ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន សែន​ ​លុបចោល​មុខងារ​អគ្គ​នាយក​ដ្ឋាន​កាំកុងត្រូល​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងទៅអ្នកសារព័ត៌មាន នៅរាជធានីភ្នំពេញ ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងទៅអ្នកសារព័ត៌មាន នៅរាជធានីភ្នំពេញ ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨។

នៅ​ថ្ងៃសុក្រ​នេះ ​លោក​​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​បាន​បង្ហោះ​សារ​ភ្ជាប់​នឹង​អនុក្រឹត្យ​ស្តី​អំពី​ការ​បញ្ចប់​តួនាទី​ និង​ភារកិច្ច​របស់​អគ្គ​នាយក​ដ្ឋាន​កាំកុងត្រូល​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ទាំង​អស់​ដើម្បី​ជាការ​ទាក់​ទាញ​អ្នក​វិនិយោគ។

លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ ប្រកាស​បញ្ចប់​តួនាទី ​និង​ភារកិច្ច​របស់​អគ្គ​នាយក​ដ្ឋាន​កាំកុងត្រូល​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ទាំងអស់​ លែង​ឲ្យ​ត្រួត​ពិនិត្យ​ទំនិញ​នាំ​ចេញ-នាំ​ចូល ​ដើម្បី​សម្រួល​ពាណិជ្ជ​កម្ម​ និង​ពង្រឹង​ភាព​ប្រកួត​ប្រជែង​ឲ្យ​វិនិយោគ​គិន​និង​ពាណិជ្ជករ​ទទួល​បាន​ផល​ប្រយោជន៍​កាន់​តែ​ច្រើន។​

ការ​ប្រកាស​របស់​លោក​ ហ៊ុន សែន​ យ៉ាង​ដូច្នេះ​ ធ្វើ​ឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ​ដែល​មាន​ភ្ជាប់អនុក្រឹត្យ​មួយ​«ស្តី​អំពី​ការ​កែ​សម្រួល​ស្ថាប័ន​មាន​សមត្ថកិច្ច​ត្រួត​ពិនិត្យ​ទំនិញ​នាំ​ចេញ-នាំចូល​ដើម្បី​សម្រួល​ពាណិជ្ជកម្ម​និង​ពង្រឹង​ភាព​ប្រកួត​ប្រជែង​កម្ពុជា»​ដែល​មាន​ហត្ថលេខា​ និង​ត្រា​របស់​លោក​កាល​ពី​ថ្ងៃទី​២៨​ខែ​មករា​ឆ្នាំ​២០១៩។​

លោក​ ហ៊ុន សែន ​សរសេរ​ក្នុង​សារ​នោះ​នៅ​ថ្ងៃ​ទី​២២​ខែ​កុម្ភៈ​នេះ​ ​តាម​ន័យ​ដើម​ថា៖​ «កាលពី​ពេល​ថ្មីៗ​នេះ ​រាជ​រដ្ឋាភិបាល​បាន​ធ្វើការ​កែ​សម្រួល​ស្ថាប័ន​មាន​សមត្ថកិច្ច​ត្រួត​ពិនិត្យ​ទំនិញ​នាំចេញ-នាំចូល​ដើម្បី​សម្រួល​ពាណិជ្ជកម្ម​ និង​ពង្រឹង​ភាព​ប្រកួត​ប្រជែង​ ដើម្បី​វិនិយោគ​គិន​ និង​ពាណិជ្ជករ​ទទួល​បាន​ផល​ប្រយោជន៍​កាន់​តែ​ច្រើន​ឡើង»។​

អនុក្រឹត្យ​ដែល​មានចំនួន​៤​មាត្រា​នោះ​បាន​បញ្ជាក់​ក្នុង​មាត្រា​១​អំពី​ការ​បញ្ចប់​តួនាទី និង​ភារកិច្ច​ត្រួត​ពិនិត្យ​ទំនិញ​នាំចេញ-នាំ​ចូល​របស់​អគ្គ​នាយកដ្ឋាន​កម្ពុជា​ត្រួត​ពិនិត្យទំនិញ​ នីហរ័ណ​ អាហរ័ណ​ និង​បង្ក្រាប​ការ​ក្លែង​បន្លំ​ (កាំកុង​ត្រូល)​ នៃ​ក្រសួង​ពាណិជ្ជកម្ម​ពី​ច្រកទ្វារ​គ្រប់​ប្រភេទ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។​

មាត្រា២​នៃ​អនុក្រឹត្យ​នេះ​បញ្ជាក់​តាម​ន័យ​ដើម​ថា៖​

«អគ្គ​នាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុគឺ​ជា​ស្ថាប័ន​តែ​មួយ​គត់​មាន​សមត្ថ​កិច្ច​ក្នុង​ការ​ត្រួត​ពិនិត្យ​ទំនិញ​នាំ​ចេញ-នាំ​ចូល​នៅ​ច្រកទ្វារ​អន្តរ​ជាតិ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ ​ច្រកទ្វារ​ព្រំដែន​ទ្វេភាគី ​ច្រក​តំបន់​ព្រំដែន​និង​ច្រកទ្វារកំពង់ផែ​សមុទ្រ​ តំបន់​សេដ្ឋកិច្ច​ពិសេស​ ទីកន្លែង​សន្ធិធិ​គយ​បណ្ដោះ​អាសន្ន​ និង​ទីកន្លែង​ត្រួត​ពិនិត្យ​ទំនិញ​នាំចេញ​នាំចូល​ផ្សេង​ទៀត»។​

អនុក្រឹត្យ​ដដែល​នោះ​បន្ថែម​ថា​ ក្នុង​ករណី​ចាំបាច់​ដែល​ត្រូវ​ការ​ជំនាញ​ឯកទេស​ជាក់លាក់​ក្នុងការ​ត្រួត​ពិនិត្យ​ ស្រប​តាម​គោល​ការណ៍​គ្រប់គ្រង​ហានិភ័យ​នោះ​ អគ្គ​នាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជាអាច​ស្នើ​សុំកិច្ច​សហការ​ពី​ស្ថាប័ន​ឯកទេស​ផ្សេង​ទៀតក្នុង​ការត្រួត​ពិនិត្យ​ទំនិញ​នាំចេញ-នាំចូល ​ស្រប​តាម​ការ​កំណត់​នៃ​លិខិត​បទដ្ឋាន​ជា​ធរមាន។​

ការ​បង្ហោះ​សារ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ដែល​កាន់​អំណាច​ជាង​៣៤​ឆ្នាំ​រូប​នេះ​កើត​មាន​ឡើង​ នៅ​ចំ​ពេល​ដែល​សហភាព​អឺរ៉ុប​កំពុង​ដំណើរការដក​ជា​បណ្តោះ​អាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ«អ្វីៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ​(EBA)»​ដែល​ផ្តល់ផលចំណេញដល់កម្ពុជា​ក្នុង​មួយ​ឆ្នាំៗ​ប្រមាណ​ជា​៧០០​លាន​ដុល្លារ ​ដោយមូល​ហេតុ​ថា ​កម្ពុជា​មិន​គោរព​សិទ្ធិ​មនុស្ស ​និង​ប្រជា​ធិបតេយ្យ។ ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​នេះ​ក៏​ជា​ផ្នែក​យ៉ាង​សំខាន់មួយ​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគិនឲ្យ​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​ដែរ។​

លោក​ ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ បាន​ប្រាប់​ VOA ថា ​រដ្ឋាភិបាល​សម្រេច​បញ្ចប់​តួនាទី ​និង​ភារកិច្ច​ត្រួត​ពិនិត្យ​ទំនិញ​នាំ​ចេញ-នាំ​ចូល​របស់​អគ្គ​នាយកដ្ឋាន​កម្ពុជា​ត្រួត​ពិនិត្យ​ទំនិញ​នៃ​ក្រសួង​ពាណិជ្ជ​កម្ម​នេះគឺ​ជាផ្នែក​មួយនៃ​កំណែ​ទម្រង់​ពាណិជ្ជ​កម្ម​ ដើម្បី​ឲ្យ​ទីផ្សារ​ពាណិជ្ជ​កម្ម​របស់​កម្ពុជា​កាន់​តែ​មាន​ភាព​ទូលាយ។​

លោក​បន្ត​ថា​ កំណែ​ទម្រង់​នេះ​នឹង​ធ្វើ​ឲ្យ​លទ្ធភាព​នៃ​ការ​ត្រួត​ពិនិត្យ​ទំនិញ​លែង​មាន​ការ​កក​ស្ទះ​និង​កាត់​បន្ថយ​អំពើ​ពុករលួយ។​

លោក​បញ្ជាក់​ថា៖​

«ជា​លទ្ធភាព​នៃ​ចរាចរណ៍​ទំនិញ​ វា​អត់​មាន​ការ​កក​ស្ទះ។​ វា​មិន​មាន​ការ​បាត់​បង់​ប្រាក់​ដែល​ពាក់ព័ន្ធ​នឹង​ចរាចរណ៍​ទំនិញ​ ក៏​ដូចជា​ការ​បាត់​បង់​ប្រាក់​ទៅ​លើ​ក្រោម​តុ ​និង​លើ​តុ​ ដែល​ជា​ឧបសគ្គ​នៅ​តាម​ច្រក​ព្រំដែន​នេះ​ឯង​ ឬ​ក៏​ឧបសគ្គ​នៃ​យន្ត​ការ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​មាន​ឧបសគ្គ​នៃ​ពាណិជ្ជ​កម្ម។ ​អាស្រ័យ​ហេតុ​ដូច្នេះ​នេះ​ជា​កំណែ​ទម្រង់​មួយ​ដើម្បី​ឲ្យ​ពាណិជ្ជកម្ម​របស់​យើងរឹត​តែ​បើក​ចំហ​ រឹត​តែ​មាន​ប្រសិទ្ធ​ភាព​ប្រកប​ដោយ​ថាមពល​នេះ​ឯង»។​

កន្លង​មក​គេ​ឃើញ​សារ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួនបានរាយ​ការណ៍​ពី​អំពី​ការ​ត្អូញ​ត្អែរ​របស់​ប្រជា​ពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ការ​មិន​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ការងារ​ក្នុង​ការ​ត្រួត​ពិនិត្យ​ទំនិញ​របស់​កាំកុងត្រូល។​ មន្រ្តី​កាំកុងត្រូល​និង​គយ​រដ្ឋាករ​ខ្លះ​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ យក​លុយ​ពី​ឈ្មួញ​ជា​ថ្នូរ​នឹង​ការ​អនុញ្ញាត​ឲ្យ​នាំ​ចូល​ទំនិញ​ផ្សេងៗ​ក៏​មាន។​

លោក ​សន ជ័យ ​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លើក​ឡើង​ថា​ ការ​បញ្ឈប់​លែង​ឲ្យ​មាន​កាំកុងត្រូលនៅ​តាម​បណ្តា​ច្រកព្រំ​ដែនគឺ​ជា​ចំណុច​ល្អ​ដែល​ជួយ​កាត់​បន្ថយ​ពេល​វេលា​នៃ​ការ​ត្រួត​ពិនិត្យ​ទំនិញ ​និង​កាត់​បន្ថយ​ការ​ចំណាយ​ប្រាក់​ច្រើន​ដំណាក់​កាលពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ផ្សេងៗ​ដែល​អាច​កើត​ឡើង​ក្នុង​ការ​ត្រួតពិនិត្យទំនិញ​ទាំង​នោះ។​

ទោះ​យ៉ាងណា​ ​លោក​ថា​ ការ​កាត់​បន្ថយ​ពេល​វេលា​ និង​ការ​ចំណាយ​ក្រៅ​ផ្លូវ​ការ​ទាំង​នោះ​នឹង​អាច​មាន​ប្រសិទ្ធ​ភាព​ ​លុះត្រា​តែ​រដ្ឋាភិបាល​មាន​យន្ត​ការ​ជាក់លាក់​ក្នុង​ការ​អនុវត្ត​ និង​ត្រួត​ពិនិត្យ​លើ​ការ​ធ្វើ​ការងារ​របស់​គយ​ និង​រដ្ឋាករ​ដែល​ទទួល​បាន​ភារកិច្ច​ក្នុង​ការ​ត្រួត​ពិនិត្យ​ទំនិញ។

លោក​បញ្ជាក់​ថា៖​

«រដ្ឋាភិបាល​ពិចារណា​រក​ផ្លូវ​ ឬ​ក៏​ឈាន​ទៅ​រក​ការ​បង្កើត​ឲ្យ​មាន​យន្តការ​ផ្សេងៗ​សម្រាប់​ការទទួល​ព័ត៌មាន​ត្រឡប់​ពី​អ្នក​នាំ​ទំនិញ​ចេញ​ចូល​ដើម្បី​ធានា​ថា​ ​ការងារ​របស់​គយ​ត្រូវ​បាន​រិះគន់ ​ឬ​ត្រូវ​បាន​កែ​លម្អ​ជា​ប្រយោជន៍​ដើម្បី​ឲ្យ​មាន​ភាព​ងាយ​ស្រួល​នៃ​ការ​នាំ​ទំនិញ​ចេញ​ចូលដើម្បី​កុំ​ឲ្យ​កើត​មាន​ការ​បន្ទុច​បង្អាក់ ​ឬ​ក៏​ឱកាស​នៃ​ការ​ពន្យារ​ពេលវេលា​ដើម្បី​ជា​ថ្នូរ​នឹង​ផល​ប្រយោជន៍​អ្វី​មួយ​នោះ»។​

បើ​តាម​គេហ​ទំព័រ​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ​កាំកុងត្រូលគឺ​ជា​អគ្គ​នាយក​ដ្ឋាន​ កម្ពុជា​ត្រួត​ពិនិត្យ​ទំនិញ ​នីហរ័ណ​អាហរ័ណ​ និង​បង្ក្រាប​ការ​ក្លែងបន្លំ។​ អគ្គ​នាយក​ដ្ឋាន​នេះ​មាន​នាយក​ដ្ឋាន​ចំណុះ​ចំនួន​៤​ដែល​មាន​សាខាចំនួន​២៧​និង​មាន​បុគ្គលិក​សរុប​ចំនួន​៥៣៥​នាក់​ទូទាំង​ប្រទេស។ ​ឈ្មោះ​នាយក​ដ្ឋាន​ចំណុះ​ទាំង​៤​គឺ​នាយកដ្ឋាន​កិច្ចការ​ការពារ​អ្នក​ប្រើប្រាស់​ និង​បង្រ្កាប​ការ​ក្លែង​បន្លំ នាយក​ដ្ឋាន​បច្ចេកទេស​ ​និង​ទំនាក់​ទំនង​សាធារណៈ ​នាយកដ្ឋាន​គោល​នយោបាយ​ទូទៅ​ និង​ដោះ​ស្រាយ​វិវាទ ​និង​នាយកដ្ឋាន​មន្ទីរ​ពិសោធន៍៕

XS
SM
MD
LG