ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន ម៉ាណែត ​ស្នើ​​ឱ្យ​លោក ​សម រង្ស៊ី​ ចាក​ចេញ​ពីនយោបាយ​ ហើយ​បញ្ចូល​ឈាម​ថ្មីមក​វិញ


រូបឯកសារ៖ លោក​ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​កម្ពុជា​ និងជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីប្រគល់និងទទួលរថយន្តជូនដល់កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ នៅរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។
រូបឯកសារ៖ លោក​ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​កម្ពុជា​ និងជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីប្រគល់និងទទួលរថយន្តជូនដល់កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ នៅរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។

កូន​ប្រុស​ច្បង​លោក​នាយក​រដ្ឋ​មន្រី​ហ៊ុន សែន​ គឺ​លោកហ៊ុន ម៉ាណែត​បាន​បន្តថ្លែង​សារ​ឌឺដង​ផ្លែផ្កា​ទៅ​លើ​ការ​មើល​ស្រាល​របស់​លោក​សម រង្ស៊ី​ ចំពោះ​សញ្ញាបត្រ​សំខាន់ៗ​ចំនួនបី​ដែល​លោក​បាន​ទទួល​នៅ​សហរដ្ឋ​អាមេរិក​និង​ចក្រភព​អង់គ្លេស។

បើ​តាម​សារ​បង្ហោះ​លើ​ទំព័រផ្លូវ​ការ​ហ្វេស​ប៊ុក​របស់​លោក​ហ៊ុន ម៉ាណែត​នៅថ្ងៃ​ព្រហស្បតិ៍នេះ​លោក​សម រង្ស៊ី​បាន​រក្សា​ការ​ស្ងៀម​ស្ងាត់​មិន​តប​ត​ទៅនឹង​ការ​ទាម​ទារ​របស់​លោកហ៊ុន ម៉ាណែតឱ្យ​មក​បង្ហាញ​ការ​ពិត​ថា​សញ្ញា​បត្រ​របស់​លោក​ដែល​បាន​ទទួល​ពី​សាលា​នាយ​ទាហាន​អាមេរិក​West Point និង​សញ្ញាប័ត្រ​ថ្នាក់​ឧត្តម​សិក្សា​ពីរ​ផ្សេង​ទៀត​ដែល​លោក​បាន​ទទួល​នៅ​សហរដ្ឋ​អាមេរិក​និង​ចក្រភព​ជា​ប្រភេទ​សញ្ញាបត្រ​មិន​ត្រូវ​តាម​ស្តង់ដា​នោះ។

ដោយ​មិនបាន​បន្ត​សុំ​ឱ្យអតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក​សម រង្ស៊ី​មក​ភ្នាល់​ទៀតនោះ​លោក​ហ៊ុន ម៉ាណែត​ដែល​ជាមេបញ្ជាការ​កងទ័ព​ជើង​គោក​នៃ​កងយោធពល​ខេមរភូមិន្ទនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​អំពាវនាវ​ដល់លោក​សម រង្ស៊ីឱ្យបញ្ចេញ​អ្នកជំនាន់​ថ្មី​មក​ប្រកួត​ប្រជែង​ជា​មួយ​លោក​ផ្ទាល់ និង​ជាមួយ​យុវជន​ជំនាន់​ក្រោយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។

លោក​ហ៊ុន ម៉ាណែត​លើក​ឡើង​តាម​ន័យដើម​ថា​៖«​បើ​ជ្រុល​ជា​លោក​មិន​ហ៊ាន​ចេញ​មក​តតាំង​ផ្ទាល់​ជាមួយ​ខ្ញុំ​ដែល​ជា​ក្មេង​ជំនាន់​ក្រោយ​ទេ​គួរ​តែ​លោក​មាន​ភាព​ក្លាហាន​ក្នុង​ការ​បញ្ចេញ​យុវជន​បន្ត​វេន​របស់​លោក មក​ប្រកួត​ប្រជែង​ជា​មួយ​ខ្ញុំ​និង​ជាមួយ​យុវជន​ជំនាន់​ក្រោយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មក។ ខ្ញុំ​គិត​ថា​លោក​មាន​អាយុ​ច្រើន​ហើយ​ល្មម​ដល់​ពេល​លោក​សម្រាក​និង​ហ៊ាន​លះ​បង់​នូវ​មហិច្ឆតា​ចង់​បាន​អំណាច​របស់​លោក ដើម្បី​ទុក​ឱកាស​ឱ្យ​យុវជន​ជំនាន់​ក្រោយ​បាន​លូត​លាស់​ផង»​។

ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យប្រើ​ប្រាស់​ជាផ្លូវការ​អគាររដ្ឋបាល​ថ្មី​នៃទីស្តីការ​ក្រសួង​ការ​ពារ​ជាតិ​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពីថ្ងៃ​ពុធ​លោក​នាយករដ្ឋ​មន្ត្រីហ៊ុន សែន​ក៏បាន​ចំអក​លោក​សម រង្ស៊ី​ចំពោះការ​និយាយ​ស្តីឥត​បានការ​ទៅ​លើ​ប្រភេទ​សញ្ញា​បត្រ​ដែល​ប្រទេស​អាមេរិក​និង​អង់​គេ្លស​ផ្តល់​ជូន​និសិ្សត​បរទេស​។

លោក​ហ៊ុន សែន​ក៏ប្រកាសបំពេញ​តាម​សំណូមពរ​របស់​អ្នកនយោបាយ​ជំទាស់​ម្នាក់ដែល​លោកមិន​បញ្ចេញ​ឈ្មោះ​តែ​ត្រូវ​គេដឹង​ថា​ជា​លោក​សម រង្ស៊ី​ដែល​កន្លង​មកចង់​ឲ្យ​មាន​ការ​កំណត់​អាយុ​ចូល​និវត្តន៍​របស់​នាយករដ្ឋ​មន្ត្រី​ត្រឹម​៧០​ឆ្នាំឡើង​ទៅ​។

មេដឹក​នាំ​កម្ពុជា​រូបនេះ​ក៏ស្នើ​ឲ្យ​ភាគី​ខាង​ក្រៅ​កុំខ្វល់​នឹង​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជានិង​ស្នើ​ឲ្យដៃ​គូប្រជែង​បក្សកាន់​អំណាច​បញ្ចេញ​អ្នកជំនាន់​ក្រោយ​មក​តតាំង​ជាមួយ​គណបក្ស​របស់​លោក​ដើម្បី​យក​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​។

លោក​ហ៊ុន សែន​បាន​ប្រកាស​នៅចំពោះមុខ​ក្រុមមន្ត្រី​យោធា​ជាន់​ខ្ពស់​កម្ពុជា​និង​អនុព័ន្ធ​យោធាមួយ​ចំនួន​ប្រចាំ​កម្ពុជា​កាល​ពី​ថ្ងៃពុធ​យ៉ាង​ដូច្នេះ៖​«ខ្ញុំ​អបអរ​សាទរ​នឹង​នឹង​ការ​បញ្ចេញ​យុវជន​ជំនាន់​ក្រោយ​ដើម្បីបន្ត​វេន​ឱ្យ​ចេញ​មក​ចេញមកឱ្យ​អស់​មក​ឬអ្នក​ឯង​គ្មាន​ធនធាន​មនុស្ស​បន្ត​»។

​អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល​លោក​កន សាវាង្ស​ ប្រាប់ ​VOA ថា​គណបក្ស​នយោបាយ​នីមួយ​ៗ​មាន​សិទ្ធិ​ក្នុង​ការ​ដាក់​ឲ្យ​មាន​អ្នក​ជំនាន់​ក្រោយមក​ទាក់​ទាញអ្នក​គាំទ្រក្នុងការ​បោះ​ឆ្នោត​ជ្រើស​រើស​មេដឹកនាំ​ប្រទេស​ក៏ប៉ុន្តែ​ការ​ធានា​ឲ្យមាន​បរិយាកាស​នយោបាយ​ល្អក្នុង​រដូវកាល​បោះឆ្នោត​នោះ​គឺមាន​ភាព​ចាំបាច់​សម្រាប់​រាល់​គណបក្ស​នយោបាយ​។ លោក​ថ្លែង​ថា៖

«មើល​ទៅលើ​គោល​ការណ៍​ច្បាប់ទៀត​ការប្រកួត​ប្រជែង​ដ៏ត្រឹមត្រូវ​មួយ​គឺ​គេទៅមើល​នូវ​តួអង្គ​ជាច្រើននៅ​ក្នុង​នោះ​វា​មាន​ទាំង​គេ​ហៅ​ថា​សេរីភាព​ផ្នែក​នយោបាយ​វាមាន​ទាំង​ដំណើរ​ការ​ច្បាប់​ដែល​សម្រាប់​ការរៀប​ចំ​នូវ​ការ​បោះ​ឆ្នោត​វាមាន​ទៅលើ​បរិយាកាស​នៃ​នយោបាយ​ថែម​ទៀត​។ នេះ​គឺ​ជា​ចំណុច​មួយ​ដែលត្រូវ​គិត​គូរ​អំពី​គណបក្ស​កាន់​អំណាច​និង​អ្នក​ដែល​រៀប​ចំ​ដំណើរការ​តួអង្គ​គេ​ហៅ​ថា​តួអង្គ​ដែល​រៀបចំ​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​នៅ​ខាង​មុខ​ហ្នឹង​»។

គួរ​បញ្ជាក់ផងដែរ​ថា​លោក​ហ៊ុន​ ម៉ាណែត​ដែលជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សម្រាប់​ពេល​អនាគតបាន​ទទួល​សញ្ញាបត្រ​យោធា​នៅ​សាលាបណ្ឌិត​សភា​យោធា​អាមេរិក West Point និង​សញ្ញាបត្រ​ថា្នក់​បរិញ្ញា​បត្រជាន់​ខ្ពស់សេដ្ឋកិច្ច​នៅ​សាកល​វិទ្យាល័យ​ញូវយ៉ក​(New York University)របស់​សហរដ្ឋ​អាមេរិក​ហើយ​និង​សញ្ញាបត្រ​ថ្នាក់បណ្ឌិត​សេដ្ឋកិច្ច​នៅសាកល​វិទ្យាល័យ​ប្រ៊ីសស្តុល (Bristol University)​របស់ចក្រ​ភព​អង់​គ្លេស​។

បច្ចុប្បន្ន​លោក​ហ៊ុន ម៉ាណែត​ដែល​ពាក់​ផ្កាយ​៣​ក៏​មានតួនាទី​ជា​អគ្គ​មេបញ្ជាការ​រង​នៃ​កង​យុទ្ធពល​ខេមរភូមិន្ទ​និង​តួនាទី​ផ្សេង​ទៀត​ក្នុង​ជួរ​កងទ័ព​និង​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោកហ៊ុន សែន​ជា​នាយករដ្ឋ​មន្ត្រី​៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG