌មាន​មួយ​ចំនួន​បាន​ចុះ ​ហើយ​ជារឿង​ពិត​ដែល​មាន​គ្រូពេទ្យ​មួយ​ចំនួន​ដើរ​ចាក់ថ្នាំ​ដោយ​គ្មាន​សញ្ញាប័ត្រ​ និង​គ្មាន​ការ​ទទួល​ស្គាល់​ពី​ផ្នែក​សុខាភិបាល​នៅ​តាម​ភូមិ​ឃុំ​មួយ​ចំនួន​នៅ​ក្នុង​ផ្ទៃ​ប្រទេស​របស់​យើង»។

​កាល​ពី​ឆ្នាំ​២០១៤​អ្នក​ចាក់​ថ្នាំ​តាម​ភូមិ​ម្នាក់​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ត្រូវ​បាន​ចាប់​ខ្លួន​នឹង​ក្រោយ​មក​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២៥​ឆ្នាំ​បន្ទាប់​ពី​គាត់​ប្រើ​ម្ជុល​ចាក់​ថ្នាំ ដែល​ធ្វើ​ឲ្យ​អ្នក​ភូមិ​ប្រហែល៣០០​នាក់​នៅ​ក្នុង​ភូមិ​មួយ​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ឆ្លង​មេរោគ HIV ដែល​នាំ​ឲ្យ​កើត​ជំងឺ AIDS។

ក្រោយ​មក​ កាល​ពី​ចុង​ឆ្នាំ ២០១៦ ​សភា​ជាតិបាន​អនុម័ត​ច្បាប់​ស្តី​អំពី ​ការគ្រប់គ្រង​អ្នកប្រកប​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល ក្នុង​នោះ​ដែរមាន​ការ​បង្កើត​គណៈវិជ្ជា​ជីវៈ​សុខាភិបាល​នីមួយៗ​ ដែល​មាន​សមត្ថកិច្ច​ចុះ​បញ្ជីការ និង​ផ្តល់​អាជ្ញាបណ្ណ​ដល់​អ្នកប្រកប​វិជ្ជាជីវៈនេះ​។

​លោក​ អំ សំអាត នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​(Licadho) ​ស្វាគមន៍​ចំពោះ​ការ​អនុវត្តច្បាប់តឹងរឹងដើម្បី​គ្រប់លើ​វិជ្ជាជីវៈសុខា​ភិបាល ដើម្បី​ឲ្យវិស័យ​នេះ​មាន​គុណភាព​ប្រសើរ​ជាងមុន​។ ទោះជាយ៉ាង​ណា​ក៏ដោយ​ លោក​ថា​រដ្ឋាភិបាល​គួរ​បង្កើន​ការ​អប់រំ​ប្រជាពលរដ្ឋ​អំពីសិទ្ធ​ក្នុងការទទួលយក​សេវាសុខាភាព​ ដែលជា​សិទ្ធិដ៏សំខាន់មួយ​នៃ​សិទ្ធិមនុស្ស​។

«គាត់​[ប្រជាពលរដ្ឋ​] ឲ្យតែ​មាន​បញ្ហា​ គាត់​អត់​ដឹងថា​គ្រូពេទ្យណា​មាន​អជ្ញាបណ្ណ​ គ្រូពេទ្យណា​មាន​សញ្ញាបត្រ​ ឬ​ក៏អត់ទេ។ ឲ្យ​តែ​គាត់​ឃើញ​ថា​ជិត ហើយគាត់​ឃើញ​គ្រូពេទ្យ​ហ្នឹង​ គេទៅ​ព្យាបាល​បន្តៗ​គាត់ចេះតែទៅ​ហើយ​»។​

