ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ៖ លោក ស ខេង បង្ហាញ​សារ​«ភាព​នៅ​កណ្តាល» ក្រោយលោក ហ៊ុន សែន ប្រកាស​គាំទ្រ​កូន​ជា​បេក្ខភាព​នាយក​រដ្ឋមន្រ្តី


រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឈរ​និយាយ​គ្នា ខណៈ​ពួកគេ​រង់ចាំ​ចូលរួម​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឈរ​និយាយ​គ្នា ខណៈ​ពួកគេ​រង់ចាំ​ចូលរួម​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

ប្រាំ​ថ្ងៃ​ក្រោយ​ការ​ប្រកាស​របស់​នាយក​រដ្ឋមន្រ្តី​ក្នុង​ការ​គាំទ្រ​កូន​ប្រុស​ច្បង​របស់​លោក​ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី​ក្នុង​ពេល​អនាគត ​លោក​ ស ខេង​ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​និង​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​ទើប​តែ​ចេញ​សារ​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ ដែល​អ្នក​វិភាគ​ចាត់​ទុក​សារ​នោះ​ថា​ ជា​«សារ​បែប​កណ្តាល» ​ដែល​មិន​គាំទ្រ​បុគ្គល​នោះ​ទេ។​

កាល​ពី​ថ្ងៃ​អង្គារ ​នៅ​លើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក ​ស ខេង​ មាន​ការ​បង្ហោះ​សារ​មួយ ​ដែល​បង្ហាញ​ការ​គាំទ្រ​សេចក្តី​សម្រេច​របស់​មហា​សន្និបាត ​និង​សន្និបាត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សម្រាប់​បេក្ខភាព​នាយក​រដ្ឋមន្រ្តី​នៅ​ក្នុង​គណបក្ស​កាន់​អំណាច។ លោក​មិន​បាន​សរសេរ​ចំ​ឈ្មោះ​លោក​ ហ៊ុន ម៉ាណែត ​ដូច​សារ​របស់​មន្រ្តី​ជាន់​ខ្ពស់​ផ្សេងៗ​ឡើយ។​

លោក ​ស ខេង​ ដែល​ត្រូវ​បាន​មើល​ឃើញ​ថា​ ជា​បេក្ខភាព​នាយក​រដ្ឋមន្រ្តី​មួយ​រូប​ដែរ​នោះ​ បាន​សរសេរ​នៅ​ក្នុង​សារ​នោះ​ថា​ លោក​នឹង​គោរព​តាម​ការ​សម្រេច​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ ហ៊ុន សែន​ ចំពោះ​ការ​ជ្រើស​រើស​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​នា​ពេល​អនាគត។​

លោក​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖ ​«ទីមួយ​ ខ្ញុំ​តែង​តែ​គោរព​និង​គាំទ្រ​សេចក្តី​សម្រេច​របស់​មហា​សន្និបាត​ និង​សន្និបាត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ក្នុង​ការ​ជ្រើស​តាំង​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ​ហ៊ុន សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​នាយក​រដ្ឋ​មន្រ្តី​សម្រាប់​អាណត្តិ​នេះ ​និង​អាណត្តិ​បន្ត​បន្ទាប់​ទៀត។ ​ទីពីរ​ ចំពោះ​ការ​ជ្រើស​រើស​បេក្ខភាព​នាយក​រដ្ឋមន្រ្តី​ នា​ពេល​អនាគត​ ខ្ញុំ​ក៏​នឹង​គោរព​តាម​ការ​សម្រេច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​មាន​សម្តេច​អគ្គមហា​សេនាបតី​តេជោ​ហ៊ុន សែន​ជា​ប្រធាន»។​

រូបឯកសារ៖ លោក​ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​កម្ពុជា​ និងជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីប្រគល់និងទទួលរថយន្តជូនដល់កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ នៅរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។
រូបឯកសារ៖ លោក​ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​កម្ពុជា​ និងជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីប្រគល់និងទទួលរថយន្តជូនដល់កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ នៅរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។

ក្រោយ​ការ​ថ្លែង​របស់​នាយក​រដ្ឋមន្រ្តី​គាំទ្រ​កូន​ប្រុស​ច្បង​របស់​លោក ​គឺ​លោក ​ហ៊ុន ម៉ាណែត​ឲ្យ​ឈរ​ជា​បេក្ខជន​នាយក​រដ្ឋមន្រ្តី ​ គេ​ឃើញ​មាន​ស្ថាប័ន​ជាតិ ​ក្រសួង ​ឧបនាយក​រដ្ឋមន្រ្តី ​ មន្រ្តី​ជាន់​ខ្ពស់ ​ រដ្ឋមន្រ្តី​ជា​ដើម​បាន​ចេញ​ញត្តិ​គាំទ្រ​ជា​បន្ត​បន្ទាប់​ចំពោះ​បេក្ខ​ភាព​របស់​លោក ​ហ៊ុន ម៉ាណែត ​ជា​នាយក​រដ្ឋមន្រ្តី។ ​ញត្តិ​ទាំង​នោះ ​មាន​ភ្ជាប់​ឈ្មោះ​លោក ​ហ៊ុន ម៉ាណែត​ ដោយ​ហៅ​ថា ​ជា​«ឯក​ឧត្តម​បណ្ឌិត»។​

អ្នក​វិភាគ​សង្គម​ និង​នយោបាយ ​លោក ​មាស នី​ ថ្លែង​ថា​ ការ​បង្ហាញ​សារ​គាំទ្រ​របស់​លោក ​ស ខេង​ នា​ពេល​នេះ​ ជា​សារ​ដែល​បង្ហាញ​ពី​ភាព​នៅ​កណ្តាល​មួយ។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​ថា៖ ​«វា​ជា​សារ​មួយ​ដែល​បង្ហាញ​ពី​ភាព​នៅ​កណ្តាល​មួយ​នៅ​ក្នុង​ចំណោម​សមាស​ភាព​នៃ​គណបក្ស​ប្រជាជន​ ពិសេស​មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន។ ហើយ​ប្រសិន​បើ​សារ​ហ្នឹង​ បាន​បង្ហាញ​ឲ្យ​ចំ​ឈ្មោះ​ ឯក​ឧត្តម​ ហ៊ុន ម៉ាណែត ​តែ​ម្តង ​បាន​ន័យ​ថា​ នៅ​ក្នុង​គណបក្ស​ហ្នឹង ​គឺ​មិន​មាន​ប្រជា​ធិបតេយ្យ​ទេ​ គឺ​មាន​តែ​គាំទ្រៗ​ទៅ​ទាំង​អស់​គ្នា»។​

កាល​ពី​ថ្ងៃ​ចន្ទ​ នៅ​ក្នុង​ការ​បក​ស្រាយ​ដើម្បី​កុំ​ឲ្យ​មាន​ការ​លើក​ឡើង​ថា​ កូន​ប្រុស​របស់​លោក​នឹង​ប្រកួត​ប្រជែង​ជាមួយ​អ្នក​ដឹកនាំ​ជើង​ចាស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​អះអាង​ថា ការ​ប្រកួត​ប្រជែង​របស់​លោក​ ហ៊ុន ម៉ាណែត​ សម្រាប់​បេក្ខភាព​នាយក​រដ្ឋមន្ត្រី ​គឺ​ធ្វើ​ឡើង​ក្នុង​ចំណោម​អ្នក​ដឹកនាំ​ជំនាន់​ក្រោយ​តែ​ប៉ុណ្ណោះ។​ ក្នុង​ន័យ​នេះ​ លោក​ ហ៊ុន សែន ​អះអាង​ថា​ លោក​នឹង​បន្ត​កាន់​អំណាច​យ៉ាង​ហោច​ណាស់​ គឺ​៨​ ទៅ​១០​ឆ្នាំ​ទៅ​មុខ​ទៀត​ ហើយ​ពេល​នោះ​ថ្នាក់​ដឹកនាំ​របស់​គណបក្ស​ចាស់ៗ​ ក៏​នឹង​លែង​មាន​ការ​ប្រកួត​ប្រជែង​គ្នា​សម្រាប់​បេក្ខភាព​នាយក​រដ្ឋមន្ត្រី។​

លោក​ ហ៊ុន សែន​ ថ្លែង​ដូច្នេះ​នៅ​ពេល​មាន​ការ​អះអាង​ថា​ លោក​ ស ខេង​ ដែល​ជា​ឧប​នាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​និង​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​នឹង​អាច​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហើយ​វា​អាស្រ័យ​លើ​ពេល​វេលា​ដែល​លោក ​ហ៊ុន សែន ​ឈប់​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី។​

លោក ​ឯម សុវណ្ណារ៉ា ​អ្នក​វិភាគ​នយោបាយ​មួយ​រូប​ យល់​ថា​ ការ​ចេញ​សារ​គាំទ្រ​របស់​លោក​ ស ខេង​ ទោះ​បី​ជា​មិន​មាន​ការ​បញ្ចេញ​ឈ្មោះ​លោក ​ហ៊ុន​ ម៉ាណែត​ ចំៗ​លើ​លិខិត​គាំទ្រ​ក្តី​ ក៏​មិន​ប្រាស​ចាក​ទៅ​នឹង​ការ​សម្រេច​គាំទ្រ​របស់​ប្រធាន​គណបក្ស​កាន់​អំណាច​លោក ​ហ៊ុន​ សែន​ ឡើយ។​ លោក​បន្ថែម​ថា​ ការ​ចេញ​សារ​បែប​នេះ ជា​ការ​បើក​ចំហ​សម្រាប់​បុគ្គល​ដែល​មាន​សក្តានុពល​ក្នុង​បក្ស ​ដែល​មាន​បំណង​ប្រជែង​យក​តំណែង​នាយក​រដ្ឋមន្រ្តី​សម្រាប់​បក្ស​កាន់​អំណាច។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​ថា៖ ​«បើ​និយាយ​ទៅ គាត់​ចង់​ឲ្យ​តម្លៃ​ស្មារតី​រួម​របស់​បក្ស​គាត់​ ក្នុង​ការ​ឯកភាព​ផ្ទៃ​ក្នុង​បក្ស​ ហ្នឹង​ទី១។ ​ទី​២ ​គាត់​ លោក​ ស ខេង ​គាត់​បើក​ផ្លូវ​សម្រាប់​អ្នក​ដែល​មាន​សក្តានុពល​ មិន​មែន​សម្រាប់​តែ​បុគ្គល​ណា​ម្នាក់​ដែល​ជ្រើស​តាំង​ដោយ​ឥស្សរជន​នយោបាយ​ ឬ​ដោយ​ប្រធាន​បក្ស​ទេ​…​ បើក​ចំហ​សម្រាប់​អ្នក​ផ្សេង​ទៀត​ទៅ​ថ្ងៃ​ក្រោយ​ដែរ ​ហ្នឹង​គឺ​ជា​សារ​នយោបាយ​មួយ​ដែល​គេ​ហៅ​ថា​ គាត់​ [លោក ស ខេង]​ ចេញ ​គាត់​អាច​ទទួល​បាន​ការ​គាំទ្រ​ពី​សមាជិក​បក្ស​គាត់​ផ្សេង​ដែរ»។​

យ៉ាង​ណា​មិញ ​លោក​បញ្ជាក់​ថា​ បើ​គិត​តាម​ឋានានុក្រម​នៃ​គណ​បក្ស​ប្រជាជន​កម្ពុជា ​ លោក ​ស ខេង​ ដែល​ជា​អនុ​ប្រធាន​គណបក្ស​ និង​ជា​អ្នក​នយោបាយ​ជើង​ចាស់​មួយ​រូប​ ជា​បុគ្គល​ដែល​មាន​អាទិភាព​ជាង​គេ​ក្នុង​ចំណោម​បេក្ខ​ជន​ទាំង​អស់​សម្រាប់​តំណែង​នាយក​រដ្ឋមន្រ្តី។​

លោក​បន្ថែម​ថា៖​ «ការ​អនុវត្ត​អំណាច​នៅ​ក្នុង​ឋានានុក្រម​ដឹក​នាំ​បែប​គណបក្ស​ប្រជាជន ​ឬ​គេ​ហៅ​ថា​ គណ​បក្ស​បែប​កម្មុយនិស្ត​ និយាយ​ទៅ​គាត់​មាន​ឬស​គល់​ជា​គណបក្ស​កម្មុយនិស្ត ​គណ​បក្ស​ប្រជាជន។ ​អ៊ីចឹង​ឋានានុក្រម​ទៅ​តាម​ឋានានុក្រម​ ពី​ប្រធាន​មក​អនុ​ប្រធាន​ ពី​នាយក​រដ្ឋមន្រ្តី​មក​ឧប​នាយក​រដ្ឋ​មន្រ្តី។ ​អ៊ីចឹង​បើ​យើង​គិត​ លោក​ឧប​នាយក​រដ្ឋ​មន្រ្តី​ ស ខេង​ គាត់ ​មាន​អាទិភាព​ជាង​គេ​ បន្ទាប់​ពី​បេក្ខជន​ឧប​នាយក​រដ្ឋមន្រ្តី​ទាំង​អស់ ​គាត់ ​[លោក​ ស ខេង]​ អាច​ឈរ​នៅ​លំដាប់​ទី​១​ហើយ»។​

ប៉ុន្តែ​កាល​ពី​សប្តាហ៍​មុន​ លោក ​ហ៊ុន សែន​ បាន​ថ្លែង​ថា​ លោក​ស ខេង ​មិន​អាច​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី​ទេ ដោយ​សារ​នៅ​ពេល​លោក ​ហ៊ុន សែន ​ឈប់​ធ្វើ​នាយក​រដ្ឋមន្រ្តី​ក្នុង​រយៈ​ពេល​យ៉ាង​តិច​៨​ ទៅ​១០​ឆ្នាំ​ទៀត ​លោក​ ស ខេង ​មាន​វ័យ​ចំណាស់​រួច​ទៅ​ហើយ។​

លោក ​សុខ ឥសាន ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ថា​ ការ​បង្ហោះ​សារ​របស់​លោក ​ស ខេង​ ជា​តំណាង​នៃ​ការ​សម្រេច​ចិត្ត​របស់​សមាជិក​គណៈ​កម្មការ​អចិន្រ្តៃយ៍​របស់​គណបក្ស​ប្រជាជន។ ​លោក​បន្ថែម​ថា​ សារ​នេះ​បញ្ជាក់​ពី​ការ​គាំទ្រ​នៃ​ការ​ដឹក​នាំ​តាម​បែប​«សមូហភាព»​ក្នុង​ផ្ទៃ​ក្នុង​បក្ស​ និង​ដើម្បី​បញ្ចៀស​ពី​«ការ​និយាយ​ផ្តេស​ផ្តាស»​ពី​សំណាក់​អ្នក​វិភាគ​មួយ​ចំនួន ​និង​អ្នក​ផ្សេង​ទៀត ​ដែល​លោក​ហៅ​ថា​ «ជន​ឧទ្ទាម​ក្រៅ​ច្បាប់» ​ក្នុង​គោល​បំណង​បំបែក​បំបាក់​ផ្ទៃ​ក្នុង​របស់​គណបក្ស​កាន់​អំណាច។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«សម្តេច​ ស ខេង​ លោក​ជា​អនុ​ប្រធាន​គណ​បក្ស​ ហើយ​ក្នុង​ហ្នឹង​លោក​ជា​សមាជិក​គណៈ​កម្មការ​អចិន្រ្តៃយ៍​គណបក្ស​ អ៊ីចឹង​គណៈ​កម្មការ​អចិន្រ្តៃយ៍​គណបក្ស​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​គាំទ្រ​ប្រសាសន៍​សម្តេច​តេជោ​ ហ៊ុន សែន​តាំង​ពី​មួយ​អាទិត្យ​មុន​ហើយ។ ​ដូច្នេះ​ មាន​រឿង​អី​ត្រូវ​ស្រពេច​ស្រពិល?»​

គួរ​បញ្ជាក់​ថា​ លោក ​ហ៊ុន ម៉ាណែត​ អាយុ​៤៤​ឆ្នាំ ​ដែល​បញ្ចប់​ការ​សិក្សា​នៅ​បណ្ឌិត្យ​សភា​យោធា​អាមេរិក​ West Point ​ត្រូវ​បាន​ដំឡើង​ឋានៈ​ជា​បន្ត​បន្ទាប់។​ បច្ចុប្បន្ន​នេះ ​លោក​ជា​អគ្គ​មេបញ្ជាការ​រង​កង​ទ័ព​ និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក។ ​លោក​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​ចលនា​យុវជន​ថ្នាក់​កណ្ដាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០២០៕

XS
SM
MD
LG