ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន សែន​ ថា​ អំពើ​អយុត្តិធម៌​ឧកញ៉ា​ ហេង សៀ ​បង្ក​លើ​ពិធី​ការិនី ​MyTV ​មិន​ឱ្យ​លោក​នៅ​ស្ងៀម


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្ឡែង​សុន្ទរកថា នៅ​ក្នុង​ពិធី​សម្ពោធ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-ចិនព្រះកុសុមៈ ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ (AP Photo/Heng Sinith)
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្ឡែង​សុន្ទរកថា នៅ​ក្នុង​ពិធី​សម្ពោធ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-ចិនព្រះកុសុមៈ ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ (AP Photo/Heng Sinith)

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​ថ្ងៃ​អង្គារ​នេះ​ផ្តល់​ការ​បកស្រាយ​អំពី​អន្តរាគមន៍​របស់​លោក​ក្នុង​ការ​ផ្តល់​សេវា​ផ្លូវ​ច្បាប់​ដល់​និស្សិត​ស្ត្រី​មួយ​រូប​ដែល​លោក​ថា​ បាន​រង​ការ​បំពាន​ពី​អ្នក​មាន​ទ្រព្យ​ស្តុកស្តម្ភ​ម្នាក់​តាម​រយៈ​ការ​ចោទ​ប្រកាន់​ ទាក់ទង​នឹង​ការ​ប្រើ​អំពើ​ហិង្សា​ដែល​បាន​កើត​ឡើង​កាល​ពី​ឆ្នាំមុន។​

បុគ្គល​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ថា បាន​បង្ក​អំពើ​អយុត្តិ​ធម៌​លើ​ស្ត្រី​រូប​នោះ​ ត្រូវ​គេ​ស្គាល់​ថា​ ជា​លោក​ឧកញ៉ា​ហេង សៀ​ដែល​ជា​អគ្គ​នាយក​ក្រុមហ៊ុន​ដឹក​ជញ្ជូន​និង​នាំ​ចេញ​នាំចូល​គ្រឿង​សំណង់​ ហេង ស្រេងហុង​ និង​ក្រុមហ៊ុន​លក់​កញ្ចក់​ Cambopura Glass។​ លោក​ឧកញ៉ា​រូប​នោះ​ត្រូវ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រាយ​ការណ៍​កាល​ពី​ឆ្នាំ​២០២១​ថា​ មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​ពិធី​ការិនី​ស្ថានីយ​ទូរទស្សន៍​ MyTV។ ​

នៅ​ក្នុង​ពិធី​ផ្តល់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​សិស្ស​ដែល​ទទួល​បាន​និទ្ទេស​ A ​ចំនួន​ជាង​១៧០០​នាក់​ ពី​ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​បាក់ឌុប​ កាល​ពី​ឆ្នាំ​២០២១​ដែល​ធ្វើ​ឡើង​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ប្រាប់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ថា​ លោក​មិន​អាច​មើល​រំលង​អំពើ​ដែល​លោក​ចាត់​ទុក​ថា​ជា​ទង្វើ​ «តិរច្ឆាន»​បង្ក​ឡើង​ដោយ​មនុស្ស​វ័យ​ចំណាស់​មក​លើ​ក្មេង​ស្រី​នោះ​ទេ។​

បើ​តាម​លោក ​ហ៊ុន សែន​ និស្សិត​ស្រីរូប​នោះ​ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​ ក្រោយ​រង​ការ​ចោទ​ប្រកាន់​ថា​ បាន​បង្ក​ហិង្សា​លើ​លោក​ឧកញ៉ា​ ហេង សៀ។ ​នៅ​ក្នុង​រឿង​នេះ​ លោក ​ហ៊ុន សែន​អះអាង​ថា​ មាន​ឧកញ៉ា​៤​ទៅ​៥​នាក់​បាន​ចូល​ធ្វើ​អន្តរាគមន៍។ លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា៖​

