ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុមប្រឹក្សា​ឃុំ​ចុះ​ចូល​បក្ស​ប្រជាជន​ត្អូញត្អែរ​ថា​ ពលរដ្ឋ​លែង​រាប់រក


លោក ចិន​ ចយ អាយុ៦៥ឆ្នាំ ជា​ក្រុមប្រឹក្សា​ឃុំ​ចំប៉ី ក្នុង​ស្រុក​បាទី ខេត្ត​តាកែវ មក​ពី​គណបក្ស​សង្រ្គោះជាតិ ដែល​បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា ចំ​ពេល​បក្ស​ប្រឆាំង​ប្រឈម​នឹង​ការ​រំលាយ។ (ស៊ុន ណារិន/VOA)

លោក ចិន​ ចយ ​ជំទប់​ទីមួយ​ឃុំ​ចំប៉ី ស្រុក​បាទី ខេត្ត​តាកែវ មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ បាន​ចុះ​ចូល​គណបក្ស​ប្រជាជន​កម្ពុជា​ កាល​ពី​ខែ​តុលា ​គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​បាន​អំពាវនាវ​ឲ្យ​មន្រ្តី​បក្ស​ប្រឆាំង​ថ្នាក់​ក្រោម​ចុះ​ចូល​គណបក្ស​កាន់​អំណាច​ ដើម្បី​រក្សា​តំណែង ពេល​គណបក្ស​មួយ​នេះ​ត្រូវ​រំលាយ​នា​ពេល​ខាង​មុខ។

លោក ចិន ចយ ​អាយុ​៦៥​ឆ្នាំ មាន​ប្រសាសន៍​ថា ​លោក​បាន​សម្រេច​ចិត្ត​ភ្លាមៗ ចូល​គណបក្ស​ប្រជាជន​កម្ពុជា ​បើ​ទោះ​ជា​ប្រឈម​នឹង​ការ​អាក់​អន់​ចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ដែល​បាន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ ​កាល​ពី​ខែ​មិថុនា ឆ្នាំ២០១៧ ដោយ​ទទួល​បាន​សំឡេងគាំទ្រ​ច្រើន​ជាង​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ឃុំ​ចំប៉ី​នេះ។ លោក​មាន​ប្រសាសន៍​ថា នៅ​ពេល​ឮ​ថា​លោក កឹម សុខា​ មេដឹកនាំ​បក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​ជាប់​ពន្ធនាគារ ត្រូវ​បាន​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ ​លោក​អស់​ទំនុក​ចិត្ត​លើ​បក្ស​សង្រ្គោះ​ជាតិ ​ដូច្នេះ​លោក​សម្រេច​ចិត្ត​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​ម្ដង ដើម្បី​រក្សា​តំណែង​របស់​លោក​ជា​ក្រុមប្រឹក្សា​ឃុំ។

លោក​បាន​ថ្លែង​ប្រាប់​VOA​ថា៖ «គោល​បំណង​ដែល​ខ្ញុំ​ចូល​(គណបក្ស​ប្រជាជនកម្ពុជា) កាល​មុន​យើង​នៅ​ខាង​សង្រ្គោះ​ជាតិ យើង​ជឿជាក់​ទៅ​លើ​ឯកឧត្តម​កឹម សុខា គាត់​អ្នក​ស្នេហា​ជាតិ​អញ្ចឹង​ទៅ។ ដល់​តែ​ក្រោយ​មក បាន​ថា​គាត់​ក្បត់​ជាតិ​ចឹង​ទៅ បាន​ជា​យើង មិន​អាច​នឹង​ទុកចិត្ត​គាត់»។

ទោះជាយ៉ាងណា លោក​ ចយ មិន​អាច​ពន្យល់​ពី​មូលហេតុ​អ្វី​បាន​ជា​លោក​ជឿជាក់​ថា លោក កឹម សុខា និង​គណបក្ស​បាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់​ជាតិ​ ក្រោម​ការ​ចោទ​ប្រកាន់​ថា មាន​បំណង​ផ្តួលរំលំ​រដ្ឋាភិបាល ដោយ​មាន​អាមេរិក​នៅ​ពី​ក្រោយ ខណៈ​តុលាការ​កំពូលកំពុង​ដំណើរ​ការ​រឿង​ក្តី​នេះ​នៅ​ឡើយ។

លោក ចិន ចយ ​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​អត់​ដឹង មិន​ហ៊ាន​សន្និដ្ឋាន ព្រោះ​យើង​មិន​បាន​នៅ​ជិ​ត​គាត់[លោក កឹម សុខា]»។

គណបក្ស​សង្រ្គោះជាតិ​បាន​ចាត់​ទុក​ការ​ចោទ​ប្រកាន់​មេដឹកនាំ និង​គណបក្ស​ថា​ក្បត់​ជាតិ គឺ​ជា​រឿង​នយោបាយ ​ដើម្បី​បំបាក់​គណបក្ស​នៅ​មុន​ការ​បោះឆ្នោត​សាកល​ឆ្នាំ​២០១៨ ខាង​មុខ។

លោក ចយ​ បាន​ចាប់​ផ្តើម​ជីវិត​នយោបាយ​របស់​លោក​ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​ដឹកនាំ​ដោយ​លោក កឹម សុខា កាល​ពី​ឆ្នាំ​២០០៧។ លោក​មាន​ប្រសាសន៍​ថា​ពេល​នោះ លោក​ស្រឡាញ់​គោល​នយោបាយ​បក្ស និង​ការ​ថ្លែង​របស់​លោក កឹម សុខា ក្នុង​នោះ​មាន​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ និង​សារ​នយោបាយ​ប្រឆាំង​នឹង​ការ​រស់​នៅ​ខុសច្បាប់​របស់​ជនជាតិ​វៀតណាម​នៅ​កម្ពុជា។

នៅ​ក្នុង​លិខិត​មួយ​ច្បាប់ ​ចុះ​ថ្ងៃ​ទី​២៣​ ខែតុលា ​លោក ចិន ចយ​ បាន​សរសេរ​ទៅ​កាន់​គណបក្ស​ប្រជាជន​កម្ពុជា​ថា ដោយ​សារ​លោក កឹម សុខា បាន​ក្បត់​ជាតិ មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់ ​ហើយ​ម្យ៉ាង​ទៀត​គណបក្ស​សង្រ្គោះ​ជាតិ​ពុំ​មាន​ភាព​រឹងមាំ​ផ្នែក​នយោបាយ​ផ្ទៃ​ក្នុង ​ក្នុងការ​បំពេញ​តួនាទី​បម្រើ​ប្រជាពលរដ្ឋ ទើបលោក​សម្រេច​លាលែង​ពី​គណបក្ស​ប្រឆាំង ​មក​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ។​ លិខិត​សរសេរ​ដោយ​ដៃ ​ដែល​មាន​ស្នាម​មេដៃ ​និង​រូបថត​របស់​លោក ចិន ចយ ​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក និង​សារព័ត៌មាន ​Fresh News ដែល​សិទ្ធិ​នឹង​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក ចិន ចយ បាន​ធ្វើ​ជា​ក្រុមប្រឹក្សា​ឃុំ​ចំប៉ី បាន​ជាង​៥ឆ្នាំ​មក​ហើយ នៅ​ពេល​លោក​ជាប់​ឆ្នោត​កាល​ពី​ឆ្នាំ​២០១២ ក្រោម​គណបក្ស​សិទ្ធិមនុស្ស។ គណបក្ស​សិទ្ធិ​មនុស្ស បាន​រួបរួម​គ្នា​ជាមួយ​គណបក្ស​សម រង្ស៊ី ​កាល​ពីឆ្នាំ​២០១២ បង្កើត​គណបក្ស​សង្រ្គោះ​ជាតិ ដើម្បី​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​សាកល​ឆ្នាំ២០១៣ ជាមួយ​លោក ហ៊ុន សែន។ ការ​រួបរួម​នេះ​ធ្វើ​ឲ្យ​សំឡេង​បក្ស​ប្រឆាំង​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ រហូត​ទទួល​បាន​អាសនៈសភា​ចំនួន​៥៥ ក្នុង​ចំណោមអាសនៈ​សរុប​១២៣។

