ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​បញ្ជា​ឱ្យ​តុលាការ​ពន្លឿន​ការកាត់​ក្តី​បទល្មើស​គ្រឿង​ញៀន​ដើម្បី​រឹបអូស​ទ្រព្យ​សម្បត្តិ​របស់​​ជនល្មើស​មក​លក់​ឡាយឡុង


រូបឯកសារ៖ លោក​ អង្គ​ វង្ស​វឌ្ឍនា រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​​​​ដើរ​ចេញ​ពី​សាល​ប្រជុំ​នៅ​វិមាន​រដ្ឋសភា​នៅ​ថ្ងៃព្រហស្បតិ៍​ទី​០៩​ មិថុនា ​ឆ្នាំ​២០១៦​ បន្ទាប់​ពី​លោក​ត្រូវ​បាន​ស្នើសុំ​ដោយ​គណបក្ស​ប្រឆាំង​ឲ្យមាន​ការ​បកស្រាយ​អំពីប្រព័ន្ធ​យុត្តិធម៌​កម្ពុជា។ (ឡេង ឡែន/VOA)

រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​​បញ្ជា​ឲ្យ​​តុលាការ​ជាន់ទាប​ទូទាំង​រាជធានី​ខេត្ត​ ​​​ពន្លឿន​ចំណា​ត់​ការ​កាត់​​​ក្តី​​​​បទ​ល្មើស​គ្រឿង​ញៀន​ឲ្យ​បាន​ចប់​​ក្នុង​រយៈពេល​ពី​៤ខែ​ ​ទៅ​៦​ខែ​ខាង​មុខ​ ​ដើម្បី​រឹបអូសទ្រព្យ​សម្បត្តិ​របស់​​​​​​ជនល្មើស​​​​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​​​លក់​ឡាយឡុង​ ​យក​ទៅ​សាង​សង់​មណ្ឌល​កែប្រែ ដែល​កំពុង​ចង្អៀត។​

នៅ​ពេលដែល​រដ្ឋាភិបាល​កំពុង​អនុវត្ត​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​ទ្រង់ទ្រាយ​ធំ​ជា​លើកទី​២ ​និង​ការ​ខ្វះ​ខាតទីកន្លែង​ដាក់​ជនល្មើស​ ​និង​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​ទាំង​នោះ​ ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​លោក​ ​អង្គ វង្សវឌ្ឍនា​ ​បាន​បញ្ជា​ឲ្យ​សាលា​ដំបូងទូទាំង​ប្រទេស​ពន្លឿន​ការ​ជម្រះ​ក្តី​លើ​បទ​ល្មើស​គ្រឿង​ញៀន​ ​ដើម្បី​រឹបអូស​យក​ទ្រព្យ​សម្បត្តិ​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​នោះ​ ​យក​ទៅ​សាងសង់​មណ្ឌល​អប់រំ​ ​និង​កែប្រែ។​ ​សង្គម​ស៊ីវិល​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បារម្ភ​ថា​ ​ការ​បញ្ជា​ឲ្យ​ពន្លឿន​នីតិវិធី​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ជនជាប់​ចោទ​ពី​បទ​ល្មើស​ផ្សេងទៀត។​

​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌បញ្ជា​ឲ្យតុលាការ​ជាន់ទាប​ទូទាំង​រាជធានី​ខេត្ត​ ​ពន្លឿន​ចំណា​ត់​ការ​កាត់​ក្តីបទ​ល្មើស​គ្រឿង​ញៀន​ឲ្យ​បាន​ចប់ក្នុង​រយៈពេល​ពី​៤ខែ​ ​ទៅ​៦​ខែ​ខាង​មុខ​ ​ដើម្បី​រឹបអូសទ្រព្យ​សម្បត្តិ​របស់ជនល្មើសពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​លក់​ឡាយឡុង​ ​យក​ទៅ​សាង​សង់​មណ្ឌល​កែប្រែ ដែល​កំពុង​ចង្អៀត។​

លោក​ ​អង្គ វង្សវឌ្ឍនា​ ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ ​ថ្លែង​បែប​នេះក្នុង​សិក្ខា​សាលា​ស្តីពី​ការគ្រប់គ្រង​ ​និង​ការ​ដឹកនាំ​សាលា​ដំបូង​ ​និង​អយ្យការ​អម​សាលា​ដំបូង​ ​នៅ​ថ្ងៃទី​៣១​ ​ខែ​កក្កដា​ ​ឆ្នាំ​២០១៧។​ ​លោក​លើកឡើង​ថា​ ​មណ្ឌល​កែប្រែ​គ្រឿង​ញៀន​នៅ​កម្ពុជា​មាន​ចំនួន​តិច​ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់គ្រឿងញៀន​មួយ​ចំនួន​មិនទទួល​បាន​ការ​ព្យាបាល​ ​ឬ​បន្សាប។​ ​លោក​បន្ថែម​ថា​ ​សាលា​ដំបូង​រាជធានី​ខេត្ត​នៅ​ទូទាំង​ប្រទេស​ ​ត្រូវ​ពន្លឿន​នីតិវិធី​កាត់​ក្តី​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​ឲ្យ​បាន​លឿន​ ​ក្នុង​រយៈពេល​ពី​៤ខែ ទៅ​៦​ខែ ដើម្បី​ឲ្យ​សាលក្រម​ចូល​ជា​ស្ថាពរ និង​អាច​រឹបអូស​ទ្រព្យ​សម្បត្តិ​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀនបាន​ត្រឹមត្រូវ​ទៅ​តាម​នីតិវិធី។​

លោក​ ​អង្គ វង្សវឌ្ឍនា​ ​មាន​ប្រសាសន៍​ថា៖​

«តុលាការ​ទាំងអស់​នៅ​តាម​សាលា​ដំបូង​ខេត្ត​ក្រុង​ហ្នឹង​ ​គឺថា​រឿង​អី​ដែល​ពាក់​ព័ន្ធ​គ្រឿង​ញៀន​ ​សុំ​ឲ្យ​មាន​ការ​សម្រេច​ ឲ្យ​ការ​ជម្រះ​ឲ្យបាន​លឿន​ ​ឲ្យ​រយៈពេល​ថា​៦​ខែ​ ៤​ខែ បើ​តាម​ខ្ញុំ​មើល​ទៅ​វាក្នុង​រយៈ​ពេល​៤​ខែ​ ​ទៅ​៦ខែ​ហ្នឹង។​ ​៤ខែហ្នឹងអាច​ធ្វើ​បាន​ ​ហើយ​៦ខែ​យ៉ាង​យូរគឺ​អាចបញ្ចប់​នៅ​សាលា​ដំបូង​ដែរ»។​

​រដ្ឋាភិបាលបាន​ដាក់យុទ្ធនាការ​បង្រ្កាបគ្រឿង​ញៀន​ធំៗ​ចំនួន​២​ ​ចាប់តាំង​ពី​ដើម​ឆ្នាំ​២០១៧​មក​ ​ស្រប​ពេល​យុទ្ធនាការ​ដ៏​ក្តៅ​គគុក​បន្ត​ដោយ​ចាប់​ខ្លួន​អ្នក​ប្រើប្រាស់​ ​អ្នក​ចែកចាយ​ ​និង​អ្នកជួញដូរ​គ្រឿង​ញៀនជាច្រើន​ពាន់​នាក់​ ​រដ្ឋាភិបាល​ក៏​បាន​ប្រកាស​ពង្រីក​ ​និង​សាងសង់​ពន្ធនាគារ​ ​ព្រមទាំង​មណ្ឌល​កែប្រែ​បន្ថែម​ដើម្បី​ដាក់​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួនទាំង​នោះ។​

លោក​ ​ជិន ម៉ាលីន​ ​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា​ ​ទ្រព្យសម្បត្តិ​ដែលរឹបអូស​ពី​បទល្មើស​ពាក់ព័ន្ធ​នឹង​បទល្មើសគ្រឿងញៀន​ ​ដែល​ត្រូវ​យក​ទៅ​ដាក់​លក់​ឡាយ​ឡុង នឹង​ក្លាយ​ជា​ថវិកា​រដ្ឋ។​ ​លោក​បន្ថែម​ថា​ ថវិកា​ពី​ការ​លក់​ទ្រព្យ​សម្បត្តិ​ដែល​រឹបអូស​ពី​បទល្មើស​គ្រឿង​ញៀន​នេះ​ ​នឹង​ត្រូវប្រគល់ឲ្យមូលនិធិ​របស់​អាជ្ញាធរ​គ្រឿង​ញៀន​ ​ដើម្បី​ប្រើប្រាស់តាម​តម្រូវ​ការ​ពាក់ព័ន្ធ​នឹង​ការងារ​សង្គម។​

លោក​ ​ជិន ម៉ាលីន​ ​បញ្ជាក់​ថា៖​

«រដ្ឋាភិបាល​បង្កើត​មូលនិធិ​អាជ្ញាធរ​គ្រឿងញៀន។​ ​ហើយ​មូលនិធិ​អាជ្ញាធរ​គ្រឿង​ញៀន​នេះ​គឺ​ប្រើ​ប្រាស់​ក្នុង​គោល​ដៅ​ការងារ​សង្គម​ហ្នឹង​ឯង។​ ​អាចមួយ​ចំណែក​នោះគឺ​យក​ទៅ​ធ្វើ​ការងារ​សង្គម​ ដូច​ជា​ការសាងសង់​មណ្ឌល​អប់រំ​កែប្រែ​ ​សំណង​ទៅ​លើ​ជន​រងគ្រោះ​មួយ​ចំនួន​ដែល​ទទួល​ផល​ប៉ះពាល់​ ​និង​ការ​លើកទឹក​ចិត្ត​ដល់​មន្រ្តី​ដែល​មាន​ស្នាដៃ​អី​ជាដើម។​ ​ក្នុងការ​ប្រើប្រាស់​គោលដៅ​វា​អាច​មាន​ច្រើន​ ​ក៏​ប៉ុន្តែ​គោលដៅ​ការងារមួយ​ដែល​ជា​ការងារ​មនុសុ្ស​ធម៌​ ​និង​ការងារ​សង្គម​ ​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​នេះ»។​

លោក​ ​ជិន ម៉ាលីន​ ​បន្ថែម​ថា​ ​ការ​ពន្លឿននីតិវិធី​ជម្រះ​នេះ​ ​នឹង​ត្រូវ​អនុវត្ត​លើ​បទល្មើស​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​ទាំង​អស់ដែល​កំពុង​ស្ថិត​ក្នុង​ចំណាត់​ការ​របស់​តុលាការ​ឲ្យ​ចប់​ក្នុង​រយៈពេល​ពី​៤ខែ​ ​ទៅ​៦​ខែ​ ចំណែកបទល្មើស​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​ផ្សេងៗទៀត​ដែល​នឹងចាប់ក្នុង​ពេល​ខាង​មុខ​ ​នឹ​ងត្រូវ​ជម្រះ​ក្នុង​រយៈពេល​ពី៤ខែ​ ​ទៅ​៦​ខែ​ ​នូវ​រៀងរាល់សំណុំរឿង​នីមួយៗ។​

កាលពី​ចុងខែធ្នូ​ ឆ្នាំ​២០១៦​ ​អគ្គស្នងការរង​នគរបាល​ជាតិ​បាន​ប្រកាស​ពី​គម្រោង​នៃ​ការ​បង្កើត​ឲ្យ​មាន​មណ្ឌល​អប់រំ​ព្យាបាល​នីតិសម្បាទា​អ្នក​ញៀន​ថ្នាំ​នៅទូទាំង​ប្រទេស​ ​ចាប់ពី​ខែ​មករា​ ​ឆ្នាំ​២០១៧។​ លោក​ ​ម៉ក់ ជីតូ​ ​អគ្គស្នងការរង​នគរបាល​ជាតិ​ ​លើក​ឡើង​នា​ពេលនោះ​ថា​ ​មណ្ឌល​អប់រំ​ព្យាបាល​នីតិ​សម្បទា​អ្នក​ញៀន​ថ្នាំ​របស់​រដ្ឋ​មាន​ចំនួន៧​កន្លែង​ និង​ឯកជន​មាន​ចំនួន៣កន្លែង​ ​ដែល​លោក​បាន​អះអាង​ថា​ ​ចំនួន​នេះមិន​សមាមាត្រ​នឹង​ចំនួន​អ្នកដែល​ញៀន​គ្រឿង​ញៀន​ជាង​ ​១ម៉ឺន​នាក់​ ​ហើយ​ការ​ទទួល​ការ​ព្យាបាល​បាន​មាន​តែ​ ៤០ ភាគរយ​នោះ​ទេ។​

លោក​ ​អំ សំអាត​ ​ប្រធាន​ការិយាល័យ​បច្ចេក​ទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​ លីកាដូ​ លើក​ឡើង​ថា បច្ចុប្បន្ន​បទល្មើស​ពាក់ព័ន្ធ​នឹង​គ្រឿង​ញឿន​កំពុង​មាន​ការ​កើនឡើង​ច្រើន ដែលលោក​ថា​ ​ការ​ពន្លឿននីតិវិធីជម្រះ​ក្តី​តែលើបទល្មើស​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​ ​នឹង​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ជន​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ផ្សេង​ទៀត។​

លោ​ក​មាន​ប្រសាសន៍​ថា៖

«បើសិនជា​យើង​ជំរុញទៅ​លើ​តែបទល្មើស​គ្រឿង​ញៀន យើង​បារម្ភ​ខ្លាច​លោ​ជនជាប់​ចោទ​ផ្សេង​ទៀត​ហ្នឹង​គឺអាច​ឃុំគាត់​លើស​នីតិវិធី​ ​ដោយសារតែគ្រប់​តុលាការ​ ​គ្រប់​សាលា​ដំបូងហ្នឹង​គាត់​ប្រញាប់​ដៃ​ប្រញាប់​ជើង​ ​ដើម្ប​ជំរុញ​ឲ្យ​មាន​ការ​ជម្រះ​ទៅ​លើ​បទល្មើស​គ្រឿង​ញៀន អញ្ចឹង​បទ​ល្មើស​ផ្សេងៗវា​អាច​នឹងយឺតយ៉ាវ​វា​អាច​លើក​នីតិវិធី។​ ​អញ្ចឹង​បាន​ជា​យើង​ខ្ញុំជា​សង្គមស៊ីវិល​យើង​ថា​ គួរ​តែអនុវត្ត​ឲ្យ​ស្មើភាព​គ្នា​ទៅ​តាម​នីតិវិធី​ ​ទៅ​តាម​ក្រម​នីតិវិធី»។​

លោក​ ​អំ សំអាត​ ​បន្ថែម​ថា​ ​មណ្ឌល​កែប្រែ​បន្សាប​គ្រឿងញៀន​នៅ​កម្ពុជា​មាន​ចំនួន​តិច​ ​និង​មិនទាន់​មាន​សម្ភារៈ​បច្ចេកទេស​គ្រប់គ្រាន់​សម្រាប់​ព្យាបាល​បន្សាប​គ្រឿងញៀន​នៅ​ឡើយ​ ​ដូច្នេះ​លោក​ថា រដ្ឋា​ភិបាល​ត្រូវបង្កើន​មណ្ឌល​ប​ន្សាប​គ្រឿង​ញៀនឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ​ក្នុងការ​ព្យាបាលជន​ដែល​ញៀន​ថ្នាំ​ទាំង​នោះឲ្យ​បាន​ជា​សះ​ស្បើយ ដើម្បី​ឲ្យ​ពួកគេ​អាចចូល​រួម​ក្នុង​ការងារ​សង្គម​វិញ។​

រដ្ឋាភិបាល​ទើប​តែដាក់​ចេញ​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​រយៈពេល៦​ខែ​ ​ជាលើកទី២​ ​ចាប់ពី​ខែ​កក្កដា​ ​ដល់​ ​ខែធ្នូ ឆ្នាំ​២០១៧​ ​បន្ទាប់​ពីយុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​ទ្រង់ទ្រាយ​ធំ​ជាលើក​ដំបូង​ដែល​មាន​រយៈពេល​៦ខែ​ ​នៃដើមឆ្នាំ២០១៧ ​បាន​បញ្ចប់។ ​បើតាម​របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ​ ក្នុង​យុទ្ធនាការ​បង្រ្កាប​គ្រឿង​ញៀន​ជា​លើក​ទី១​ ​រដ្ឋាភិបាល​ប្រកាស​ថា​ ​ទទួល​បាន​ជោគជ័យ​ក្រោយ​បង្រ្កាប​គ្រឿងញៀន​បាន​ចំនួន​ជាង​៤ពាន់​ករណី​ ​ចាប់​យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ​សរុប​ជាង​១០០​គីឡូ​ក្រាម​ ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ ​និង​អ្នកប្រើប្រាស់​បាន​ចំនួន​ជាង​១ម៉ឺននាក់៕​

XS
SM
MD
LG