«បញ្ហា​វា​ស្ថិត​នៅ​ត្រង់​អំពើ​អយុត្តិធម៌។ ស្ត្រី​…​ក្មេង​ស្រី​ជា​និស្សិត​នេះ​ កំពុង​ជាប់​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង ក្រោម​អន្តរាគមន៍​របស់​ឧកញ៉ា​បួន​ ប្រាំ​នាក់​ឯណោះ​ ….​ជាប់​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​តើ!​ ក្មេង​ស្រី​នេះ​កំពុង​ជាប់​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង។​ តើ​ឱ្យ​ខ្ញុំ​នៅ​ស្ងៀម​ទេ​ រឿង​នេះ?​ ខ្ញុំ​មិន​មែន​តិរច្ឆាន​ទេ។​ បើ​អ្នក​ជា​តិរច្ឆាន​ សូម​អ្នក​ធ្វើ​តិរច្ឆាន​ខ្លួន​អ្នក​ចុះ។​ ប៉ុន្តែ​ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រីខ្ញុំ​ត្រូវ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ​ដើម្បី​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន​ដែល​ត្រូវ​គេ​បំពាន»។​

លោក​នាយក​រដ្ឋមន្ត្រី​បន្ត​ថា​ ក្នុង​រឿង​ដដែល​នេះ​ កូន​ប្រសារ​របស់​លោក​ឧកញ៉ា ​ហេង សៀ​ព្យាយាម​ទិញ​ទឹកចិត្ត​ក្រុម​មេធាវី​របស់​លោក។​ ប៉ុន្តែ​ដោយសារ​ការ​រាយ​ការណ៍​របស់​ក្រុម​មេធាវី​ និង​ការ​តាម​ដាន​សារ​ឆ្លើយ​ឆ្លង​អេឡិច​ត្រូនិក​ជា​បន្ត​បន្ទាប់​នោះ​ លោក​បាន​ស្នើ​ឱ្យ​មាន​ការ​ធានា​និស្សិត​ស្ត្រី​រូប​នោះ​ បាន​ស្ថិត​នៅ​ក្រៅ​ឃុំ។​ លោក​ ហ៊ុន សែន ​រំឭក​ឡើង​វិញ​ផង​ដែរ​ថា​ ស្ត្រី​វ័យ​ក្មេង​រូប​នោះ​ ក៏​រង​ការ​រំលោភ​បំពាន​ដោយ​សារ​ការ​កាត់​ត​រូបភាព​អាសអាភាស។​ លោក​ថ្លែង​ថា៖​

«បន្ទាប់​ទៅ​កូន​ប្រសារ​របស់​ឧកញ៉ា​នេះ​ទៅ​ទិញ​រហូត​ដល់​មេធាវី​របស់​ខ្ញុំ​ទៅ​ទៀត! ​មេធាវី​របស់​ខ្ញុំ​រាយ​ការណ៍​ឱ្យ​ មេធាវី​…​ ប្រធាន​ក្រុម​មេធាវី​របស់​ខ្ញុំ​ ដោយ​លើក​ឡើង​ថា​ នាយក​រដ្ឋមន្ត្រី​នៅ​ខាង​ឧកញ៉ា​ហើយ!​ សារ​សំឡេង​ឆ្លើយ​ឆ្លង​ទាំង​ប៉ុន្មាន​ គេ​បាញ់​ forward​ ចូល​គ្នា​ទៅវិញ​ទៅមក។​ ទី​ចុង​បំផុត​បាន​យើង​បញ្ជាក់​បាន​ថា​ ខ្ញុំ​ត្រូវ​ឱ្យ​មេធាវី​របស់​ខ្ញុំ​…​ ក្រុម​មេធាវី​សម្តេច​តេជោ​ ទៅ​ធ្វើ​ការ​ធានា​ ឱ្យ​និស្សិត​ជា​នារី​នោះ​មក​នៅ​ក្រៅ​ឃុំ​ បន្ទាប់​ទៅ​ ដោយ​មាន​ការ​រៀបចំ​បំបិទ​មាត់​អ្នក​សារ​ព័ត៌មាន​ទាំង​អស់»។​

លោក​បន្ថែម​ថា៖​ «ខ្ញុំ​បាន​បញ្ជា​ឱ្យ​នាំ​ខ្លួនកូន​ប្រសារ​របស់​ឧកញ៉ា​ហ្នឹង​...​នៅ​ក្នុង​ទូរស័ព្ទ​របស់​កូន​ប្រសារ​នោះ​ ពោរ​ពេញ​ទៅ​ដោយ​រូបភាព​កាត់​ត​ អាសអាភាស​ យក​ស្ត្រី​នេះ​ ដាក់​រូបភាព​អាសអាភាស​លើ​គ្រែ​ជាមួយ​នឹង​ឧកញ៉ា​…​ជារូប​ភាព​កាត់​ត​ទាំងអស់។ អ៊ីចឹង​ តើ​ខ្ញុំ​អង្គុយ​មើល​សុខ​ចិត្ត​ឱ្យ​….​ បើខ្ញុំ​មិន​ធ្វើ​អន្តរាគមន៍​ ពេល​នេះ​ម៉ោង​នេះ​ ចៅស្រី​នោះ​ កំពុង​ស្ថិត​នៅ​ក្នុង​គុក​នៅ​ឡើយ​ទេ។​ សូម​កុំ​ច្រឡំ!​ ឧកញ៉ា​ប្រាំរូប​បាន​ចូល​រួម​ព្រឹត្តិ​ការណ៍​នេះ»។​

កាល​ពី​អំឡុង​ខែ​ឧសភា​ ឆ្នាំ​២០២១​ លោក​ ហេង សៀ​ ត្រូវ​បាន​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​រាយ​ការណ៍​អំពី​ទំនាក់​ទំនង​ស្នេហា​លួច​លាក់​របស់​លោក ​ជាមួយ​ពិធី​ការិនី​របស់​ស្ថានីយ​ទូរទស្សន៍​ MyTV​ គឺ​កញ្ញា​ មាន​ ពេជ្ររីតា​ និង​ទំនាស់​បង្ក​របួស​ស្នាម​ក្នុង​រថយន្ត​មួយ​ដ៏​ចម្រូង​ចម្រាស។​

ប៉ុន្តែ​ពិធី​ការិនី​រូប​នោះ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទំនាក់​ទំនង​ស្នេហា​ដែល​នាង​ថា ​«មាន​អាយុ​ដូច​ជា​ចៅ​និង​ជីតា»​ បើ​ទោះបី​ជា​លោក​ ហេង សៀ​ បាន​ចេញ​លិខិត​បំភ្លឺ​ដល់​សាធារណ​ជន​ថា​ លោក​មាន​លួច​លាក់​ស្នេហា​ជា​មួយ​នាង ​មាន ពេជ្ររីតា។​ លោក ​ហេង សៀ​ បាន​ពណ៌នា​ថា​ ​រឿង​រ៉ាវ​ប្តឹង​ផ្តល់​គ្នា​ធ្វើ​ឱ្យ​លោក​សោក​ស្តាយ​បំផុត។​

បើ​តាម​លិខិត​របស់​លោក​ ហេង សៀ​ កន្លង​មក​នោះ​ ជម្លោះ​កើត​ឡើង​ដោយ​សារ​នាង ​រីតា​ ទាម​ទារ​ប្រាក់​សុំ​ផ្តាច់​ចំណង​ស្នេហា​ច្រើន​ហួស​ប្រមាណ​ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ចំនួន​នោះ​ទេ។​

ដំណាល​គ្នា​នឹង​ពេល​មាន​ទំនាស់​នោះ​ កញ្ញា ​មាន ពេជ្ររីតា ​ដែល​ក្នុង​អំឡុង​ឆ្នាំ​២០២១​ មាន​អាយុ​២០​ឆ្នាំ​នោះ​ ​ត្រូវ​បាន​ចៅក្រម​ស៊ើប​សួរ ​លោក ​កូយ សៅ ​ចោទ​ប្រកាន់​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស​និង​ប្រើ​កាំបិត​ចាក់​លោក​ឧកញ៉ា​ ហេង សៀ ​ចំនួន​២​កាំបិត​ ​រួចលួច​យក​ទូរស័ព្ទ​ iPhone ​មួយ​គ្រឿង។ ​ការ​ចោទ​ប្រកាន់​នេះ​ ផ្តើម​ចេញ​ពី​សម្មភាព​ទាស់​ទែង​គ្នា​នៅ​ក្នុង​រថយន្ត​ដែល​បាន​កើត​ឡើង​កាល​ពី​ដើម​ខែ​ឧសភា​ឆ្នាំ​២០២១។​

ក៏​ប៉ុន្តែ​ក្រោយ​មក​តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នោះ​ ដោយ​ថា​ នាង​មិន​បាន​ធ្វើ​សកម្ម​ភាព​ ដែល​អាច​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​បទ​ល្មើស​លួច​នោះ​ទេ។ ​នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍។ ​

នៅ​ក្នុង​កម្ម​វិធី​ផ្តល់​រង្វាន់​ជូន​សិស្ស​និន្ទេស​ A ​ដដែល​នោះ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ថា ​ ភាគី​ឧកញ៉ា​ និង​ស្ត្រី​ដែល​គេ​ដឹង​ថា ​ជា​ពិធី​ការិនី​រូប​នោះ ​ បាន​សម្រេច​ដោះ​ស្រាយ​បញ្ចប់​រឿង​ដោយ​ស្ងៀម​ស្ងាត់ ​ដោយ​សារ​ពួក​គេ​ត្រូវការ​ការពារ​មុខមាត់​កិត្តិយស​រៀងៗ​ខ្លួន។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ភាគី​លោក​ឧកញ៉ា ​ហេង សៀ​ និង​កញ្ញា ​មាន ពេជ្ររីតា​បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។​

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​អ្នកស្រី ​ចក់ សុភាព​ ថ្លែង​ថា​ ករណី​ដែល​មាន​ការ​ពាក់​ព័ន្ធ​នឹង​បុគ្គល​មាន​ងារ​ឧកញ៉ា​ជា​ទូទៅត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ មាន​ការ​សម្រប​សម្រួល​បញ្ចប់​នៅ​ដើម​ដំបូង​នៃ​ដំណាក់​កាល​ស៊ើប​សួរ។​

អ្នកស្រី​លើក​ឡើង​ថា៖​ «នៅ​ពេល​ណា​ដែល​មាន​ករណី​ ដែល​ពាក់​ព័ន្ធ​នឹង​ឧកញ៉ា​អីហ្នឹង​ គឺ​យើង​ឃើញ​ហើយ​ ជាទូទៅ​តែង​តែ​មាន​ការ​សម្រប​សម្រួល​ឬ​ក៏​បញ្ចប់​ត្រឹមតែ​ដំណាក់​កាល​ដំបូង​នៃ​ការ​ស៊ើប​សួរ​អី​ប៉ុណ្ណឹង។ ​ ប៉ុន្តែ​មិន​មាន​ដំណើរ​ការ​វិវឌ្ឍ​ទៅ​មុខ​ទេ»។​

អ្នក​ស្រី​បន្ថែម​ថា​ កិច្ច​ខិតខំ​របស់​អាជ្ញាធរ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​និទណ្ឌ​ភាព​នឹង​មិន​មាន​ភាព​ចម្រើន​ទៅ​មុខ​ទេ​ បើ​សិន​ជាអ្នក​ជាប់​ពាក់​ព័ន្ធ​ក្នុង​សំណុំ​រឿង​ណា​មួយ​មិន​ត្រូវ​បាន​នាំ​ខ្លួន​មក​ទទួល​ខុស​ត្រូវ​តាម​ច្បាប់​នោះ៕

XS
SM
MD
LG