ក្រោយមក ក្នុង​ការ​បោះឆ្នោត​ឃុំ-​សង្កាត់​កាលពី​ខែ​មិថុនាកន្លងទៅ គណបក្ស​មួយ​នេះ ​ដណ្ដើមបាន​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ចំនួន​៥០០៧ ​និង​ទទួល​បាន​តំណែង​ជា​មេឃុំ-ចៅ​សង្កាត់​ចំនួន​៤៨៩ ​ក្នុង​ចំណោម ​១៦៤៦​ឃុំសង្កាត់​នៅ​ទូទាំង​ប្រទេស ​និង​សំឡេង​ឆ្នោត​គាំទ្រ​ជាង​៣លាន​សំឡេង។

សាលាឃុំ​ចំប៉ី ស្ថិត​ក្នុង​ស្រុក​បាទី ខេត្តតាកែវ ដែល​មាន​ចម្ងាយ​ប្រមាណ​៤០គីឡូម៉ែត្រ​ពី​រាជធានីភ្នំពេញ (ស៊ុន ណារិន/VOA)
សាលាឃុំ​ចំប៉ី ស្ថិត​ក្នុង​ស្រុក​បាទី ខេត្តតាកែវ ដែល​មាន​ចម្ងាយ​ប្រមាណ​៤០គីឡូម៉ែត្រ​ពី​រាជធានីភ្នំពេញ (ស៊ុន ណារិន/VOA)

អង្គុយ​នៅ​ក្បែរ​លោក ចិន ចយ ក្រោម​ផ្ទះ​របស់​លោក​ក្នុង​ភូមិ​ម្កាក់ ឃុំ​ចំប៉ី ដែល​មាន​ចម្ងាយ​ប្រមាណ​៤០​គីឡូ​ម៉ែត្រ​ពី​រាជធានី​ភ្នំពេញ គឺ​ភរិយា​របស់​លោក គឺ​លោកស្រី សំ រ៉េន អាយុ​៦៣​ឆ្នាំ។ លោកស្រី​មាន​ប្រសាសន៍​នៅ​ចំពោះ​មុខ​ស្វាមី​ថា លោក​ ចិន ចយ មិន​បាន​ពិភាក្សា​ជាមួយ​លោកស្រី​អំពី​ការ​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច​នោះ​ទេ។ លោកស្រី​បន្តថា ក្នុង​ចិត្ត​របស់​លោកស្រី​ មិន​ចង់​ឲ្យ​ស្វាមី​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ។

លោក​ស្រី​មាន​ប្រសាសន៍​ថា៖ «គាត់​ថា​គណបក្ស​សង្រ្គោះ​ជាតិ​រំសាយ រំលាយ​អី ខ្ញុំ​ថា​ឲ្យ​គាត់​ឈប់​ធ្វើ​ទៅ។ នៅ​ផ្ទះ​ហ្មង​ទៅ ធ្វើ​ស្រែ​ទៅ។ តែ​ដល់​ពេល​នេះ គាត់​ចូល​ហើយ ហើយ​គាត់​ប្រាប់​ខ្ញុំ​ក្រោយ​ហ្នឹង។ ចិត្ត​ខ្ញុំ ខ្ញុំ​ថា​បើ​គណបក្ស​សង្រ្គោះជាតិ​រំលាយ ខ្ញុំ​ថា​ឲ្យ​ឈប់​ធ្វើ​ហ្មង។ ទ្រាំ​នៅ​ផ្ទះ​ធម្មតា។​ បក្ស​ណា​ក៏​មិន​ឲ្យ​ធ្វើ ឲ្យ​ធ្វើ​ប្រជាពលរដ្ឋ នៅ​ផ្ទះ​នៅ​អី ទៅ​វត្ត ទៅ​អី សុំ​សីល​ពីរនាក់​ប្តី​ប្រពន្ធ​ទៅ»។

