ភ្នំពេញ — អ្នកស្រីម៉ៅ សាវី បម្រើការងារជាបុគ្គលិកផ្តល់សេវាកម្មសុខភាពតាំងពីអ្នកស្រីនៅវ័យ១៨ឆ្នាំ នៅមណ្ឌលសុខភាពតាសួស នៅក្នុងខេត្តស្វាយរៀង ដែលជាទីកំណើតរបស់អ្នកស្រី។ អ្នកស្រីយល់ថា ការងារនេះអាចជួយជីវិតអ្នកភូមិរបស់អ្នកស្រី។
អ្នកស្រី សាវី ដែលជាមន្ត្រីជាប់ក្របខណ្ឌបម្រើការនៅផ្នែកផ្តល់ថ្នាំបង្ការ និងសម្រាលកូន បានចាប់ផ្តើមពីការងារជាអ្នកចាក់ថ្នាំបង្ការជូនអ្នកភូមិ។ ក្រោយមកអ្នកស្រីអនុវត្តផ្នែកសម្រាលកូនអស់រយៈពេល១០ ឆ្នាំទៀត។
ប៉ុន្តែកាលពីពេលថ្មីៗនេះ អ្នកស្រី សាវី ដែលបច្ចុប្បន្នមានវ័យ៤០ឆ្នាំ បានទទួលដំណឹងថា អ្នកស្រីមានឈ្មោះនៅក្នុងចំណោមបញ្ជីឈ្មោះមនុស្ស ៣៩៣ នាក់ដែលជា«អ្នកដើរចាក់ថ្នាំតាមផ្ទះអត់លិខិតអនុញ្ញាត និងគ្មានសញ្ញាប័ត្រជំនាញសុខាភិបាល» ដែលត្រូវបានបញ្ជូនទៅតុលាការ។
អ្នកស្រី សាវី ដែលបានទទួលព័ត៌មានពីអ្នករួមការងារនៅឯមណ្ឌលសុខភាពបានប្រាប់វីអូអេថា៖
«គេអត់មានប្រាប់មុនថា បញ្ជូនឈ្មោះអីទេ ស្រាប់តែចេញអ៊ីចឹងមក។ ខ្ញុំខកចិត្តហ្មង។ ខ្ញុំចង់គាំងបេះដូង»។
មកដល់ពេលនេះយ៉ាងហោចណាស់ឈ្មោះអ្នកចាក់ថ្នាំតាមភូមិចំនួនជាង ១០០០ នាក់ត្រូវបានមន្ត្រីសុខាភិលបាលដាក់ចូលក្នុងបញ្ជីអ្នកបម្រើសេវាសុខភាពមិនស្របច្បាប់។
នៅក្នុងខែឧសភានេះ មន្ទីរសុខាភិបាលតាមបណ្តាខេត្តមួយចំនួនចាប់ផ្តើមប្រមូលបញ្ជីឈ្មោះ«អ្នកដើរចាក់ថ្នាំតាមផ្ទះអត់លិខិតអនុញ្ញាត និងគ្មានសញ្ញាប័ត្រជំនាញសុខាភិបាល»។ ក្រុមមន្ត្រីមន្ទីរសុខាភិបាលថា ក្រសួងរឹតបន្តឹងច្បាប់នេះដើម្បីទប់ស្កាត់មិនឲ្យមានអ្នកស្លាប់ដោយសារការចាក់ថ្នាំ ដោយពេទ្យមិនស្របច្បាប់។
កាលពីដើមខែឧសភា នៅខេត្តស្វាយរៀង គិលានុបដ្ឋាយិកាម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីលោកធ្វើការចាក់ថ្នាំព្យាបាលជំងឺបុរសម្នាក់ ដែលក្រោយមកបណ្តាលឲ្យអ្នកជំងឺនោះស្លាប់។ ហេតុការណ៍នេះនាំឲ្យមន្ត្រីមន្ទីរសុខាភិបាលបញ្ជូនបញ្ជីឈ្មោះក្រុមគ្រូពេទ្យតាមមូលដ្ឋានចំនួន ៣៩៣ នាក់ទៅតុលាការ។