នៅ​ក្នុង​ខែ​ឧសភា​នេះ មន្ទីរ​សុខាភិបាល​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ចាប់​ផ្តើម​ប្រមូល​បញ្ជី​ឈ្មោះ​«អ្នក​ដើរ​ចាក់​ថ្នាំ​តាម​ផ្ទះ​អត់​លិខិត​អនុញ្ញាត​ និង​គ្មាន​សញ្ញាប័ត្រ​ជំនាញ​សុខាភិបាល»។ ក្រុម​មន្ត្រី​មន្ទីរ​សុខាភិបាល​ថា ​ក្រសួង​រឹត​បន្តឹង​ច្បាប់​នេះ​ដើម្បី​ទប់​ស្កាត់​មិន​ឲ្យ​មាន​អ្នក​ស្លាប់​ដោយ​សារ​ការ​ចាក់​ថ្នាំ ដោយ​ពេទ្យ​មិន​ស្រប​ច្បាប់។

មក​ដល់​ពេល​នេះ​យ៉ាង​ហោច​ណាស់​ឈ្មោះ​អ្នក​ចាក់​ថ្នាំ​តាម​ភូមិ​ចំនួន​ជាង​ ១០០០ នាក់​ត្រូវ​បាន​មន្ត្រី​សុខាភិបាល​ដាក់​ចូល​ក្នុង​បញ្ជី​អ្នក​បម្រើ​សេវា​សុខភាព​មិន​ស្រប​ច្បាប់។​

កាល​ពី​ដើម​ខែ​ឧសភា​ ​នៅ​ខេត្ត​ស្វាយរៀង​ គិលានុបដ្ឋាយិកា​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​លោក​ធ្វើ​ការ​ចាក់ថ្នាំ​ព្យាបាល​ជំងឺ​បុរស​ម្នាក់ ​ដែល​ក្រោយ​មក​បណ្តាល​ឲ្យ​អ្នក​ជំងឺ​នោះ​ស្លាប់។​ ហេតុ​ការណ៍​នេះ​នាំ​ឲ្យ​មន្ត្រី​មន្ទីរ​សុខាភិបាល​បញ្ជូន​បញ្ជី​ឈ្មោះ​ក្រុម​គ្រូពេទ្យ​តាម​មូលដ្ឋាន​ចំនួន ៣៩៣​ នាក់​ទៅ​តុលាការ៕

ឯ​នៅ​ខេត្ត​ត្បូង​ឃ្មុំ​វិញ​ សប្តាហ៍​នេះ​ ​អ្នក​ចាក់​ថ្នាំ​តាម​ភូមិ​ចំនួន ​១៧ ​នាក់​ត្រូវ​បាន​សាលា​ដំបូង​កោះ​ហៅ​ឲ្យ​ចូលឆ្លើយ​បំភ្លឺ​ក្នុង​សវនាការ​ពាក់​ព័ន្ធ​រឿង​ប្រកប​មុខ​របរ​ព្យាបាល​ជំងឺ​ប្រជា​ពលរដ្ឋ។ នៅ​ខេត្ត​ត្បូង​ឃ្មុំ​ បញ្ជី​ឈ្មោះ​គ្រូ​ពេទ្យ​ដែល​ត្រូវ​គេ​បញ្ជូន​ទៅ​តុលាការ​មាន​ចំនួន ១៤៨ នាក់។​

ចំណែក​នៅ​ខេត្ត​កំពង់ឆ្នាំង​ ប្រធាន​មន្ទីរ​សុខាភិបាល​លោក​ប្រាក់ វុន​ បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ឆ្នាំ ២០១៨ ​លោក​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ចំនួន​៩​ ករណីទាក់​ទិន​នឹង​ក្រុម​អ្នក​ផ្តល់​សេវាកម្ម​សុខភាព​ដែល​លោក​ថា​ ​បាន​ដើរ​ចាក់​ថ្នាំ​ខុស​ច្បាប់។​ ប្រធាន​មន្ទីរ​សុខាភិបាល​រូប​នេះ​បញ្ជាក់​ថា​ មុន​ឆ្នាំ​២០១៧​ ខេត្ត​របស់​លោកមាន​អ្នក​ដើរ​ចាក់​ថ្នាំ​តាម​ភូមិ​រហូត​ដល់​ជាង​ ៦០០ ​នាក់៕

XS
SM
MD
LG