លោកស្រី​បាន​ឲ្យ​ដឹង​ថា ដោយសារ​ការ​ចុះ​ចូល​របស់​ស្វាមី ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ភូមិ​មិន​សូវ​ជា​និយាយ​រាប់​រកជាមួយ​លោកស្រី​ ដូច​សព្វដងឡើយ។

លោក ចិន ចយ ក៏​មាន​អារម្មណ៍​ដូច​នេះ​ដែរ តែ​លោក​ថា​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច បើ​លោក​បាន​សម្រេច​ចិត្ត​ចុះ​ចូល​រួច​ទៅ​ហើយ។

លោក​មាន​ប្រសាសន៍​ថា៖ «ប្រជាពលរដ្ឋ​ គាត់​មាន​ការ​អាក់អន់​ស្រពន់​ចិត្ត​ជាមួយ​យើង​ហើយ ព្រោះ​គាត់​ជឿ​ជាក់​លើ​យើង នៅ​ក្នុង​ការ​ដឹកនាំ​ប្រទេស គឺ​ថាយើង​អាច​ដំណើរការ​ជោគជ័យ​ហើយ​នៅ​ក្នុង​មូលដ្ឋាន​ឃុំ​យើង។ គឺ​គាត់​ស្រឡាញ់​យើង តែដល់​យើង​ប្រាសចាក​អញ្ចឹង គាត់​មាន​កូន​ចិត្ត​មួយ មិន​សម្រុះ​សម្រួល​ជាមួយ​យើង​ទេ គឺ​បែក​ចិត្ត​ពី​យើង​ហើយ ហើយ​យើង​ក៏​បែក​ចិត្ត​ពី​គាត់​ដែរ ធ្វើ​ម៉េច​ ចាំ​ថ្ងៃ​ក្រោយ​ ថ្ងៃ​មុខ​ទៀត ចាំ​យើង​និយាយ​ទៀត»។

កាល​ពីថ្ងៃ​ទី​២២ ខែ​តុលា លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ក្រុមប្រឹក្សា​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ថ្នាក់​ក្រោម​ជាតិ ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រក្សា​តំណែង​របស់​ពួកគេ​ឲ្យ​នៅ​ដដែល នៅ​ពេល​គណបក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ។ លោក​បញ្ជាក់​ថា នេះ​ជា​នយោបាយ​ឈ្នះ-ឈ្នះ ដែល​លោក​ធ្លាប់​ធ្វើ​ជាមួយ​ពួក​ខ្មែរ​ក្រហម។

សំណុំរឿង​ប្ដឹង​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​កំពូល តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ដែល​បាន​ប្តឹង​កាល​ពី​ខែ​កញ្ញា យោង​តាម​ខ្លឹមសារ​នៃ​វិសោធន​កម្ម​ដ៏​ចម្រូង​ចម្រាសទាំងពីរលើក​ក្នុងឆ្នាំ​នេះនៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោ​បាយ។ ប្រសិនបើ​បក្សនេះ​ត្រូវបាន​រំលាយ ក្រុមប្រឹក្សា​ឃុំសង្កាត់​ចំនួន​ ៥០០៧នាក់ ដែល​ខ្លួន​បាន​ឈ្នះ​តាម​រយៈ​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ ​នឹង​បាត់បង់​តំណែង។ ​

គណបក្ស​សង្រ្គោះជាតិ​បាន​ទទួល​៣អាសនៈ​សម្រាប់​ឃុំ​ចំប៉ី ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ ២​អាសនៈ។ សម្រាប់​ខេត្ត​តាកែវ​ គណបក្ស​សង្រ្គោះជាតិ​ទទួល​បាន​ក្រុមប្រឹក្សាចំនួន ៣១៨ ក្នុង​ចំណោម​៧៣៦​ក្រុមប្រឹក្សា​ទូទាំង​ខេត្ត។ រហូត​មក​ដល់​ពេល​នេះ មាន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​បក្ស​សង្រ្គោះ​ជាតិ​ចំនួន​៤នាក់ មក​ពី ៤​ឃុំផ្សេងគ្នា​នៅ​ក្នុង​ខេត្ត​តាកែវ បាន​សម្រេច​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

មេឃុំ​ចំប៉ី​បច្ចុប្បន្ន​មក​ពីគណបក្ស​សង្រ្គោះជាតិ​ លោក ផន ថ្លាង អាយុ​៥២​ឆ្នាំ គឺ​ជា​អ្នក​ភូមិ​ជាមួយ​គ្នា​នឹង​លោក ចិន ចយ ដែល​បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ថ្លាង មាន​ប្រសាសន៍​ថា កាល​ពី​ឆ្នាំ​២០០៧ លោក​ត្រូវបាន​លោក​ ចិន ចយ បបួល​ចូល​គណបក្ស​សិទ្ធិ​មនុស្ស។ លោក​ក៏​បាន​សម្រេច​ចិត្ត​ចូល​នា​ពេល​នោះ ដោយ​មាន​គោល​បំណង​ចង់បម្រើ​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​របស់​លោក។​ លោក​បន្ត​ថា លោក​មាន​អារម្មណ៍​ភ្ញាក់​ផ្អើល ដែល​លោក ចិន ចយ ត្រូវ​ជា​ជំទប់​ទី​មួយ​ឃុំ បាន​សម្រេច​ចាក​ចេញ​ពី​គណបក្ស​ ដោយ​មិន​បាន​ពិភាក្សា​ជាមួយ​រូបលោក និង​ក្រុមប្រឹក្សា​ម្នាក់​ទៀត។

ទោះជាយ៉ាងណា លោក​នៅ​តែ​ប្រកាន់​ជំហរ​មិន​ចុះ​ចូល​ជាមួយ​គណបក្ស​ណា​នោះ​ទេ បើ​ទោះជា​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​រំលាយ​ ហើយ​លោក​នឹង​ត្រូវបាត់បង់​តំណែង​ដែល​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ​៨៨ម៉ឺន​រៀល ក្នុង​មួយ​ខែ​ក៏​ដោយ។​

លោក​បាន​បញ្ជាក់​ថា បើ​លោក​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ន័យ​ថា លោក​ក្បត់​ឆន្ទៈ​ប្រជាពល​រដ្ឋជាង​ ១៨០០នាក់​ ដែល​បាន​បោះឆ្នោត​ឲ្យ​រូប​លោកកាល​ពី​ខែមិថុនា។​

លោក​បាន​ថ្លែង​ប្រាប់ ​VOA​ ថា៖ «មេ​ឃុំ ខ្ញុំ​ដោយ​ថា​មិន​ចង់​ឲ្យ​កិត្តិយស​ខ្ញុំ​ហ្នឹង ទៅ​កន្លែង​ណា​ ប្រជាពលរដ្ឋ​ជេរ​ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​មក​នេះ ដោយសារ​ប្រជាពលរដ្ឋ​ទុកចិត្ត​ខ្ញុំ។ អញ្ចឹង​មោទនភាព​របស់​ខ្ញុំ​មួយ​ហើយ ដោយសារ​ប្រជាពលរដ្ឋ គាត់​ទុក​ចិត្ត​ ហើយ​បែរ​ខ្ញុំ​ទៅ​ចូល​ជាមួយ​គេ ប្រជាពលរដ្ឋ គាត់​ខឹង​ប៉ុណ្ណា»។

មេឃុំ​រូប​នោះ​មិន​ជឿ​ថា គណបក្ស​សង្រ្គោះជាតិ​ ឬ​មេដឹកនាំ​របស់​លោក​មាន​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល ដោយ​អំពើ​ក្បត់​ជាតិ​នោះ​ទេ។

អង្គុយ​ក្បែរ​មេឃុំ នៅ​លើ​បង់​ថ្ម ជាប់​នឹង​សាលា​ឃុំ លោក ភួង យ៉ាន់ អាយុ​៦៧​ឆ្នាំ ជា​ក្រុមប្រឹក្សា​ម្នាក់​ទៀត​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ។ នៅ​ពេល​មាន​ការ​ពិភាក្សា​ពី​រឿង​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច មេឃុំ​ក៏​បាន​ចាប់​ដៃ​លោក ភួង យ៉ាន ហើយ​សន្យា​ថា ពួកគេ​នឹង​មិន​ចុះ​ចូល​ជាមួយ​គណបក្ស​ណា​ជា​ដាច់​ខាត។ លោក យ៉ាន មាន​ប្រសាសន៍​ថា មាន​សមាជិក​ចុះ​ពង្រឹង​មូល​ដ្ឋាន​របស់​គណបក្សប្រជាជន ​មក​ទាក់ទង​រូប​លោក ដើម្បី​ចុះ​ចូល​នឹងគណបក្សរបស់​គេ តែ​លោក​ថា លោក​មិន​ចាក​ចោល​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​ បើ​ទោះ​ប្រឈម​នឹង​ការ​បាត់បង់​តំណែង​ និង​ប្រាក់​ខែ​ក៏ដោយ។​

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​អត់​ទៅ​ទេ ខ្ញុំ​សុខចិត្តប្តូរ​ផ្តាច់​នៅនឹង​គណបក្ស​ខ្ញុំ​ហ្នឹង​ហើយ ព្រោះ​ស្រឡញ់​ជាតិ​ទាំង​អស់​គ្នា ហើយ​និង​ស្រឡាញ់​គេអ្នក​បោះឆ្នោត​ឲ្យ​ខ្ញុំ បើ​ខ្ញុំ​ចាក​ចេញ​ទៅ គេដូច​ថា​គ្មាន​សិទ្ធិ​សេរីភាព​អី គេ​មើល​ងាយ មើល​ថោក គេ​ប្រមាថ​មើល​ងាយ​យើង ពួក​អា​អស់​នេះ ខំ​បោះ​ឆ្នោត​ឲ្យ​ ទៅ​ប៉ាតណា​ប៉ាតណី អត់​ដឹង​ខ្យល់​អី។ ខ្ញុំ​ខ្លាច​បាត់បង់​កិត្តិយស​ខ្ញុំ​ណាស់»។

សម្រាប់​ប្រជាជន​នៅ​ក្នុង​ឃុំ​ចំប៉ី ហាក់​មិន​ពេញចិត្ត​នឹង​ការ​ចុះ​ចូល​របស់​លោក ចិន ចយ ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ ដោយសារ​ពួកគេ​បាន​សម្រេច​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ ដើម្បី​ឲ្យ​ក្រុមប្រឹក្សា​ទាំង​នោះ​បាន​បំពេញ​ការងារ។

លោក ភួង យ៉ាន់ (ធ្វេង) អាយុ​៦៧​ឆ្នាំ ​ក្រុមប្រឹក្សា​ឃុំ និង​លោក ផន ថ្លាង អាយុ​៥២​ឆ្នាំ មេឃុំ​ចំប៉ី​មក​ពីគណបក្ស​សង្រ្គោះជាតិ​ ​ប្រកាន់​ជំហរ​មិន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បើ​ទោះ​ប្រឈម​បាត់បង់​តំណែង។ (ស៊ុន ណារិន/VOA)
លោក ភួង យ៉ាន់ (ធ្វេង) អាយុ​៦៧​ឆ្នាំ ​ក្រុមប្រឹក្សា​ឃុំ និង​លោក ផន ថ្លាង អាយុ​៥២​ឆ្នាំ មេឃុំ​ចំប៉ី​មក​ពីគណបក្ស​សង្រ្គោះជាតិ​ ​ប្រកាន់​ជំហរ​មិន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បើ​ទោះ​ប្រឈម​បាត់បង់​តំណែង។ (ស៊ុន ណារិន/VOA)

លោក ទូច នាង អាយុ​៤៩​ឆ្នាំ ជា​អ្នក​ភូមិ​រស់​នៅ​ក្បែរ​ផ្ទះ​លោក ចិន ចយ បាន​មាន​ប្រសាសន៍​ថា ការ​ចុះ​ចូល​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាជន​បាត់បង់​ទំនុក​ចិត្ត​លើ​ក្រុមប្រឹក្សា​រូប​នោះ។

លោក​មាន​ប្រសាសន៍​ថា៖ «បើ​បាត់​បង់តំណែង​ដូច​ថាវា​បាត់​សេចក្តី​ទុក​ចិត្ត​របស់ប្រជាជន​ដែល​គាត់ខំ​ប្រឹង​បោះ​ឆ្នោត​ឲ្យ​គាត់​ឡើង​ជា​ក្នុង​ការ​ដឹកនាំ​ឃុំសង្កាត់​ មាន​អារម្មណ៍​សោក​ស្តាយ​ដែរ។ អារម្មណ៍​ខ្ញុំ​មួយ​ដូច​ថា​វា​ពិបាក​ដែរ ដល់​គាត់​ធ្វើ​អញ្ចឹង​ទៅ។ សូម្បី​តែ​ខ្ញុំ​ផ្ទាល់​ក៏​អត់​មាន​ទំនុក​ចិត្ត​លើ​គាត់​ដែរ។ ខំ​ប្រឹង​ទុក​ចិត្ត​លើ​គាត់​ដែរ ដល់​ពេលគាត់​ធ្វើ​អញ្ចឹង យើង​ វាពិបាក​ទុក​ចិត្ត​គាត់​។ មិន​គួរ​ណា គាត់​ធ្វើ​អញ្ចឹង»។

ចំណែក​ប្រជាពលរដ្ឋ​ម្នាក់​ទៀត លោក ស៊ុំ រតនា​ អាយុ​៣៥​ឆ្នាំ ជា​កសិករ​ម្នាក់ បាន​និយាយ​ថា លោក​មិន​ទាន់​បាន​ដឹង​ព័ត៌មាន​ដែល​លោក​ ចិន ចយ ចុះ​ចូល​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឡើយ​ទេ។ ទោះ​ជា​យ៉ាង​ណា លោក​យល់​ថា នេះ​ជា​សិទ្ធិ​សេរីភាព​របស់​លោក ចិន ចយ ក្នុងការសម្រេច​ចូល​រួម​ក្រុមនយោបាយណា​មួយដែលលោកជឿ​ជាក់។

លោក​មាន​ប្រសាសន៍​ថា៖ «ដឹង​អី​គាត់ អាហ្នឹង​រឿង​បុគ្គល​របស់​គាត់។ តែ​គាត់​ថា​ចូល​ ចូល​ហើយ ខ្លួន​របស់​គាត់»។

អ្នកស្រី ម៉េង សុភារី ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោតនិង​នីតិកម្ម ​នៃ​គណបក្ស​សង្រ្គោះជាតិ មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ ក្រុមប្រឹក្សា​ឃុំសង្កាត់ ក្រុង រាជធានី ខេត្ត សរុប​ប្រមាណ​៤០​នាក់ បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ អ្នកស្រី​បន្ត​ថា ការ​ចុះ​ចូល​នេះ មិន​មែន​ជា​ការ​ចុះ​ចូល​ដោយ​ទឹក​ចិត្ត​នោះ​ទេ។

អ្នកស្រី​បាន​ថ្លែង​ប្រាប់​VOA​ថា៖ «ការ​ដែល​ចុះ​ចូល​នេះ គឺ​ដោយសារ​បរិយាកាស​នយោបាយ​របស់​យើង​បច្ចុប្បន្ន​ក្តៅ ហើយ​រងការ​គំរាម​ផង កំហែងផង ទិញ​ទឹក​ចិត្ត​ផង បំភិត​បំភ័យ ហើយ​រហូត​ដល់​មាន​ការ​ប្តឹង​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​ផង។ ក៏​ប៉ុន្តែ​ខ្ញុំ​យល់​ឃើញ​ថា អ្នក​ដែល​ចុះ​ចូល​ទាំង​អស់ មិន​មែន​ជា​ការ​ចុះ​ចូល​ដោយ​ទឹក​ចិត្ត​របស់​គាត់ ដូច​ការ​ដែល​គាត់​មក​ចូលរួម​ជាមួយ​គណបក្ស​សង្រ្គោះ​ជាតិ​នោះ​ទេ»។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា​មិន​មាន​វប្បធម៌​ទិញ​ជា​លុយ​កាក់ សម្ភារៈ និង​បង្ខិតបង្ខំ គំរាម​កំហែង​សម្រាប់​ការ​ចុះ​ចូល​នោះ​ទេ។ លោក​បញ្ជាក់​ថា ការ​ចុះ​ចូល គឺ​ផ្អែក​លើ​គោលការណ៍​ស្ម័គ្រ​ចិត្ត។

លោក ​ចិន ​ចយ ​មិនបាន​បញ្ជាក់នោះ​ទេ ​ថាលោកបានទទួលបានការឧបត្ថម្ភអ្វី​ខ្លះ​ ក្រោមរូបភាពផ្សេងៗ ​ពី​សំណាក់គណ​បក្សប្រជាជនកម្ពុជា ហើយ​លោក​និយាយ​ថា ខ្លួន​លោកក៏​មិន​ដឹង​ដែរ​ថា ទៅ​ថ្ងៃ​មុខ គណបក្សនឹង​ផ្ដល់​អ្វី​ខ្លះ​ដល់​លោក​នោះ​ទេ។ លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រង់ចាំ​មើល​សកម្មភាព​របស់​លោក ក្នុង​ការ​បន្ត​ជួយ​ប្រជាពលរដ្ឋ​ បើ​ទោះ​ជា​លោក​នៅ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ដោយ។

លោក​មាន​ប្រសាសន៍​ថា៖ «អានេះ​ជា​គោល​បំណង​របស់​ខ្ញុំ បើ​សិន​ជា​ខ្ញុំចេញ​ពី​គណបក្ស​សង្រ្គោះ​ជាតិ​ហើយ មក​ចូលនៅ​ជាមួយ​គណបក្ស​ប្រជាជន អារម្មណ៍​របស់​ខ្ញុំ​សោក​ស្តាយ យើង​បាន​ជាប់​ជា​ក្រុមប្រឹក្សា​ហើយ អត់​បាន​អ្វី​នឹង​ជួយ​តប​ស្នង​សង​គុណ​ប្រជាពលរដ្ឋ។​ បើ​អញ្ចឹង​ខ្ញុំ​ធ្វើ​អាដែង​មួយ​ជំហាន​នេះ​ទៀត គឺ​ដើម្បី​រក​ផល​ប្រយោជន៍​ឲ្យ​ប្រជាពលរដ្ឋ។ កុំ​ឲ្យ​គាត់​អស់​ជំនឿ​លើ​ខ្ញុំ គឺ​ថា​ខ្ញុំ​នៅ​ឈរ​ជា​ក្រុមប្រឹក្សា ជា​អនុប្រធាន​ហ្នឹង ដើម្បី​ខិត​ខំស្នើ​ពី​ថ្នាក់​លើ ដើម្បី​ជួយ​អភិវឌ្ឍ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្ញុំ។ កុំ​ឲ្យ​អស់​សង្ឃឹម​ថា​ខ្ញុំ​ឈរ ក៏​ខ្ញុំ​មិន​ប្រលែង​ដៃ​ចោល​ប្រជាពលរដ្ឋ​ដែរ»។

សមាជិកថ្មីថ្មោងនៃគណបក្ស​ប្រជាជនកម្ពុជា​រូប​នេះ ​បាន​និយាយ​ថា ​គណបក្ស​កាន់​អំណាចក៏បានសន្យា​ផង​ដែរ​ ថា នឹងដំឡើង​តំណែង​លោក ប្រសិន​បើ​លោក​បំពេញ​ការងារ​បាន​ល្អ​សម្រាប់​ប្រជាពលរដ្ឋ៕

XS
SM
MD
LG