ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​ជំរុញ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់


ជំងឺ​គ្រុន​ចាញ់​ជា​ជំងឺ​ដែល​ឆ្លង​ដោយ​សារ​មូស​ខាំ ហើយ​នៅ​ក្នុង​ឆ្នាំ២០១៨ ​អត្រា​ជំងឺ​គ្រុន​ចាញ់​បាន​ធ្លាក់​ចុះ​៨៥%​ បើ​ធៀប​នឹង​ឆ្នាំ២០១១។

តាម​របាយការណ៍​ អត្រា​​ជំងឺ​គ្រុនចាញ់​ប្រទេស​កម្ពុជា​មក​ទល់​ឆ្នាំ​ ២០១៨ ​បាន​ថយចុះ​៨៥​ភាគរយ ​ដោយ​ធ្លាក់​ចុះ​ពី​១៧​ម៉ឺន​ករណី​នៅ​ឆ្នាំ​២០១១ ​មក​ត្រឹម​ប្រមាណ​​ ៦​ម៉ឺន​៥​ពាន់​ករណី​នៅ​ឆ្នាំ​២០១៨​ ដោយ​មិន​មាន​ករណី​ស្លាប់​នោះ​ទេ។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ប្រកាស​ការ​គាំទ្រ​ពេញ​ទំហឹង​ និង​ជំរុញ​ឱ្យ​មាន​សកម្មភាព​នានា​បន្ថែម​ទៀត​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ ​និង​លើក​កម្ពស់​ការ​យល់ដឹង​សាធារណៈ​អំពី​ជំងឺ​គ្រុនចាញ់​នៅ​កម្ពុជា។

​ក្នុង​សារ​លិខិត​មួយ​របស់​លោក​ ដើម្បី​ចូល​រួម​ទិវា​ជាតិ​និង​អន្តរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៥​ ខែ​មេសា​ខាង​មុខ​ លោក​ ​ហ៊ុន សែន​ ​អះអាង​ថា​ ទន្ទឹម​នឹង​ការ​បើក​ឱ្យមាន​ការ​ជំរុញ​ឱ្យ​មាន​ការ​យល់​ដឹង​ជា​សាធារណៈ​បន្ថែម​ទៀត​ទាក់ទិននឹង​ជំងឺ​គ្រុនចាញ់​ រដ្ឋាភិបាល​កម្ពុជា​បាន​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​គំនិត​ និង​ទម្លាប់​នៅ​ក្នុង​ការ​រស់​នៅ​ស្អាត​ ជា​ពិសេស​នៅ​តាម​ទី​ជនបទ។

​លោក​ ហ៊ុន សែន​ ​បាន​បន្ត​ថា​ ទិវា​គ្រុនចាញ់​ក្រោម​ប្រធាន​បទ «គ្មាន​ជំងឺ​គ្រុន​ចាញ់ ​ផ្តើម​ចេញ​ពី​ខ្ញុំ»​ គឺ​សម​ស្រប​ចំពោះ​ការ​ផ្លាស់ប្តូរ​និង​ដំណើរការ​វិវត្ត​ថ្មីៗ​នៃ​សភាពការណ៍​សង្គម-សេដ្ឋកិច្ច​កម្ពុជា​ ដែល​កំពុង​ពង្រីក​ការ​អភិវឌ្ឍ​តាម​ព្រំដែន​ និង​តំបន់​អេកូទេសចរណ៍​ធម្មជាតិ​ ព្រៃភ្នំ​ ដែល​ប្រឈម​នឹង​អត្រា​ឈឺ​ស្លាប់​ខ្ពស់​ដោយ​ជំងឺ​គ្រុន​ចាញ់នៅ​ឡើយ។

​ក្នុង​ពេល​បច្ចុប្បន្ន កម្ពុជា​កំពុង​អនុវត្ត​អភិក្រម​ការងារ​លុប​បំបាត់​ជំងឺ​គ្រុនចាញ់ឆ្នាំ​ ២០១៦-២០២០​ ស្រប​ពេល​ដែល​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNDP)​ ប្តេជ្ញា​នឹង​លុប​បំបាត់​ការ​រីករាលជំងឺ​គ្រុន​ចាញ់នៅ​លើ​សាកលលោក​ឲ្យ​បាន​នៅ​ត្រឹម​ឆ្នាំ​ ២០៣០។

នៅ​ក្នុង​សារ​លិខិត​ដដែល​ខាង​លើ​បាន​បញ្ជាក់​ថា ​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​ក្នុង​សេវា​សុខាភិបាល​សាធារណៈ​របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​ អត្រាជំងឺ​គ្រុនចាញ់​ប្រទេស​កម្ពុជា​មក​ទល់​ឆ្នាំ​ ២០១៨ ​បាន​ថយចុះ​៨៥​ភាគរយ ​ដោយ​ធ្លាក់​ចុះ​ពី​១៧​ម៉ឺន​ករណី​នៅ​ឆ្នាំ​២០១១ ​មក​ត្រឹម​ប្រមាណ ៦​ម៉ឺន​៥​ពាន់​ករណី​នៅ​ឆ្នាំ​២០១៨​ ដោយ​មិន​មាន​ករណី​ស្លាប់​នោះ​ទេ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG