មេដឹកនាំកម្ពុជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃពុធនេះ បានប្រកាសបើកយុទ្ធនាការផ្លូវច្បាប់ ដើម្បីបង្ក្រាបលើជនដែលប្រមាថជីវិតលោកតាមបណ្តាញសង្គមហ្វេសប៊ុក (Facebook) ដោយបានប្រាប់ឲ្យមេធាវីលោកត្រៀមកសាងសំណុំរឿង ដែលអាចបើកផ្លូវឲ្យលោករឹបអូសទ្រព្យសម្បតិ្តអ្នកទាំងឡាយណាដែលប្រមាថជីវិតលោកផងដែរ។
ការប្រកាសរបស់លោកហ៊ុន សែន កើតមានឡើងនៅក្នុងជំនួបរបស់លោកជាមួយកម្មកររោងចក្រ និងសហគ្រាសនៅក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ក្នុងជំនួបនោះ មេដឹកនាំរដ្ឋាភិបាលទីក្រុងភ្នំពេញ បានអះអាងថា មានសារប្រមាថ លោកចំនួនប្រមាណ៣២ ត្រូវបានធ្វើឡើង នៅលើបណ្តាញសង្គមហ្វេសប៊ុក។
«ខ្ញុំកំពុងឲ្យមេធាវីរបស់ខ្ញុំសិក្សា សិក្សាដើម្បីដាក់ពាក្យប្តឹងហើយ អ្ហែងប្រមាថតាមហ្វេសប៊ុក ហើយអ្ហែងត្រូវដឹងថា ទ្រព្យសម្បត្តិអ្ហែងនៅក្នុងប្រទេស អ្ហែងនៅក្រៅប្រទេសមែន ប៉ុន្តែទ្រព្យសម្បត្តិអ្ហែងក្នុងប្រទេសអញរឹបអូស យកទាំងអស់ហ្នឹង។ ឲ្យតុលាការកាត់ឲ្យអញឈ្នះ ជូនសារឲ្យហ្ហែងដឹងមុន អ្ហែងថ្ងៃហ្នឹង អ្ហែងថា ថែមទៀតទៅ»។
លោកហ៊ុន សែន ថ្លែងបន្ត ដោយមិនបញ្ចេញឈ្មោះអ្នកដែលប្រមាថលោកយ៉ាងដូច្នេះ៖
«អាឡូវហ្នឹងគឺថា មានជាង៣០ ដែលអ្ហែងបង្ហោះប្រមាថជីវិតអញ ៣២ ៣២ អ៊ីចឹងបើវាចេញមកថ្ងៃហ្នឹងទៀត បានការយើងទៀតហើយ ប្រមូលធ្វើជាវត្ថុតាង រឹបទ្រព្យសម្បត្តិអ្ហែងនៅក្នុងស្រុកអត់ទេ ទារមិនតិចជាង២លានដុល្លារទេ ប្រាប់ឲ្យហើយ ដើម្បីកុំឲ្យវាឈ្លើយ និយាយឡើង ដល់អាផុសចុងក្រោយ ទំនាយលោកហ៊ុន សែន ចំកន្លែងកំបុតក កំបុតកអ្ហែងហ្នឹង មិនកំបុត។ ប៉ុន្តែអត់ទេ ជូនសារទៅ្ប្រាប់អ្ហែងមុន ហើយប្រាប់ទៅខេត្តណោះ ឲ្យមើលទ្រព្យសម្បត្តិវានៅណា? តែកាត់រួចហើយ គ្មានទេអញរឹប រួចហើយបានអាហ្នឹង យកទៅចែកកុមារកំព្រា [...] កុំឲ្យវាព្រហើន»។
កន្លងមក មានមនុស្សមួយចំនួនត្រូវបានចាប់ខ្លួនចំពោះការប្រមាថ លោកនាយករដ្ឋមន្ត្រីហ៊ុនសែន និងការនិយាយរិះគន់លើរដ្ឋាភិបាលកម្ពុជា។
ជាក់ស្តែង ស្រ្តីម្នាក់ឈ្មោះសំ សុខា ដែលជាសកម្មជនការងារ ត្រូវបានចោទប្រកាន់ពី «បទប្រមាថ» និង «បទញុះញង់ឲ្យមានការរើសអើង» ក្នុងខែមេសា ឆ្នាំ២០១៧ គឺភ្លាមៗបន្ទាប់ពីអ្នកស្រីបានបង្ហោះវីដេអូនៅលើបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីសកម្មភាពរបស់អ្នកស្រីកំពុងគប់ស្បែកជើងទៅស្លាកគណបក្សប្រជាជនកម្ពុជាដែលមានរូបថតលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកហេង សំរិន ប្រធានរដ្ឋសភាជាតិ។
កាលពីខែមករា ឆ្នាំ២០១៩ លោក គង់ ម៉ាស អតីតមន្ត្រីគណបក្សប្រឆាំងម្នាក់នៅខេត្តស្វាយរៀង ត្រូវអាជ្ញាធរចាប់ខ្លួន ក្រោយពីលោករិះគន់រដ្ឋាភិបាលទាក់ទិននឹងរឿងសហភាពអឺរ៉ុបយកពន្ធអង្ករកម្ពុជាចូលទីផ្សារសហភាពអឺរ៉ុប។
លោកគង់ ម៉ាស់ ក៏ត្រូវបានចោទថា ព្យាយាមផ្តួលរំលំរដ្ឋាភិបាល ក្រោយពីលោកបង្ហោះសាររិះគន់ថា រដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ជួយការពារថ្លៃផលិតផលកសិករ សិប្បករ មិនជួយរកទីផ្សារលក់ផលិតផល មិនគិតគូរបញ្ហាព្រំដែនបញ្ហាអន្តោប្រវេសន៍ បញ្ហាអត់ការងារធ្វើនាំឲ្យមានពលករចំណាកស្រុក ហើយថាពលរដ្ឋត្រូវហ៊ានងើបតវ៉ា។
លោកគី តិច ប្រធានក្រុមមេធាវីការពារក្តីរដ្ឋាភិបាល មិនទាន់ផ្តល់ព័ត៌មានលម្អិត ចំពោះបុគ្គលដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចោទថា បានប្រមាថលោកនោះទេ ដោយខាងក្រុមមេធាវីកំពុងសិក្សាពីដំណើររឿង។
«សុំអធ្យាស្រ័យថា មិនអាចទាន់ទម្លាយព័ត៌មានហ្នឹងបានទៅជាសាធារណៈទេ ព្រោះខ្ញុំកំពុងសិក្សា»។
ទោះណាជា លោកហ៊ុន សែន មិនបាននិយាយចំឈ្មោះបុគ្គល ដែលប្រមាថជីវិតរបស់លោកយ៉ាងណាក្តី លោកអំ សំអាត អ្នកគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) បានផ្តល់ការយល់ឃើញថា បុគ្គលដែលលោកហ៊ុន សែនចោទនោះ គឺទំនងជាសំដៅដល់ក្រុមអ្នកនយោបាយគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរាយការណ៍ដោយបណ្តាញព័ត៌មានក្នុងស្រុកមួយចំនួន។
មន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់រូបនេះ បានប្រាប់ VOA ថា ការប្រកាសបឹ្តងជនដែលប្រមាថជីវិតលោកនេះ មានលក្ខណៈផ្ទុយពីការចង់បានរបស់សហភាពអឺរ៉ុប ដែលទាមទារឲ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិមនុស្ស ដើម្បីអនុញ្ញាតឲ្យពលរដ្ឋប្រទេសនេះ បន្តទទួលនូវបានការគាំទ្រខាងពាណិជ្ជកម្ម តាមរយៈការនាំចូលទំនិញកម្ពុជាទៅទីផ្សារសហភាពអឺរ៉ុប ដោយមិនជាប់ពន្ធគយ។
«បច្ចុប្បន្ននេះ យើងឃើញថា សហគមន៍អឺរ៉ុបដែលគេ សុំឲ្យប្រទេសកម្ពុជាយើងស្តារឡើងវិញនៃលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សហ្នឹងគឺ កម្ពុជាយើងគួរតែពិនិត្យពិចារណា និងយកចិត្តទុកដាក់កន្លែងចំណុចនេះផងដែរបាទ»។
លោកអំ សំអាត បានកត់សម្គាល់ ទៀតថា ការបកស្រាយច្បាប់ដោយមិនច្បាស់លាស់ ប្រឆាំងនឹងសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ អាចនឹងធ្វើឲ្យអ្នកបញ្ចេញមតិរិះគន់មេដឹកនាំកម្ពុជាពិសេសតាមបណ្តាញសង្គម ជាច្រើននាក់ទៀតរងគ្រោះដោយការប្តឹងផ្តល់ទៅតុលាការនៅថ្ងៃខាងមុខ។
ដោយឡែក នៅក្នុងពិធីជួបជុំកម្មករ នាថ្ងៃពុធដដែលនេះ លោកហ៊ុន សែន ក៏បានផ្តល់ភ្លើងខៀវ ដល់លោកលី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ឲ្យសាងសង់កន្លែងផ្គត់ផ្គង់ទឹកសម្រាប់រយៈពេលវែង ដើម្បីឆ្លើយតបទៅនឹងកង្វះខាតទឹកសាបក្នុងខេត្តកោះកុង។
លោកថា តាមការបញ្ជាក់ពីលោកលី យ៉ុងផាត់ គឺភាគីថៃបានយល់ព្រមជួយផ្គត់ផ្គង់ទឹក ពីទឹកដីរបស់ខ្លួន គឺខេត្តត្រាត។ លោកហ៊ុន សែន ក៏បានឲ្យដឹងថា ភាគីកម្ពុជា និងថៃ បានព្រមព្រៀងបង្កើតរោងចក្រនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដែលជាការខិតខំមួយក្នុងការកាត់បន្ថយពលករចំណាកស្រុកពីប្រទសកម្ពុជា៕