ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន សែន ​ថា ​គ្មាន​ការ​បិទ​ទីក្រុង​ទៀត​ទេ​គ្រា​ពលរដ្ឋ​បាន​ចាក់​វ៉ាក់សាំង​


រូប​ឯកសារ៖ ផ្សារចាស់ក្នុង​រាជធានី​ភ្នំពេញ​ត្រូវបិទដំណើរការលក់ដូរ ក្រោយរដ្ឋាភិបាលប្រកាសបិទផ្សារមិនរៀបរយទូទាំងរាជធានី ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងអំឡុងពេលបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)
រូប​ឯកសារ៖ ផ្សារចាស់ក្នុង​រាជធានី​ភ្នំពេញ​ត្រូវបិទដំណើរការលក់ដូរ ក្រោយរដ្ឋាភិបាលប្រកាសបិទផ្សារមិនរៀបរយទូទាំងរាជធានី ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងអំឡុងពេលបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

នាយករដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន សែន ​បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ អាជ្ញាធរ​នឹង​គ្មាន​ភាព​ចាំបាច់​បិទ​ទីក្រុង​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩​ទេ​ព្រោះ​ពលរដ្ឋ​បាន​ចាក់​វ៉ាក់សាំង​ ហើយ​អាជ្ញាធរ​មាន​មធ្យោបាយ​ផ្សេង​ទៀត​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ទៅ​តាម​ទីតាំង​ជាក់ស្តែង។​

ប្រទេស​កម្ពុជា​កំពុង​មាន​ការ​ឆ្លង​វីរុស​បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង​ដែល​អាច​បង្ក​ជំងឺ​កូវីដ១៩​ហើយ​នៅ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​ជាប់ៗ​គ្នា​កន្លង​មក​នេះ​មាន​មនុស្ស​៧​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​នេះ។​ ចំនួន​មនុស្ស​ស្លាប់​នេះ​ត្រូវ​បាន​បញ្ជាក់​ដោយ​ក្រសួង​សុខាភិបាល​ហើយ​ភាគ​ច្រើន​នៃ​អ្នក​ស្លាប់​មិន​បាន​ចាក់​វ៉ាក់សាំង។​

​នៅ​ឯ​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ថានីយ​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់​បឹង​ជើងឯក​រៀបចំ​ឡើង​នា​ថ្ងៃអង្គារ​នេះ​ក្នុង​ខណ្ឌ​មានជ័យ ​រាជធានី​ភ្នំពេញ​លោក​ ហ៊ុន​ សែន ​បាន​ប្រតិកម្ម​នឹង​ការ​និយាយ​ខ្សឹប​ខ្សៀវ​គ្នា​តាម​ផ្សារ​ដែល​ថា​ អាច​នឹង​មាន​ការ​បិទ​ទីក្រុង​ភ្នំពេញ​ឡើង​វិញ​នោះ​គឺ​មិន​អាច​ទៅ​រួច​ទេ​ដោយ​ថា​ ប្រជា​ពលរដ្ឋ​បាន​ចាក់​វ៉ាក់សាំង​ហើយ។​

ប៉ុន្តែ​លោក​បន្ត​ស្នើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​នឹង​ការ​ឆ្លង​វីរុស​បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង (Omicron)​ ដែល​លោក​ថា អាច​បង្កការ​ស្លាប់​បាន​និង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​កុំ​ជ្រួល​ច្របល់​ទិញ​ឥវ៉ាន់​បម្រុង​ទុក។​

លោក​ហ៊ុន សែន​លើក​ឡើង​ថា៖ ​«យើង​អត់​មាន​តម្រូវការ​មាន​ការ​ចាំបាច់​ដើម្បី​បិទ​ទេ​...​ដើម្បី​បិទ​ទេ។​ យើង​បាន​ទទួល​វ៉ាក់សាំង​ហើយ​វា​មិន​នាំ​ទៅ​ដល់​ភាព​ធ្ងន់ធ្ងរ​ពេក​ទេ។​ក៏​ប៉ុន្តែ​និយាយ​យ៉ាង​ដូច្នេះ​កុំ​ឲ្យ​ថា ​ពឹក​ពាក់​ទៅ​លើ​វ៉ា់ក់សាំង​តែ​មួយ​មុខ​ តែ​ត្រូវ​មាន​វិធានការ​គួបផ្សំ​គ្នា​ដោយ​ដើរ​ជើង​ទាំង​ពីរ​ ម្ខាង​វ៉ាក់សាំង​គឺ​ម្ខាង​វិធានការ​ការពារ។​អ៊ីចឹង​សុំ​បញ្ជាក់អ្នក​ដែល​និយាយ​ខ្សឹបខ្សៀវថា​ នឹង​មាន​បិទ​ទីក្រុង​ឡើង​វិញ​បិទ​ប្រទេស​ឡើង​វិញ​គឺ​មិន​មាន​ទេ។ ក្នុង​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​ដែល​មាន​សិទ្ធិ​អំណាច​ពេញ​លេញ​ក្នុង​ការ​បញ្ជា​បិទ​ឬ​បើក ​គឺ​ខ្ញុំ​មិន​អនុវត្ត​នូវ​វិធានការ​បិទ​ខ្ទប់»។​ ​

ពលរដ្ឋតម្រង់ជួររង់ចាំទិញឧបករណ៍ធ្វើតេស្តរហ័សកូវីដ១៩ នៅក្នុងក្រសួងប្រៃសណីយ៍កម្ពុជា ខណៈកម្ពុជាកំពុងប្រឈមនឹងការឆ្លងរាលដាលខ្លាំងក្នុងសហគមន៍នៃវីរុសអូមីក្រុង នៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២២។
ពលរដ្ឋតម្រង់ជួររង់ចាំទិញឧបករណ៍ធ្វើតេស្តរហ័សកូវីដ១៩ នៅក្នុងក្រសួងប្រៃសណីយ៍កម្ពុជា ខណៈកម្ពុជាកំពុងប្រឈមនឹងការឆ្លងរាលដាលខ្លាំងក្នុងសហគមន៍នៃវីរុសអូមីក្រុង នៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២២។

លោក​ ហ៊ុន សែន ​ថ្លែង​យ៉ាង​ដូច្នេះ​បន្ទាប់​ពី​លោក​ផ្តល់​ការ​អត្ថាធិប្បាយ​ថា​ការ​ឆ្លង​មេ​រោគ​អូមីក្រុង​ក្នុង​ប្រទេស​បាន​កើន​ដល់​ជិត​៦០០​ករណី​និង​មាន​ការ​ស្លាប់​ចំនួន​២​ករណី​កាលពី​ថ្ងៃ​ចន្ទ។​លោក​នាយករដ្ឋ​មន្ត្រី​ចាត់​ទុក​ថា​ កំណើន​ករណី​ឆ្លង​វីរុស​អូមីក្រុង​រហូត​មាន​ការ​ស្លាប់​ជា​បន្តបន្ទាប់​នោះ​អាច​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​ប្រកាស​អាសន្ន​សម្រាប់​ផ្នែក​សុខភាព​សាធារណៈ​និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បុគ្គល​ម្នាក់ៗ​ក្នុង​ការ​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ដែល​ជា​ជំងឺ​កាច​សាហាវ។​

បើ​តាម​លោក​ហ៊ុន សែន​កម្ពុជា​មិន​មាន​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវីដ១៩​រយៈ​ពេល​ជិត​មួយ​ខែ​កន្លះ​មក​ហើយ​មុន​មាន​មនុស្ស​ស្លាប់​ចុង​ក្រោយ​នេះ។​ លោក​បន្ថែម​ថាកុមារ​អាយុ​ក្រោម​៥ឆ្នាំ​ប្រមាណ​ជាង​២០​ភាគ​រយ​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​បាន​ឆ្លង​វីរុស​អូមីក្រុង​ដែល​តម្រូវ​ឲ្យ​ឪពុក​ម្តាយ​ឬ​អាណាព្យាបាល​យក​ចិត្ត​ទុក​ដាក់​ការពារ​សុខុមាល​ភាព​របស់​កុមារ។​

គិត​ត្រឹម​ថ្ងៃ​ចន្ទ​ទី​២១​ខែ​កុម្ភៈ​មាន​ករណី​ឆ្លង​វីរុស​អូមីក្រុង​ក្នុង​សហគមន៍​ចំនួន​៥៧២​ករណី​ដែល​នាំ​ឲ្យ​ករណី​ឆ្លង​វីរុស​អូមីក្រុង​សរុប​ក្នុង​សហគមន៍​កើន​ឡើង​ដល់​៦.៣៧៨​ករណី​ខណៈ​ករណីនាំ​ចូល​ថ្មី​ពី​ក្រៅ​ប្រទេស​មាន​ចំនួន​២៦​ករណី​ដែល​ជា​វីរុស​បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង​ទាំងអស់។​ការណ៍​នេះ​នាំ​ឲ្យ​ករណី​នាំ​ចូល​ថ្មី​ពី​ក្រៅ​ប្រទេស​សរុប​មាន​ចំនួន​២.០៦១៣​ករណី៕​

XS
SM
MD
LG