ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ​ហ៊ុន សែន​ ​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឡាវ ​បន្ទាប់​ពី​ដាក់​ឱសាន​វាទ​ឱ្យ​កងទ័ព​ឡាវ​ដក​ចេញ​ពី​កម្ពុជា​ក្នុង​រយៈពេល​៦ថ្ងៃ


រូបឯកសារ៖ លោក​ ហ៊ុន សែន​​ មេ​បក្ស​កាន់​អំណាច​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ ​ដែល​ប្រមូលផ្តុំ​នៅ​ឯ​ផ្លូវ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​មុន​ពេល​ហែក្បួន​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​ថ្ងៃ​ចុង​ក្រោយ​ ​នា​ថ្ងៃទី​០២ ខែ​មិថុនា
ឆ្នាំ២០១៧។​ ​(នៅ វណ្ណារិន/VOA)
រូបឯកសារ៖ លោក​ ហ៊ុន សែន​​ មេ​បក្ស​កាន់​អំណាច​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ ​ដែល​ប្រមូលផ្តុំ​នៅ​ឯ​ផ្លូវ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​មុន​ពេល​ហែក្បួន​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​ថ្ងៃ​ចុង​ក្រោយ​ ​នា​ថ្ងៃទី​០២ ខែ​មិថុនា ឆ្នាំ២០១៧។​ ​(នៅ វណ្ណារិន/VOA)

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ​លោក​ ​ហ៊ុន សែន បាន​បញ្ជា​ឲ្យ​មេទ័ព​កម្ពុជា​ ​ត្រៀម​ចល័តទ័ព​ចូល​ខេត្ត​ស្ទឹងត្រែង​ ដើម្បី​វាយ​បណ្តេញ​កងទ័ព​ឡាវ​ប្រមាណ​៣០នាក់ ​ចេញ​ពី​ទឹកដី​កម្ពុជា។ នៅ​មុន​ការ​ប្រកាស​នេះ​ ​លោក​ ​ហ៊ុន សែន​ ​បាន​ថ្លែងថា​ ​លោក​បាន​ខិតខំ​ប្រើ​យុទ្ធ​សាស្ត្រ​ការទូត​ ដើម្បី​ចរចា​ជាមួយ​ភាគី​ឡាវ​ជា​ច្រើន​ដង​មក​ហើយ​ តែ​ឡាវ​នៅ​តែ​មិន​ព្រម​ដកទ័ព​ចេញ​ពី​កម្ពុជា។

អ្នក​វិភាគ​និយាយ​ថា​ រដ្ឋាភិបាល​ខ្មែរ​ ក៏​ត្រូវ​មាន​ភាព​ម៉ឺងម៉ាត់​ដោះស្រាយ​ ​ទំនាស់​ព្រំដែន​ជាមួយ​ប្រទេស​ក្បែរ​ផ្សេង​ទៀត​ ​ដូច​ជា​ប្រទេស​កុម្មុយនិស្ត​វៀតណាម​ជា​ដើម។

នាយក​រដ្ឋមន្ត្រី​ខ្មែរ​ លោក​ ​ហ៊ុន សែន​ ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ បាន​ព្រមាន​រដ្ឋាភិបាល​កុម្មុយនិស្ត​ឡាវ​ ដោយ​ការ​ប្រើ​កម្លាំង​យោធា​ ប្រសិន​បើ​ភាគី​ឡាវ​ ​នៅតែ​គឃ្លើន​មិន​ព្រម​ដក​កង​ទ័ព​ខ្លួន​ចេញ​ពី​ទឹក​ដី​ប្រទេស​កម្ពុជា​ ដែល​លោក​អះអាង​ថា​ បាន​ចូល​មក​តាំងពី​ខែ​មេសា​មក​ម៉្លេះ។

​ការ​ព្រមាន​របស់​នាយឧត្តម​សេនីយ​ផ្កាយ​ផុត​លេខ​ ហ៊ុន សែន​ កើត​មាន​ឡើង​ ក្នុង​ពេល​លោក​ចូល​រួម​ពិធី​តែង​តាំង​ប្រធាន​ថ្មី​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ។​ លោក​ ​ហ៊ុន សែន​ បាន​ប្រាប់​លោក​ ប្រាក់ សុខុន​ រដ្ឋ​មន្ត្រី​ក្រសួង​ការបរ​ទេស​កម្ពុជា​ ឲ្យ​ធ្វើ​ការ​ទាក់ទង​ជាមួយ​ភាគី​ឡាវ​ ដើម្បី​បើក​ផ្លូវ​ឲ្យ​លោក​បាន​ជួប​ជាមួយ​នាយករដ្ឋ​មន្ត្រីឡាវ​ លោក​ ថោងលន់ ស៊ីសូលីត​ ជា​មុន​សិន​ ដើម្បី​ធ្វើ​ការ​ចរចា​លើក​ចុង​ក្រោយ​ មុន​ពេល​លោក​ចេញ​បទ​បញ្ជា​ឲ្យ​កងទ័ព​កម្ពុជា​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​ទាហាន​ឡាវ​ ប្រមាណ​៣០នាក់​ដែល​កំពុង​បោះ​ទីតាំង​ នៅ​អូរតាង៉ាវ​ ស្រុក​សៀងប៉ាង​ ខេត្ត​ស្ទឹងត្រែង។

លោក​ ហ៊ុន សែន ​បាន​អំពាវនាវ​ទៅ​នាយក​រដ្ឋ​មន្ត្រី​ឡាវ​លោក​ ថោងលន់​ ស៊ីសូលីត ឲ្យដក​ទ័ព​ខ្លួន​ចេញ​ពីទឹក​ដី​កម្ពុជា​ ក្នុងរ​យៈ​ពេល​៦ថ្ងៃ។​ លោក​ក៏​បាន​ប្រកាស​ប្រាប់​ពលរដ្ឋ​កម្ពុជា កុំឲ្យ​មាន​ការ​ជ្រួល​ច្របល់​ ​ប្រសិន​បើ​ពួកគេ​ឃើញ​ការ​ចល័ត​កងទ័ព​នោះ។

​ក្នុង​សម្លៀក​បំពាក់​ជា​សាស្ត្រាចារ្យនៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ លោក ហ៊ុន សែន​ ថ្លែង​យ៉ាង​ដូច្នេះ៖

«អញ្ចឹង​ខ្ញុំ​សូម​បញ្ជូន​សារ​ពី​នេះ​ អំពាវនាវ​ចំពោះ​ឯកឧត្តម​ ថោងលន់​ ស៊ីសូលីត នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ​ ដក​កងទ័ព​ចេញ​ពី​ទឹកដី​កម្ពុជា​ ដោយ​គ្មាន​លក្ខខណ្ឌ​ ហើយ​ឱសានវាទ​ យូរ​បំផុត​គឺ​ ថ្ងៃនេះ​ គឺ​ថ្ងៃ​ទី១១​ យូរ​បំផុត​នៅថ្ងៃ​ទី១៧​ ខ្ញុំ​ទុកឲ្យ​ប្រាំមួយ​ថ្ងៃ»។

លោក ហ៊ុន សែន​ ​ថ្លែង​អំពី​ការ​ត្រៀម​ចល័ត​កង​ទ័ព​យ៉ាង​ដូច្នេះ៖​

«ហើយ​ខ្ញុំ​និយាយ​ដោយត្រង់​ បើសិន​ជា​បងប្អូន​ឃើញ​មាន​ការ​ចល័ត​កងទ័ព​ សុំកុំ​ភ្ញាក់​ផ្អើល​ គឺ​ទៅ​គោល​ដៅ​ ទៅ​ស្ទឹងត្រែង​ ព្រំដែន​ឡាវ​ ខ្ញុំ​ឲ្យ​ទាញ​កងពល​ទីពីរ​មួយ​ភាគ​ឡើង​ទៅ​ និង​កងពល​២១​ឡើង​ទៅ​ ព្រោះ​មិន​អាច​ឲ្យ​នរណា​មួយ​ជាន់​ដី​ខ្មែរ​ដោយ​យើង​មិន​បាន​គិត​នោះ​ទេ មិត្តភ័ក្តគឺ​មិត្តភ័ក្ត​ហើយ តែ​បើ​មិត្តភ័ក្ត​មក​ជាន់​ក្បាល​អញ្ចឹង​មិន​បាន​ទេ»។

​នាយក​រដ្ឋ​មន្ត្រី​ឡាវ​ លោក​ ថោង លន់ ស៊ីស៊ូលីត
​នាយក​រដ្ឋ​មន្ត្រី​ឡាវ​ លោក​ ថោង លន់ ស៊ីស៊ូលីត

លោក ហ៊ុន សែន​ បាន​ឲ្យដឹង​ថា​ លោក​អត់​ទ្រាំមិន​បាន​ជាមួយ​ភាគី​ឡាវ​ ​ដោយ​ហេតុថា​ លោក​បាន​ផ្ញើ​លិខិត​ទៅ​ភាគី​ឡាវ​ ស្នើ​ឲ្យ​ប្រទេស​នេះ​ដកទ័ព​ខ្លួន​ចេញ​ពី​ទឹកដី​កម្ពុជា​ តែ​រដ្ឋាភិបាល​នៃ​ប្រទេស​មិន​មានការ​ឆ្លើយតប។ យ៉ាង​ណាក្តី​លោក​ថ្លែង​ថា​ ការ​ចរចា​ខាងទូត​ នៅ​តែ​បន្ត​ ខណៈ​លោក​បាន​ចេញ​បញ្ជា​ឲ្យ​មេទ័ព​កម្ពុជា​ត្រៀមខ្លួន​រួចជាច្រើន។

​លិខិត​របស់​លោកនាយករដ្ឋមន្ត្រី​ចុះ​ថ្ងៃទី​ ២ ខែ​សីហា​ ឆ្នាំ​ ២០១៧​ ​ដែល ​VOA ​ទទូល​បាន​នៅ​សៀល​ថ្ងៃ​សុក្រ​នេះ​ ​ឲ្យ​ដឹង​ថា​លោក​ ហ៊ុន សែន​ ​បាន​ប្រាប់​នាយក​រដ្ឋមន្ត្រី​ លោក​ ​ថោងលន់​ ស៊ីសូលីត​ ​ថា​ តាម​ការ​ពិនិត្យ​ទីតាំង​ជាក់​ស្តែង​ដោយ​ប្រធាន​គណៈកម្មការ​ចម្រុះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​ ឡាវ​ កាល​ពី​ថ្ងៃ​៥​ ខែសីហា​កន្លងទៅ​ ទៅ​លើ​ការ​សាងសង់​ផ្លូវ​ដោយ​កង​វិស្វកម្មកម្ពុជា​ នៅ​បណ្តោយ​ទន្លេ​សេគុង​ ក្បែរ​តំបន់​អូរអាឡៃ​ និង​នៅ​តំបន់​ដែល​ទាហាន​ឡាវ​បោះ​ទីតាំង​ នៅ​អូរតាងាវ​ ស្រុក​សៀង​ប៉ាង​ ព្រំដែន​ខេត្ត​ស្ទឹងត្រែង​ និង​ខេត្ត​អាតាពើ​នោះមក​ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា៖​ «ទាហាន​ឡាវ​ពិត​ជាបាន​រំលោភ​អធិបតេយ្យ​ភាព​ និង​បូរណភាព​ទឹកដី​កម្ពុជា​នៅ​តំបន់​ខាង​លើ​នោះ​ពិត​ប្រាកដ​មែន​ ​ហើយ​រហូត​មក​ដល់​ពេល​នេះ​ ភាគី​មិត្ត​នូវ​ពុំទាន់​បាន​ដក​កម្លាំង​ប្រដាប់​អាវុធ​ចេញ​ពី​ទឹក​ដី​កម្ពុជា​នៅ​ឡើយ​ ទោះបី​ជា​កម្ពុជា​បាន​ផ្អាក​ការ​ធ្វើផ្លូវ​ និង​បាន​ដក​គ្រឿង​ចក្រ​ចេញពី​តំបន់​នោះ​ហើយ​ក៏​ដោយ»។

តាម​លិខិត​ដដែល​នោះ​ លោក​ ហ៊ុន សែន​ បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

«​ខ្ញុំសូម​ស្នើ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ ដក​កម្លាំង​ប្រដាប់​អាវុធ​ចេញ​ពី​តំបន់​ក្បែ​អូរអាឡៃ​ និង​តំបន់​អូរតាងាវ​ ព្រំដែន​ខេត្ត​ស្ទឹងត្រែង​ និង​ខេត្ត​អាតាពើ​ ព្រមទាំង​បញ្ឈប់​គ្រប់​សកម្មភាព​ ដូចមាន​ក្នុង​កំណត់​ទូត​កម្ពុជា»។

ជម្លោះ​ព្រំដែន​រវាង​កម្ពុជា​ និងឡាវ​ បាន​កើត​ឡើង​តាំ​ងពីខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ ​ពេល​ដែល​កម្ពុជា​ចាប់​ផ្តើម​សាងសង់​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​ក្បែរ​ព្រំ​ដែន​ឡាវ។​ ​ប៉ុន្តែ​ភាព​តាន​តឹង​រវាង​កង​ទ័ពឡាវ​ និង​កងទ័ព​កម្ពុជា​ បាន​កើន​ឡើងខ្លាំង​ នៅ​តំបន់​ជម្លោះ​កាល​ពី​ខែ​មេសា​ នៅ​ពេល​ទាហាន​ឡាវ​ ត្រូវ​បាន​គេ​រាយការណ៍​ថា​ ផ្តើម​សាងសង់​បង្គោល​ព្រំដែន​ ដោយ​បាន​បំបែក​កិច្ច​ព្រមព្រៀង​ដែល​ធ្វើ​ឡើង​ដោយ​ភាគី​កម្ពុជា​ និង​ឡាវ​ ថា​ប្រទេស​ទាំង​ពីរ​នឹង​ដក​ទ័ព​រៀង​ខ្លួន​ចេញ​ពី​តំបន់​ជម្លោះ​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ។

មន្ត្រី​ស្ថានទូត​ឡាវ​ប្រចាំ​នៅ​កម្ពុជា​ពីរ​រូប​ ​បដិសេធ​មិន​ធ្វើការ​អធិប្បាយ​ចំពោះ​ការ​ព្រមាន​របស់​លោក​ ហ៊ុន សែន។ ​សេនានុព័ន្ធ​យោធា​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ឡាវ​ លោក​ អ៊ុន សុផាណា មិន​អាច​បញ្ជាក់​ VOA​ ​ថា​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ទទួល​បាន​ការ​អនុញ្ញត​ពី​ភាគី​ឡាវ​ ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កុម្មុយនិស្ត​នេះ​ ស្វែងរក​កិច្ចចរចា​ឲ្យ​កង​ទ័ព​ឡាវ​ដក​ចេញ​ពី​ទឹក​ដី​កម្ពុជា​បាន​ទេ។

​ក៏ប៉ុន្តែ​ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ ដែល​ VOA ​ទទួល​បាន​នៅ​រសៀល​ថ្ងៃ​សុក្រនេះ​ បាន​ឲ្យ​ដឹង​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នឹង​ចេញ​ដំណើរ​ទៅ​ក្រុង​វៀងច័ន្ទ​ រដ្ឋធានី​នៃ​ប្រទេស​ឡាវ​ នៅ​ព្រឹក​ថ្ងៃ​ទី១២​ ​ខែ​សីហា​ស្អែកនេះ​ ដើម្បី​ជួប​ចរចា​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​ឡាវ​ លោក​ ថោង លន់ ស៊ីស៊ូលីត​ ​អំពី​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ ​និង​ស្នើ​ឲ្យ​«រដ្ឋា​ភិបាល​ឡាវ​ដក​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​របស់​ខ្លួន​ចេញ​ពី​តំបន់​ក្បែរ​អូអា​ឡៃ​ ​និង​តំបន់​ អូរតាង៉ាវ​ ស្រុក​សៀង ​ប៉ាង​ ខេត្ត​ស្ទឹងត្រែង​ ជាប់​ព្រំដែន​នឹង​ខេត្ត​អាតាពើ​ ប្រទេស​ឡាវ។

​ទាក់ទិន​ការ​ត្រៀម​ប្រយុទ្ធ​របស់​កងទ័ព​កម្ពុជា​ នាយ​ឧត្តម​សេនីយ៍​ ឈុំ សុជាតិ​ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ បាន​បញ្ជាក់​ VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ កងទ័ព​បាន​ត្រៀម​រួចរាល់​ក្នុង​ការ​ច្បាំង​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ពីបរទេស​មក​លើ​អធិបតេយ្យ​ភាព​ និង​បូរណភាព​ទឹកដី​កម្ពុជា។

«និយាយ​រួមគ្រប់​លក្ខណៈ​ទាំង​អស់​ យើង​មានគ្រប់​គ្រាន់​ហើយ​ដើម្បី​ការ​ពារ​ទឹកដី​របស់​យើង។ ​យើង​មាន​លទ្ធភាព​គ្រប់​គ្រាន់​ ដើម្បី​ការពារ​ទឹកដី​របស់​យើង។​ យើង​មិន​អនុញ្ញាត​ឲ្យ​ពី​ណា​មក​រំលោភ​ឈ្លាន​ពាន​បាន​សូម្បី​តែ​មួយ​ម៉ីលីម៉ែត្រ​ យើង​មិន​អនុញ្ញាត​ឲ្យ​ ហើយ​យើង​ក៏​មិនចង់​បាន​ទឹកដី​របស់​មិត្ត​ភ័ក្ត​ជិតខាង​ដែរ​ ប៉ុន្តែ​យើងមិន​អនុញ្ញាត​ឲ្យ​នរណា​មក​រំលោភ​ទឹកដី​យើង​បាន​ដែរ​ ជំហរ​ដាច់​ខាត​របស់​យើង​តាំងពី​ដើមមក»។

នៅ​ក្រោយ​ពេល​លោក​ ​ហ៊ុន សែន​ ​ព្រមាន​ប្រើ​កងទ័ព​វាយ​បណ្តេញ​ទាហាន​ឡាវ​ចេញ​ពី​ទឹក​ដី​កម្ពុជា​មាន​សេចក្តី​រាយការណ៍​មួយ​ចំនួន​លើក​ឡើង​ថា​ ភាគី​ឡាវ​បាន​បង្កើន​ការ​ប្រុងប្រយត័្ន​ ​និង​បង្កើន​ចំនួន​ទ័ព​នៅ​តំបន់​មាន​ជម្លោះ​ តែ​នាយឧត្តមសេនីយ៍​ ឈុំ សុជាតិ ​បាន​មាន​ប្រសាសន៍ថា​ ​លោក​មិន​ទាន់​ទទួល​បាន​ដំណឹង​ច្បាស់​ការណ៍​ អំពី​បញ្ហា​នេះ​ទេ។​

រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc នៅក្នុង​ពិធី​ចុុះហត្ថលេខា​រវាង​រដ្ឋាភិបាល​ទាំងពីរ នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីខែធ្នូ ឆ្នាំ២០១៦។
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc នៅក្នុង​ពិធី​ចុុះហត្ថលេខា​រវាង​រដ្ឋាភិបាល​ទាំងពីរ នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីខែធ្នូ ឆ្នាំ២០១៦។

អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​កម្ពុជា​ បាន​និយាយ​ថា​ រដ្ឋាភិបាល​កម្ពុជា​តែង​ប្រកាន់​ជំហរ​តឹងរ៉ឹង​ក្នុងបញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​តូច​ ដូចជា​ប្រទេស​ឡាវ​ តែហាក់​ដូច​ជា​មាន​ភាពទន់​ជ្រាយ​ជាមួយ​ក្បែរ​ខាង​ធំៗ​ ដូចជា​ប្រទេស​វៀតណាម​ដែល​មាន​ទឹកដីធំ​ និង​ប្រជាជន​រាប់​សិបលាន​នាក់។

លោក​ មាស នី​ អ្នក​សិក្សា​ស្រាវជ្រាវ​កិច្ច​អភិវឌ្ឍ​សង្គម​កម្ពុជា​ មាន​ប្រសាសន៍​ប្រាប់​ VOA​ ថា​ ការ​ប្រកាន់​ជំហរ​ដាច់​ខាត​ក្នុង​កិច្ច​ការពារ​ព្រំដែន​ ជា​ភារកិច្ច​ស្នូល​របស់​រដ្ឋាភិបាល​ តែថា​ការ​ដោះស្រាយ​ដោយ​សន្តិ​វិធី​ ជា​ជម្រើស​ល្អ​បំផុត។ លោក​បាន​បន្ត​ថា​ រដ្ឋាភិបាល​ក៏​ត្រូវ​មាន​ជំហរ​តឹង​រ៉ឹងជា​មួយ​ប្រទេស​ក្បែរ​ខាង​ផ្សេង​ទៀត​ ដូចជា​វៀតណាម​ ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​កម្ពុជា​ គ្រា​មាន​ជម្លោះ។

«យើង​ចង់​ឃើញ​រដ្ឋាភិបាល​ខ្មែរ​ ត្រូវ​មាន​ជំហរ​ឲ្យ​រឹងមាំ​ក្នុង​ការ​ដោះស្រាយ​លើ​វិវាទ​ព្រំដែន​ ជាមួយ​ប្រទេស​ជិត​ខាង​កុំ​ឲ្យ​ធ្វើ​បាន​តែ​ជាមួយ​ប្រទេស​តូចៗ​ដូចគ្នា​ ប៉ុន្តែ​ដល់​ប្រទេសធំ​ ដូច​ប្រទេស​វៀតណាម​អី​ដែល​យើង​មាន​បញ្ហា​ពីឆ្នាំ​កន្លង​ទៅ​ យើង​អត់​ហ៊ាន​មាត់​ជាមួយ​គេ​ យើង​អត់​បាន​ធ្វើ​អី​ដែល​ឲ្យ​វា​ឃើញ​ថា​ យើង​បាន​ពង្រឹង​ជំហរ​មកលើ​រដ្ឋាភិបាល​ពីរ​ ដែល​ស្មើ​ភាព​ជា​ដៃគូ​របស់​យើង។ បើថា​ បើ​ប្រទេស​គេធំ​ជាង​ ពេល​យើង​ធ្វើ​ទៅ​ បើ​គេ​មិន​ត​ គេ​មិន​និយាយ​ ក៏[បំភ្លេច​] រឿងហ្នឹង​ទៅ​ ក៏​ស្ងាត់​ទៅវិញ​ នេះ​ជា​អ្វី​ដែល​យើង​បាន​ជា​ការ​មើល​ឃើញ​ពីក្រៅ​ទៅ​បាទ»។

​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ចុះថ្ងៃទី១១​ ខែ​សីហា​នេះ​ ក៏​បាន​ឲ្យដឹង​ដែរ​ថា​ ដំណើរ​ទៅ​ជួប​ចរចា​របស់​លោក​ ហ៊ុន សែន​ គឺ​ជា​កាយវិការ​ទន់​ភ្លន់​ ប្រកប​ដោយ​ការ​អត់ធ្មត់​ និង​សុឆន្ទៈ​ចង់​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ជាមួយ​ភាគី​ឡាវ​ មុន​នឹង​ឈាន​ដល់​ការ​ប្រកាន់​យក​វិធានការ​ផ្សេង​ទៀត​ រាប់​ទាំង​វិធាន​ការយោធា​ និងតាម​ផ្លូវ​តុលាការ​ ក្នុង​ករណី​កិច្ច​ខិតខំ​ចុង​ក្រោយ​នេះ​របស់​កម្ពុជា​ នឹង​មិន​ផ្តល់​លទ្ធផល​ជា​វិជ្ជមាន​ទេ​នោះ។

ប្រ​ទេស​កម្ពុជា​ត្រូវ​គេ​ដឹង​ថា ពុំទាន់​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ក្បែរ​ខ្លួន​ផ្សេង​ទៀត​ គឺ​ប្រទេស​វៀតណាម​ និង​ប្រទេស​ថៃ​ ​ឱ្យ​បាន​ដាច់​ស្រេច​នៅ​ឡើយ។​ ​កាល​ពី​ឆ្នាំ២០០៨​មក ​ទាហាន​ខ្មែរ​ក៏​បាន​ប្រយុទ្ធ​ជា​មួយ​ទាហាន​ថៃ​ជា​ច្រើន​លើក​ ដែល​បាន​មក​ឈរ​ជើង​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​របស់​ខ្មែរ​ ​បណ្តាល​ឲ្យ​ទាហាន​នៃ​ប្រទេស​ទាំង​ពីរ​ស្លាប់​ជា​ច្រើននាក់៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG