ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ សម រង្ស៊ី ចោទ​លោក​ ហ៊ុន សែន ថា​បាន​រៀប​ផែនការ​​បង្កើត​របប​នយោបាយ​ទាយាទ​និយម


រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​ស្តីទី​អតីត​គណបក្សសង្គ្រោះជាតិ ក្នុង​វេទិកា​សាធារណ:ជួបជាមួយ​អ្នកគាំទ្រ នៅ​ក្នុង​​​បណ្ណាល័យ​ Tyson Pimmit Regional Library នៅ​​ក្នុង​ទីក្រុង​ Falls Church រដ្ឋ Virginia កាល​ពីថ្ងៃ​ទី២៣ ខែកញ្ញា ឆ្នាំ ២០២១។ (សឿន វឌ្ឍនា/វីអូអេ)

មេដឹក​នាំ​នយោបាយ​ជំទាស់​លោក​ សម រង្ស៊ី បាន​ចោទ​ប្រកាន់លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ចំៗ​ថា​ មេដឹកនាំ​កម្ពុជារូបនេះ​កំពុង​រៀបចំ​បង្កើត​ឲ្យ​មាន​របប​នយោបាយ​បន្ត​វេនក្នុង​ក្រុមគ្រួសារ​របស់​លោកតាម​ការ​ប្រកាស​គម្រោង​ស្នើ​ធ្វើ​ច្បាប់​កំណត់​អាយុ​ឲ្យ​ចូល​និវត្តន៍​សម្រាប់​តំណែង​នាយករដ្ឋមន្រ្តី​។

នៅ​ក្នុងពិធី​សម្ពោធ​ដាក់​ឱ្យប្រើ​ប្រាស់​ជាផ្លូវការ​អគារ​រដ្ឋបាល និង​សាល​ប្រជុំ​ទីស្តីការ​ក្រសួង​ការពារជាតិ​ថ្មី​កាល​ពី​ថ្ងៃ​ពុធ​ លោក​ ហ៊ុន សែន​ បាន​លើក​ឡើង​ថានៅពេល​លោក​ចាកចេញ​ពីតំណែង​លោក​នឹង​ស្នើ​ឲ្យ​មាន​ការតាក់​តែង​ច្បាប់​កំណត់​អាយុ​ដែលត្រូវ​ចូលនិវត្តន៍​ក្នុង​តំណែង​នាយក​រដ្ឋមន្ត្រី​នៅអាយុ​ត្រឹម​៧០​ឆ្នាំ​និងថា​លោក​ក៏​ក្លាយ​ជា​ឪពុក​នាយក​រដ្ឋមន្ត្រី​និង​ជីតា​នាយក​រដ្ឋមន្ត្រី​នៅ​ពេល​អនាគត​ផង​ដែរ​។

ការ​ប្រកាស​របស់​លោក ​ហ៊ុន សែន ​ឱ្យ​មានការ​កំណត់​អាយុ​ចូល​និវត្តន៍​សម្រាប់​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី​នោះស្រប​ទៅតាម​ការ​ចង់​បាន​របស់​លោក​ សម រង្ស៊ី​ ដែល​កាលពី​ខែតុលា​ឆ្នាំ​២០២១​នេះ បានស្នើ​ឲ្យ​មាន​ការ​បង្កើត​ច្បាប់​ដែល​តម្រូវ​ឲ្យ​នាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​និង​អ្នក​កាន់​តំណែង​ក្នុង​មុខងារ​សាធារណៈ​ទាំងអស់​ចូល​និវត្តន៍​ចាប់​ពី​អាយុ​ ៧០ឆ្នាំ​ឡើង​ទៅ។

ប៉ុន្តែ​នៅ​ក្រោយ​ការ​បញ្ជាក់របស់​លោក ហ៊ុន សែន​ ទាក់ទិន​អាយុ​ចូលនិវត្តន៍​សម្រាប់​អ្នកកាន់​នាយក​រដ្ឋមន្ត្រីនោះ​លោក​ សម រង្ស៊ី​ បាន​បក​ស្រាយថាគឺ​ជា​ការ​«​បញ្ជាក់​ពី​គោល​បំណង​នៅ​ក្នុង​ការ​បង្កើត​នូវ​របប​នយោបាយបែប​ទាយាទ​និយម​»។

លោក​ សម រង្ស៊ី​ ​លើកឡើង​ថា​លោក ​ហ៊ុន សែន​ និយាយ​មិនត្រឹម​ត្រូវ​ថា​លោក​មាន​អាយុ​៧៣​ឆ្នាំ​នៅ​ពេល​ប្រកាស​ពី​ការកំណត់​អាយុ​ចូល​និវត្តន៍​សម្រាប់​តំណែង​នាយក​រដ្ឋមន្ត្រី​នោះ​តែ​តាមការ​ពិត​លោក​មាន​អាយុ​ត្រឹម​៧២​ឆ្នាំ​ប៉ុណ្ណោះ​។ នេះ​បើតាម​សារ​របស់​លោក​ សម រង្ស៊ី ដែលបាន​បង្ហោះលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​កាល​ពី​យប់​ថ្ងៃពុធ។

សារ​របស់​លោក ​សម រង្ស៊ី​ ដែល​ត្រូវ​បានបង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​កាល​ពី​យប់​ថ្ងៃ​ពុធ​បាន​សរសេរ​ជា​ភាសា​អង់គ្លេស និង​ត្រូវ​បាន​ប្រែសម្រួល​ជា​ខេមរភាសា​ថា៖

«ការណ៍​នេះ​បង្ហាញ​កាន់​តែ​ច្បាស់​ថា មេដឹកនាំ​ផ្តាច់​ការ​អាយុ​កាន់​តែ​ជ្រេ​ដូច​លោក ​ហ៊ុន សែន​ ដែល​មាន​ឈាម​ប្រឡាក់​នៅ​ដៃ មាន​ប្រវត្តិ​យូរអង្វែង​នៃ​អំពើ​ផ្តាច់​ការ​ដ៏​ហិង្សា​អាទិភាព​និង​ភាព​ងប់ងល់​ចម្បងគឺ​ធានានូវ​និទណ្ឌភាព​ពី​ចំណាត់ការ​ផ្លូវ​ច្បាប់។ និទណ្ឌភាព​នេះ​អាច​ត្រូវ​បាន​ធានា​បាន​ដោយ​អំណាច​ផ្តាច់​ការ​តែ​ប៉ុណ្ណោះ​មិន​ថា ដោយ​លោក ហ៊ុន សែន កូន​របស់​គាត់ ឬ​ចៅ​របស់​គាត់​នោះ​ទេ»។​

ក្នុង​បញ្ហា​កំណត់​អាយុ​ចូលនិវត្តន៍​សម្រាប់​តំណែង​ដឹកនាំរដ្ឋាភិបាល​ដែល​ភ្ជាប់​នឹង​ការព្យាយាម​របស់​លោក​ហ៊ុន សែន​ក្នុង​ការ​បង្កើត​របប​នយោបាយ​ទាយាទ​និយម​នោះលោក​សម រង្ស៊ីបាន​ពន្យល់ថា លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​បង្ហាញ​យ៉ាង​ច្បាស់ថា លោកគឺ​ជា​ហានិភ័យ​ដ៏​ធំ​នៃ​ការ​ផ្លាស់​ប្តូរ​អំណាច​ដឹកនាំ​នៅ​កម្ពុជា​បន្ទាប់​ពី​លោក​ហ៊ុន​សែន​និយាយ​កែប្រែ​ចុះឡើង​កំណត់​អាយុ​ចូលនិវត្តន៍​សម្រាប់​នាយករដ្ឋ​មន្រ្តី​ដែល​គួរ​តែ​ស្ថិត​នៅ​រវាង​៧០និង​៧២​ឆ្នាំ​ខណៈ​លោក​មាន​អាយុ​ ៧៣​ឆ្នាំ​ទៅ​ហើយ។

ថ្លែង​ក្នុង​ពិធីសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវការ​អគារ​រដ្ឋបាល និង​សាល​ប្រជុំ​ទីស្តីការ​ក្រសួង​ការពារជាតិថ្មី​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ពុធ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​បាន​ប្រាប់​ក្រុម​មន្ត្រីយោធា​និង​នគរបាល​ជាន់​ខ្ពស់កម្ពុជា​ថា នៅ​ក្រោយការ​បោះឆ្នោត​ឆ្នាំ​២០២៣​ខាង​មុខ លោក​នឹង​មាន​អាយុ​ត្រឹម​៧១​ឆ្នាំ ខណៈ​អ្នក​ស្នើ​សុំកំណត់​អាយុ​ចូល​និវត្តន៍​នាយករដ្ឋ​មន្ត្រីដែល​លោក​សំដៅ​លើ​លោក​សម រង្ស៊ីនឹង​មាន​អាយុ​៧៣​ឆ្នាំ។​

ក្នុងពិធី​ដដែល​នោះ​លោក​ ហ៊ុន សែន​ បាន​ចំអក​ដល់​អ្នកដែលចង់បាន​តំណែង​នាយក​រដ្ឋមន្ត្រី​ថាត្រូវប្រជែង​ជា​មួយ​ចៅប្រុស​របស់​លោកសិន​ផងដែរ​ប្រសិន​បើកូន​ប្រុស​ច្បង​របស់​លោក​បានឡើង​កាន់​អំណាច​នោះ​។

លោក​បណ្ឌិត​អៀ សុផល អ្នក​តាម​ដាន​នយោបាយ​និង​ជា​ព្រឹទ្ធ​បុរសរង​ទទួល​បន្ទុក​ផ្នែក​អភិវឌ្ឍន៍​នៅ​សាកល​វិទ្យាល័យ​ Arizona State ​បាន​ប្រាប់​វីអូអេ​តាម​សារ​អ៊ីមែល​មួយ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ក្រុមកូន​អ្នក​ដឹកនាំ​មិន​គួរ​ណា​កេង​ចំណេញលើ​គូប្រជែង​ខ្លួន​ដោយសារ​តែឥទ្ធិពល​របស់​ឪពុក​ទេ ហើយ​ការ​បង្កើត​ឲ្យមាន​ទាយាទ​បន្តវេន​នោះ​ក៏​មិនគួរ​ជា​រឿង​អាទិភាព​សម្រាប់​ប្រទេស​ជាតិ​ផងដែរ។

លោកបាន​ផ្តល់​ការ​អត្ថាធិប្បាយ​ជា​ភាសា​អង់​គ្លេស​និងត្រូវប្រែ​សម្រួល​ជា​ខេមរភាសា​ថា៖«មាន​គំរូ​នៃ​ការ​ផ្ទេរ​អំណាច​ឆ្លង​ជំនាន់​ដូច​នេះ​ពី​មុន​មក​ផង​ដែរ​គឺ ទាយាទ​គ្រួសារ​ត្រកូល​គីម​នៅ​ប្រទេស​កូរ៉េខាង​ជើង​ដែល​មាន​ដូចជា​ លោក​ គីម អ៊ីលសុង ​លោក​ គីម ជុងអ៊ីល​និង​លោក គីម ជុង​អ៊ុន។ តែ​ទាយាទ​បន្ត​វេន​មិន​គួរ​មាន​អាទិភាពពិសេស​នោះ​ទេ​»។

ដោយ​ឡែក​លោក​ អ៊ូ ច័ន្ទរ័ត្ន​ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជា​ស្ថាបនិក​គណបក្ស «កែទម្រង់​កម្ពុជា» ប្រាប់​វីអូអេ​ថា​ការបន្ត​វេនអំណាច​ក្នុងត្រកូល​របស់​គ្រួសារ​ណាមួយ​មិន​អាច​ស្ថិត​នៅបានយូរ​ទេ​បើ​ក្រឡេក​ទៅមើល​ការ​ដួលរលំនៃ​របបសន្តតិវង្ស​ឬត្រកូល​ក្សត្រ​កាល​ពី​អតីតកាល។

លោក​បាន​ថ្លែង​ថា៖ «ម្យ៉ាង​ឲ្យ​តែ​យើង​នៅ​ប្រកាន់​របប​ប្រជាធិបតេយ្យ​ហើយ​នៅ​តែ​ធ្វើការ​ជាមួយ​ប្រទេស​ផ្សេងៗ សហការ​ជាមួយ​ប្រទេស​ផ្សេងៗ​ក្នុង​ពិភពលោក​ហ្នឹង ខ្ញុំ​ជឿ​ថា នឹង​មាន​ការ​ប្រែប្រួល​ហើយ​មិន​អាច​ទៅ​ក្តោបក្តាប់​អំណាច​ដោយ​វង្ស​ត្រកូល​តែ​មួយ​ហ្នឹង​រហូត​បាន​ទេ»។​

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាលោក​សុខ ឥសាន​បានប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​ចាត់​ទុក​ការ​លើកឡើង​របស់​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​ ​គ្រាន់​តែ​ជាវោហាសាស្រ្ត​នយោបាយ​មួយ​ខណៈ​នា​ពេល​បច្ចុប្បន្ន​សាធារណៈជន​បានផ្តោតការចាប់​អារម្មណ៍លើ​លោក​ហ៊ុន ម៉ាណែត​ដែល​ជា​បេក្ខភាព​នាយក​រដ្ឋមន្រ្តី​របស់​គណបក្ស​គ្រប់​គ្រង​ប្រទេស​តែ​ប៉ុណ្ណោះ​។

លោក​បាន​ថ្លែង​ថា៖ «ជា​វោហោសាស្រ្ត​នយោបាយឆ្លើយ​តប​ទៅ​នឹង​ក្រុម​ប្រឆាំង​មួយ​ចំនួន​តែ​ប៉ុណ្ណោះ។ ខ្ញុំ​យល់​ថា ការ​ជាក់ស្តែង​នៅ​មិនទាន់​កើត​មាន​ឡើង​ទេ ចំពោះ​ទៅ​អនាគត​វែង​ឆ្ងាយទៀត។ ក៏​ប៉ុន្តែ​យើង​និយាយ​ត្រឹម​តែ​បេក្ខភាព​នាយករដ្ឋមន្រ្តី​របស់​ឯកឧត្តម​ហ៊ុន ម៉ាណែត​តែ​ប៉ុណ្ណោះ»។

លោក​បន្ថែម​ថា ច្បាប់​កំណត់​អាយុ​ឲ្យចូល​និវត្តន៍​សម្រាប់​មុខតំណែង​នាយក​រដ្ឋមន្រ្តី​នោះ​គឺ​មិនមាន​អ្វី​ពាក់ព័ន្ធ​នឹង​ការ​កំណត់​បុគ្គល​ណាម្នាក់​ឲ្យ​ស្នង​តំណែង​បន្ត​នោះ​ទេ​៕

XS
SM
MD
LG