ឯនៅខេត្តត្បូងឃ្មុំវិញ សប្តាហ៍នេះ អ្នកចាក់ថ្នាំតាមភូមិចំនួន ១៧ នាក់ត្រូវបានសាលាដំបូងកោះហៅឲ្យចូលឆ្លើយបំភ្លឺក្នុងសវនាការពាក់ព័ន្ធរឿងប្រកបមុខរបរព្យាបាលជំងឺប្រជាពលរដ្ឋ។ នៅខេត្តត្បូងឃ្មុំ បញ្ជីឈ្មោះគ្រូពេទ្យដែលត្រូវគេបញ្ជូនទៅតុលាការមានចំនួន ១៤៨ នាក់។
ចំណែកនៅខេត្តកំពង់ឆ្នាំង ប្រធានមន្ទីរសុខាភិបាលលោកប្រាក់ វុន បានឲ្យដឹងថា គិតត្រឹមឆ្នាំ ២០១៨ លោកដាក់ពាក្យបណ្តឹងទៅតុលាការចំនួន៩ ករណីទាក់ទិននឹងក្រុមអ្នកផ្តល់សេវាកម្មសុខភាពដែលលោកថា បានដើរចាក់ថ្នាំខុសច្បាប់។ ប្រធានមន្ទីរសុខាភិបាលរូបនេះបញ្ជាក់ថា មុនឆ្នាំ២០១៧ ខេត្តរបស់លោកមានអ្នកដើរចាក់ថ្នាំតាមភូមិរហូតដល់ជាង ៦០០ នាក់។
លោក ប្រាក់ វុន ប្រាប់វីអូអេថា៖
«ធម្មតាអ្នកប្រព្រឹត្តអ៊ីចឹងច្រើនតែកើតឡើងវិញ។ យើងធ្លាប់មាន យើងធ្លាប់លុបអស់ហើយ។ តែជួនណា ពេលយើងក្តាប់មិនបានគ្រាប់ជ្រុងជ្រោយ គាត់ចេញប្រព្រឹត្តឡើងវិញ។ ពេលយើងដឹង យើងមានតែប្តឹងទេ លែងមានណែនាំ ឬកិច្ចសន្យាទៀតទេ»។
មន្ត្រីសុខាភិបាលយល់ថា ការរឹតបន្តឹងផ្នែកច្បាប់យ៉ាងដូច្នេះអាចទប់ស្កាត់មិនឲ្យមានអ្នកស្លាប់ដោយសារការទទួលសេវាកម្មសុខភាពគ្មានគុណភាព និងពង្រឹងគុណភាពវិស័យសុខាភិបាល ដែលកន្លងមកជាវិស័យមួយដែលមានការរិះគន់ខ្លាំងពីប្រជាពលរដ្ឋ។
ក្រសួងសុខាភិបាល កាលពីថ្ងៃ ២៧ ខែឧសភានេះ បានបង្គាប់ឲ្យគ្រប់មន្ទីរសុខាភិបាលនៅខេត្តផ្សេងទៀត បន្តរៀបចំពាក្យបណ្តឹងដូចគ្នានេះទូទាំងប្រទេស។
លោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល អំពាវនាវឲ្យអ្នកដែលមានឈ្មោះនៅក្នុងបញ្ជី ស្វែងរកឯកសារផ្លូវច្បាប់ដើម្បីពួកគេអាចបន្តការងារទៅមុខទៀត។
«ចំពោះអ្នកដែលមានសញ្ញាប័ត្រត្រឹមត្រូវ គួរតែមកសុំច្បាប់ឲ្យបានត្រឹមត្រូវ មក ដើម្បីបើក បើអត់ទេ យើងហ្នឹងប្តឹងទៅតុលាការ»។
ចំពោះផ្នែកបម្រើសេវាកម្មសុខភាពជាឯកជន លោកលី សូវ៉ាន់ បានឲ្យដឹងថា ពួកគេត្រូវមានសញ្ញាប័ត្រដែលមានការទទួលស្គាល់ចុះបញ្ជីជាសមាជិកគណៈនៃវិជ្ជាជីវៈណាមួយ និងក្រោយមកទៅចុះបញ្ជីដើម្បីទទួលបានអាជ្ញាបណ្ណបើកអាជីវកម្ម និងប្រកបរបរនេះជាលក្ខណៈវិជ្ជាជីវៈដោយឯករាជ្យ។
«យើងទុកឱកាសឲ្យគាត់ជិត ១០ ឆ្នាំទៅហើយ ដូច្នេះគួរជាដំណាក់កាលមួយរួមគ្នាបំបាត់ហើយ គួរតែដល់ដំណាក់កាលមួយដែលយើងត្រូវអនុវត្តការងារហ្នឹងប្រកបដោយវិជ្ជាជីវៈ និងប្រកបដោយប្រសិទ្ធភាពហើយ»។
លោកហាស់ ស៊ុន វ័យ៦៨ ជាអតីតមន្ត្រីជាប់ក្របខណ្ឌនៅមណ្ឌលសុខភាពអង្គតាសូ នៅខេត្តស្វាយរៀង។ បច្ចុប្បន្នលោកចូលនិវត្តន៍។ លោកភ្ញាក់ផ្អើលបន្ទាប់ពីដឹងថា លោកមានឈ្មោះក្នុងបញ្ជីឈ្មោះក្នុងពាក្យបណ្តឹងទៅតុលាការដែរនោះ។ លោកមានប្រសាសន៍ថា លោកផ្តល់សេវាសុខភាពដោយសារការអណិតអាសូររបស់លោកចំពោះប្រជាជនក្រខ្សត់ខ្សោយ។
លោកនិយាយថា៖
«បងប្អូនអ្នកស្រុក គាត់ចេះតែជឿជាក់ខ្ញុំ ចេះតែមករក មកពឹងឲ្យមើលជំងឺគេអ៊ីចឹងទៅណា៎។ ហើយយើងក៏ចេះតែសុខសប្បាយទៅ។ ខ្ញុំចេះតែដើរទៅចាក់ទីនេះទីនោះ ឬបងប្អូនគេមកផ្ទះអ៊ីចឹងទៅ។ ហើយបើអ្នកណាគេមកមិនរួចក៏មិនដឹងផ្តាច់មនោសញ្ចេតនាថាម៉េច បើប្រជាជនស្រឡាញ់យើងធ្លាប់ព្យាបាលធ្លាប់មើលជំងឺ»។
លោកបន្តថា៖
«ខ្ញុំអត់មានប្រឆាំងអីទេ ព្រោះនេះជាច្បាប់ ហើយខ្ញុំក៏ត្រូវតែគោរពច្បាប់»។
លោកហាស់ ស៊ុន ចូលស្ម័គ្រចិត្តបម្រើជាពេទ្យទាហាននៅឆ្នាំ ១៩៧២ នៅពេលលោកមានវ័យជាង ២០ឆ្នាំ។ ក្រោយឆ្នាំ ១៩៧៩ លោកត្រូវបានរដ្ឋាភិបាលបញ្ជូនទៅបម្រើការងារនៅគិលានដ្ឋានតាមភូមិ ឃុំ ជាពេលដំបូងដែលលោកបានទទួលការបណ្តុះបណ្តាលលើវិជ្ជាជីវៈក្នុងវិស័យសុខាភិបាលនៅវិក្រឹត្យការខេត្ត។
លោកហាស់ ស៊ុន យល់ស្របចំពោះចំណាត់ការតឹងរ៉ឹងផ្លូវច្បាប់ ផ្តល់យុត្តិធម៌ត្រឹមត្រូវ និងជាប្រយោជន៍សម្រាប់ពលរដ្ឋនៅពេលខាងមុខ។ ទោះជាយ៉ាងណា លោកសម្តែងការអាក់អន់ចិត្ត ដោយលោកយល់ថា កន្លងមកលោកបម្រើសេវាសុខាភិបាលនេះដោយបទពិសោធន៍ និងឆន្ទៈរបស់លោក។
លោកបន្ថែមថា លោកមានត្រឹមតែសញ្ញាប័ត្រគិលានុបដ្ឋាយិកាបឋមកាលពីអំឡុងឆ្នាំ១៩៨០ ដែលមិនអាចសុំអាជ្ញាប័ណ្ណបានទេ។
លោកនិយាយថា៖
«គោរពច្បាប់ត្រឹមត្រូវហ្នឹង គេធ្វើឲ្យមានរចនាសម្ព័ន្ធបានហើយ ឬនៅតាមមូលដ្ឋាន? គេមិនអាចធ្វើទៅកើតទេ ព្រោះពេទ្យគេនេះ គេម៉េចហ្នឹងមកនៅតាមមូលដ្ឋាន នៅតាមជនបទអ៊ីចឹង។ គេនៅប្រមូលផ្តុំនៅទីក្រុងអ៊ីចឹងហ្នឹង។ គេមិនអាចរៀបសេណារីយ៉ូឲ្យមានពេទ្យឲ្យគ្រប់គ្រាន់តាមមូលដ្ឋានបានទេ»។
ថ្វីបើមានការព្រួយបារម្ភ និងការព្យាយាមលុបបំបាត់ក្រុមអ្នកផ្តល់សេវាកម្មសុខភាពដែលគ្មានច្បាប់អនុញ្ញាតក៏ដោយ ការស្ម័គ្រចិត្តរបស់ពេទ្យដែលមានក្របខ័ណ្ឌទៅបម្រើការងារសុខភាពតាមខេត្ត និងតំបន់ដាច់ស្រយាលនៅមានចំនួនតិចតួច។ដូច្នេះហើយអ្នកភូមិនៅតែបន្តងាកទៅរកសេវាសុខភាពពីក្រុមអ្នកចាក់ថ្នាំតាមភូមិដែលនៅក្បែរផ្ទះរបស់ពួកគាត់។
លោកកែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានប្រាប់វីអូអេដែរថា ប្រជាជននៅនិយមប្រើប្រាស់សេវាពេទ្យតាមមូលដ្ឋាន ឬគេហៅពេទ្យភូមិ។
លោកនិយាយថា៖
«និយាយរួមទៅ ពេទ្យអស់ហ្នឹងគាត់ចាក់ថ្នាំ ចាក់អីអាចជំពាក់បានអ៊ីចឹងទៅ! អ្នកខ្លះព្យាបាលទៅដល់រដូវស្រែ រដូវច្រូតអ៊ីចឹងទៅ បានគាត់សងជាស្រូវ ជាអីអ៊ីចឹងទៅ ឬក៏លក់ស្រូវយកលុយកាក់យកមកសងថ្លៃព្យាបាលហ្នឹង»។
លោកបន្តថា៖
«អាហ្នឹងមកពីប្រជាពលរដ្ឋយើងដែរ នៅមិនទាន់យល់ដឹងច្បាស់។ គាត់ដឹងតែពេទ្យៗ មិនដឹងពេទ្យណាមានសញ្ញាប័ត្រ ពេទ្យណាមិនមានសញ្ញាប័ត្រ។ ហើយជាទម្លាប់ដែលគាត់ធ្លាប់ព្យាបាលពីមុនៗមក ចេះតែទម្លាប់ព្យាបាលជាមួយពេទ្យអស់ៗហ្នឹង។ វាពិបាកដែរ មនុស្ស តែទម្លាប់ វាពិបាកកែទម្លាប់ដែរ»។
អ្នកស្រីម៉ៅ សាវី យល់ថា ការងារជាអ្នកផ្តល់សេវាកម្មសុខភាពដូចជាអ្នកស្រីគឺជាការងារត្រូវការជំនាញ ហើយអ្នកស្រីយល់ថា ជំនាញរបស់អ្នកស្រីត្រូវការការបណ្តុះបណ្តាលបន្ថែម។ អ្នកស្រីថា អ្នកស្រីមិនអាចបន្តយកសញ្ញាប័ត្រឲ្យត្រូវកម្រិត ដោយសារតែកត្តាជីវភាព។
អ្នកស្រីយល់ថា នៅតាមតំបន់ជនបទដាច់ស្រយាល ខ្វះអ្នកជំនាញសុខភាពដែលមានក្របខ័ណ្ឌ ដោយសារពេទ្យមានជំនាញភាគច្រើនប្រមូលផ្តុំធ្វើការនៅទីក្រុង។
«អូ! គេមិនចង់ទេ អ្នកគ្រូ។ គេមិនចង់ទៅជនបទទេ។ អស់ជម្រើសហើយ គ្មានអ្នកណាគេមកហ្នឹងទេ បានជាហៅពួកខ្ញុំទៅប្រើហ្នឹង។ ប្រើហើយជិតដល់គោលដៅ គេធ្វើអ៊ីចឹង។ ខ្ញុំយល់ថាអ៊ីចឹង»។
អ្នកស្រីម៉ៅ សាវី បន្ថែមដោយអស់សង្ឃឹមថា ការងារបម្រើសេវាកម្មសុខភាពតាមភូមិជាង២០ឆ្នាំត្រូវបានបញ្ចប់ ដោយឈ្មោះរបស់អ្នកស្រីត្រូវបានបញ្ជូនទៅតុលាការ។
«ខ្ញុំធ្វើការ២១ឆ្នាំហើយ អត់មានគុណសម្បត្តិសោះ ប្រឈមនឹងមុខច្បាប់»៕