ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន បណ្តេញ​អង្គការ​ក្រៅ​រដ្ឋាភិបាល (AIM) ដែល​ធ្វើការ​ប្រឆាំង​ការជួញ​ដូរ​ផ្លូវភេទ​ចេញ​ពី​កម្ពុជា​ក្រោយ​ផ្តល់​ព័ត៌មាន​ដល់ CNN


រូបឯកសារ៖ លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ថ្លែង​ទៅកាន់​មហាជន​ ក្នុង​កម្មវិធី​អបអរសាទរ​ការដាក់ប្រសាទ​សំបូរ​ព្រៃគុក​ ក្នុង​បញ្ជីរបេតិកភណ្ឌពិភពលោក​ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក, នៅរាជធានីភ្នំពេញ​, នៅថ្ងៃទី​១៧​ ខែកក្កដា ឆ្នាំ​២០១៧។ (អូន​ ឆេងប៉រ/​ VOA)
រូបឯកសារ៖ លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ថ្លែង​ទៅកាន់​មហាជន​ ក្នុង​កម្មវិធី​អបអរសាទរ​ការដាក់ប្រសាទ​សំបូរ​ព្រៃគុក​ ក្នុង​បញ្ជីរបេតិកភណ្ឌពិភពលោក​ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក, នៅរាជធានីភ្នំពេញ​, នៅថ្ងៃទី​១៧​ ខែកក្កដា ឆ្នាំ​២០១៧។ (អូន​ ឆេងប៉រ/​ VOA)

ថ្លែង​ទៅ​កាន់​ក្រុមមន្ត្រី​រដ្ឋាភិបាល​ និង​និស្សិត​ជាង​៣,០០០​នាក់​​ក្នុងពិធី​ចែក​សញ្ញាប័ត្រ​មួយ​ រៀប​ចំ​ឡើង​ ​ក្នុង​រាជធានីភ្នំពេញ​ លោក​ ​ហ៊ុន សែន​ ​ហៅ​សេចក្តី​រាយការណ៍​របស់​បណ្តាញ​ព័ត៌មាន​ CNN​ ថា​ជា​ការ​ប្រមាថ​ដល់​ម្តាយ​ដែល​ជា​ស្រ្តី​កម្ពុជា។

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ​លោក​ ​ហ៊ុន សែន​ ​បាន​ប្រកាស​បណ្តេញ​អង្គការ​ Agape International Missions (AIM)​ ដែល​ធ្វើការ​ប្រឆាំង​ការ​ជួញដូរ​ផ្លូវ​ភេទ​ ​ចេញ​ពី​កម្ពុជា។​ ការ​ប្រកាស​របស់​លោក​ហ៊ុន សែន​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​កើត​មាន​ឡើង​ ក្រោយ​ពី​ស្ថាបនិក​នៃ​អង្គការ​ដែល​មាន​ការិយា​ល័យ​នៅ​រាជធានី​ភ្នំពេញ​និង​មាន​ទីស្នាក់​ការ​កណ្តាលនៅ​សហរដ្ឋ​អាមេរិក​នេះ​ បាន​ផ្តល់​បទ​សម្ភាសន៍​ជា​មួយបណ្តាញ​ព័ត៌មាន​ CNN ​ដែល​បាន​ចេញ​ផ្សាយ​របាយការណ៍មួយ​កាលពី​ចុងខែ​កក្កដា​ និយាយ​ពី​ការណ៍​ដែល​ម្តាយ​លក់​កូនស្រី​របស់​ខ្លួន​ឲ្យ​បម្រើ​សេវាផ្លូវ​ភេទ​នៅ​កម្ពុជា។​

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ​លោក​ ហ៊ុន សែន​ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ក្នុង​ប្រទេស​បើក​ការស៊ើប​អង្កេត​ទៅ​លើ​របាយការណ៍​របស់​បណ្តាញ​ព័ត៌មាន​CNN ​និង​បញ្ជា​ឲ្យ​អាជ្ញាធរ​បណ្តេញអង្គការ​ ​Agape International Missions ឬ​(AIM) ដែល​បាន​ផ្តើម​បេសក​កម្ម​ប្រឆាំង​នឹង​ការជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា​ ​តាំង​ពី​ឆ្នាំ​២០០៥​ ឲ្យ​ចេញ​ពី​ប្រទេស​កម្ពុជា។​

ថ្លែង​ទៅ​កាន់​ក្រុមមន្ត្រី​រដ្ឋាភិបាល​ និង​និស្សិត​ជាង​៣,០០០​នាក់ក្នុងពិធី​ចែក​សញ្ញាប័ត្រ​មួយ​ រៀប​ចំ​ឡើង​ ​ក្នុង​រាជធានីភ្នំពេញ​ លោក​ ​ហ៊ុន សែន​ ​ហៅ​សេចក្តី​រាយការណ៍​របស់​បណ្តាញ​ព័ត៌មាន​ CNN​ ថា​ជា​ការ​ប្រមាថ​ដល់​ម្តាយ​ដែល​ជា​ស្រ្តី​កម្ពុជា។​

«ការប្រមាថ​មួយ​នេះ​ មិន​អាច​អត់​ឱន​ឲ្យបាន​ទេ។​ ​ដោយ​តម្លៃ​ណា​ក៏​ដោយ​ អង្គការ​មួយ​នេះ​ ត្រូវ​ចាក​ចេញ​ពី​កម្ពុជា​។​ មិន​អាច​ឲ្យ​នៅ​បាន​ទៀត​ទេ​ ហើយ​ទៅ​មាន​ស្អី​ប៉ុន្មាន​ អី​ប៉ុន្មាន​ យើង​យក​មក​ចិញ្ចឹម​ហ្មោះ»។ ​

លោក​នាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន​ ថ្លែង​បន្ត​ថា​ ប្រទេស​កម្ពុជា​ក្រ​ តែ​រដ្ឋាភិបាល​ប្រទេស​នេះ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រមាថ​លើ​ប្រជាជន​ខ្លួន​បាន​ទេ។​

«ប្រទេស​ខ្ញុំ​ក្រ​ ប៉ុន្តែ​អ្នកឯង​មិន​អាច​ប្រមាថ​ជនជាតិ​របស់​ខ្ញុំ​បាន​ទេ​ អាហ្នឹង​ខ្ញុំ​សុំ​បញ្ជាក់»។​

VOA ​ព្យាយាម​សុំការ​អធិប្បាយ​ពី​នាយឧត្តមសេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ និង​លោក​ ជុំ សុន្ទរី​ អ្នកនាំពាក្យ​ក្រសួងការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិតែ​មិន​អាច​ទាក់ទង​បាន​ទេ​ ​នៅ​ថ្ងៃ​អង្គារ​នេះ។​ ​VOA​ ​ព្យាយាម​សុំ​ការ​អធិប្បាយ​ផងដែរ ពី​អ្នកស្រី​ ជូ ប៊ុនអេង រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ​ និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មាធិការ​ជាតិ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​ និង​ផ្លូវ​ភេទ​លើ​ស្ត្រី​ និង​កុមារ​ តែ​មិន​ទាន់​អាច​ទាក់​ទងបាន​ទេ។​

​កាល​ពី​ចុង​ខែ​កក្កដា​ បណ្តាញ​ព័ត៌មាន​ ​CNN​ ​បាន​ចេញ​ផ្សាយ​បទ​យក​ការណ៍​ជា​វីដេអូ​ ​និយាយ​ពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅកម្ពុជា​ ​ជា​មួយ​ចំណង​ជើង​អត្ថបទ​ក្នុង​ការ​ចេញ​ផ្សាយ​ជាលើកដំបូងថា​ «ក្មេង​ស្រី​កម្ពុជា​ត្រូវបាន​ម្តាយ​ពួកគេ​លក់​ដើម្បី​បម្រើផ្លូវភេទ»​ ​ឬ ​ជា​ភាសា​អង់​គ្លេស​ថា​ «The Cambodian girls sold for sex by their mothers»​ ​តែ​ដោយ​មាន​ប្រតិកម្ម​ពី​មន្ត្រី​របស់​រដ្ឋាភិបាល​កម្ពុជា​បណ្តាញ​ព័ត៌មាន​នេះ​ បាន​លុប​ពាក្យ​កម្ពុជា​ ចេញពី​ចំណង​ជើង​ព័ត៌មាន​របស់​ខ្លួន​ ​ដោយ​បាន​សរសេរ​ថា​៖​ ជីវីត​ក្រោយ​ការ​ជួញ​ដូរ៖ ក្មេង​ស្រី​ជា​ស្រី​ជា​ច្រើន​ត្រូវ​បាន​លក់​ដើម្បី​បម្រើផ្លូវ​ដោយ​ម្តាយ​របស់​ពួកគេ» ឬ​ជា​ភាសា​អង់គ្លេស​ថា «Life after trafficking: The girls sold for sex by their mothers»

ក្នុង​ពេល​ធ្វើ​សេចក្តី​រាយការណ៍​នោះ​ ​អ្នកយក​ព័ត៌មាន​របស់​បណ្តាញ​ព័ត៌មាន​CNN ​ដែល​មាន​ទីតាំង​នៅ​សហរដ្ឋ​អាមេរិក​មួយ​នេះ​ បាន​ចុះ​មក​យក​ព័ត៌មាន​នៅ​ក្នុង​សង្កាត់ស្វាយប៉ាក​ ​ខណ្ឌ​ ឬស្សីកែវ រាជ​ធានី​ភ្នំពេញ​ ហើយ​បាន​សម្ភាសន៍​ជា​មួយ​លោក​ Don Brewster ស្ថាបនិក​អង្គការ​ Agape International Missions (AIM)​ ដែល​មាន​ការិយាល័យ​នៅ​រាជធានី​ភ្នំពេញ​ និង​មាន​ទីស្នាក់ការ​កណ្តាលនៅ​រដ្ឋកាលីហ្វញ៉ា​ (California)​ ​នៃ​សហរដ្ឋ​អាមេរិក។​ ​លោក​ Don Brewster ​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន CNN ថា​ អង្គការ​លោក​ សង្គ្រោះ​មនុស្ស​ជាង​៧០០​នាក់​ ចេញពី​ការ​ជួញដូរ​ផ្លូវ​ភេទ​ ចាប់​តាំង​ពី​អង្គការ​លោក​បាន​ផ្តើម​បេសកកម្ម​ប្រឆាំង​ការ​ជួញដូរ​ផ្លូវ​ភេទ​ នៅ​កម្ពុជាកាលពី​ឆ្នាំ​ ២០០៥។​

លោក​ Don Brewster​ ​ត្រូវ​បាន​បណ្តាញ​ព័ត៌មាន​ CNN​ ​ស្រង់​សម្តី​ដោយ​សំដៅ​លើ​សកម្មភាព​ជួញ​ដូរ​ផ្លូវ​ភេទក្នុង​តំបន់​ស្វាយប៉ាក​ ​ក្នុងន័យ​ដើមថា៖

«នៅ​ពេល​យើង​និយាយ​អំពីការ​ជួញដូរ​ផ្លូវភេទ​កុមារ​ ទីនេះគឺ​ជា​ចំណុច​មួយ​នៃ​ចំណុច​កណ្តាល»។​

យ៉ាង​ណា​ក៏​ដោយ​ ក្នុង​របាយការណ៍​ជា​ភាពយន្ត​ឯកសារ​ អ្នក​រាយការណ៍​ព័ត៌មាន​របស់​បណ្តាញ​ព័ត៌មាន​ CNN ​បានធ្វើ​បទសម្ភាសន៍​តែ​ជាមួយ​ស្ត្រី​ជនជាតិ​វៀតណាម​ ​ដែល​រស់​នៅ​កម្ពុជា​តែ​ប៉ុណ្ណោះ។​

អង្គការ​ AIM​ ​មិន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ VOA ​តាម​រយៈសារ​អេឡិចត្រូនិក​ ឬ​ Email​ នៅថ្ងៃ​អង្គារ​នេះ។​ ​ស្ត្រី​អ្នកនាំពាក្យ​របស់​បណ្តាញ​ព័ត៌មាន​ CNN ​ក៏​មិនទាន់​ឆ្លើយ​សំណួរ​របស់​ VOA ​តាម​រយៈសារ​អេឡិចត្រូនិក​ ​ឬ​ Email​ ​ផង​ដែរ។​ ​តែ​អ្នកនាំពាក្យ​ ​CNN​ ​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​មួយ​ចំនួន​ថា​ បណ្តាញព័ត៌មាន​ CNN ការពារ​សេចក្តី​រាយការណ៍​របស់​ខ្លួន​ ដែល​ធ្វើ​ឡើង​ ដោយ​យោងតាម​ព័ត៌មាន​អង្កេត ​ទាក់​ទិន​នឹង​ការជួញដូរផ្លូវ​ភេទ​នេះ​ដែល​បាន​ធ្វើឡើង​តាំងពី​ឆ្នាំ​២០១៣។

កាលពី​ខែ​ឧសភា​កន្លង​ទៅ ​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ ​បាន​ចេញ​របាយ​ការណ៍​ស្តី​ពី​ការ​ជួញ​ដូរ​មនុស្ស​ ដោយ​បាន​បង្ហាញ​ថា​ ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​លំដាប់​ថ្នាក់​ទីពីរ​ក្នុង​បញ្ជី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​សម្រាប់​ឆ្នាំ​២០១៧​ដែល​មិន​មាន​អ្វី​ប្រែប្រួល​ ​ប្រសើរ​ជាង​ឆ្នាំ​មុន​នោះ​ទេ។

យ៉ាងណា​ក្តី​ ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​បាន​ទទួល​ស្គាល់​ពី​ការប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ការ​កាត់ទោស​ជនល្មើស​ធម្មតាមានចំនួន​យ៉ាង​ច្រើន ​ហើយ​បាន​ផ្តល់​ថវិកា​បន្ថែម​ទៀត​ដល់​គណៈ​កម្មាធិការ​ជាតិ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​ និង​បង្កើត​នូវ​ផែនការ​សកម្ម​ភាព​ជាតិ​សម្រាប់​ទប់​ស្កាត់​រាល់​ទម្រង់​នៃ​ការ​ជួញដូរ​មនុស្ស។​

ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារនេះ​ លោក​នាយករដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​បាន​ប្រតិកម្ម​ខ្លាំង​ៗ​ទៅ​នឹង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ ​ដោយ​បាន​ស្នើ​ឲ្យ​ស្ថានទូត​បើក​ការ​ស៊ើប​អង្កេតទៅលើ​សេចក្តី​រាយការណ៍របស់​បណ្តាញព័ត៌មាន​ CNN ​និង​បាន​ព្រមាន​ ​ឲ្យ​សហរដ្ឋ​អាមេរិក​ឈប់​បង្ក​រឿង​ផ្សេង​ទៀត​ ​ដល់​កម្ពុជា​ ​ដើម្បី​បង្ការ​ការ​ធ្វើ​បាតុកម្ម​ដែល​អាច​កើត​មាន​ឡើង​នៅ​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ក្រុង​ភ្នំពេញ។​

លោក​ ​ហ៊ុន សែន​ ថ្លែង​យ៉ាង​ដូច្នេះ​៖​

«​ខ្ញុំ​សុំ​ស្នើ​ឲ្យ​ស្ថានទូត​អាមេរិក​ ធ្វើការ​ស្រាវជ្រាវ​លើ​បញ្ហានេះ​ ព្រោះយើង​មិន​អាច​ទទួលយក​បាន​នូវ​ការ​ប្រមាថ​ដ៏ធំ​មួយ​នេះ​ ហើយ​និង​ឈាន​ទៅបិទ​ អង្គការ​ក្រៅរដ្ឋាភិបាល​ ​ដែល​មាន​ការ​ពាក់​ព័ន្ធ»។

លោក​ ហ៊ុន សែន​ ក៏​បាន​ថ្លែងគាំទ្រ​ ការ​លើក​ឡើង​របស់​លោក​ប្រធានា​ធិបតី​សហរដ្ឋអាមេរិក​ ​Donald Trump ​ដែល​បាន​ចោទ​បណ្តាញ​ព័ត៌មាន​ CNN ​កាល​ពី​ពេល​កន្លងមក​ថា​ បាន​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ ឬ​ «fake news»។​

លោក​ ​David Josar ​អ្នក​នាំ​ពាក្យ​រង​នៃ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ បដិសេធ​មិនផ្តល់​ការ​អធិប្បាយ​តាមរយៈ​សារ​អេឡិចត្រូនិក​ ឬ​ Email​ ​ទាក់​ទិននឹង​ប្រតិកម្មខ្លាំង​ៗ​ របស់​លោក​ ​ហ៊ុន សែន​ ដោយ​លោក​កំពុង​តែ​មាន​វិស្សមកាល​ការងារ។​

ក្នុង​សេចក្តីរាយការណ៍​របស់​បណ្តញ​ព័ត៌មាន​ CNN​ ​លោក​ Don Brewster​ ​ស្ថាបនិកអង្គការ​ Agape​International Missions (AIM) ​បានប្រាប់​ បណ្តាញ​ព័ត៌មាន​នេះ​ថា​ ការ​ជូញដូរ​ក្មេង​ស្រី​ឲ្យ​មក​បម្រើ​ផ្លូវ​ភេទ​ក្នុង​តំបន់​ស្វាយប៉ាក​ ​បាន​ថយ​នៅ​ក្រោម​៥០ភាគរយ។​ ​តែ​លោក​បាន​ព្រមាន​ថា​ ទោះ​បី​ក្មេង​ស្រី​លែង​ត្រូវ​បាន​គេ​លក់​ទៅ​ឲ្យ​ផ្ទះ​បន​នា​នា​ ​នៅ​ក្នុង​តំបន់​ស្វាយប៉ាក​ក្តី​ ក៏​ការជួញដូរ​ផ្លូវភេទ​នេះ​ ឥឡូវ​កំពុង​កើត​មាន​នៅតាម​សណ្ឋាគារ​ ជាទី​ដែល​ពិបាក​តាម​រក​ព័ត៌មាន​អំពីការ​ជួញដូរ​ និង​ពិបាក​ក្នុង​ការ​រារាំង៕​

XS
SM
MD
LG