ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​និង​ក្រុមអ្នកជំនាញ​នានា​អះអាង​ថា ​សិទ្ធិកុមារ​នៅ​កម្ពុជា​នៅតែ​រង​ហានិភ័យ


រូបឯកសារ៖ កុមារពីរនាក់ដើរជាន់លើក្តារពីលើទឹកស្អុយនៅតំបន់មួយ​ក្នុង​រាជធានីភ្នំពេញ កាល​ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧។
រូបឯកសារ៖ កុមារពីរនាក់ដើរជាន់លើក្តារពីលើទឹកស្អុយនៅតំបន់មួយ​ក្នុង​រាជធានីភ្នំពេញ កាល​ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧។

របាយការណ៍​​បាន​ដាក់​ចំណាត់​ថ្នាក់​ឲ្យ​កម្ពុជា​អាក្រក់​ជាង​ប្រទេសជិតខាងដូចជា​ប្រទេស​ថៃ​ស្ថិត​នៅ​លេខរៀងទី១៤ វៀតណាម​នៅ​លេខរៀង​ទី៥៧ និងប្រទេសឡាវ​នៅ​លេខរៀង​ទី១១២។ របាយការណ៍​បាន​ដាក់​លេខរៀង​ឲ្យក​ម្ពុជា​ល្អ​ជាង​បន្តិចពី​ប្រទេសមីយ៉ាន់ម៉ា​ដែល​ស្ថិត​នៅ​លេខរៀង​ទី១៣៣។

កុមារ​នៅប្រទេសកម្ពុជា​នៅ​តែរង​ការរំលោភបំពាន​សិទ្ធិ​ បើទោះបី​ជា​មានភាពប្រសើរ​ជាង​មុន​នៅប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ​ក៏ដោយ។ នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​ៗ​ និង​ក្រុម​អ្នកជំនាញ​នានា​បាន​លើកឡើង​នៅមុន​ថ្ងៃទិវាសិទ្ធិ​កុមារ​កាល​ពីថ្ងៃសៅរ៍ ទី១ខែ​មិថុនា​កន្លងទៅ។

របាយការណ៍​ស្តី​ពី​សិទ្ធិកុមារ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃឧសភា ​បាន​ដាក់​ចំណាត់​ថ្នាក់ឲ្យ​កម្ពុជា​នៅលេខរៀងទី១២៨ក្នុង​ចំណោម​១៨១ប្រទេស។ របាយការណ៍​នេះ​បានផ្អែក​ទៅលើ​សូចនាករ​ជាច្រើន​រួមទាំង​ សុខភាព​ ការសិក្សាអប់រំ​ និង​ការការ​ពារ​កុមារ និង​បាន​រក​ឃើញថា​ ការរីកចម្រើន​ខាងសេដ្ឋកិច្ច​មិន​បាន​ជួយ​ឲ្យ​មាន​ភាពប្រសើរ​ឡើង​ក្នុង​ការអនុវត្ត​សិទ្ធិ​កុមារ​ទេ។

របាយការណ៍​នេះ​បាន​ដាក់​ចំណាត់​ថ្នាក់​ឲ្យ​កម្ពុជា​អាក្រក់​ជាង​ប្រទេសជិតខាងដូចជា​ប្រទេស​ថៃ​ស្ថិត​នៅ​លេខរៀងទី១៤ វៀតណាម​នៅ​លេខរៀង​ទី៥៧ និងប្រទេសឡាវ​នៅ​លេខរៀង​ទី១១២។ របាយការណ៍​បាន​ដាក់​លេខរៀង​ឲ្យក​ម្ពុជា​ល្អ​ជាង​បន្តិចពី​ប្រទេសមីយ៉ាន់ម៉ា​ដែល​ស្ថិត​នៅ​លេខរៀង​ទី១៣៣។

លោកHuy Khy ទីប្រឹក្សា​គោលនយោបាយ​តស៊ូមតិ​នៃអង្គការ Save the Children បាន​ថ្លែង​ថា​ ទោះបីជា​មាន​ការវិវត្ត​គួរឲ្យកត់សម្គាល់​ នៅក្នុង​ក្រមខណ្ឌ​ការងារ​ស្របច្បាប់​ដើម្បី​ការពារ​សិទ្ធិកុមារ​ក៏ដោយ​ ក៏​ការអនុវត្ត​ជាក់ស្តែង​នៅ​មាន​ភាពផុយស្រួច​ដដែល ដូច​ទៅនឹង​ការបញ្ជាក់​នៅក្នុង​របាយការណ៍។

លោក Huy Khy បាន​ប្រាប់ VOA តាម​រយៈសារអេឡិចត្រូនិក​ ឬ Email ថា៖ «ទោះបី​ជា​មាន​ការវិវត្ត​គួរឲ្យកត់សម្គាល់​យ៉ាងណា​ក៏ដោយ​ ក៏កុមារ​នៅក្នុង​ប្រទេសកម្ពុជា​នៅ​តែ​ប្រឈម​នឹង​ឧបសគ្គ​មួយ​ចំនួន​ ពាក់ព័ន្ធ​ទៅនឹង​សិទ្ធិទទួល​បាន​ការអប់រំ​ ការការពារ សុខភាព​ និង​សិទ្ធិ​ក្នុងការ​ចូលរួម​ជាដើម»។

ឧទាហរណ៍​មួយ​ដែល​លោក​បាន​លើកឡើង​គឺ​កង្វះខាត​ឱកាស​សម្រាប់​កុមារពិការ។ លោក​បាន​បញ្ជាក់​ថា ​កុមារពិការ​ចំនួន​ដល់​ទៅពីរដង​បើធៀប​ទៅ​នឹង​កុមារ​ធម្មតា​មិន​បាន​ចូលរៀន​នៅ​សាលា​ទេ។ លោក​បាន​បន្ថែម​ថា«មានកុមារ​វ័យជំទង់​ដែល​ពិការ​តែ៤ភាគរយ​ប៉ុណ្ណោះ​ ដែល​បាន​បញ្ចប់​ការសិក្សា​ត្រឹម​ថ្នាក់​អនុវិទ្យាល័យ​ បើធៀប​ទៅ​នឹង​កុមារជំទង់​មាន​កាយសម្បទា​ធម្មតា៤១ភាគរយ»។

យោង​តាម​ស្ថិតិ​របស់​អង្គការ UNICEFកាល​ពី​ឆ្នាំ២០១៤ លោក Khy បាន​ថ្លែង​ថា ​កុមារ​ជាង ៥០ភាគរយ​រងគ្រោះ​ដោយ​អំពើហិង្សា​លើ​រាងកាយ​ ២៥ភាគរយ​រងការ​បំពាន​ផ្លូវចិត្ត​ និង​កុមារ៥ភាគរយ​រងគ្រោះ​ដោយសារ​អំពើរំលោភសេពសន្ថវៈ។

លោក Khy ថា​មាន​ចំនួន​សិស្សសាលា​តិចតួច​ណាស់​ដែល​រៀន​ចប់​ត្រឹមថ្នាក់​អនុវិទ្យាល័យ​ បើធៀប​ទៅ​នឹង​អាត្រា​កុមារ​ចុះឈ្មោះ​ចូលរៀន​ ដែល​មាន​ការកើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

លោក​បាន​ញ្ជាក់​ទៀត​ថា «ជារឿយៗ​ទាំង​ឳពុកម្តាយ​ និង​កុមារ​ចង់​ទៅ​ធ្វើ​ការជាង​ទៅ​រៀន​នៅ​សាលា»។

អ្នកតស៊ូមតិ​បាន​ថ្លែង​ថា​ការទទួល​បាន​ចំណាត់​ថ្នាក់ទាប​នៅក្នុង​របាយការណ៍​ស្តី​ពី​សិទ្ធិកុមារ​នេះ​ក៏​បាន​រួមបញ្ជូល​ទាំង​កិច្ចខិតខំប្រឹងប្រែង​របស់​រដ្ឋាភិបាល​ប្រទេសនានា​ និង​ធនធាន​ដែល​មាន​នៅក្នុង​បណ្តា​ប្រទេសនីមួយៗ​ផងដែរ ដែល​បាន​ជះឥទ្ធិពល​ដល់ការ​សម្រេច​ដាក់​ថវិកា​សម្រាប់​កិច្ចគាំពារ​កុមារ។

លោក Khy បាន​ថ្លែង​បន្ថែម​ទៀត​ថា«កម្ពុជា​មិនទាន់​បាន​ដាក់​ថវិកា​គ្រប់គ្រាន់​ដើម្បី​ធានា​ឲ្យ​មាន​ការគោរព​សិទ្ធិកុមារ​ ឲ្យ​បាន​ពេញលេញ​នៅ​ឡើយ​ទេ។ ឧទាហរណ៍​ដូច​ក្នុង​ឆ្នាំ២០១៩ ថវិកា​សម្រាប់​ក្រសួងអប់រំ​ មាន​តែ១៣,៧​ភាគរយ​នៃ​ថវិកា​ជាតិ​សរុប​ប៉ុណ្ណោះ ​ដែល​ចំនួន​នេះ​នៅ​ទាប​ជាង​ថវិកាសកល​ជាមធ្យម២០ភាគរយ​ នៃថវិកាជាតិ​ទាំង​មូល»។

ចំណុច​ទាំងនេះ​ក៏​បាន​ឆ្លុះបញ្ចាំង​នៅក្នុង​របាយការណ៍​របស់​អង្គការ Save the Childrenស្តី​ពី​កុមារភាព៖ ការផ្លាស់ប្តូរ​ការរស់​នៅក្នុង​ជីវិត​របស់​យើង ឬ Changing Lives in our ​Lifetime​ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃអង្គារ​ទី២៨ខែឧសភា​កន្លង​ទៅ។ របាយការណ៍​បាន​ដាក់​ចំណាត់ថ្នាក់​ឲ្យ​កម្ពុជា​ជាប់​លេខរៀង​ទី ១២០ក្នុង​ចំណោម​ ១៧៦ប្រទេស​ និង​បាន​លើកឡើង​ពី​ក្តីបារម្ភ​ចំពោះ​ចំនួន​កុមារ ២២,៥ភាគរយ​ដែល​ឈប់​រៀន​ត្រឹមថ្នាក់​បឋមសិក្សា​ និង​ត្រឹមថ្នាក់​អនុវិទ្យាល័យ។ លោក Khy បាន​ថ្លែង​ថា ថវិកា​តែ​២ទៅ៤ភាគរយ​ប៉ុណ្ណោះ​ត្រូវ​បាន​ដាក់​សម្រាប់​សេវា​សង្គម។

អ្នកនាំ​ពាក្យក្រសួង​សង្គមកិច្ច​លោក Yeap Malina មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ។ មន្រ្តី្ក​ក្រសួង​សង្គមកិច្ច​បាន​ស្នើ​ឲ្យ​សួរសំណួរ​ដោយ​ផ្ទាល់​ទៅ​អ្នកនាំ​ពាក្យ​ក្រសួង។

អ្នកជំនាញ​ផ្នែកទំនាក់ទំនង​នៃ​អង្គការ UNICEF ប្រចាំ​ប្រទេសកម្ពុជា​ លោក Meas Bunly បាន​បញ្ជាក់​អំពី​វិធានការ​សំខាន់ៗ​ក្នុងរយៈពេល​១០ឆ្នាំ​កន្លង​មក​នេះ​ ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ឲ្យ​អនុវត្ត​ដើម្បី​លើ​កកម្ពស់​សិទ្ធិកុមារ​កម្ពុជា។ វិធានការ​ទាំង​នោះ​រួមមាន​ការអនុម័តច្បាប់​ និង​ផែនការ​សកម្មភាព​នានា​ដែលត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ការពារកុមារ​ កាត់បន្ថយ​អាត្រាក្រីក្រ​ ព្រមទាំង​លើក​កម្ពស់​វិស័យ​អប់រំ​ជាដើម។ លោក Bunly បាន​បញ្ជាក់​ទៀត​ថា​ បើទោះ​បី​ជា​មាន​ការវិវត្ត​យ៉ាង​នេះ​ក្តី​គម្លាត​នៃ​កិច្ចគាំពារ​កុមារ​នៅ​តែ​មាន។ លោក​បាន​ថ្លែង​ដូច្នេះ​ថា៖

«ខណៈ​មាន​ការវិវត្តគួរ​ឲ្យ​កត់សម្គាល់​ជាច្រើន​ ពាក់ព័ន្ធនឹង​សិទ្ធិកុមារ​នៅ​កម្ពុជា ឧបសគ្គ​ចម្បង​នានា​ដើម្បី​បំពេញ​គម្លាត​ទាំងនោះ​នៅ​តែ​មាន​នៅក្នុងវិស័យ​មួយ​ចំនួន»។

ពាក់ព័ន្ធ​នឹង​ចំណុច​នេះ​លោក Bunly បាន​លើកឡើង​ពីស្ថិតិ​ដែល​បង្ហាញ​ថា​ កុមារ​៣២ភាគរយ​នៅ​កម្ពុជា​គ្រិន​ ហើយ​អាត្រា​ស្លាប់​របស់​កុមារ​អាយុ​ក្រោម៥ឆ្នាំ នៅ​តែ​មាន​ចំនួន​ដដែល​គឺ៣១នាក់​ក្នុងចំណោមទារក​ដែល​បាន​កើត១០០០នាក់។

លោក​ Bunly បាន​បន្ថែម​ថា «បញ្ហា​ទាំងអស់​នេះ​បាន​កើតឡើង​ជា​បន្ត​បន្ទាប់​ និង​ចាំបាច់​ត្រូវដោះសា្រយ​ក្នុង​ពេល​តែមួយ»៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG