ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន៖ ការ​រំលាយ​បក្ស​សង្រ្គោះជាតិ គឺ​ជៀស​មិន​បាន​ទេ


រូបឯកសារ៖ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ថ្លែង​ទៅ​កាន់​កម្មករ​កាត់ដេរ​ក្នុងអំឡុង​ពេលលោកទៅទស្សនកិច្ច​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​នៅ​ជាយ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៧។ (AP Photo/Heng Sinith)
រូបឯកសារ៖ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ថ្លែង​ទៅ​កាន់​កម្មករ​កាត់ដេរ​ក្នុងអំឡុង​ពេលលោកទៅទស្សនកិច្ច​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​នៅ​ជាយ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៧។ (AP Photo/Heng Sinith)

ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កម្មករ​រាប់ពាន់​នាក់ នៅ​កោះពេជ្រ​រាជធានី​ភ្នំពេញ លោក ហ៊ុន សែន បាន​ថ្លែង​ថា វា​ជា​កំហុស​មេដឹកនាំ​គណបក្ស​ប្រឆាំង ដែល​នាំ​ឲ្យ​មាន​ការ​រំលាយ​គណបក្ស​នៅ​ពេល​ខាង​មុខ។

តុលាការ​កំពូល​កំពុង​ពិនិត្យ​មើល​សំណុំរឿង​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ខណៈ​វិសោធនកម្ម​ច្បាប់​បែងចែក​អាសនៈ​សភា និង​ថ្នាក់ក្រោម​ជាតិ​របស់​បក្ស​ដែល​ត្រូវ​បាន​រំលាយ ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា​ និង​ព្រឹទ្ធសភា។ នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ លោក ហ៊ុន សែន បាន​ថ្លែង​ថា ការ​រំលាយបក្ស​សង្រ្គោះ​ជាតិ គឺ​ជៀស​មិន​បាន​នោះ​ទេ។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ បាន​ថ្លែង​ថា ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ មិន​អាច​ជៀស​ផុត​បាន​នោះ​ទេ ហើយ​លោក​ក៏​បាន​អំពាវនាវ​ឲ្យ​សមាជិក​គណបក្ស​នៅ​ថ្នាក់​ក្រោម​ជាតិ ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រក្សា​តំណែង​របស់​ខ្លួន​នៅ​ដដែល។

ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កម្មករ​រាប់ពាន់​នាក់ នៅ​កោះពេជ្រ​រាជធានី​ភ្នំពេញ លោក ហ៊ុន សែន បាន​ថ្លែង​ថា វា​ជា​កំហុស​មេដឹកនាំ​គណបក្ស​ប្រឆាំង ដែល​នាំ​ឲ្យ​មាន​ការ​រំលាយ​គណបក្ស​នៅ​ពេល​ខាង​មុខ។

លោក​មាន​ប្រសាសន៍​ថា៖

«កំហុស​ជា​អ្នក​សាង​ដោយ​មេដឹកនាំ​ ដែល​នាំ​ទៅ​ដល់​អន្តរាយ​បក្ស​ទាំង​មូល បក្ស​ទាំង​មូល។ ដូច​ជា​ម្នាក់​នោះ (លោក សម រង្ស៊ី) ​និយាយ​ពី​រឿង​ឲ្យ​កង​ទ័ព​បែរ​កាណុង​មក​រដ្ឋាភិបាល។ អាណុង​ហើយ​វា​ជា​រឿង​ធាតុ​ផ្សំ​កាន់​តែ​ច្រើន ហើយ​ជៀស​វាង​មិន​រំលាយ​ មិន​បាន​ទេ»។

លោក ហ៊ុន សែន ចាត់​ទុក​ថា ការ​ថ្លែង​បែប​នេះ ដែល​លោក​សំដៅ​លើ​លោក សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ អាច​នាំ​ឲ្យ​មាន​សង្រ្គាម​កើត​ឡើង​នៅ​កម្ពុជា ដែល​លោក​តែង​តែ​ព្រមាន​ជា​បន្ត​បន្ទាប់។

កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​បញ្ចេញ​វីដេអូ​ឃ្លីប​មួយ​ទៀត ដែល​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ បាន​ថ្លែង​កាល​ពី​ឆ្នាំ​២០១១ ដែល​មាន​ការ​អំពាវនាវ​ឲ្យ​កង​ទ័ព​ប្រឆាំង​នឹង​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន។

លោក​ ហ៊ុន សែន ដែល​បាន​កាន់អំណាច​ជាង​៣០ឆ្នាំ​មក​ហើយ បាន​អះអាង​ថា ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ នឹង​ប៉ះពាល់​ដល់​មេឃុំ ចៅ​សង្កាត់ និង​ក្រុមប្រឹក្សា​របស់​គណបក្ស​ជាង​៥ពាន់​នាក់ ទូទាំង​ប្រទេស ដែល​ត្រូវ​បាន​បោះឆ្នោត​ជ្រើស​រើស​កាល​ពី​ខែ​មិថុនា ឆ្នាំ២០១៧។ ជាមួយ​គ្នា​នេះ​ដែរ លោក​ក៏​បាន​អំពាវនាវ​ឲ្យ​មេឃុំ​ចៅ​សង្កាត់ ក្រុមប្រឹក្សា​ទាំង​អស់ ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រក្សា​តំណែង​របស់​ខ្លួន​។

លោក​បាន​បញ្ជាក់​ថា៖

«ឥឡូវ​ខ្ញុំ​សូម​ផ្តាំ មេឃុំ​ចៅ​សង្កាត់​របស់​សង្រ្គោះជាតិ​ ឬ​ជំទប់ ឬ​សមាជិក​របស់​សង្រ្គោះ​ជាតិ​ បើ​អ្នក​ចង់​រក្សា​ជា​ចៅ​សង្កាត់ ជា​មេឃុំ​ត​ទៅ​ទៀត អ្នក​ប្តូរ​ជីវភាព​មក​ចូល​គណ​បក្ស​ប្រជាជន​ទៅ បន្ត​ទៅ»។

លោក​បាន​បន្ថែម​ថា៖

«ជម្រក​សុវត្ថិភាព គឺ​បន្ត​ស្នាក់​នៅ​ធ្វើ​មេឃុំ ធ្វើ​ចៅ​សង្កាត់​ តាមរយៈ​ចូលគណបក្ស​ប្រជាជន។ គណបក្ស​ប្រជាជន​ធានា​អះអាង​ឲ្យ​អ្នក​ធ្វើ​ជា​មេឃុំ ចៅសង្កាត់ ឬ​ជំទប់ ឬ សមាជិក​ក្រុមប្រឹក្សា​ត​ទៅ​ទៀត»។

លោក ហ៊ុន សែន បាន​ចាត់​ទុក​ថា នេះ​ជា​នយោបាយ​ឈ្នះ-ឈ្នះ ដែល​លោក​ធ្លាប់​ធ្វើ​កន្លង​មក។

លោក ហ៊ុន​ សែន មាន​ប្រសាសន៍​ថា៖

«ឥឡូវ​សង្រ្គោះ​បក្ស ឬ សង្រ្គោះ​ខ្លួន​ឯង…ហើយ​កុំ​ថា ខ្ញុំ​ទិញ​ដូរ។ ខ្ញុំ​គ្រាន់​តែ​ផ្តល់​ឱកាស និង​បើក​ទ្វារ​សម្រាប់​បងប្អូន»។

តុលាការ​កំពូល​កំពុង​ពិនិត្យ​មើល​សំណុំ​រឿង​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ ខណៈ​លោក កឹម សុខា ប្រធាន​គណបក្ស​ ដែល​កំពុង​ជាប់​ពន្ធនាគារ ត្រូវ​បាន​ចោទ​ប្រកាន់​ថា ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ ក្នុង​គម្រោង​ផ្ដួល​រំលំ​រដ្ឋាភិបាល ដោយ​មាន​សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។

ខណៈ​មាន​ពាក្យ​បណ្តឹង​នេះ ក្រុម​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ស្នើ​ទៅ​រដ្ឋសភា​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ចំនួន​បួន​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត ដែល​កំណត់​ឲ្យ​មាន​ការ​បែង​ចែក​អាសនៈ​សភា​ ​និង​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ​ក្រុង​ ស្រុក​ ខណ្ឌ​របស់​គណបក្ស​ដែល​ត្រូវ​រំលាយ​ទៅ​ឲ្យ​គណបក្ស​ផ្សេង។​

វិសោធនកម្ម​ច្បាប់​នេះ ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា និង​ពិនិត្យមើល និង​អនុម័ត​បន្ត​ ដោយ​ព្រឹទ្ធសភា យ៉ាង​ប្រញាប់​ប្រញាល់។

គណបក្ស​ប្រឆាំង​បាន​ទទួល​តំណែង​មេឃុំ​ចៅ​សង្កាត់​ចំនួន​៤៨៩ ដែល​មាន​កំណើន​ជាង​១០​ដង បើ​ប្រៀប​ធៀប​នឹង​ការ​បោះឆ្នោត​ឆ្នាំ​២០១២។

ជំទប់​ទីមួយ​នៃ​ឃុំ​អូររៃ ក្នុង​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ លោក ម៉ែន សារ៉ន បាន​ថ្លែង​ថា លោក​មិន​ជឿ​ថា មេដឹកនាំ​របស់​លោក ​និង​គណបក្ស​ផ្ទាល់​ ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់​ជាតិ​នោះ​ទេ។ លោក​បញ្ជាក់​ថា កន្លង​ទៅ​ គណបក្ស​តែង​តែ​ណែនាំ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ឈ្នះ​ការ​បោះឆ្នោត​សាកល​នៅ​ឆ្នាំ២០១៨។ ទោះ​ជា​យ៉ាងណា លោក​មាន​ប្រសាសន៍​ថា លោក​នឹង​រង់​ចាំ​ចំណាត់​ការ​ថ្នាក់​លើ។

លោក​បាន​ថ្លែង​ថា៖

«ហ្អេ ​រំលាយ​អស់​បក្ស​ ធ្វើ​ម៉េច រំលាយ​ទៅ ខ្ញុំ​នៅ​ផ្ទះ​ប៉ុណ្ណោះ​ឯង។ ដូច​ខ្ញុំ​ជម្រាប​លោក​គ្រូ​មិញ​ថា ចាំ​មើល​តែ​ថ្ងៃ​ណា គេ​ប្រកាស​ថា អស់​សុពល​ភាព​ហើយ វេច​សៀវភៅ​មក​ផ្ទះ ឈប់​ចូល​សាលា​ឃុំ»។

លោក​បញ្ជាក់​បន្ថែម​ថា៖

«យើង​នៅ​ថ្នាក់​ក្រោម​ជាតិ យើង​មិន​អាច​ដោះស្រាយ​អី​ចេញ​ទេ ចាំ​ស្ដាប់​តែ​គេ​ប៉ុណ្ណោះ​ទេ។ អារម្មណ៍​ក្នុង​ខ្លួន​ថា វា​មិន​គួរ​ឲ្យ​មាន​បាក់​បែក»។

មេឃុំ​ត្រពាំងចាន់ ក្នុង​ស្រុក​បរិបូរណ៍​ ខេត្តកំពង់ឆ្នាំង អ្នកស្រី ស្ងួន សាមាន បាន​ថ្លែង​ប្រាប់ VOAថា ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ និង​អាសនៈ​នៅ​ថ្នាក់​ក្រោម នឹង​ប៉ះពាល់​ទឹកចិត្ត​អ្នកបោះឆ្នោត។ អ្នកស្រី​បន្ត​ថា អ្នក​ស្រី​នឹង​មិន​ចុះ​ចូល​ជាមួយ​គណបក្ស​ណាមួយ​នោះ​ទេ។

អ្នក​ស្រី​បាន​ថ្លែង​ថា៖

«ខ្ញុំ​អត់​ចុះ​ចូល​ទេ​ណា ព្រោះ​អី​បើ​ចុះ​ចូល​យ៉ាងម៉េច បើ​អាសនៈ​របស់​ខ្ញុំ ពលរដ្ឋ​អ្នក​ឲ្យ​តំណែង។ ខ្ញុំ​មិន​ទៅ​ចូល​ជាមួយ​អ្នកណា។ ប្រសិន​ជា​ទៅ​ថ្ងៃ​មុខ គេ​នឹង​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ បាន​ន័យ​ថា​អាសនៈ​ខ្ញុំ​ ក៏​រលាយ អាសនៈ​របស់​CPP ក៏​រលាយ​ដែរ។ បោះឆ្នោត គេ​មិន​មាន​គណបក្ស​មួយ​ទេ ទាល់តែ​មាន​ការ​ប្រកួត​ប្រជែង​គណបក្ស​មួយ គណបក្ស​មួយ ប្រសិន​បើ​រំលាយ(អាសនៈ) គណបក្ស​ខ្ញុំ គណបក្ស​ផ្សេង ក៏​រលាយ​ដូច​គ្នា​ដែរ»។

អ្នកស្រីក៏មាន​ជំនឿថា​ មេដឹកនាំ​របស់​ខ្លួន​មិន​មាន​បំណង​ផ្តួល​រំលំរដ្ឋាភិបាល ឬ​ក្បត់ជាតិ​ដូច​ការ​ចោទប្រកាន់​នោះ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG