ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ​សម រង្ស៊ី៖ គម្រោង​រំលាយ​បក្ស​ជំទាស់​ត្រូវ​បរាជ័យ ​ដោយ​សារ​មាន​សម្ពាធ​ពីបស្ចិមប្រទេស


រូបថត​ទាញ​ចេញ​វីដេអូ​​មួយ​មាន​រយៈពេល​៥​នាទី​ ​ដែល​ត្រូវ​បាន​​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ​សម រង្ស៊ី​ ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី​២៧ ខែ​តុលា ឆ្នាំ​២០១៧ ​ដោយ​មាន​លោក​ ​សម រង្ស៊ី​ ​អង្គុយ​ជាមួយ​ក្រុម​តំណាង​រាស្រ្ត​ ​និង​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោ
រូបថត​ទាញ​ចេញ​វីដេអូ​​មួយ​មាន​រយៈពេល​៥​នាទី​ ​ដែល​ត្រូវ​បាន​​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ​សម រង្ស៊ី​ ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី​២៧ ខែ​តុលា ឆ្នាំ​២០១៧ ​ដោយ​មាន​លោក​ ​សម រង្ស៊ី​ ​អង្គុយ​ជាមួយ​ក្រុម​តំណាង​រាស្រ្ត​ ​និង​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោ

លោក​ ​សម រង្ស៊ី​និង​មន្ត្រី​សំខាន់ៗ​របស់​លោក​ប្រកាស​ថា​ គម្រោង​​រំលាយ​បក្ស​ជំទាស់​មិន​អាច​ធ្វើ​ទៅ​រួច ​ដោយសារ​មាន​សម្ពាធ​នៅ​បស្ចិម​ប្រទេស​ ​ខណៈ​លោក​ហ៊ុន សែន​អំពាវនាវ​ឲ្យ​មន្ត្រី​គណបក្ស​ជំទាស់​ចុះ​ចូល​ជាមួយ​លោកដើម្បី​រក្សាតំណែង។

លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ ​ប្រកាស​ឱ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ​គណ​បក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​បាន​លុប​ចោលគម្រោងរំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​ដោយ​សារ​ការ​ដាក់​សម្ពាធ​ដ៏​ខ្លាំងក្លាពីសហគមន៍​អន្តរ​ជាតិ​ ​និង​ប្រទេស​និយម​ប្រជា​ធិបតេយ្យ។​

ក្នុង​វីដេអូមួយ​មាន​រយៈពេល​៥​នាទី​ ​ដែល​ត្រូវ​បានបង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ​សម រង្ស៊ី​ ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ​គេ​ឃើញ​លោក​ ​សម រង្ស៊ី​ ​អង្គុយ​ជាមួយ​ក្រុម​តំណាង​រាស្រ្ត​ ​និង​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​រូបទៀត ​នៅ​ទី​ក្រុង​រ៉ូម​ ​ប្រទេស​អ៊ីតាលី។​

ក្នុង​វីដេអូ​នោះ​ ​លោក​ ​សម រង្ស៊ី​ ​ថ្លែង​ថា​ គម្រោង​រំលាយ​បក្ស​សង្គ្រោះជាតិ​ជំហ៊ាន​ទីមួយ​ត្រូវ​បរាជ័យ​ ដែល​លោក​ថា​ ​នេះ​ជាដំណឹង​ល្អ​មួយ​សម្រាប់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។​ ​លោក​បន្ថែម​ថា​ ​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​បាន​លុបចោល​គ​ម្រោង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​ដោយ​សារ​ការ​ដាក់​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ ​ដែល​លោក​ថា​ ​សម្ពាធ​របស់​សហគមន៍​ទាំងនោះ​នឹង​មិន​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​នោះ​ទេ។​

អតីត​មេដឹក​នាំ​ក្រុម​ជំទាស់​ដែល​កំពុង​រស់​នៅ​និរទ្ទេស​ខ្លួនរូប​នេះ​ ​បញ្ជាក់​ថា៖​

«គេ​មាន​វិធានការ​គឺ​ គេ​មិន​ឲ្យ​ទិដ្ឋាការ​ឲ្យ​ចូល​ស្រុក​គេ។​ ​អ្នកនោះ​មាន​លុយ​សន្ធឹក​សន្ធាប់​ លុយ​បាន​មក​ពី​ការ​លួច​ជាតិ​ ប្លន់​ជាតិ។​ គេ​យក​លុយ​គេ​នោះ​ទៅ​ដាក់​នៅ​ប្រទេស​សេរី ​ប្រទេសប្រជា​ធិបតេយ្យ​ ដូចជា​សហ​រដ្ឋ​អាមេរិក ​អឺរ៉ុប ​អូស្រ្តាលី ​ដែល​ឥឡូវ​នេះ​កំពុង​តែ​រៀបចំ​ដាក់​ឈ្មោះ​ពួកជន​ផ្តាច់ការ​ទាំង​នោះ​ ពួកជន​ពុក​រលួយ​ទាំង​នោះ​ក្នុង​បញ្ជី​ខ្មៅ​របស់​គេ»។

លោក​ ​សម រង្ស៊ី​ ​ក៏​បាន​អំពាវ​នាវ​កុំឲ្យប្រជា​ពល​រដ្ឋ​ ​និង​សមាជិក​បក្ស​ជំទាស់​ ចាញ់​សារ​គំរាម​ ​សម្លុត​ ​ឬ​អូសទាញរបស់​គណ​បក្សកាន់​អំណាច។

ការ​លើក​ឡើង​របស់​លោក​ ​សម រង្ស៊ីពី​ទី​ក្រុង​រ៉ូម​ ​ប្រទេស​អ៊ីតាលី​ ធ្វើឡើង​មិន​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​លោក​ ​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ឃោសនា​ឱ្យមន្ត្រី​គ្រប់​ជាន់​ថ្នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចុះ​ចូល​នឹង​បក្ស​កាន់​អំណាច​ដើម្បី​រក្សា​តំណែង​របស់​ខ្លួន​ពេល​បក្ស​ប្រឆាំង​រលាយ។

​ការ​ប៉ុនប៉ងរំលាយ​បក្ស​ជំទាស់​ដ៏​ធំ​នៅ​កម្ពុជា​ ​បានរងរិះគន់​ និង​ជំទាស់​ខ្លាំងៗ​ពី​សហ​គមន៍​អន្តរ​ជាតិ។​ ​ក្នុង​នោះ​ដែរ​ ​សមាជិក​ព្រឹទ្ធ​សភា​អាមេរិកដ៏មាន​ឥទ្ធិពល​មួយ​ចំនួន​ ​មកពីគណបក្ស​សាធារណ​រដ្ឋ​ដែល​កំពុង​កាន់​អំណាច​ ​ក៏​បានគំរាម​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ រួមទាំង​ការ​មិន​ផ្តល់​ទិដ្ឋាការដល់​មន្ត្រី​កម្ពុជា​ ​ប្រសិន​បើ​បក្ស​កាន់​អំណាច​កម្ពុជា​រំលាយ​ និង​មិន​ដោះលែង​ប្រធាន​ និង​សមាជិក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។​

យ៉ាងណា​ក៏​ដោយ​ ​លោក​ ​ផៃ ស៊ីផាន​ ​អ្នក​នាំពាក្យទីស្តីការគណៈ​រដ្ឋមន្រ្តី​ បាន​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា​ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​បាន​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្រ្តី​នៅ​ថ្ងៃ​ទី​២៧​ ​ខែ​តុលា​នេះ​ថា​ ​លោក​មិន​អើពើ​នឹង​ការ​ព្រមាន​បិទ​ទិដ្ឋាការ​ ​ឬ​ការ​ព្រមាន​បង្កក​គណនី​ធនាគារ​របស់​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជានោះ​ទេ។​ ​លោក​បន្ថែម​ថា​ ​កម្ពុជា​ជា​ប្រទេស​ឯករាជ្យ​ ​មិន​ស្ថិត​ក្រោម​ការ​បញ្ជា​របស់​ប្រទេសណាមួយ​ឡើយ។ ​

លោក ​ផៃ ស៊ីផាន​ បញ្ជាក់​ថា៖ ​

«សម្តេច​លោក​មាន​ប្រសាសន៍​ថា​ ​លោក​គ្មាន​ទ្រព្យ​សម្បត្តិ​ណា​ឲ្យ​គេ​បង្កក​ទេ។ ​ទ្រព្យ​សម្បត្តិ​របស់​លោក​សន្សំ​សម្រាប់​កសាង​សាលា​ ​សម្រាប់​ជួយ​ប្រជា​ពលរដ្ឋ ​ធ្វើ​ការងារ​ជាតិ​របស់​លោក។ ​រីឯ​វីសា លោក​ក៏​មិន​មាន​ចា​ប់អារម្មណ៍​អី​ទេ​ ​លោក​គ្មាន​សារៈ​ប្រយោជន៍​អី​ទៅ​សហ​រដ្ឋ​អាមេរិក​ទេ។​ ​រីឯ​ផល​ប៉ះ​ពាល់​ដល់​មន្រ្តី​ណាមួយ​គឺ​ជា រឿង​ឯកជន​របស់​គាត់​ទេ ​មិនមែន​ជា​រឿង​របស់​ជាតិ»។ ​

កាលពី​ថ្ងៃពុធ​កន្លងទៅ​ ​ព្រះ​មហា​ក្សត្រ​បាន​ឡាយ​ព្រះ​ហត្ថលេខា​ឲ្យ​ប្រើប្រាស់​ជា​ប្រញាប់​នូវ​វិសោធន​កម្ម​ច្បាប់ចំនួន​បួន​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ ​បន្ទាប់​ពី​ច្បាប់​ទាំង​បួន​នោះ​ត្រូវ​បាន​ស្ថាប័ន​នីតិបញ្ញត្តិ​អនុ​ម័តជាបន្ត​បន្ទាប់ តែ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ប៉ុណ្ណោះ។​ ​វិសោធន​កម្ម​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ទាំង​បួន​នេះ​ ​កំណត់​ពី​ការ​បែង​ចែក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​គណបក្ស​ផ្សេង​ទាំង​នៅ​ក្នុង​រដ្ឋសភា​ ​និង​តាមក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ​ប្រសិន​បើ​តុលាការ​កំពូល​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​តាម​ការប្ដឹង​របស់​ក្រសួង​មហា​ផ្ទៃ ​ដោយ​ចោទ​ថា​ ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់​ជាតិ។

នាយ​ឧត្តម​សេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ ​លើក​ឡើង​ថា​ ​តុលាការ​កំពូល​កំពុង​បន្ត​នីតិវិធី​លើ​បណ្តឹង​របស់​ក្រសួង​មហា​ផ្ទៃ​ដែល​បាន​ស្នើសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។​ ​លោក​បន្ថែម​ថា​ ​គម្រោង​នេះ​នឹង​បន្ត​ទៅ​មុខ​ ​ហើយ​លោក​មាន​ជំនឿ​ថា​ ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រូវ​រំលាយ​ក្នុង​ពេល​ឆាប់ៗ។

លោក​មាន​ប្រសាសន៍​ថា៖​

«ទី១ ​គណបក្ស​ហ្នឹង​បាន​បោះ​បង់​សិទ្ធិ​មិន​ទៅ​ការពារ​ខ្លួន​នៅ​ពេល​សវនាការ​ ដោយ​មិន​បាន​ដាក់​សារ​ណា​ទៅ​តុលាការ​កំពូលតាម​ការ​កំណត់។ ​បញ្ហា​ទី២ ​អ្វី​ដែល​ក្រសួង​មហា​ផ្ទៃប្តឹង​ទៅ​ហ្នឹង​ ​គឺជា​កំហុស​ធ្ងន់ធ្ងរ​បំផុត​ ​ហើយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​គិត​ថា​ ខ្លួន​មិន​អាច​តតាំង​បាន​ ​បាន​ជា​មិន​ដាក់​សារ​ណា​ទៅ​ ​ហើយ​មិន​ចាត់​តាំង​មេធាវី​ទៅ​ការពារ។ ​ហើយ​បញ្ហា​ទី៣​ គណបក្ស​សង្គ្រោះ​ជាតិតែង​តែ​ប្រកាន់​យក​ទម្លាប់​ ​ឬ​ក៏​អាកប្ប​កិរិយា​មិន​គោរព​ច្បាប់។​ ​បញ្ហា​ទី៤​មួយ​ទៀត ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​បែកបាក់​គ្នា​តាំង​ពីលើ​រហូត​ដល់​ក្រោម»។​

ក្រុម​អ្នក​ឃ្លាំមើល​ស្ថាន​ការណ៍​សង្គម​ ​និង​នយោបាយ​យល់​ថា​ ​វិសោធនកម្ម​ច្បាប់​ដែល​ធ្វើ​ឡើង​ដោយ​គណបក្ស​កាន់​អំណាច​ ​ដើម្បី​បែងចែក​អាសនៈ​របស់​គណបក្ស​ដែល​ត្រូវ​រំលាយ​ចោល​ ​ហើយ​យក​ទៅ​ឲ្យ​គណបក្ស​ផ្សេងៗ​ទៀត​នោះ​ ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​សម្រេច​ចិត្ត​របស់​ប្រជា​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ ​ជា​ពិសេស​ ​វា​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​សង្គម​កម្ពុជា​ឈាន​ទៅ​រក​ការ​បែក​បាក់​ផ្ទៃ​ក្នុង។

ក្នុង​វីដេអូ​ដែល​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ លោក​ សម រង្ស៊ី​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ​បើ​ទោះ​ជា​លោក​ ​កឹម សុខា ប្រធាន​បក្ស​ជំទាស់​កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​ក៏​ដោយ​ ​តែ​សេចក្តី​សម្រេច​នានា​របស់​បក្ស​នេះ​អាច​ធ្វើ​ទៅ​បាន​ជា​ធម្មតា​ ​តាម​រយៈ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ភាគ​ច្រើន​កំពុង​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស។​

ក្រោយ​ការ​បង្ហោះ​វីដេអូ​នោះ​បន្តិច​ ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​សុក្រ​នេះ​ ​ដោយ​ប្រកាសថា​ ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​ធ្វើ​ខុស​ច្បាប់​នោះ​ទេ​ ​ហើយ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ជំទាស់ដាច់​ខាត​នូវ​ការ​ប៉ុនប៉ង​រំលាយ​នេះ៕

XS
SM
MD
LG