នៅថ្ងៃអង្គារនេះ លោក ស ខេង រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃនិងជាអនុប្រធានបក្សកាន់អំណាចបានថ្លែងថា ការព្យាយាមរបស់រដ្ឋាភិបាលក្នុងធ្វើឱ្យមន្ត្រីបក្សជំទាស់ ១១៨រូបអាចវិលចូលនយោបាយ និងការព្យាយាមស្ដារស្ថានការណ៍ឱ្យបានល្អប្រសើរឡើងវិញ ថាមិនបានទាក់ទិននិងសម្ពាធឬគម្រោងដកកម្ពុជាចេញពីប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប EBA នោះទេ។
ថ្លែងទៅកាន់អ្នកចូលរួម ក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពីតួនាទីភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងការអនុវត្តបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ លោក ស ខេង បានមានប្រសាសន៍ថា៖
«នេះគឺថាក្នុងន័យដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ មិនមែនដោយសារមកពីហេតុផលនេះ ហេតុផលនោះ ក្រៅពីនេះទេ។ ប៉ុន្តែការបកស្រាយវាធម្មតាហ្អេ! គេអាចថាមកពី EBA មកពីហ្អីអីច៊ឹង ក៏ប៉ុន្តែ យើងមិនដែលបានបោះបង់ចោលលទ្ធិប្រជាធិបតេយ្យម្តងណាទេ សម្រាប់កម្ពុជា! មិនដែលបានបោះបង់នោះទេ។ ការបោះឆ្នោត យើងមើលទៅគឺថាប្រហែលជារបបបោះឆ្នោតការបោះឆ្នោតនៅកម្ពុជាយើងគឺច្រើនជាងបណ្តាប្រទេសនានា ក្នុងរយៈពេលដូចគ្នា»។
កាលពីថ្ងៃច័ន្ទកន្លងទៅរាជរដ្ឋាភិបាលកម្ពុជា ប្រកាសពីវិធានការពង្រឹងលទ្ធិប្រជាធិបតេយ្យ ដោយមានទាំងការស្វែងរកវិធានផ្លូវច្បាប់ ដើម្បីលើកលែងការព្យួរសិទ្ធិនយោបាយរបស់មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិទាំង១១៨នាក់។
រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ផងដែរថា រដ្ឋសភាជាតិកំពុងពិនិត្យលើបទបញ្ញត្តិច្បាប់ផ្សេងៗ ដើម្បីអនុញ្ញាតឲ្យបុគ្គលដែលជាប់បំរាមនយោបាយ អាចចាប់ផ្តើមធ្វើនយោបាយឡើងវិញ ការបើកទូលាយនូវសេរីភាពរបស់អង្គការសង្គមស៊ីវិល សហជីព និងការអនុញ្ញាតឲ្យស្ថាប័នព័ត៌មានដែលបានបិទ ដូចជាវិទ្យុអាស៊ីសេរី និងកាសែតឌឹ ខេមបូឌាដេលីជាដើម អាចបើកការិយាល័យនៅកម្ពុជាឡើងវិញផងដែរ។
សហភាពអឺរ៉ុបនៅដើមខែតុលា បានជូនដំណឹងទៅរដ្ឋាភិបាលកម្ពុជាដែលកំពុងដឹកនាំប្រទេសដោយឯកបក្សថា ប្រទេសកម្ពុជានឹងបាត់បង់ឋានៈអនុគ្រោះពន្ធសម្រាប់នាំទំនិញចូលទីផ្សាររបស់សហភាពអឺរ៉ុប ដោយសារតែការរំលោភសិទ្ធិមនុស្ស និងការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ។ សហភាពអឺរ៉ុបក៏បានទុកពេលឲ្យកម្ពុជារយៈពេល១២ខែ ដើម្បីស្តារស្ថានភាពប្រជាធិបតេយ្យឡើងវិញ មុននឹងសម្រេចដកពន្ធអនុគ្រោះដែលផ្ដល់ផលចំណេញដល់កម្ពុជាប្រមាណ ៧០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។
ការព្រមានដកកិច្ចអនុគ្រោះពន្ធដូច្នេះ គឺធ្វើឡើងក្រោយពេលដែលរដ្ឋាភិបាលកម្ពុជារបស់ លោក ហ៊ុន សែន ធ្វើការបង្រ្កាបដ៏ចាស់ដៃមួយកាលពីឆ្នាំ២០១៧ លើអ្នករិះគន់រដ្ឋាភិបាល អង្គការសង្គមស៊ិវិល ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនិងការរំលាយបក្សសង្គ្រោះជាតិ ដែលជាគូប្រជែងដ៏ធំរបស់គណបក្សប្រជាជនរបស់លោក ហ៊ុន សែន។
យ៉ាងណាក៏ដោយ លោក ស ខេង បានពន្យល់ពីជំហររបស់រដ្ឋាភិបាលនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលកំពុងព្យាយាមធ្វើឱ្យមានភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិល និងការចូលរួមបន្ថែមទៀត ហើយកន្លងមកក្រសួងមហាផ្ទៃបានដកបម្រាមមួយចំនួនដើម្បីសម្រួល ដល់ការជួបជុំនិងការធ្វើការងារតាមមូលដ្ឋានរបស់អង្គការសង្គមស៊ីវិលឡើងវិញផងដែរ ខណៈស្ថាប័នព័ត៌មានមួយចំនួនដែលបានបិទទ្វារ ដូចជាកាសែតឌឹ ខេមបូឌាដេលី នឹងត្រូវបានអនុញ្ញតឱ្យបើកដំណើរការរបស់ខ្លួនឡើងវិញ ក្រោយការដោះស្រាយបញ្ហាពន្ធជាមួយរដ្ឋ។
ជាមួយគ្នានោះដែរ លោក ស ខេង បញ្ជាក់ថា រដ្ឋសភាកម្ពុជាកំពុងធ្វើការលើសេចក្តីស្នើច្បាប់វិសោធនកម្មមួយដើម្បីបើកផ្លូវឱ្យមានការចូលធ្វើនយោបាយវិញ ដោយមានផ្តល់នីតិសម្បទាពីព្រះមហាក្សត្រខ្មែរ បើទោះជាអតីតមន្ត្រីបក្សសង្គ្រោះជាតិមួយចំនួនក្នុងចំណោម ១១៨រូប នោះមិនបានគោរពតាមសាលដីការបស់តុលាការកំពូលក៏ដោយ។
លោក ស ខេង បានបន្ថែមថា៖
«សាលក្រមតុលាការកំពូលហ្នឹង ហាម! ដាក់បម្រាម១១៨នាក់ហ្នឹងគឺបិទផ្លូវតវ៉ា ឃើញហ្អេ បិទផ្លូវតវ៉ាគឺអត់មានទុកច្រកចេញបានហ្អេ ទាល់តែ៥ឆ្នាំឯនោះ! ៥ឆ្នាំនោះបានផុត! អីច៊ឹងដើម្បីដោះស្រាយបញ្ហាហ្នឹង វាមានតែធ្វើវិសោធនកម្មច្បាប់ ដើម្បីបើកច្រក»។
រដ្ឋសភាជាតិក៏បានចេញសេចក្តីជូនដំណឹងមួយកាលពីល្ងាចថ្ងៃច័ន្ទ ថាតំណាងរាស្ត្ររបស់បក្សកាន់អំណាចបានធ្វើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយដើម្បីផ្តល់សិទ្ធិដល់នាយករដ្ឋមន្រ្តី ឬរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើព្រះមហាក្សត្រ ផ្តល់នីតិសម្បទាដល់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិឲ្យមានសិទ្ធិធ្វើនយោបាយឡើងវិញ។
អគ្គលេខាធិការនៃរដ្ឋសភា លោក ឡេង ប៉េងឡុង សរសេរបន្ថែមក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចេញផ្សាយកាលពីថ្ងៃច័ន្ទថា៖
«វិសោធនកម្មនេះក៏មានគោលបំណងពង្រឹងលទ្ធិប្រជាធិបេត្យសេរីពហុបក្ស នីតិរដ្ឋព្រមទាំងលើកកម្ពស់ស្មារតីបង្រួបបង្រួមជាតិផងដែរ»។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រាប់ VOA នៅល្ងាចថ្ងៃអង្គារអំឡុងដំណើរទស្សនកិច្ចមួយក្នុងខេត្តសៀមរាបថា លោកនិងសហភាពអឺរ៉ុបបានឃើញពីសេចក្តីថ្លែងការណ៍ស្តីពីការពីវិធាននៃការពង្រឹងលទ្ធិប្រជាធិបតេយ្យឡើងរបស់រដ្ឋាភិបាលកម្ពុជា ហើយលោកយល់ថានេះគឺជាជំហានដ៏វិជ្ជមានមួយ។
«សេចក្តីថ្លែងការណ៍ និងវិធានការឆ្ពោះទៅរកការបង្កើតយន្តការ ដើម្បីឲ្យអ្នកនយោបាយចូលរួមក្នុងឆាកនយោបាយវិញគឺជា រឿងវិជ្ជមានមួយ។ ខ្ញុំនឹងពិនិត្យយ៉ាងដិតដល់ទៅលើអ្វីដែលនឹងកើតមានពិតប្រាកដ។ ខ្ញុំគិតថា ការឆ្លើយតបរបស់យើងទៅនឹងសេចក្តីថ្លែងការណ៍របស់ រដ្ឋាភិបាល គឺមានលក្ខណៈវិជ្ជមាន»។
យ៉ាងណាក៏ដោយ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជារូបនេះបញ្ជាក់ថា លោក មិនអាចទាយដឹងបានទេថា តើចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជានេះនឹងអាចឈានដល់ការបញ្ចប់ដំណើរការដកកម្ពុជាចេញពីកិច្ចអនុគ្រោះពន្ធអឺរ៉ុប EBA ឬយ៉ាងណានោះទេ ដោយដំណើរការនៃកិច្ចពិភាក្សាលើបញ្ហានេះកំពុងតែដំណើរការនៅឡើយ។
គណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយចោទថាបានឃុបឃិតជាមួយបរទេស រៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ តុលាការកំពូលក៏បានព្យួរសិទ្ធិរបស់មន្រ្តីគណបក្សប្រឆាំងចំនួន១១៨នាក់ ទាំងអ្នកដែលកំពុងស្ថិតនៅក្នុង និងក្រៅប្រទេស មិនឲ្យធ្វើនយោបាយម្នាក់ៗចំនួន៥ឆ្នាំ។
ចំណែកប្រធានគណបក្សនេះ គឺលោក កឹម សុខា ត្រូវបានចាប់ឃុំខ្លួនដោយរងពីបទចោទដូចគ្នា។ បច្ចុប្បន្ន លោក កឹម សុខា កំពុងស្ថិតក្នុងការឃុំឃាំងនៅក្នុងផ្ទះ ដោយមានការឃ្លាំមើលពីតុលាការ ក្រោយលោកត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេលជាង១ឆ្នាំ។
លោក ចាន់ ចេន មេធាវីមួយរូបក្នុងចំណោមការពារក្តីឲ្យលោក កឹម សុខា ដែលបានជួបលោក កឹម សុខា នាពេលថ្មីៗនេះបញ្ជាក់ប្រាប់ VOA នៅថ្ងៃអង្គារថាកូនក្តីរបស់លោក កឹម សុខា បានសារទចំពោះសេចក្តីស្នើច្បាប់ដើម្បីអុញ្ញតិឱ្យមន្ត្រីនៃគណបក្សសង្គ្រោះជាតិ ទាំង១១៨រូបបានចូលរួមក្នុងឆាកនយោបាយឡើងវិញ។
លោក ចាន់ ចេន បញ្ជាក់ថា៖
«ខ្ញុំបានជួបជាមួយកូនក្តីរបស់ខ្ញុំបាទ ឯកឧត្តម កឹម សុខា គឺគាត់សម្តែងការស្វាគមន៍នូវការធ្វើវិសោធនកម្មនេះ។ អ្វីក៏ដោយដែលជាដំណោះស្រាយដើម្បីផលប្រយោជន៍ជាតិ ដើម្បីផលប្រយោជន៍លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាគឺកូនក្តីខ្ញុំបាទគាត់គាំទ្របាទ!»។
ការចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងការបើកលំហរសេរីភាពសង្គមស៊ីវិល សារព័ត៌មាន និងគណបក្សប្រឆាំងជាបន្តបន្ទាប់នេះ ត្រូវបានគេមើលឃើញថា រដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងព្យាយាមបន្ធូរបន្ថយកម្ដៅនយោបាយ ខណៈកម្ពុជាកំពុងរងការរិះគន់យ៉ាងខ្លាំងពីស្ថាប័ន និងប្រទេសលទ្ធិប្រជាធិបតេយ្យធំៗមួយចំនួន៕