ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មជ្ឈមណ្ឌល​ទប់​ស្កាត់​ជំងឺ​ឆ្លង​ថា ​អាមេរិក​មាន​ករណី​ឆ្លង​ជំងឺ​កញ្ជ្រិល​ច្រើន​បំផុត​ក្នុង​រយៈ​ពេល​២៥​ឆ្នាំ


រូបឯកសារ៖ បុរស​ម្នាក់​ដើរ​កាត់​សញ្ញា​ណែ​នាំ​អំពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កញ្ជ្រិល​នៅ​ Brooklyn នៃ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក កាល​ពី​ខែ​មេសា ២០១៩។

មន្រ្តី​សុខាភិបាល​របស់​រដ្ឋាភិបាល​បាន​និយាយ​ថា ​ចាប់​តាំង​ពី​ដើម​ឆ្នាំ ​២០១៩ ​នេះ​មក មាន​ករណី​ឆ្លង​ជំងឺ​កញ្ជ្រិល​ ៩៧១​ ករណី​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក។ កាល​ពី​ឆ្នាំ​ ១៩៩៤ ​មាន​ករណី​ឆ្លង​ជំងឺ​កញ្ជ្រិល​ច្រើន​ជាង​គេ​បំផុត​ដែល​មាន​ចំនួន ​៩៦៣​ករណី។

មជ្ឈ​មណ្ឌល​ត្រួត​ពិនិត្យ​និង​ទប់​ស្កាត់​ជំងឺ​ឆ្លង​ហៅ​កាត់​ថា​ CDC ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ប្រសិន​បើ​ការ​ផ្ទុះ​រាល​ដាល​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​នា​ពេល​ថ្មីៗ​នេះ នៅ​បន្ត​រាល​ដាល​រហូត​ដល់​រដូវ​ស្លឹក​ឈើ​ជ្រុះ​ឆ្នាំ​នេះ នោះ​អាមេរិក​នឹង​បាត់​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​ប្រទេស​ដែល​បាន​លុប​បំបាត់​ជំងឺ​កញ្ជ្រិល។

យោង​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​ CDC ​បាន​ឲ្យ​ដឹង​ថា​ «ការ​បាត់​ឈ្មោះ​ចេញ​ពី​បញ្ជី​នេះ​នឹង​ប៉ះ​ពាល់​ខ្លាំង​ដល់​ប្រទេស និង​ដល់​កិច្ច​ខំ​ប្រឹង​ប្រែង​របស់​បុគ្គលិក​សុខភាព​សាធារណៈ​គ្រប់​កម្រិត​ទាំង​អស់​ក្នុង​ការ​លុប​បំបាត់​ជំងឺ​នេះ។ ជំងឺ​កញ្ជ្រិក​ត្រូវ​បាន​អាជ្ញាធរ​ប្រកាស​ថា​ បាន​លុប​បាត់​ទាំង​ស្រុង​នៅ​សហរដ្ឋ​អាមេរិក

កាល​ពី​ឆ្នាំ​ ២០០០ ហើយ​ CDC ​បាន​អះ​អាង​ថា ​ហេតុផល​សំខាន់​មួយក្នុង​ចំណោម​ហេតុផល​នានា​គឺ​ការ​ប្រើប្រាស់​ថ្នាំ​វ៉ាស៊ាំង​បង្ការ​ដែល​មាន​សុវត្ថិភាព​ និង​មាន​ប្រសិទ្ធភាព​នៅ​ទូទាំង​ប្រទេស។

​ទាំង​ CDC ​អង្គារសុខភាព​ពិភព​លោក​ WHO ​និង​ក្រុម​អ្នក​ជំនាញ​ផ្សេងៗ​ទៀត​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឃោសនា​របស់​ក្រុម​ឳពុក​ម្តាយ និង​ក្រុម​សកម្មជន​ដែល​ប្រឆាំង​នឹង​ការប្រើ​ប្រាស់​ថ្នាំ​វ៉ាក់ស៊ាំង។ ពួក​គេទាំង​នោះ​មិន​ព្រម​យក​កូនៗ​របស់​ពួក​គេ​ទៅ​ចាក់​ថ្នាំវ៉ាក់ស៊ាំង ​ដោយលើក​ហេតុផល​ថា​ថ្នាំវ៉ាក់ស៊ាំង​នេះ​បង្កគ្រោះ​ដល់​កូនៗ​របស់​ពួក​គេ៕

XS
SM
MD
LG