ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន៖ លោក ហ៊ុន ម៉ាណែត អាច​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រីភ្លាមៗ​ក្រោយ​ការ​បោះ​ឆ្នោត


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ថតរូប​ជាមួយ​នឹង​កូន​ប្រុស​ច្បង​របស់​លោក​ គឺ​លោក ហ៊ុន ម៉ាណែត​ នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៩។ (REUTERS/Chor Sokunthea/File Photo)
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ថតរូប​ជាមួយ​នឹង​កូន​ប្រុស​ច្បង​របស់​លោក​ គឺ​លោក ហ៊ុន ម៉ាណែត​ នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៩។ (REUTERS/Chor Sokunthea/File Photo)

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កាន់​អំណាច ​៣៨ឆ្នាំ​មក​ហើយ អះ​អាង​ថា​កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន​ ម៉ាណែត ដែល​ជា​បេក្ខភាព​នាយករដ្ឋមន្រ្តី​របស់​គណបក្ស​កាន់​អំណាច អាច​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ភ្លាមៗ ក្រោយ​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​អាទិត្យ​នេះ។

ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​រដ្ឋ​ចិន​ Phoenix TV ដែល​ទើប​ចុះផ្សាយ​ កាល​ពី​ថ្ងៃទី​២០​ ខែកក្កដា ឆ្នាំ​២០២៣ លោក ហ៊ុន សែន ថ្លែង​ថា៖ «បេក្ខជន​នាយករដ្ឋមន្ត្រី​គឺ​មាន​ដល់​ទៅ​ពីរ។ បេក្ខជន ហ៊ុន សែន ផង ហ៊ុន ម៉ាណែត ផង។ ចាំ​មើល​ប្រជាជន​បោះឆ្នោត​ប៉ុន្មាន។ ត្រង់​ហ្នឹង​អាច​ដឹង។ ហើយ​ថា​មិន​ត្រូវ​នៅ​ត្រឹម​តែ​បី​បួន​អាទិត្យ​ទៀត ហ៊ុន ម៉ាណែត អាច​ក្លាយ​ទៅ​ជា​នាយក​រដ្ឋមន្ត្រី​ ក៏​ថា​បាន។ ហើយ​ចាំ​មើល​អ្នក​ដទៃ​ថា​ម៉េច? ស៊ីសង​បន្ទាប់ពី​នោះ​ទៅ​ ហ៊ុន ម៉ាណែត​ ធ្វើ​ការ​បាន​ឬ​អត់​ ខ្ញុំ​ជឿ​ថា​ ម៉ាណែត មាន​លទ្ធភាព​ខ្ពស់​ជាង​នោះ»។

បើ​តាម លោក ហ៊ុន សែន​ លោក​គឺ​ជា​អ្នក​លះបង់​ធំ​ជាង​គេ​ ដោយ​សារតែ​ពេល​នេះ​កំពុង​មាន​អំណាច​ពេញ​ដៃ ប៉ុន្តែ​ត្រូវ​លះបង់​អំណាច​ ដើម្បី​សន្តិភាព​ប្រទេស។

លោក​បញ្ជាក់​បន្ថែម​ថា៖ «សព្វថ្ងៃ ឥឡូវ​ខ្ញុំ​កំពុង​អង្គុយ​ក្នុង​អំណាច​ពេញ​ដៃ តែ​១​ខែក្រោយ​ទៀត ខ្ញុំ​អត់​មាន​អំណាច​ចុះហត្ថលេខា​ អត់​មាន​អំណាច​ដូច​ថ្ងៃនេះ​ទេ។ ខ្ញុំ​ជា​អ្នក​លះបង់​ធំ​ជាង​គេ តែ​ខ្ញុំ​ត្រូវ​តែ​លះ​បង់ មិនមែន​ដើម្បី​កូន​របស់​ខ្ញុំ​ទេ។ តែ​ធានា​ថា​ សន្តិ​ភាព​នៅ​កម្ពុជា​ត្រូវ​បាន​ធានា​ដោយ​អ្នក​បន្តវេន​ដែល​ជា​ឈាម​ជ័រ​របស់ខ្ញុំ តែ​ត្រូវ​ធ្វើ​ឱ្យ​ត្រូវ​តាម​ច្បាប់។ គេ​នឹង​បម្រើ​ប្រជាជន​ល្អ​ជាងខ្ញុំ។ ដូច្នេះ​ខ្ញុំ​គិត​ថា​សូម​ឱ្យ​អ្នក​ទិតៀន​បង្កើន​ការ​ទិតៀន​ថែម​ទៀត»។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ​ ឥសាន ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​អ្វី​ដែល​លោក​នា​យក​រដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​បង្ហាញ​ថា​ ភាគរយ​ដែល​លោក ហ៊ុន ម៉ាណែត​ នឹង​ក្លាយ​ជា​អ្នក​នាយករដ្ឋមន្ត្រី​មាន​ច្រើន។

លោក​បញ្ជាក់​ថា៖ «អាហ្នឹង​តែ​សម្តេច​លោក​មាន​ប្រសាសន៍​ហើយ អាហ្នឹង​ភាគរយ​នៃ​ការ​ពិត​ប្រាកដ គឺ​វា​ច្រើន។ ឥឡូវ​យើង​មិន​ថា​អី​ឱ្យ​ដាច់​ណាត់​ទេ ពី​ព្រោះ​ការ​បោះ​ឆ្នោត​មិន​ទាន់​ប្រព្រឹត្ត​ទៅ​ផង​ ហើយ​ គ.ជ.ប ក៏​មិន​ទាន់​ប្រកាស​លទ្ធ​ផល​បោះ​ឆ្នោត​ដែរ​»។

បើ​តាម​អ្នកនាំពាក្យ​រូប​នេះ គណបក្ស​ដែល​ឈ្នះ​ឆ្នោតជា​អ្នក​ជ្រើស​រើស​បេក្ខជន​នាយក​រដ្ឋមន្ត្រី។
កាល​ពី​កន្លង​ទៅ លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ជំទាស់​ដែល​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស បាន​លើក​ឡើង​ថា​ លោក ហ៊ុន សែន ​បាន​«យក​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ជា​ឈ្នាន់ ដើម្បី​រក្សា​អំណាច​ឲ្យ​ខ្លួន​គាត់ ហើយ​ផ្ទេរ​អំណាច​ឲ្យ​ទៅ​កូន​គាត់»។

លោក អ៊ូ វីរៈ ប្រធានវិទ្យាស្ថាន​សិក្សា​គោល​នយោបាយ​វេទិកា​អនាគត (Future Forum) ប្រាប់​វីអូអេ​ថា លោក​មិន​មាន​អ្វី​ត្រូវ​ភ្ញាក់​ផ្អើល​ឡើយ ​ចំពោះ​ការ​ថ្លែង​របស់​លោក ហ៊ុន សែន ដោយ​សារ​តែ​ឃើញ​ដំណើរ​នៃ​ការ​រៀបចំ​ទុក​កើត​ឡើង​តាំង​ពី​យូរ​មក​ហើយ។ លោក​បន្ថែម​ថា​ បើ​សិន​ជា​ឱ្យ​ លោក ហ៊ុន ម៉ាណែត​ ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​តែ​ម្តង ជា​ការ​ល្អ ដើម្បី​ផ្តល់​ភាព​ច្បាស់​លាស់​ដល់​ប្រជាពលរដ្ឋ។

លោក​ថ្លែង​ថា៖ «ការ​ធ្វើ​ឱ្យ​មាន​ភាព​ស្រពេច​ស្រពិល​បែប​ហ្នឹង ខ្ញុំ​មើល​ទៅ​វា​មិន​មាន​ប្រយោជន៍​សម្រាប់​ លោក ហ៊ុន ម៉ាណែត​ នៅ​ពេល​គាត់​ឡើង​កាន់អំណាច​ វា​អាច​ប៉ះពាល់​ដែរ។ អ៊ីចឹង​ខ្ញុំ​មិន​ដឹង​ពី​មូល​ហេតុ​ទេ ប៉ុន្តែ​វា​អាច​ទាក់​ទង​រឿង​ភាព​មិន​ច្បាស់​លាស់​នៅ​ក្នុង​គណបក្ស​ប្រជាជន ក៏​មិន​ដឹង។ ខ្ញុំ​អត់​ដឹង​មូល​ហេតុដែរ»។

បើ​តាម លោក អ៊ូ វីរៈ បើ​សិន​ជា​ លោក​ ហ៊ុន ម៉ាណែត ពិត​ជាក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ក្រោយ​ការ​បោះ​ឆ្នោត​ខាង​មុខ​ នោះ​កម្ពុជា​នឹង​មាន​ការ​ផ្លាស់​ប្តូរ​អ្នក​នយោបាយ​ពី​អ្នក​ជំនាន់​ចាស់​មក​ជំនាន់​ថ្មី។

លោក​ ហ៊ុន ម៉ាណែត ​ដែល​បច្ចុប្បន្ន​មាន​តួនាទី​ជា​អគ្គ​មេ​បញ្ជា​ការ​រង​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ​និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក ​ត្រូវ​បាន​សមាជិក​គណៈ​កម្មាធិការ​កណ្តាល​គណបក្ស​ប្រជា​ជន​កម្ពុជា​បោះ​ឆ្នោត​ជ្រើស​រើស​ជា​ឯក​ច្ឆន្ទ​ ជា​បេក្ខ​ជន​នាយក​រដ្ឋ​មន្រ្តី​សម្រាប់​ពេល​អនាគត​ កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​ធ្នូ​ ឆ្នាំ​២០២១។ ក្រៅ​ពី​នេះ​ លោក​ជា​ប្រធាន​យុវជន​គណ​បក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។ ក្រោយ​គណបក្ស​សម្រេច​ឱ្យ​រូប​លោក​ក្លាយ​ជា​អនាគត​បេក្ខជន​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត នៅ​ក្នុង​អាណត្តិ​នេះ ក៏​បាន​ឈាន​ជើង​ចូល​ជា​បេក្ខជន​តំណាង​រាស្ត្រ​មួយ​រូប​ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ៕

XS
SM
MD
LG